គ្មាន​ទេ​ពាក្យ​ស្នេហ៍


(ប) អូន​អើយ​ប្រាប់​បង​បាន​ដែរ​ទេ
ថា​ចិត្ត​ស្រី​ស្នេហ៍​គិត​យ៉ាង​ណា
តើ​ព្រម​យក​បង​ធ្វើ​សង្សារ
ឬ​យល់​យ៉ាង​ណា​ប្រាប់​មក​ស្រី។

(ស) ពេល​នេះ​អូន​ក៏​ចង់​ប្រាប់​បង
ឱ្យ​បាន​ដឹង​ម្ដង​អស់​សង្ស័យ
កុំ​ឱ្យ​ខាត​ពេល​ទៅ​វែង​ឆ្ងាយ
ប្រាប់​តាម​សេចក្ដី​នៃ​ដួងចិត្ត។

(ស) ចិត្ត​អូន​គ្មាន​ទេ​ពាក្យ​ស្នេហា
គ្មាន​ពាក្យ​សង្សារ​ឱ្យ​បង​គិត
បង​ជា​បង​ប្រុស​ដែល​ប្អូន​ស្និទ្ធ
មិន​ដែល​ហ៊ាន​គិត​លើស​ហ្នឹង​ណា។

(ប) ពិត​មែន​ឬ​អូន? កុំ​ថា​លេង
ប្រើ​ពាក្យ​​សំដែង​សាក​ស្នេហា
បង​ពិត​ស្មោះស្ម័គ្រ​មិន​សាវា
ពិសោធន៍​ចិន្ដា​ដល់​ណា​ថ្លៃ។

(ប) ស្នេហ៍​បង​​ស្ម័គ្រ​​ស្មោះ​លើ​អូន​ពិត
មិន​មែន​ប្រឌិត​ឬ​បំភ្លៃ
ចាំ​បាច់​ពិសោធន៍​យូរ​ធ្វើ​អ្វី
យល់​ចិត្ត​សូម​ស្រី​ប្រាប់​ត្រង់​ចុះ។

(ស) បង​អើយ​អូន​មិន​បាន​ថា​លេង
មិន​បាន​សំដែង​ដាក់​បង​ប្រុស
សូម​បង​កុំ​គិត​យល់​ផ្លូវ​ខុស
បង​ជា​បង​ប្រុស អូន ប្អូន​ស្រី។

(ប) អូន​បង? ម្ដេច​អូន​ប្រាប់​ដូច្នោះ
ឬ​បង​ធ្វើ​ខុស​ទាស់​រឿង​អ្វី
បើ​បង​ខុស​មែន​សូម​អូន​ស្ដី
ឱ្យ​ដឹង​សេចក្ដី​ពី​កំហុស។

(ប) ឬ​អូន​អន់​ចិត្ត​នឹង​ពាក្យ​បង
ដែល​ស្ដី​សាសង ប្រាប់​មក​ចុះ
បង​ពិត​មិន​បាន​ដឹង​ខ្លួន​ខុស
ព្រោះ​សាសង​នោះ​សាក​ចិត្ត​ស្រី។

(ស) ខ្ញុំ​មិន​ចង់​ប្រាប់​អ្វី​ច្រើន​ទេ
ដឹង​ត្រឹម​មិន​ស្នេហ៍​ចប់​សេចក្ដី
បើ​បង​ព្រម​រាប់​ជា​ប្អូន​ស្រី
សូម​កុំ​គិត​អ្វី​រឿង​ស្នេហា។

(ប) ធ្វើ​ចិត្ត​មិន​បាន​ទេ​ពន្លក
ពេល​កន្លង​មក​គិត​យ៉ាងណា
ធ្លាប់​ថើប​អង្អែល​កាយ​ជីវា
ម្ដេច​អូន​ឆ្លើយ​ថា​មិន​ស្នេហ៍ស្និទ្ធ។

