ថ្មី ៗ នេះ ខ្ញុំមិនសូវបានស្ដាប់ព័ត៌មានប៉ុន្មានទេ ទើបមិនសូវដឹងរឿងដែលកើតឡើងថ្មី ៗ ប៉ុន្មាន ។ ល្ងាចមិញនេះ សុភ័ក្ត្រ បានប្រាប់ដំណឹងមួយដល់ខ្ញុំ ដែលទាក់ទងនឹងរឿងរូបសំណាករបស់ព្រះបាទជ័យវរ្ម័នទី ៧ ។ សូមអាន និង ស្ដាប់ព័ត៌មានពី វិទ្យុអូស្ត្រាលី ដូចតទៅ៖
គណៈកម្មការទ្រទ្រង់អរិយធម៌ខ្មែរមានគម្រោងស្នើសុំទៅក្រសួងវប្បធម៌ដើម្បីអោយមានការទទួលស្គាល់នូវការសាងសង់រូបបដិមាព្រះបាទជ័យវរ្ម័នទី ៧ ដោយមានព្រះហស្តទាំងសងខាង។ គម្រោងនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ មួយកាលពីម្សិលមិញរវាងអ្នកអភិរក្សវត្ថុបុរាណ និង អ្នកប្រវត្តិសាស្ត្រ ។
នាងមានសួស្តីធ្វើសេចក្ដីរាយការណ៍ពីទីក្រុងភ្នំពេញ៖
បន្ទាប់ពីកិច្ចប្រជុំរយៈពេលមួយថ្ងៃកាលពីម្សិលមិញ គណៈកម្មាធិការទ្រទ្រង់អរិយធម៌ខ្មែរបានអោយដឹងថា គេគ្រោងនឹងធ្វើការស្នើសុំទៅក្រសួងវប្បធម៌ ឱ្យមានការទទួលស្គាល់នូវការសាងសង់ រូបសំណាកព្រះបាទជ័យវរ្ម័នទី ៧ ដោយមានព្រះហស្តទាំងពីរឡើងវិញ ដើម្បីអោយព្រះអង្គមានលក្ខណៈពេញលេញសក្ដិសមជាអតីតវីរមហាក្សត្រខ្មែរ ។
លោក មឿង សុន តំណាងគណៈកម្មការនេះបានមានប្រសាសន៍ថា ការដាក់ តាំងរូបបដិមារបស់ ព្រះបាទជ័យវរ្ម័នទី ៧ ដោយការបែកបាក់យ៉ាងដូច្នេះនាំឱ្យមានការរិះគន់នូវអតីតកាលរបស់កម្ពុជាថាជាប្រទេសអន់ថយ និង បាត់បង់សិរីសួស្ដី និង ធ្វើអោយមានចម្ងល់ថា ហេតុអ្វីបានព្រះហស្តរបស់
ព្រះអង្គត្រូវគេកាត់ចោល ។
ចំណែកលោក រស់ ចន្ត្រាបុត្រ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា ការលើកឡើងនេះ ពីព្រោះដើម្បីរក្សានូវកិត្តិនាម និង កិត្តិយសរបស់ព្រះអង្គ និង ដើម្បីកុំឱ្យខូចតម្លៃប្រវត្តិសាស្ត្រខ្មែរ ។ លោកបានបញ្ជាក់ថា គម្រោងនេះ ចង់ឱ្យមានការយល់ព្រមពីក្រសួងវប្បធម៌សម្រាប់ ការសាងសង់រូបសំណាកព្រះបាទជ័យវរ្ម័ន នាពេលក្រោយ ៗ ទៀតគឺត្រូវឱ្យមានដៃទាំងសងខាង និង មិនមានស្នាមបែកបាក់ ។
ក៏ប៉ុន្តែលោក ជុជ ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌បានចាត់ទុកថា នោះជាការស្រមើស្រមៃ ដែលខុសទាំងស្រុងទៅនឹងការអភិរក្សវត្ថុបូរាណ និង ប្រវត្តិសាស្ត្រ ។ លោកបានឱ្យដឹងថារូបព្រះបាទជ័យវរ្ម័នទី ៧ ត្រូវបានរកឃើញដំបូងពុំមានដៃទាំងពីរ ដូច្នេះ លុះត្រាតែគេអាចរកដៃទាំងពីររបស់ព្រះអង្គឃើញទើបអាចធ្វើដូច្នេះបាន ។ លោកបានបញ្ជាក់ថា គេមិនអាចដាក់ដៃអោយព្រះអង្គតាមការនឹកឃើញនោះទេ ។ ទោះបីយ៉ាងណាក៏ដោយ លោកបានឱ្យដឹងថា នៅពុំទាន់មានច្បាប់ហាមប្រាមការកសាងរូបសំណាកព្រះអង្គ ដោយមានដៃ ឬ អត់ដៃនោះទេ ។
ចំណែកគណៈកម្មការទ្រទ្រង់អរិយធម៌ខ្មែរវិញ បានឱ្យដឹងថា រូបសំណាកមិនពេញលក្ខណៈនេះកើតឡើងដោយសារសង្គ្រាម និង ពេលវេលា ដូច្នេះគេគួរធ្វើការកែលំអដើម្បីឱ្យព្រះអង្គក្លាយជាស្ដេចពេញលក្ខណៈវិញ ៕
( រាយការណ៍ដោយ មាន សួស្តី )
ប្រភពពី http://www.radioaustralia.net.au/khmer/news/stories/s2107066.htm
ខ្ញុំយល់ស្របតាមគំនិតរបស់លោក ជុជ ភឿន ។
លោក ជុជ ភឿន ក៍គាត់និយាយសមហេតុផលម្យ៉ាងដែរ។ បើមិនរកមិនទាន់ឃើញព្រហស្ថទាំងពីររបស់ព្រះអង្គ យើងក៍មិនគួរសាងសង់តាមតែការនឹកឃើញដែរ៕
ខ្ញុំយល់ស្របខ្លះ និងមិនយល់ស្របខ្លះ។ តាមការសិក្សាស្រាវជ្រាវកន្លងមក គេរកឃើញឥរិយាបទពីររបស់ទ្រង់ សមាធិ និងប្រណម។ រូបព្រះអង្គមួយនៅប្រទេសថៃ មានរូបពេញលក្ខណៈ។ យើងអាចធ្វើតាមបាន!
