ស្រុក​កំណើត


ម្សិលមិញ​មាន​ធុរៈ​បន្ទាន់ ត្រូវ​ទៅ​ស្រុក​ដោយ​ឥត​បាន​ប្រៀងទុក។ ពេល​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ ទើប​ដឹង​ថា​អស់​កម្លាំង និង​ឈឺ​ពេញ​ទាំង​ខ្លួនខ្លាំង ព្រោះ​ទៅ​ដល់​ស្រុក ខំ​ដោល​ទូក​លេង​នៅ​បឹង និង​​បេះ​ឈូក​​ហូប​ផង។

តាម​ធម្មតា ក្នុង​មួយ​ឆ្នាំ ខ្ញុំ​ទៅ​ស្រុក​តែ​ពីរ​ឬ​បី​ដង​ប៉ុណ្ណោះ ភាគច្រើន​ពេល​បុណ្យ​ភ្ជុំ និង​ចូលឆ្នាំ​ថ្មី។ ដោយសារ​ការងារ​​ចាំបាច់​ផ្ទាល់​ខ្លួន​​​ទើប​ខ្ញុំ​ត្រូវ​ចាកចេញ​ទៅ​ជា​បន្ទាន់​បែប​នេះ។ ពេល​រសៀល​​ខ្ញុំ​ក៏​បាន​ឆ្លៀត​​ទៅ​លេង​បឹង បេះ​ឈូក​ជា​មួយ​ប្អូន​ថ្លៃ​អ៊ី​របស់​ខ្ញុំ និង​ប្អូន​ជីដូន​មួយ​តូចៗ​បី​នាក់​ទៀត។ តាម​ពិត​ទៅ ជីវិត​នៅ​ស្រុក​កំណើត​បែបណា​ខ្លះ ខ្ញុំ​​ធ្លាប់​ភ្លក់​​អស់​ទៅ​ហើយ តែ​ពេល​ទៅ​លេង​ម្ដងម្កាល​បែប​នេះ ពិត​ជា​ប្លែក​អារម្មណ៍​ណាស់។ ខ្យល់​ត្រជាក់ ទឹក​បឹង​ថ្លា​ឆ្វេង ទាក់​ទាញ​អារម្មណ៍​ខ្ញុំ​មិន​ចង់​ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត​ឆាប់​សោះ តែ​ពេលវេលា​បង្ខំ​ខ្ញុំ​ឱ្យ​ត្រូវ​តែ​ត្រឡប់​មក​ធ្វើ​ការ​វិញ​យ៉ាង​ឆាប់។

ស្រុក​កំណើត​ពិត​ជា​កន្លែង​ដែល​មិន​អាច​ឱ្យ​នរណា​ភ្លេច​បាន​មែន ទោះ​បី​ជា​អ្នក​នោះ​ទៅ​ដល់​ទីណា​ក៏​ដោយ ទោះ​ជា​ស្រុក​កំណើត​នោះ​មាន​សភាព​បែប​ណា​ក៏​ដោយ ក៏​គង់​នៅ​ដក់​ជាប់​នឹង​បុគ្គល​ម្នាក់​ជា​និច្ច៕

17 thoughts on “ស្រុក​កំណើត

  1. រ៉ាមណា ថ្ងៃអង្គារ ទី 15 ខែមករា 2008 / 9:05 ល្ងាច

    យាយ​ចឹង​កាន់​តែ​ធ្វើ​អោយ​ប្អូន​កាន់​តា​ចង់​ទៅ​ស្រុ​ក​ទៀត​ហើយ​នៀក​ ។ ស្រួល​ដែរ​ស្រុក​ជិតៗ​ទៅ​វិល​ល្ងាច​ក៏​បាន​ មិន​ដូច​ប្អូន​សោះ​ទៅ​ម្តង​ជិះ​ ៧​ ៨​ ម៉ោង​​បាន​ដល់ យ៉ាប់​ម៉ង ។​😦

  2. ទឹម បឿន ថ្ងៃអង្គារ ទី 15 ខែមករា 2008 / 9:08 ល្ងាច

    ហាហាហា! ខំ​រក​លុយ​ទិញ​យន្តហោះ​ផ្ទាល់​ខ្លួន​មួយ​ជិះ​ឱ្យ​បាន​ទៅ ចង់​វិល​ល្ងាច​ក៏​ស្រួល កុំ​ឱ្យ​មក​ច្រណែន​នឹង​គេ​អ៊‍ីចឹង។

