ទាក់ទង​នឹង​ខ្ញុំ

ម្សិលម្ង៉ៃ​ទៅ​ទិញ​ប្រអប់​ឆែក​ខ្សែ​នេតវើក


ម្សិលម្ង៉ៃ​ខ្ញុំ​ទៅ​រក​ទិញ​ប្រអប់​ឆែក​ខ្សែ​នេតវើក។ ទៅ​មើល​នៅ​ក្រុមហ៊ុន ភីធីស៊ី គេ​អស់​ពី​ស្តុក ក៏​ហួស​ទៅ ភីអេសស៊ី។ សួរ​គេ គេ​យក​មួយ​មក​ឱ្យ​មើល ខ្ញុំ​ប្រាប់​គេ​​យ៉ាង​​លឿន “អា​ហ្នឹង​ហើយ!!” ខ្ញុំ​លូក​ដៃ​ទៅ​យក​មក​មើល យក​មក​ដល់​ដៃ ខ្ញុំ​សួរ “ថ្លៃ​ប៉ុន្មាន?!!” អ្នក​លក់​ខិត​មក​ជិត យក​ម្រាម​ដៃ​ចង្អុល “នេះ​ថ្លៃ!” ខ្ញុំ​ស្រែក​ឡើង​អ្នក​លក់​ចង់​បះ​ជើង “ងាប់!!! ១៣០???” អ្នក​លក់​ធ្វើ​មុខ​ស្លឹងៗ ខ្ញុំ​សួរ​ទៀត “វាយ​ថ្លៃ​ខុស​ទេ​អ្ហី?” អ្នក​លក់​នោះ​ក្មេង​ផង មុខ​ឡើង​ចង់​ស្លេក “អត់​ទេ! វាយ​ត្រូវ​ហើយ​ពូ” គេ​ដើរ​មក​ជិត​ចាប់​ប្រអប់​ដែល​ខ្ញុំ​កំពុង​កាន់​មើល “ថ្លៃ​វា​ប៉ុណ្ណឹង” ខ្ញុំ​សួរ “ធើ​អី​បាន​ខ្លះ​ហ្នឹង?” អ្នក​លក់​​អត់​ដឹង។ ហាហា អស្ចារ្យ​ដែរ!! ធ្លាប់​ទិញ​មុនៗ​ថ្លៃ​មិន​ដល់​១០​ដុល្លារ​ផង ស្រាប់​តែ​អានេះ​​ថ្លៃ​ដល់​១៣០ ហើយ​ឃើញ​មាន​តែ​មួយ​ម៉ូដ​ហ្នឹង​ទៀត សួរ​រក​អា​ថោក​ជាង​ហ្នឹង​ទៀត គេ​ថា​អត់​មាន។ មួយ​សន្ទុះ​អ្នក​លក់​គេ​សួរ “យក​អត់​ពូ?” ខ្ញុំ​សើច​ស្ញេញៗ​ដាក់​អ្នក​លក់ “មិន​ដឹង​យក​ទៅ​ប្រើ​ស្អី​ទេ​នៀក? ខ្លាច​តែ​មិន​ចេះ​ប្រើ” អ្នក​លក់​ក៏​ឈរ​ញញឹមៗ​អត់​និយាយ​ទៅ…។ ដល់​តែ​វា​ថ្លៃ​យ៉ាងហ្នឹង រក​នឹក​ឆ្ងល់​ក៏​មិន​ចេញ។ មួយ​សន្ទុះ បាន​ខ្ញុំ​ទៅ​សុំ​គេ​មើល​ម៉ាក​ម្ដង​ទៀត រួច​ក៏​មក​កន្លែង​ធ្វើការ​វិញ​មក។ នៅ​ស្រុក​ខ្មែរ ១៣០​ដុល្លារ តែ​បើ​ឃើញ​ថ្លៃ​នៅ​ស្រុក​បារាំង​វិញ គេ​លក់ ៣៩៥​ដុល្លារ។ ថ្លៃ​ជាង​មាស​ទៀត​អានេះ! ខ្ញុំ​គ្មាន​វាសនា​ប្រើ​វា​ទេ។ សូម​មើល​រូប​លោក​ម្ចាស់​ហ្នឹង​ខាង​ក្រោម​នេះ​ចុះ។

