ហេតុអ្វី​បានជា​បដិមា​របស់​ព្រះបាទជ័យវរ្ម័នទី ៧ គ្មាន​ព្រះហស្ត​ទាំង​សងខាង ?


ថ្មី ៗ នេះ ខ្ញុំ​មិន​សូវ​បាន​ស្ដាប់​ព័ត៌មាន​ប៉ុន្មាន​ទេ ទើប​មិន​សូវ​ដឹង​រឿង​ដែល​កើតឡើង​ថ្មី ៗ ប៉ុន្មាន ។ ល្ងាចមិញ​នេះ សុភ័ក្ត្រ បាន​ប្រាប់​ដំណឹង​មួយ​ដល់​ខ្ញុំ ដែល​ទាក់ទង​នឹង​រឿង​រូបសំណាក​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ។ សូម​អាន និង ស្ដាប់​ព័ត៌មាន​ពី វិទ្យុ​អូស្ត្រាលី ដូច​តទៅ៖

គណៈកម្មការ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​មាន​គម្រោង​ស្នើ​សុំ​ទៅ​ក្រសួង​វប្បធម៌​ដើម្បី​អោយ​មាន​ការ​ទទួល​ស្គាល់​នូវ​ការសាងសង់​រូប​បដិមា​ព្រះបាទ​ជ័យវរ្ម័នទី ៧ ដោយ​មាន​ព្រះហស្ត​ទាំង​សងខាង។ គម្រោង​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ មួយ​កាល​ពី​ម្សិលមិញ​រវាង​អ្នក​អភិរក្ស​វត្ថុ​បុរាណ និង អ្នក​ប្រវត្តិ​សាស្ត្រ ។
នាង​មានសួស្តី​ធ្វើ​សេចក្ដីរាយការណ៍​ពី​ទីក្រុង​ភ្នំពេញ៖
បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈពេល​មួយ​ថ្ងៃ​កាល​ពី​ម្សិលមិញ គណៈកម្មាធិការ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​បាន​អោយ​ដឹង​ថា គេ​គ្រោង​នឹង​ធ្វើការ​ស្នើ​សុំ​ទៅ​ក្រសួង​វប្បធម៌ ឱ្យ​មាន​ការ​ទទួលស្គាល់​នូវ​ការ​សាងសង់ រូប​សំណាក​ព្រះបាទជ័យវរ្ម័នទី ៧ ដោយ​មាន​ព្រះហស្ត​ទាំង​ពីរ​ឡើង​វិញ ដើម្បី​អោយ​ព្រះអង្គ​មាន​លក្ខណៈ​ពេញលេញ​សក្ដិសម​ជា​អតីត​វីរ​មហាក្សត្រ​ខ្មែរ ។
លោក មឿង សុន តំណាង​គណៈកម្មការ​នេះ​បាន​មាន​ប្រសាសន៍​ថា ការ​ដាក់ តាំង​រូប​បដិមា​របស់ ព្រះបាទជ័យវរ្ម័នទី ៧ ដោយ​ការ​បែកបាក់​យ៉ាង​ដូច្នេះ​នាំ​ឱ្យ​មាន​ការ​រិះគន់​នូវ​អតីតកាល​របស់​កម្ពុជា​ថា​ជា​ប្រទេស​អន់ថយ និង បាត់បង់​សិរី​សួស្ដី និង ធ្វើ​អោយ​មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ព្រះហស្ត​របស់​
ព្រះអង្គ​ត្រូវ​គេ​កាត់​ចោល ។
ចំណែក​លោក រស់ ចន្ត្រាបុត្រ អនុប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​លើកឡើង​នេះ ពី​ព្រោះ​ដើម្បី​រក្សា​នូវ​កិត្តិនាម និង កិត្តិយស​របស់​ព្រះអង្គ និង ដើម្បី​កុំ​ឱ្យ​ខូច​តម្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ។ លោក​បាន​បញ្ជាក់​ថា គម្រោង​នេះ ចង់​ឱ្យ​មាន​ការ​យល់ព្រម​ពី​ក្រសួង​វប្បធម៌​សម្រាប់​ ការ​សាងសង់​រូបសំណាក​ព្រះបាទ​ជ័យវរ្ម័ន នា​ពេល​ក្រោយ ៗ ទៀត​គឺ​ត្រូវ​ឱ្យ​មាន​ដៃ​ទាំង​សងខាង និង មិន​មាន​ស្នាម​បែក​បាក់ ។