  3. រ៉ាមណា ថ្ងៃអង្គារ ទី 15 ខែមករា 2008 / 9:13 ល្ងាច

    អូខេ​ ចាំ​មាន​លុយ​ទិញ​ពីរ​ បី​ ជិះ​លេង​កុំ​អោយ​បង​បឿន​ថា​អោយ ។ តែ​មិន​ដឹង​ឆ្នាំ​ណា​ទេ ។ ឆ្លើយ​ទៅ​ឆ្លើយ​មក​សង្ស័យ​តា​អស់​លុយ​ក្នុង​ទូរស័ព្ទ​រលីង​ទេ​នៀក បាន​ហើយ​ប្អូន​មើល​មេរៀន​តិច​សិន​ វរៗ​ប្រលង​ធ្លាក់ អត់​លុយ​ប្រលង​សង​ទេ :p ។​

  4. ទឹម បឿន ថ្ងៃអង្គារ ទី 15 ខែមករា 2008 / 9:22 ល្ងាច

    រៀន​ចុះ​អ្នក​ប្អូន​សន​អើយ បង​ក៏​ទៅ​ផ្ទះ​ដែរ។ បើ​ប្រឡង​ធ្លាក់​បង​ក៏​សុំ​ជួយ​អរ​ដែរ ព្រោះ​មិន​ចាញ់​បង​ពេក។ បង​ធ្លាប់​ធ្លាក់​ពីរ​បី​ដង​ហើយ។

  5. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 15 ខែមករា 2008 / 10:30 ល្ងាច

    ទៅ​ដណ្ដឹង​កូន​គេ​អី?
    ខ្លួន​ខ្មៅ​គ្រីក​មាន​អ៊ី​ដែរ?

  6. ទឹម បឿន ថ្ងៃអង្គារ ទី 15 ខែមករា 2008 / 10:57 ល្ងាច

    កុំ​ចេះ​តែ​ថា​លោក​ភាក់! ពីណា​ទៅ​ដណ្ដឹង​កូន​គេ​ស្លន់ៗ​ចឹង គេ​ភ័យ​ងាប់​ហើយ។

    មើល​គាត់​និយាយ! ខ្លួន​ខ្មៅ​គ្រីក? មាន​អ៊ី​អត់​បាន?

  7. វីរិយា ថ្ងៃអង្គារ ទី 15 ខែមករា 2008 / 11:41 ល្ងាច

    ហេហេហេ! សុភ័ក្ត្រ​គិត​ដូចខ្ញុំ​ម៉្លេះ? ខ្ញុំ​សួរ​នាំ​ច្រើន​ដង​ហើយ តែ​បឿន​ហ្នឹង​មិន​ប្រាប់​សោះ!
    តាម​បឿន​ឯង​និយាយ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​មាន​ស្រុក​នឹក​នឹក​គេ​ដែរ (មាន​បឹង, មាន​ឈូក, អុំទូក..)! ស្រុក​​ខ្ញុំ​មាន​តែ​ផ្ទះ​ល្វែង អ្នក​ជាប់​ផ្ទះ​នៅ​ក្បែរ​គ្នា​ជិត​១០ឆ្នាំ​មិន​ទាន់​ដែល​បាន​និយាយ​រក​គ្នា​សួម្បី​តែ​ម៉ាម៉ាត់​​! តែ​ទោះ​យ៉ាង​ណា ក៏​ផ្ទះ​ខ្ញុំ​នៅ​តែ​ជា​កន្លែង​ដែល​ផ្តល់​សេច​ក្តី​សុខ​ឲ្យ​ខ្ញុំ​ច្រើន​ជាង​គេ​ដដែល!🙂

    រឿង​ហៅ«​អ៊ី​» តាមដែល​ខ្ញុំ​បាន​ដឹង អ្នក​នៅ ស្រុក​គីរីវង់, ទ្រាំង, បុរី​ជលសារ គេ​​ទម្លាប់​ហៅ​បែប​ហ្នឹង ឲ្យ​តែ​ជា​មនុស្ស​ស្រី​រាង​មាន​អាយុ​ច្រើន​បន្តិច​គេ​និយម​ហៅ​អ៊ី ដល់​យូរ​ៗ​ទៅ​គេ​ប្រើ​ជា​ធម្មតា​ទៅ​ហើយ ពេល​ខ្លះ​ក៏​មិន​បាន​នឹក​នា​ដល់​ចិន​ឬ​មិន​ចិន​ទេ ។ តាម​ដែល​ជួប​រាល់​ដង​ពីនាក់​ហ្នឹង​សម្បុរ​ប្រហែល​គ្នា ចឹង​បាន​ជាមួយ​មាន​អ៊ី​​ហើយ​មួយ​ទៀត​មាន​កូវ! :p