3pknt015n_lrg.jpg

មុខងារ​របស់​វា (3PK-NT015N, Lan Cable Tester) ផលិតផល​របស់ Prokit

‧ Open/short wiring test
‧ Connected wires display
‧ No wire or termination indication
‧ Wrong connection / Non-parallel connection
‧ Ethernet 10 base2 termination value detection
‧ Battery low indication
‧ Buzzer inside
‧ BNC for testing 10 BASE2 terminator value
‧ Isolation resistances 50 K ohms test

Advertisements
កម្មវិធី, កុំព្យូទ័រ

Photoshop CS4 Beta Does Not Support Khmer Unicode


about-adobe-ps-cs4.jpg

ខ្ញុំ​សាក Adobe Photoshope CS4 Beta វា​នៅ​តែ​មិន​អាច​វាយ​អក្សរ​ខ្មែរ​យូនីកូដ​បាន​ដដែល។ សង្ឃឹម​ថា​ក្រុម​ខ្មែរ​អូអេស​នឹង​ទាក់ទង​ទៅ​ក្រុមហ៊ុន Adobe អំពី​បញ្ហា​នេះ​ឱ្យ​បាន​មុន​ពេល​វា​ចេញ​ឱ្យ​ប្រើប្រាស់​មែនទែន។ បើ​នៅ​តែ​ប្រើ​អត់​បាន​ទៀត ពិត​ជា​យ៉ាប់​ខ្លាំង​ហើយ ព្រោះ​គ្រប់គ្នា​កំពុង​តែ​សង្ឃឹម​លើ​សេរី​នេះ​យ៉ាង​​អន្ទះអន្ទែង។

ps-cs4-with-khmer.jpg
ចម្រៀង​បរទេស

LOW (Flo Rida ft. T-Pain) is the best song for today


200px-low_fr_tp.jpg

បទ Low ជា​បទ​សម្រាប់​អាល់ប៊ុម Mail on Sunday ដែល​ត្រៀម​ចេញ​នៅ​ខែ​ឧសភា ២០០៨ ​ខាង​មុខ​នេះ និង​ជា​បទ​​ពី​ក្នុង​រឿង Step Up 2។ បទ​នេះ​ចេញ​តាំង​ពី​២០០៧ តែ​នៅ​តែ​ល្បី ជាពិសេស​ក្នុង​រឿ Step Up 2។

[odeo=http://odeo.com/audio/17659463/play]