ក៏ប៉ុន្តែ​លោក ជុជ ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​បាន​ចាត់​ទុក​ថា នោះ​ជា​ការ​ស្រមើ​ស្រមៃ ដែល​ខុស​ទាំងស្រុង​ទៅ​នឹង​ការ​អភិរក្ស​វត្ថុ​បូរាណ និង ប្រវត្តិសាស្ត្រ ។ លោក​បាន​ឱ្យ​ដឹង​ថា​រូប​ព្រះបាទជ័យវរ្ម័នទី ៧ ត្រូវ​បាន​រក​ឃើញ​ដំបូង​ពុំ​មាន​ដៃ​ទាំងពីរ ដូច្នេះ លុះត្រាតែ​គេ​អាច​រក​ដៃ​ទាំង​ពីរ​របស់​ព្រះអង្គ​ឃើញ​ទើប​អាច​ធ្វើ​ដូច្នេះ​បាន ។ លោក​បាន​បញ្ជាក់​ថា គេ​មិន​អាច​ដាក់​ដៃ​អោយ​ព្រះអង្គ​តាម​ការ​នឹក​ឃើញ​នោះ​ទេ ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ លោក​បាន​ឱ្យ​ដឹង​ថា នៅ​ពុំ​ទាន់​មាន​ច្បាប់​ហាមប្រាម​ការ​កសាង​រូបសំណាក​ព្រះអង្គ ដោយ​មាន​ដៃ ឬ អត់​ដៃ​នោះ​ទេ ។
ចំណែក​គណៈកម្មការ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​វិញ បាន​ឱ្យ​ដឹង​ថា រូប​សំណាក​មិន​ពេញលក្ខណៈ​នេះ​កើតឡើង​ដោយ​សារ​សង្គ្រាម និង ពេល​វេលា ដូច្នេះ​គេ​គួរ​ធ្វើការ​កែលំអ​ដើម្បី​ឱ្យ​ព្រះអង្គ​ក្លាយ​ជា​ស្ដេច​ពេញលក្ខណៈ​វិញ ៕
( រាយការណ៍​ដោយ មាន សួស្តី )


ប្រភព​ពី http://www.radioaustralia.net.au/khmer/news/stories/s2107066.htm

ខ្ញុំ​យល់​ស្រប​តាម​គំនិត​របស់​លោក ជុជ ភឿន ។

14 thoughts on “ហេតុអ្វី​បានជា​បដិមា​របស់​ព្រះបាទជ័យវរ្ម័នទី ៧ គ្មាន​ព្រះហស្ត​ទាំង​សងខាង ?

  1. វណ្ណា ថ្ងៃសៅរ៍ ទី 1 ខែធ្នូ 2007 / 8:34 ល្ងាច

    លោក ជុជ ភឿន ក៍​គាត់​និយាយ​សម​ហេតុ​ផល​ម្យ៉ាង​ដែរ។ បើ​មិន​រក​​មិន​ទាន់​ឃើញ​ព្រហស្ថ​ទាំង​ពីរ​របស់​ព្រះ​អង្គ យើង​ក៍​មិន​គួរ​សាង​សង់​​តាម​តែ​ការ​នឹក​ឃើញ​ដែរ៕

  2. សុភ័ក្ត្រ ថ្ងៃសៅរ៍ ទី 1 ខែធ្នូ 2007 / 8:58 ល្ងាច

    ខ្ញុំ​យល់​ស្រប​ខ្លះ និង​មិន​យល់​ស្រប​ខ្លះ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក គេ​រក​ឃើញ​ឥរិយាបទ​ពីរ​របស់​ទ្រង់ សមាធិ និង​ប្រណម។ រូប​ព្រះ​អង្គ​មួយ​នៅ​ប្រទេស​ថៃ មាន​រូប​ពេញ​លក្ខណៈ។ យើង​អាច​ធ្វើ​តាម​បាន!

  3. Vathana ថ្ងៃសៅរ៍ ទី 1 ខែធ្នូ 2007 / 10:17 ល្ងាច

    ខ្ញុំ​ក៏​យល់ថា​មិន​គួរ​ធ្វើ​អ្វី​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​នោះ​ទេ​ ព្រោះ​ថា​វា​អាច​នឹង​ធ្វើ​ឲ្យ​បាត់​បង់​លក្ខណៈ​ដើម ជាពិសេស​ទៅទៀត​នោះ​រូប​បដិមា​តំណាង​នឹង​គ្មាន​ផល​ប៉ះពាល់​អាក្រក់​ទេ​នៅ​ពេល​ដែល​អ្នក​រាល់គ្នា​មិន​គិត​សំដៅ​តែ​ទៅ​លើ​ន័យ​មិន​ល្អ ។ គ្រាន់តែ​ជា​យោបល់​របស់​ខ្ញុំ​ដែរ​ទេ !
    ប៉ុន្តែ​សុំ​កែ​មួយ​សិន ឈ្មោះ​លោក ជុច ភឿន សរសេរ​បែបនេះ​ទើប​ត្រឹម​ត្រូវ ។ អត្ថបទ​ព័ត៌មាន​ជា​ច្រើន​រមែង​សរសេរ​ឈ្មោះ​របស់​គាត់​ខុស ។