ខ្ញុំក៏យល់ថាមិនគួរធ្វើអ្វីដែលគ្មានឯកសារគ្រប់គ្រាន់នោះទេ ព្រោះថាវាអាចនឹងធ្វើឲ្យបាត់បង់លក្ខណៈដើម ជាពិសេសទៅទៀតនោះរូបបដិមាតំណាងនឹងគ្មានផលប៉ះពាល់អាក្រក់ទេនៅពេលដែលអ្នករាល់គ្នាមិនគិតសំដៅតែទៅលើន័យមិនល្អ ។ គ្រាន់តែជាយោបល់របស់ខ្ញុំដែរទេ !
ប៉ុន្តែសុំកែមួយសិន ឈ្មោះលោក ជុច ភឿន សរសេរបែបនេះទើបត្រឹមត្រូវ ។ អត្ថបទព័ត៌មានជាច្រើនរមែងសរសេរឈ្មោះរបស់គាត់ខុស ។
អុញភ្លេចដកឃ្លា អត់ចុះបន្ទាត់ឲ្យបាត់ពាក្យអស់…
លោកទឹម បឿន
គេហទំព័ររបស់លោកនេះ គួរអោយចាប់អារម្មណ៍ណាស់ ។ សូមសរសើរចំពោះការប្រឹងប្រែងសរសេរជាអក្សរខែ្មរបានយ៉ាងទៀងទាត់ទៀតផង ។
ចុះសុភ័ក្រ្កមានដឹងថារូបសំនាករបស់ទ្រង់នៅប្រទេសថៃហ្នឹងមានព្រនាមអ្វីដែរ? ចុះហេតុអីបានជាថៃវាសាងរូបឡើង?
សំណាងសួរថាមិច? រូបសំណាកនឹងជារូបទ្រង់និងឯង ដែលស្ថិតក្នុងប្រាសាទខ្មែរ (ប្រហែលជា ភិមាយ) មិនមែនថៃសាងទេ។
អូ!ចឹងទេហ៎! ខ្ញុំស្មានថាថៃគេសាងថ្មីនូវរូបសំនាករបស់ទ្រង់។សុភ័ក្រ្តឯងប្រហែលជាបានទៅមើលប្រាសាទខ្មែរនៅលើទឹកដីថៃបានច្រើនដងហើយមើលទៅ ហើយចុះស្ថានភាពប្រាសាទនៅទីនើយ៉ាងម៉េចដែរ?នៅរក្សាទ្រង់ទ្រាយ និង រូបរាងបានល្អដែរទេទេ? ភាគច្រើនប្រាសាទនៅស្រុកខ្មែរយើងរងការខូចខាតច្រើនណាស់ដោយសារកង្វះការមើលថែ និង គ្រប់គ្រងឲ្យបានល្អ។
សូមកែ «ព្រះហស្ថ» មិនមែន «ព្រះហស្ត» នោះទេ!
ខ្ញុំគិតថាយើងមិនគួរសង់ព្រះហស្ថនោះទេ ព្រោះថាយើងមិនអាចកែប្រែប្រវត្តិសាស្ត្របានឡើយ ព្រោះវាកន្លងរួចទៅហើយ ។
សុំទោស! ខ្ញុំបានបើកវចនានុក្រមមើល ព្រះហស្តដែលបងបឿនសរសេរ គឺត្រឹមត្រូវហើយ!
បងមិនទាន់បានពិនិត្យមើលផង ។ បើត្រូវហើយ ក៏ល្អដែរ ។
រូបសំណាករបស់ព្រះម្ហាវីរៈក្សត្រខ្មែរជ័យវរ្ម័នទី7គួតែសាងព្រះហស្ថទាំងទ្វេរដែលមានសណ្ឋានដូចព្រះពុទ្ធទ្រង់
សមាធិ ពីព្រោះតែព្រះអង្គប្រាថ្នាត្រាស់ដឹងជា ព្រះសិអារ្យមេត្រីយពោធិសាតោ។