Lyric

ទាក់ទង​នឹង​ខ្ញុំ

ថ្ងៃ​នេះ​ហត់​ខ្លាំង​ណាស់


ប៉ុន្មាន​ថ្ងៃ​នេះ អ៊ីនធឺណិត​ចេះ​តែ​មាន​បញ្ហា។ យប់​មិញ បំណាច់​នឹង​ដាក់​អ៊ីនធឺណិត​ឱ្យ​ភ្ញៀវ​ប្រើ និង​យក​លុយ​ពី​ភ្ញៀវ​រួច​ហើយ ខ្ញុំ​សុខចិត្ត​មក​អង្គុយ​ចាំ​មួយ​យប់​នៅ​កន្លែង​ធ្វើការ កុំ​ឱ្យ​មាន​បញ្ហា​ដល់​ភ្ញៀវ។ ថ្ងៃនេះ​ ខ្ញុំ​គិត​ថា​​នឹង​ធ្វើ​វា​ស្រេច​តាំង​ពី​ព្រឹក តែ​​ដោយសារ​ព្រឹកឡើង បិទ​អ៊ីនធឺណិត​​ដើម្បី​ធ្វើ​វា​អត់​បាន ព្រោះ​ភ្ញៀវ​ខ្លះ​កំពុង​ប្រើ និង​អ្នក​មក​ប្រជុំ​នៅ​សណ្ឋាគារ​នេះ គេ​ក៏​ត្រូវការ​ប្រើ​អ៊ីនធឺណិត​ដែរ ដូច្នេះ​ខ្ញុំ​ត្រូវ​រង់ចាំ​ដល់​រសៀល ហើយ​ក៏​ចេះ​តែ​ចាំ​រហូត​ដល់​ល្ងាច តែ​ក៏​នៅ​តែ​មាន​ការងារ​ធ្វើ​មិន​អស់​មិន​ហើយ ពេញ​មួយ​ថ្ងៃ។ ចាប់​ផ្ដើម​តាំង​ពី​ព្រឹក​មិញ ខ្ញុំ​រត់​ចុះ រត់​ឡើង​រហូត​ដល់​ម៉ោង ១២​កន្លះ ទើប​បាន​ទៅ​បាយ ពេល​បាយ​រួច បាន​សម្រាក​យូរ​គួរសម​ដែរ ទៅ​អង្គុយ​ផឹក​កាហ្វេ​ និង​លេង​អុក​បាន​បី​ក្ដារ តែ​ក្រោយ​ពី​ហ្នឹង គ្មាន​ពេល​ឈប់​ទេ ត្រូវ​រត់​រហូត ព្រោះ​ការិយាល័យ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​គ្រឿង​អ៊ីនធឺណិត។ តាម​ពិត​ទៅ បើ​មិន​រត់​ក៏​​អត់​អី​ដែរ តែ​បើ​មិន​រត់​ដូច​មិន​ទាន់​ចិត្ត ដល់​ពេល​ធ្វើ​រួច​ មើល​ម៉ោង គឺ​ម៉ោង ៨​យប់ ជើង​ខ្ញុំ​រឹង​ដើរ​លែង​ចង់​រួច​ ដង្ហើម​ដក​លែង​ចង់​ដល់​គ្នា។ សំណាង​ដែរ ដែល​ខ្ញុំ​ធ្វើ​រួច កុំ​អី ត្រូវ​នៅ​មួយ​យប់​ហ្នឹង​ទៀត​ហើយ។ ថ្ងៃ​ហ្នឹង​មិន​ត្រឹមតែ​ហត់​ទេ អស់​កម្លាំង​ខ្លាំង​ទៀត​ផង គិត​ទៅ​សម្រាក​ហើយ។ សង្ឃឹម​ថា​ខ្ញុំ​នឹង​មិន​ជួប​ថ្ងៃ​បែប​នេះ​ទៀត​ទៅ​ចុះ៕