  4. Vathana ថ្ងៃសៅរ៍ ទី 1 ខែធ្នូ 2007 / 10:21 ល្ងាច

    អុញភ្លេចដកឃ្លា អត់ចុះបន្ទាត់ឲ្យ​បាត់ពាក្យអស់…

  5. khmerization ថ្ងៃអាទិត្យ ទី 2 ខែធ្នូ 2007 / 10:39 ព្រឹក

    លោកទឹម បឿន
    គេហទំព័រ​របស់​លោក​នេះ​ គួរ​អោយ​ចាប់​អារម្មណ៍​ណាស់ ។ សូម​សរសើរ​ចំពោះ​ការប្រឹងប្រែង​​សរសេរ​​ជា​អក្សរ​ខែ្មរ​បាន​យ៉ាង​ទៀងទាត់​ទៀត​ផង ។

  6. samnang ថ្ងៃអាទិត្យ ទី 2 ខែធ្នូ 2007 / 8:53 ល្ងាច

    ចុះ​សុភ័ក្រ្ក​មាន​ដឹង​ថា​រូប​សំនាក​របស់ទ្រង់​នៅ​ប្រ​ទេស​ថៃ​ហ្នឹង​មាន​​ព្រនាម​អ្វី​ដែរ? ចុះ​ហេតុ​អីបាន​ជា​ថៃវា​សាង​រូបឡើង?

  7. សុភ័ក្ត្រ ថ្ងៃអាទិត្យ ទី 2 ខែធ្នូ 2007 / 9:37 ល្ងាច

    សំណាង​សួរ​ថា​​មិច? រូប​សំណាក​នឹង​ជា​រូប​ទ្រង់​និង​ឯង ដែល​ស្ថិត​ក្នុង​ប្រាសាទ​ខ្មែរ (ប្រហែល​ជា ភិមាយ) មិន​មែន​ថៃ​សាង​ទេ។

  8. samnang ថ្ងៃអាទិត្យ ទី 2 ខែធ្នូ 2007 / 9:57 ល្ងាច

    អូ!ចឹងទេហ៎! ខ្ញុំស្មានថា​ថៃគេ​សាង​ថ្មី​នូវ​រូប​សំនាក​របស់​ទ្រង់។សុភ័ក្រ្ត​ឯង​ប្រ​ហែល​ជា​បាន​ទៅ​មើល​ប្រា​សាទ​ខ្មែរ​នៅ​លើ​ទឹក​ដី​ថៃ​បាន​ច្រើន​ដង​ហើយ​មើល​ទៅ​ ហើយ​ចុះស្ថាន​ភាព​ប្រាសាទ​នៅ​ទីនើ​យ៉ាងម៉េច​ដែរ?នៅរក្សា​ទ្រង់ទ្រាយ និង​ រូប​រាង​បាន​​ល្អដែរ​ទេទេ?​ ភាគ​ច្រើន​ប្រាសាទនៅស្រុក​ខ្មែរ​យើង​រង​ការ​ខូច​ខាត​ច្រើន​ណាស់​ដោយ​សារ​កង្វះការ​មើល​ថែ​ និ​ង គ្រប់គ្រងឲ្យ​បាន​ល្អ។

  9. Rainna ថ្ងៃចន្ទ ទី 3 ខែធ្នូ 2007 / 5:45 ល្ងាច

    សូម​កែ «ព្រះ​ហស្ថ» មិន​មែន «ព្រះ​ហស្ត» នោះ​ទេ!

  10. evannak ថ្ងៃអង្គារ ទី 4 ខែធ្នូ 2007 / 10:55 ល្ងាច

    ខ្ញុំ​គិត​ថា​យើង​មិន​គួរ​សង់​ព្រះហស្ថ​នោះ​ទេ ព្រោះ​ថា​យើង​មិន​អាច​កែ​ប្រែ​ប្រវត្តិសាស្ត្រ​បាន​ឡើយ ព្រោះ​វា​កន្លង​រួច​ទៅ​ហើយ ។

  11. Rainna ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 9:22 ព្រឹក

    សុំ​ទោស! ខ្ញុំ​បាន​បើក​វចនានុក្រម​មើល ព្រះហស្ត​ដែលបង​បឿន​សរសេរ គឺ​ត្រឹម​ត្រូវ​ហើយ!

  12. ទឹម បឿន ថ្ងៃពុធ ទី 5 ខែធ្នូ 2007 / 9:45 ព្រឹក

    បង​មិន​ទាន់​បាន​ពិនិត្យ​មើល​ផង ។ បើ​ត្រូវ​ហើយ ក៏​ល្អ​ដែរ ។

  13. រដ្ឋ ថ្ងៃអាទិត្យ ទី 1 ខែកញ្ញា 2013 / 9:44 ព្រឹក

    រូបសំណាករបស់ព្រះម្ហាវីរៈក្សត្រខ្មែរជ័យវរ្ម័នទី7គួតែសាងព្រះហស្ថទាំងទ្វេរដែលមានសណ្ឋានដូចព្រះពុទ្ធទ្រង់
    សមាធិ ពីព្រោះតែព្រះអង្គប្រាថ្នាត្រាស់ដឹងជា ព្រះសិអារ្យមេត្រីយពោធិសាតោ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s