(ស) សូម​កុំ​រំឭក​ទៀត​ឱ្យ​សោះ
មិន​ធ្វើ​បង​ប្រុស ខ្ញុំ​ឈប់​គិត
បើ​នៅ​តែ​រឹង​ធ្វើ​តាម​ចិត្ត
ក្នុង​មួយ​ជីវិត​យើង​ឈប់​ស្ដី។

(ប) ម្ដេច​ធ្វើ​ដូច្នេះ​ដាក់​មក​បង
ឬ​ស្រស់​នួនល្អង​មាន​អ្នក​ថ្មី
បោះបង់​បង​ចោល​កាត់​និស្ស័យ
បើ​មែន​គ្មាន​អ្វី​នឹង​តវ៉ា។

(ស) ខ្ញុំ​ធ្លាប់​ប្រាប់​បង​រួច​ម្ដង​ហើយ
តែ​បង​កន្តើយ​មិន​ស្ដាប់​ការ
នៅ​តែ​ចចេស​តាម​ស្នេហា
ខ្ញុំ​ប្រាប់​ហើយ​ណា​កុំ​បន្ទោស។

(ស) ចរិត​ដូច​បង​ប្រាប់​ចុះ​ណា
ខ្ញុំ​មិន​ប្រាថ្នា​ឱ្យ​កើត​ទោស
ឃើញ​ភ្លាម​ស្នេហ៍​ភ្លែត​មិន​ដឹង​ខុស
ប្រាប់​ម្ដង​ទៀត​ចុះ​ថា​ខ្ញុំ​ស្អប់។

(ស) បើ​បង​មិន​ព្រម​ធ្វើ​បង​ប្រុស
នៅ​តែ​គិត​ខុស​មិន​ចេះ​ចប់
មួយ​ជីវិត​នេះ​ឈប់​មក​រាប់
ខ្ញុំ​សូម​បញ្ចប់​ត្រឹម​ហ្នឹង​ចុះ។

(ប) បានៗ​បង​ព្រម​តាម​ចិត្ត​ស្រី
គ្រប់​រឿង​អ្វីៗ​បង​យល់​ខុស
ឱ្យ​បង​សុំទោស​ប្អូន​ស្រី​ចុះ
បង​ជា​បង​ប្រុស​ណា​ប្អូន​ណា។

(ស) ល្អ​ណាស់​បង​ប្រុស​គិត​បែប​ហ្នឹង
កុំ​គិត​តានតឹង​រឿង​ស្នេហា
ប្រាប់​ត្រង់​ពេល​នេះ​គ្មាន​អ្នក​ណា
តែ​រឿង​ស្នេហា​ប្អូន​ឈប់​គិត៕

(ដោយ ទឹម បឿន ៣១ មករា ២០០៨)

17 thoughts on “គ្មាន​ទេ​ពាក្យ​ស្នេហ៍

  1. Rachna_Rainna ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 11:26 ព្រឹក

    ចេះ​​តែ​មាន​ហើយ​បង​ប្រុស​ខ្ញុំ
    ដូច​រឿង​ហ្នឹង​ដុំ​ធំ​អញ្ចឹង
    ធ្វើ​មើលតែ​ជ្រុះ​បាត់​ព្រលឹង
    រក​ខឹង​មិន​ចេញ​សើច​មិន​បាន។

    ចេះ​តែ​មាន​ហើយ​បង​ប្រុស​អើយ
    ស្នេហ៍​កើត​ទៅ​ហើយ​ចិត្ត​រុញ​ច្រាន
    សារភាព​ប្រាប់​គេ មិន​នឹក​ស្មាន
    ថា​បានចម្លើយ​បែប​នេះ​សោះ។

    ខ្វះ​អី​បង​ស្រី​ពាស​ពេញដី
    សូមបង​ស្រដី​ប្អូន​ស្រី​ហោះ
    រក​មួយ​ជូន​បង​ កុំ​ស្រណោះ
    ស្រណោក​ធ្វើ​អី​ណា​បង​ណា។

  2. evannak ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 2:20 ល្ងាច

    កុក​ហើរ​លើ​មេឃ ទឹក​ហូរ​ក្រោម​ស្ពាន ស្រី​ស្រស់​មុជ​ទឹក ប្រុស​ស្អាត​លួច​មើល។
    ទឹក​ភ្នែក​ស្រី​ស្រក់ ទើប​ដឹង​ថា​ស្រី​យំ…..