ខ្មែរ, អក្សរសាស្ត្រ

លោក លី សុវីរ វិភាគ​អក្សរសាស្ត្រ​ខ្មែរ


លោក លី សុវីរ ជា​អតីត​សាស្ត្រាចារ្យ​មធ្យមសិក្សា​ដែល​ចូល​និវត្ត។ ក្រោយ​ពី​គាត់​ចូល​និវត្ត គាត់​បាន​សរសេរ​សៀវភៅ​ជាច្រើន។ សៀវភៅ​របស់​គាត់​ដែល​ខ្ញុំ​កំពុង​អាន​មាន​ចំណងជើង​ថា “អ្នក​រៀបចំ​កែ​សំរួល​អក្សរ​ខ្មែរ​មុន​គេ”។ ក្នុង​សៀវភៅ​នេះ គាត់​វិភាគ (រិះគន់) លើ ​ការ​ប្រើប្រាស់​អក្សរសាស្ត្រ​ខ្មែរ មាន​ទាំង​អក្ខរាវិរុទ្ធ ពាក្យ និង​ការ​ប្រើប្រាស់​ពាក្យ ប្រឆាំង​នឹង​ក្រុម​សម្ដេច​ជួនណាត។ តាម​ការយល់ឃើញ​របស់​ខ្ញុំ ការវិភាក​របស់​គាត់​នេះ វា​បាន​ផ្ដល់​ចំណុច​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង។ ចំណុច​វិជ្ជមាន គឺ​អ្នក​អាន អាច​ស្វែងយល់​ពី​បញ្ហា​ចំពោះ​អក្សរសាស្ត្រ​ខ្មែរ ដែល​ធ្លាប់​កើត​មាន និង​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន ចំណែក​ចំណុច​អវិជ្ជមាន គឺ​សៀវភៅ​មិន​ឈរ​នៅ​កណ្ដាល តែ​បែរ​ជា​ឈរ​នៅ​ម្ខាងៗ (វិភាគ​ដោយ​រក​ចាប់​កំហុស​តែ​ម្ខាង តែ​មិន​ត្រឹមត្រូវ) រួច ​ធ្វើការ​វាយ​តម្លៃ​មិន​សម ទៅ​តាម​គំនិត​របស់​គាត់ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​អាន យល់​ទៅ​តាម​គាត់​ដែរ ប្រសិន​បើ​គេ​មិន​មាន​អ្វី​ជា​សំអាង​ជាង​គាត់។ តែ​បើ​លោក​អ្នក​បាន​ទិញ​សៀវភៅ​នេះ​អាន​ហើយ គួរ​លោក​អ្នក​ប្រុងប្រយ័ត្ន។ ពេល​នេះ​ខ្ញុំ​សូម​លើក​យក​ទំព័រ​ចុងក្រោយ​មួយ​នៅ​ក្នុង​សៀវភៅ​របស់​កាត់​មក​ បង្ហាញ។

lysovy-book.jpg

តើ​យល់​យ៉ាងណា​សម្រាប់​ការ​បកស្រាយ​របស់​គាត់​ខាង​លើ​នេះ?

វេប​សាយ

វិបសាយ អត្ថបទ​ចម្រៀង​ខ្មែរ


ពីមុន​ខ្ញុំ​ប្រើ Divshare សម្រាប់​ដាក់​បទ​ចម្រៀង ប៉ុន្តែ​ថ្មីៗ​នេះ សុខដុម​ បាន​ផ្ដល់​ទំហំ​បន្ថែម​សម្រាប់​វិបសាយ អត្ថបទ​ចម្រៀង​ខ្មែរ ដែល​អាច​ឱ្យ​ខ្ញុំ​ដាក់​ចម្រៀង​នៅ​ក្នុង​វិបសាយ​នោះ​ដោយ​ផ្ទាល់​តែ​ម្ដង ដែល​រឹត​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ងាយ​ស្រួល​ក្នុង​ការបញ្ជូល​ចម្រៀង​ទៅ​ក្នុង​វិបសាយ។ ឥឡូវ​ខ្ញុំ​បាន​ដាក់​វ៉ុល​ថ្មីៗ​ចំនួន ៥ វ៉ុល​រួច​ហើយ មាន​ គឹម ហេង​វ៉ុល ១៨១ ឃ្លាត​ទាំង​អាល័យ ស្ប៉ាក​វ៉ុល ៩ ចំណេះ​ទាប​សារភាព​ស្នេហ៍ ហង្សមាស​វ៉ុល ៣៤២ ចិត្ត​ស្មោះ​ក្នុង​ខ្លួន​មនុស្ស​ក្បត់ (​វាយ​អត្ថបទ​ដោយ វីរិយា) ហង្សមាស​វ៉ុល ៣៤៣ អនិច្ចា​អ្នកស្រែ (វាយ​អត្ថបទ​ដោយ វីរិយា) រ៉ក់​វ៉ុល ១០៤ យុវជន​ខ្មែរ និង​វ៉ុល​ផ្សេងៗ​ទៀត ដែល​ខ្ញុំ​កំពុង​រៀបចំ​អត្ថបទ​ចម្រៀង​សម្រាប់​ដាក់។ ដោយសារ​ចម្រៀង​អាច​បញ្ជូល​ក្នុង​វិបសាយ​ដោយ​ផ្ទាល់​តែ​ម្ដង ទើប​ធ្វើ​ឱ្យ​ការ​បញ្ជូល​បទ​ចម្រៀង​របស់​ខ្ញុំ​រហ័ស​ជាង​មុន និង​ការ​ចាក់​ចម្រៀង​ក៏​លឿន​ជាង​មុន​ផង​ដែរ។ ដូចនេះ សូម​លោក​អ្នក​បន្ត​ការ​រីករាយ​ជាមួយ​អត្ថបទ​ចម្រៀង​ខ្មែរ​បន្ត​ទៅ​ទៀត​ចុះ។ សូម​បញ្ជាក់​ផង​ដែរ​​ថា អត្ថបទ​ចម្រៀង​ខ្មែរ មាន​សមាជិក​ពីរ​រូប​ទៀត ដែល​តែង​តែ​បញ្ជូល​បទ​ចម្រៀង​ជាហូរហែ​ជូន​លោក​អ្នក​សណ្ដាប់​ គឺ ណារដ្ឋ និង បូរាណ។