  8. ទឹម បឿន ថ្ងៃអង្គារ ទី 15 ខែមករា 2008 / 11:50 ល្ងាច

    ដូច​សុវី​និយាយ​អ៊‍ីចឹង ពាក្យ​អ៊ី​នេះ គេ​ប្រើ​ស៊ាំ​ត្រចៀក​គ្រប់​គ្នា ហើយ​ម្នាក់ៗ​គិត​ថា​ជា​ពាក្យ​របស់​ខ្មែរ​ទៅ​ហើយ តែ​ក៏​មាន​ពាក្យ​មួយ​ជំនួស​ឱ្យ​ពាក្យ​អ៊ី​ហ្នឹង​ដែរ គឺ​ពាក្យ​ម៉ីង តែ​គេ​មិន​សូវ​ប្រើ​ទេ បើ​ប្រើ គេ​ប្រើ​សម្រាប់​ហៅ​អ្នក​ដែល​មាន​ថានៈ​ប្រហាក់​ប្រហែល​នឹង​អ៊ី តែ​នៅ​ក្មេង។

    រឿង​ដណ្ដឹង​កូន​គេ​នោះ ដូច​សុវី​ដឹង​ស្រាប់​ហើយ នៅ​ចាំ​តែ​ថ្ងៃ​រើស​វេលា​តែ​ប៉ុណ្ណោះ។ ឯ​រឿង​ស្រុក​ភូមិ​វិញ ស្រុក​លោកវី​ឯង​មិន​សប្បាយ​ដូច​ស្រុក​ខ្ញុំ​ទេ ដោល​ទូក​ដឹកស្រីស្អាត​បេះ​ឈួក រ៉ូមែនទិច​ណាស់…😀

  9. natana ថ្ងៃពុធ ទី 16 ខែមករា 2008 / 8:16 ព្រឹក

    បង​បឿន កុំ​ហៅ​ប្អូន​សន​ចឹង ប៉ាខ្ញុំ​អាយុ​ច្រើន​ហើយ កិកិកិ​​ ។ យើស​បង​ស្អី​បន់​អោយ​​ប្អូន​​ប្រលង​ធ្លាក់ ។ យ៉ាប់​ម៉ង​

  10. ទឹម បឿន ថ្ងៃពុធ ទី 16 ខែមករា 2008 / 8:29 ព្រឹក

    សុំទោស បង​អត់​ដឹង​ថា​ប៉ា​ប្អូន។ តាម​ពិត បង​ចង់​ហៅ​អ្នក​ប្អូន​សន រ៉ាមណា តែ​ខ្ជិល​សរសេរ​វែង ហើយ​ក៏​មិន​ចង់​ឱ្យ​ប្អូន​ប្រឡង​ធ្លាក់​ដែរ តែ​បើ​ធ្លាក់​ក៏​ល្អ កុំ​ឱ្យ​ធ្លាក់​តែ​បង​ម្នាក់ឯង។😀

  11. ramana ថ្ងៃពុធ ទី 16 ខែមករា 2008 / 9:46 ព្រឹក

    នៅ​តា​យ៉ាប់​ដដែល​នឹង​ ប្អូន​នឹង​ព្យាយាម​មិន​អោយ​ធ្លាក់​ទេ​ ព្រោះ​មិន​ដែល​ធ្លាក់​ផង​ ខ្លា​ច​ខ្មាស់​គេ​ ធ្លាប់​តា​ជាប់​លំដាប់​ស្រាប់​តា​ធ្លាក់​មិន​ដឹង​ខ្មាស់​គេ​យ៉ាង​ម៉េច​ទេ ។​

  12. Rachna_Rainna ថ្ងៃពុធ ទី 16 ខែមករា 2008 / 9:56 ព្រឹក

    បើ​និយាយ​រឿង​ប្រឡង, ហេង​ហើយ​ដែល​រ៉េនណា​ជាប់ ហើយ​បើ​និយាយ​រឿង​ស្រុក…

    ស្រុក​របស់​ខ្ញុំ​មាន​អ្វី​ដែល​មិន​ដូច​ទីនេះ​ច្រើន… នៅ​ស្រុក​មាន​លោក​យាយ… នៅ​ស្រុក​មាន​មេឃ​ដែល​ពេញ​ពាស​ទៅ​ដោយ​ផ្កាយ… នៅ​ស្រុក​មាន​អារម្មណ៍​ស្ងប់​ដែល​មិនអាច​រក​បាន​នៅ​ទី​នេះ… នៅ​ស្រុក​មាន​ជីវិត​មួយ​ដែល​ពោរពេញ​ដោយ​សេរីភាព…