    ហេហេហេហេ កំណាព្យ​ខ្ញុំ​ម៉េច​ដែរ???

  3. ទឹម បឿន ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 3:43 ល្ងាច

    លោក​ណាក់ចេះ​សរសេរ​កំណាព្យ​ដូច​ចិន។🙂

    =====រចនា=====
    អត់​ទេ​ប្អូន​អើយ កុំ​រក​អី
    ស្រី​ពាសពេញ​ដី​​ល្អ​​យ៉ាង​ណា
    ក៏​បេះដូង​បង​លែង​ប្រាថ្នា
    សុំ​នៅ​ឯកា​​សិន​ណា​ប្អូន។

  4. chharda ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 5:13 ល្ងាច

    bro.tech me some how to write a good poem like u …

  5. ទឹម បឿន ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 6:38 ល្ងាច

    😉 អរគុណ​បង​ដែល​សរសើរ។ ខ្ញុំ​មិន​ពូកែ​ខាង​សរសេរ​កំណាព្យ​ប៉ុន្មាន​ទេ (សរសេរ​បាន​ដោយ​ពេល) ហើយ​ក៏​មិន​ដឹង​ថា​បង្រៀន​បង​របៀប​ណា​ដែរ​ទេ។ បើ​តាម​ខ្ញុំ​ធ្លាប់​សរសេរ​កន្លង​មក គឺ​ខ្ញុំ​ចំណាំ​ចុងចួន និង​​ចំនួន​ព្យាង្គ​របស់​វា រួច​ក៏​ចេះ​តែ​នឹក​ពាក្យ​សរសេរ​ទៅ មិន​មាន​អី​ពិសេស​ទេ។

  6. វីរិយា ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 10:42 ល្ងាច

    ពិត​ជា​មិន​អន់​រឿង​កំណាព្យ
    ចុង​ចួន​ន័យ​កាព្យ​ខាប​ចិត្ត​បាន​
    ធ្វើ​ឲ្យ​ខ្ញុំ​ស្លុង​ឡើង​រឹង​ប្រាណ
    ចង់​ដឹង​ពាក្យ​នាង​តួឯក​​ស្រី ។

    ក្នុង​ចិត្ត​គិត​ចង់​ឲ្យ​នាង​តប
    សម្រួល​សម្រប​នឹង​តួ​ប្រុស
    ត្បិត​គ្នា​មិន​​​ដឹង​ពី​កំហុស
    ហេតុ​អ្វី​ស្រី​ស្រស់​នាង​តោះ​តើយ ?

    សូម​សរសើរ​នាង​តួឯក​ស្រី​
    ​ម៉ឺង​ម៉ាត់​​សម្តី​តាំង​ជំហរ
    តែ​នាង​គួរ​ស្តាប់​ពាក្យ​អង្វរ
    ​ចង់​ដឹង​ចង់​រក​កំហុស​ខ្លួន ។

    គួរ​មាន​ហេតុ​ផល​ច្រើន​ជាង​នេះ
    ទោះ​ស្តី​ទោះ​ត្មិះ​គួរ​តែ​ប្រាប់
    ថា​គ្នា​ខុស​អ្វី​ឲ្យ​ដឹង​ឆាប់
    ទើប​បាន​មិន​ត្រាប់​កំហុស​ទៀត ។

    ហេហេហេ! អៃយ៉ា! យក​ទៅ​សរសេរ​រឿងបាន​មួយ​ភាគ​ហើយ, គិត​សុំ​សិទ្ធ​យក​ទៅ​សរសេរ​រឿង​ហ្នឹង​គេ​ដែរ​សិន​! បាន​អត់​បឿន! ហេហេហេ

  7. វីរិយា ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 10:49 ល្ងាច

    អូ​ភ្លេច​មើល​កុក​ហើរកុក​ហោះ​របស់​លោក​វណ្ណៈ! ហេហេហេ ពិត​ជា​ពូកែ​តែង​មែន, អត់​ចួនអី​​ម៉ាម៉ាត់ ហើយ​​បង្កប់​ន័យ​ជ្រៅ​ទៀត​ ស្រី​ស្រស់​​«មុជ»​ទឹក​ហើយ​ មើល​ឃើញ​ទឹក​ភ្នែក​នាងស្រក់​​ទៀត?!? បែប​មាន​វិជ្ជាគុណ​ភ្នែក​ទិព្វ​ស៊ុន​អ៊ូ​ខុង​ហើយ​បាន​ជា​មើល​ដឹង​! ហេហេហេ😀

  8. រ៉ាមណា ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 11:37 ល្ងាច

    បើ​គេ​មិន​ស្ម័គ្រ​គិត​ថ្វី​បង​
    បើ​គេ​មិន​ប៉ង​គិត​នាំ​ស្តាយ​
    ខ្ញុំ​គិត​ថា​បង​គួរ​សប្បាយ​
    ព្រោះ​ចិត្ត​និង​កាយ​មិន​ទាន់បង់ ។​
    រចនា​ប្អូនស្រី​ស្តី​មិន​ខុស​
    គួរ​តែ​បង​ប្រុស​គិត​គូរ​ថ្មី
    ក្នុង​លោក​នេះណា​មិន​ខ្វះ​ស្រី​
    ទោះ​មិន​ល្អ​ក្តី​ក្រែង​គូរ​ពិត​ ។​
    ប្អូន​ស្រី​មាន​ពាក្យ​តែប៉ុណ្ណឹង​
    ល្មម​បង​ប្រុស​ដឹង​ហើយ​ឈប់​គិត​
    គិត​នាំ​តែ​ទុក្ខ​ខ្លូន​សង្វិត​
    រីងរៃ​ល្ហៃល្ហិត​ឥត​បាន​ការ​ ។​
    ក្នុង​នាម​ជា​ស្រី​ប្អូន​ប្រាប់​ចុះ​
    គួរ​បង​តែបង​ប្រុស​ចេះ​គិត​ការ​
    បើ​គេ​មិន​ស្នេហ៍​ខំ​យ៉ាង​ណា​
    ក៏​ឥត​បាន​ការ​ឡើយ​អ្នក​បង ។

    ហាហា កិកិកិ កាបកាបកាប ប្រមូល​យក​សំនើច​ល្បីៗ ដាក់​អោយ​អស់សិន​ ។😛

  9. evannak ថ្ងៃសុក្រ ទី 1 ខែ​កុម្ភៈ 2008 / 11:46 ល្ងាច

    អរគុណ​ល្បង​វីរីយ៉ា​ដែល​បាន​សរសើរ តាម​ពិត​ទៅ​គួរ​តែ

    ស្រី​ស្រស់​លង់​ទឹក ប្រុស​ស្អាត​ឈរ​មើល ទឹក​ភ្នែក​ស្រី​ស្រក់ ទើប​ដឹង​ថា​ស្រី​យប់ ។

  10. samnang ថ្ងៃសៅរ៍ ទី 2 ខែ​កុម្ភៈ 2008 / 12:00 ព្រឹក

    អូ!​មាន​អ្ន​ក​ប្រ​មូល​សំណើច​មក​ដាក់​ពី​ក្រោម​កំនាព្យ​ទៀត,​សូម​សសើរ​ ចេះ​តែ​កំនាព្យ​បានពិរោះៗ

  11. chharda ថ្ងៃសៅរ៍ ទី 2 ខែ​កុម្ភៈ 2008 / 7:44 ព្រឹក

    blog mouy nis collect soth tae nak lbey khang kamnam ..som sor ser ors pi jet heuy khum

  12. naraths ថ្ងៃសៅរ៍ ទី 2 ខែ​កុម្ភៈ 2008 / 4:21 ល្ងាច

    កំណាព្យ​វែង​ម៉្លេះ កំណាព្យ​ស្នេហ៍ស្នង
    ស្ដី​រឿង​ទាក់​ទង បំណង​សុំ​ស្ម័គ្រ
    ស្រី​មិន​អាណិត កើត​ចិត្ត​អួល​ស្លាក់
    ខ្លោច​ចិត្ត​ត្បិត ​ម្រាក់​​កំសត់​ស្នេហា ។

    ច្រើន​លើក​ច្រើន​សារ នៅ​មិន​រាង​ចាល
    ថាថា កុំ​អាល​រឿង​ស្នេហ៍​ឫស្យា
    អាណិត​ពេក​ណាស់ ខក​ចិត្ត​គ្រប់គ្រា
    សូម​មិត្ត​សច្ចា​អុជ​ធូប​បួង​សួង ។

    ជាតិ​នេះ​ជាតិ​ក្រោយ​កុំ​ឲ្យ​ជួប​ទៀត
    ទាញ​ស្នេហ៍​របូត សែន​ស៊យ​កន្លង
    ស្រី​មួយ​ណា​ទៅ ទុក​ខ្ញុំ​ទៅ​ម្ដង😀
    សាក​សួរ​ផ្ដោះ​ផ្ដង បំណង​លោមលាក់ ។

    អូ ថា​លេង​ទេ ព្យាយាម​ទៀត​ទៅ
    ផ្លូវ​មិន​រាក់​ជ្រៅ កុំ​ឡើយ​ស្ទើរ​ស្ទាក់
    ខ្ញុំ​ជូន​ដំណើរ​បើ​រអួល​រអាក់
    តិច​លោ ទៅ​ធ្លាក់​ជង្ហុក​ស្នេហ៍កម្ម ។

    ផឹក​ស្រា​មើល​ផ្កាយ​រះ រាត្រី​សែន​ស្ងប់​ស្ងាត់ ទឹក​ហូរ​មិន​វិល​វិញ
    ស្រា​មិន​ស្រវឹង​តែ​ស្រវឹង​ស្នេហ៍ វាយោ​បក់​ពី​ទិស​ខាង​លិច តើ​ជីវិត​ខ្ញុំ​មាន​ន័យ​ដែរ​ទេ… (អានេះ​កំណាព្យ​ចិន ពេល​តែង​គួរ​គ្រវី​ក្បាល​ទៅ​មក​ បាន​តែង​ល្អ) ហាហា… 😉

  13. chharda ថ្ងៃអាទិត្យ ទី 3 ខែ​កុម្ភៈ 2008 / 8:30 ព្រឹក

    ផឹក​ស្រា​មើល​ផ្កាយ​រះ រាត្រី​សែន​ស្ងប់​ស្ងាត់ ទឹក​ហូរ​មិន​វិល​វិញ
    ស្រា​មិន​ស្រវឹង​តែ​ស្រវឹង​ស្នេហ៍ វាយោ​បក់​ពី​ទិស​ខាង​លិច តើ​ជីវិត​ខ្ញុំ​មាន​ន័យ​ដែរ​ទេ… oh my dear brother..your poem seem like u born in chiness family heuy …i used to heard in chiness movie some part of poem is ផឹក​ស្រា​មើល​ផ្កាយ​រះ រាត្រី​សែន​ស្ងប់​ស្ងាត់ …….heehheh good nas brother ..try more…Ramana..ur blog colect ban sut tae Dara l-bey l-bey khang Poem …hehehhehe u one of them ..kekekke

  14. chharda ថ្ងៃអាទិត្យ ទី 3 ខែ​កុម្ភៈ 2008 / 8:32 ព្រឹក

    and brother បឿន ur blog kor jing dae..Dara poem projam wordpress heuy nis..cheer

  15. ទឹម បឿន ថ្ងៃចន្ទ ទី 4 ខែ​កុម្ភៈ 2008 / 10:19 ល្ងាច

    ទឹក​ដៃ​លោក​វី​ក៏​មិន​អន់
    កាព្យ​ជួន​មិន​ជាន់​មាន​ខ្លឹមសារ
    ប្រហែល​អាច​ធ្វើ​ឱ្យ​ចិន្ដា
    ស្រី​ជ្រួល​ឱរា​ចង់​តប​ឆ្លើយ។

    ប្រសិន​បាន​នាង​មក​សាសព្ទ
    យក​ហេតុផល​ប្រាប់​ស្រប​ចម្លើយ
    ម្ល៉េះ​ក្នុង​ទ្រូង​ខ្ញុំ​នឹង​ធូរ​ស្បើយ
    ចុក​ពើត​គង់​ល្ហើយ​ពី​ឱរា។

    តែ​ណ្ហើយ បើ​នាង​មិន​អាណិត
    នាង​ធ្វើ​ដាច់​ចិត្ត​ផ្ដាច់​ស្នេហា
    ខ្ញុំ​គ្មាន​ពាក្យ​អ្វី​នឹង​តវ៉ា
    ទ្រាំ​តាម​វាសនា​កម្ម​ទៅ​ចុះ។

    រ៉ាមណា​នៅ​ក្មេង តែ​ថា​ត្រូវ
    បង​គួរ​រក​ផ្លូវ​មិន​នៅ​ខុស
    បើ​នាង​ចង់​ទៅ ក៏​ទៅ​ចុះ
    ប្អូន​ស្រី បង​ប្រុស​ក៏​មិន​ថ្វី។

    បង​នឹង​ព្យាយាម​ឱ្យ​ឈប់​គិត
    រឿង​ពី​អតីត​យ៉ាង​ណា​ក្ដី
    នឹង​ផ្លាស់​រឿង​ចាស់ ដោយ​រឿង​ថ្មី
    អរគុណ​ប្អូន​ស្រី​ជួយ​ដាស់តឿន។

    ណារដ្ឋ​មិត្រ​ចាស់ សម្លាញ់​អាប់
    ពូកែ​សាសព្ទ​ខាង​ផ្គងផ្គើន
    អាង​តែ​ដឹង​ចិត្ត​គ្នា​ជា​ភឿន
    ចាក់ចុច​ដាស់​តឿន មិន​ចោល​ក្បួន។

    ចុង​ក្រោយ​អរគុណ​អ្នក​គ្រប់​គ្នា
    ដែល​មាន​វោហារ​យ៉ាង​សមសួន
    ផ្ដល់​ទាំង​គំនិត ផ្ដល់​ទាំង​ក្បួន
    ឱ្យ​ខ្ញុំ​រួច​ខ្លួន​ចាក​ទុក្ខ​ព្រួយ។

    សង្ឃឹម​ថា​ពី​ពេល​នេះ​ទៅ
    ខ្ញុំ​អាច​រក​ផ្លូវ​ដ៏​ល្អ​មួយ
    ឈប់​នៅ​បៀម​លេប​តែ​ទុក្ខ​ព្រួយ
    សុំ​​ព្រះ​រួម​​ជួយ​បាន​ចាក​ទុក្ខ។

  16. បងភាព ថ្ងៃចន្ទ ទី 11 ខែ​កុម្ភៈ 2008 / 1:04 ល្ងាច

    ស្នាដៃប្អូនអីលូវល្អណាស់តើ។ ចាំបានច្រើន ចាំបងជួយរៀបចំចងក្រងជាសៀវភៅ បោះពុម្ព យកលុយចែកគ្នា ណេះ។

  17. ទឹម បឿន ថ្ងៃចន្ទ ទី 11 ខែ​កុម្ភៈ 2008 / 1:32 ល្ងាច

    មែន​អ្ហី​បង? ពេល​ជួប​គ្នា ចាំ​ខ្ញុំ​ប្រមូល​កំណាព្យ​ទាំង​អស់​យក​ឱ្យ​បង​បោះពុម្ព😀 ។ មើល​ទៅ បែប​លក់​ដាច់​ងាប់​ហើយ ហាហា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s