សូម​អរគុណ សម្រាប់​ការគាំទ្រ​វិបសាយ អត្ថបទ​ចម្រៀង​ខ្មែរ ក៏​ដូច​ជា​ប្លក់ សម្រាប់​ខ្មែរ នេះ។

www.khmerlyrics.com

អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ

​ការប្រើ​ជើង​ព្យញ្ជនៈ​ជាមួយ​អក្សរ ក និង ខ


អក្សរ ក និង ខ នេះ វា​មាន​សំឡេង​ស្រដៀង​គ្នា​ណាស់ ដែល​ធ្វើ​ឱ្យ​អ្នក​អាន​ពិបាក​នឹង​ចែក​ថា​ជា​សំឡេង ក ឬ ខ។ ជា​ឧទាហរណ៍ ពាក្យ ក្លែប ក្សត្រ ក្នុង ។ល។ ភាគច្រើន​យើង​បញ្ចេញ​សំឡេង ខ។ ​បើ​តាម​សុភ័ក្ត្រ (ខំមិន​ទី៨) គឺអក្សរ ក នៅ​តែ​បញ្ចេញ​សំឡេង ក អក្សរ ខ នៅ​តែ​បញ្ចេញ​សំឡេង ខ ប៉ុន្តែ ការ​បញ្ចេញ​សំឡេង​នេះ ភាគច្រើន​យើង​បញ្ចេញ​ស្រដៀង​នឹង​អក្សរ ខ ជាង​​អក្សរ ក (ពាក្យ​ខាង​លើ)។ ពេល​នេះ ខ្ញុំ​សូម​លើក​ឡើង​តែ​អំពី​ការ​ប្រើ​អក្សរ​ទាំង​នេះ។ សូម​សាក​ពិនិត្យ​មើល​តាម​ខាង​ក្រោម​នេះ។