  13. Vannara ថ្ងៃពុធ ទី 16 ខែមករា 2008 / 10:18 ព្រឹក

    លោក​ប្អូន​បឿន​ទៅ​ស្រុក​ប្រញាប់​ចឹង​សង្ស័យ​ទៅ​​ដុក​ម៉ែ​អោយ​ទៅ​ដណ្តឹង​កូន​គេ​ហើយ​មើល​ទៅ ព្រោះ​អី​ម៉ា​រយៈ​នឹង​លឺ​ថា​ចង់​បាន​ប្រពន្ធ​​ដល់​កហើយ​នឹង😀 និយាយ​ចឹង​​​បឿន​ឯង​នៅ​ភូមិ​ឃុំ​ស្រុក​ណា​ដែរ?

  14. ទឹម បឿន ថ្ងៃពុធ ទី 16 ខែមករា 2008 / 11:53 ព្រឹក

    អត់​ទៅ​ដណ្ដឹង​ទេ គ្រាន់​តែ​ទៅ​មើល​សិន​ទេ។

    ស្រុក​កំណើត​ខ្ញុំ ខ្ញុំ​មិន​ហ៊ាន​ប្រាប់​ទេ ខ្លាច​មាន​អ្នក​ទៅ​តាម​ដល់​ផ្ទះ វីវរ​បណ្ដោយ។😀

  15. khmersport ថ្ងៃសុក្រ ទី 18 ខែមករា 2008 / 7:19 ល្ងាច

    និយាយគ្នាត្រូវកណាស់ណោ។

  16. Boeun ថ្ងៃសុក្រ ទី 18 ខែមករា 2008 / 8:58 ល្ងាច

    ច្រណែន​អ្ហី លោក​ខឿន?😀

  17. khmersport ថ្ងៃអាទិត្យ ទី 20 ខែមករា 2008 / 3:34 ល្ងាច

    ច្រណែនអ្នកដែលមានការចងចាំពីស្រុកកំនើតខ្លួនឯងច្រើនហ្នឹងណា។ ខ្ញុំវិញទៅស្រុកម្តងខ្ញុំ​ ចូលចិត្តទៅឈរលែងនៅមាត់ស្ទឹង ស្រម៉ៃដល់កុមារភាពដែលគ្មានកង្វល់ លោតទឹកលែងយ៉ាងស្បាយក្អាកក្អាយ ដើមស្វាយដ៏ធំដែលធ្លាប់ប្រដេញគ្នា នាវាដែលធ្លាប់ប្រណាំងគ្នាលែង។ ប៉ុន្តែសព្វ ថ្ងៃប្រែប្រួលអស់ហើយ។ កំពង់ផែដែលធ្លាប់លោតទឹកក៏ត្រូវគេរើចោល ផ្លាស់ទៅស្ពាន ដើមស្វាយក៏ត្រូវកាប់ចោល មិត្តភក្តិពីតូចៗ​ ខ្លះយកប្រពន្ធ ខ្លះស្លាប់ ខ្លះទៅធ្វើការនៅស្រុកថៃ ខ្លះប្តូរទីលំនៅទៅបរទេស ទៅពេលណាមានតែតែឯងម្នាក់គត់ អ្វីដែលសល់គឺស្រមោលអតីតកាល។ អញ្ចឹងបានគេថា គ្មានពិធីជប់លៀងណា ដែលគ្មានការបែកគ្នានោះទេ។ គិតៗទៅចង់ត្រឡប់ទៅរកកុមារភាពវិញ គ្មានទុក្ខព្រួយ ដឹងតែសប្បា​យ រត់លែងហត់ក៏រកបាយហូប ។ កាលពីនៅតូចធ្លាប់និយាយថា គ្នាយើងធំទៅមិនអផ្សុកទេ ព្រោះនៅភូមិយើងក្េមងស្របាលគ្នាមានជាងដប់នាក់ឯណោះ ដឹងអីធំឡើង បែកខ្ញែកគ្នាអស់រលីង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s