kor-khor.jpg

  1. ក វគ្គ៖ មិន​មាន​តម្រួត​ក្រោម​អក្សរ​ខ​ទេ វគ្គ​នេះ​មាន​តែ​ជើង ង ដែល​អាច​តម្រួត​ក្រោម​អក្សរ​ក​បាន។
  2. ច វគ្គ៖ មាន​តម្រួត​តែ​ក្រោម​អក្សរ​ខ។
  3. ដ វគ្គ៖ មាន​តម្រួត​តែ​ក្រោម​អក្សរ​ក។
  4. ត វគ្គ៖ ឃើញ​មាន​ប្រើ​ជើង​ត មួយ​នៅ​ក្រោម​អក្សរ​ខ គឺ​ពាក្យ “ខ្តត”។ ជើង​ទ ដែល​ផ្ញើ​ក្រោម​អក្សរ​ក មាន​តែ​មួយ​គត់ គឺ​ពាក្យ “ក្ទម្ព” ក្រៅ​ពី​នោះ​ជើង​ទ ​ផ្ញើ​នឹង​ខ​ទាំង​អស់។ ចំណែក​ឯ​ជើង​ន​វិញ មាន​ផ្ញើ​ក្រោម​ក​តែ​ពាក្យ ក្នក់ ក្នាញ់ ក្និកក្នក់ ឬ ក្នក់ក្និក ក្និច និង ក្នុង ក្រៅ​ពី​នេះ សុទ្ធតែ​ផ្ញើ​ក្រោម​ខ​ទាំង​អស់។
  5. ប វគ្គ៖ ជើង​ប មាន​ផ្ញើ​តែ​ក្រោម​អក្សរ​ក។ ជើង​ព មាន​ផ្ញើ​តែ​ក្រោម​អក្សរ​ខ។ ជើង​ម ផ្ញើ​ក្រោម​អក្សរ​ក មាន​ពាក្យ ក្មាង ក្មួយ ក្មេក និង ក្មេង ក្រៅ​ពី​នេះ​គេ​ផ្ញើ​ក្រោម​អក្សរ​ខ​ទាំង​អស់។
  6. សេស​វគ្គ៖ ជើង​យ ផ្ញើ​បាន​តែ​ក្រោម​អក្សរ​ខ។ ជើង​រ ផ្ញើ​បាន​តែ​ក្រោម​អក្សរ​ក។ ជើង​ល ផ្ញើ​ក្រោម​អក្សរ​ខ មាន​ពាក្យ ខ្លប ខ្លា ខ្លាច ខ្លាញ់ ខ្លី ខ្លឹម ខ្លឺត ខ្លុក ខ្លុង ខ្លុយ ខ្លុះ ខ្លូត ខ្លួន ខ្លេវៗ ខ្លែង ខ្លោង ខ្លោងទ្វារ ខ្លោច ខ្លោញៗ ខ្លោត ខ្លៅ ខ្លាំង និង ខ្លះ ក្រៅ​ពី​ពាក្យ​ទាំង​នេះ ផ្ញើ​ក្រោម​អក្សរ​ក​ទាំង​អស់។ ជើង​វ ផ្ញើ​ក្រោម​អក្សរ​ខ​ទាំង​អស់ លើក​លែង​តែ​ពាក្យ “ក្វែន”​មួយ​ដែល​ផ្ញើ​ក្រោម​អក្សរ​ក។ ជើង​ស ផ្ញើ​នឹង​អក្សរ​ក​មាន​ពាក្យ ក្សណៈ ក្សត្រ ឬ ក្សត្រិយ៍ ក្ស័យ ក្សាន្ត ក្សិណ ក្សិណក្ស័យ ក្សីណ ក្សីរ ក្សេត្រ ក្សេត្រាជីវកម្ម ក្សេត្រាធិការ ក្សេត្រារក្ស ក្សេម និង ក្សេមក្សាន្ត ក្រៅ​ពី​ពាក្យ​ទាំង​នេះ សុទ្ធ​តែ​ផ្ញើ​ជើង​ក្រោម​អក្សរ​ខ។ ជើង​អ អាច​ផ្ញើ​បាន​តែ​ក្រោម​អក្សរ​ក​ប៉ុណ្ណោះ។

>> អត្ថបទ​ខាង​លើ ជា​អត្ថបទ​ដែល​កែប្រែ​រួច បើ​មាន​យោបល់​អ្វី​បន្ថែម សូម​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម។