រក​ផល​ជាតិ​ក្រោយ


ទុក្ខ​អ្នក​សុំ​ទាន ខ្ញុំ​យល់​ច្បាស់
ពិត​វេទនា​ណាស់ ពុំ​មាន​​ស្បើយ
ប្រៀប​ជា​​សមុទ្រ ពុំ​យល់​​ត្រើយ
អ្នក​សុំ​ទាន​​អើយ សែន​​វេទនា ។

ថ្ងៃ​បន់ យប់​បន់ អង្វរ​ព្រះ
សូម​ជួប​ប្រទះ ភ័ព្វ​វាសនា
បាន​រស់​ដូច​គេ ក្នុង​លោកា
មិន​បាន​វីឡា ក៏​មិន​ថ្វី ។

សុំ​ត្រឹម​ខ្ទម​មួយ ជា​ជម្រក
គ្រួសារ​បាន​ជ្រក រួម​ភក្ដី
ជួប​ជុំ​បង​ប្អូន ញាតិ​ប្រុស​ស្រី
បញ្ជៀស​ដេក​ដី ដូច​ពេល​នេះ ។

សុំ​ត្រឹម​តិច​តួច តែ​ប៉ុណ្ណឹង
គ្មាន​ទេវតា​ដឹង ជួយ​ត្រិះរិះ
ប្រហែល​ផល​កម្ម តាម​មក​​ជិះ
ជាតិ​មុន ជាតិ​នេះ ធ្វើ​មិន​ល្អ ។

ផល​កម្ម​តប​ស្នង គ្មាន​អ្នក​​ដឹង
មាន​តែ​ខំ​ប្រឹង កែ​លម្អរ
ទុក​ផល​ជាតិ​ក្រោយ ថ្កើង​បវរ
កុំ​ឲ្យ​ក្រី​ក្រ ព្រោះ​វេរា ។

12 thoughts on “រក​ផល​ជាតិ​ក្រោយ

  1. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 25 ខែតុលា 2007 / 10:17 ព្រឹក

    ហា​សែន​កំសត់​ព្រាត់​វាសនា
    នេះ​ពិបាក​ថា​ចំណារ​ក្រឹត្យ
    កើត​មក​ជាតិ​នេះ​មាន​ជីវិត
    បាន​ជួប​កំហិត​ពិត​ខ្លួន​ក្រ ។

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 25 ខែតុលា 2007 / 11:17 ព្រឹក

    ហ្នឹង​ហើយ​ទើប​ខ្មែរ គ្រប់​ៗ​ប្រាណ
    ខំ​ធ្វើ​សិលទាន សន្សំ​ធម៌
    សាង​គ្រប់​កុសល អំពើរ​ល្អ
    ព្រោះ​តែ​ខ្លាច​ក្រ ទុក្ខ​លំបាក ។

  3. rainnamail ថ្ងៃ​ព្រហស្បតិ៍ ទី 25 ខែតុលា 2007 / 1:54 ល្ងាច

    អ្នក​សុំ​ទាន​​លើក​ដៃ​សំពះ
    ទ្រូង​ខ្ញុំ​ស្ទើរ​ប្រេះ​បែក​ជា​ពីរ
    តើ​ថ្ងៃ​ណា​មួយ​ទើប​ធរណី
    ឈប់​ចែក​ជីវី​ពី​មនុស្សា?

    ហេតុ​អី​ចាំ​បាច់​មាន​អ្នក​មាន?
    អ្នក​ក្រ​សុំ​ទាន​គ្មាន​អាហារ?
    ម្ដេច​ចែក​ដី​គ្នា​ក្នុង​លោកា?
    ម្ដេច​ក៏​ឬស្យា សាហាវ​ម្លេះ?

  4. duongchan ថ្ងៃ​ព្រហស្បតិ៍ ទី 25 ខែតុលា 2007 / 4:05 ល្ងាច

    ហ៊ឹម ចន្ទក៏បានត្រឹមតែសំដែងក្ដីអាណិត តែបច្ចុប្បន្នមិនអាចជួយអ្វីបានក្រៅពីនេះដែរ។

  5. Spadora XIII ថ្ងៃ​ព្រហស្បតិ៍ ទី 25 ខែតុលា 2007 / 8:46 ល្ងាច

    lol… sot te kom nap kap klong phong… oi som dok thoy heuy… ot jes sos…

  6. ទឹម បឿន ថ្ងៃសុក្រ ទី 26 ខែតុលា 2007 / 10:52 ព្រឹក

    ឱ​ប្អូន​តូចតន់​ស្ងួន​ពន្លក
    ប្អូន​តន់​យល់​យក តែ​ចម្ងល់
    ធ្វើ​ឲ្យ​ចិត្ត​បង​រែង​ខ្វាយ​ខ្វល់
    គិត​ដល់​និមល ក្ដួល​ឱរា ។

    ធ្វើ​ម្ដេច​បង​អាច​ឆ្លើយ​ទៅ​ស្ងួន
    ប្អូន​អើយ​បើ​ឆ្ងល់​គ្រប់​ប្រការ
    បង​មិន​ដែល​គិត​យល់​សោះ​ណា
    ជា​រឿង​លោកា អាថ៌កំបាំង ។

  7. ទឹម បឿន ថ្ងៃសុក្រ ទី 26 ខែតុលា 2007 / 10:56 ព្រឹក

    ចន្ទ៖ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ដែរ​ហ្នឹង ។
    Spadora XIII: ប្រញាប់​ដក​ថយ​ម៉េះ ? ខ្លាច​អស់​លុយ​អ្ហី ?😀

  8. rainnamail ថ្ងៃសុក្រ ទី 26 ខែតុលា 2007 / 1:44 ល្ងាច

    ឱ! ព្រហ្មលិខិត​ឥត​មេត្តា
    កើត​ជា​មនុស្សា​ទោះ​ប្រុស​ស្រី
    ចង់​ទ្រព្យ* ចង់ឈ្មោះ** ចង់​សម្ដី***
    អភ័ព្វ​ខ្ញុំ​អី​គ្មាន​វាសនា។

    អង្គុយ​សំយាប​ក្រាប​កៀន​កោះ
    សុំ​ត្រឹម​របស់​ដែល​ត្រូវ​ការ
    បាយ ទឹក លុយកាក់ ឬ អាហារ
    មិន​ហ៊ាន​ប្រាថ្នា​ហួស​ពី​នេះ។

    ប៉ះ​អ្នក​ដែល​មាន​ចិត្ត​ករុណា
    សណ្ដោស​មេត្តា​បាន​ត្រិះ​រិះ
    ពី​ទុក្ខ​អ្នក​ក្រ​ក្នុង​ជាតិ​នេះ
    មាន​ចិត្ត​រេរិះ​ដាក់​ទាន​ឲ្យ។

    ប៉ះ​អ្នក​ពុំ​មាន​ចិត្ត​មេត្តា
    ប្រទេច​ផ្ដាសា​ជេរ​មុខ​ក្រោយ
    ជីវិត​មាន​ទុក្ខ​គ្មាន​សុខ​សោយ
    បាន​ត្រឹម​បណ្ដោយ​តាម​យថា។

  9. rainnamail ថ្ងៃសុក្រ ទី 26 ខែតុលា 2007 / 1:47 ល្ងាច

    * មាន​លុយ​ច្រើន​ៗ
    ** មាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ
    *** មាន​គេ​ស្ដាប់​សម្ដី​ខ្លួន (ទឹក​មាត់​ប្រៃ?)

  10. khmertale ថ្ងៃសុក្រ ទី 26 ខែតុលា 2007 / 10:43 ល្ងាច

    ហ្អូ សុទ្ធ​តែ​អ្នក​ក្លាហាន​ខាង​តែង​កំណាព្យ​តែ​ម្ដង​ហ្ន ។ សម្រាប់​ខ្ញុំ​វិញ គិត​ថា អ្នក​សុំ​ទាន​មាន​ច្រើន​ប្រភេទ អ្នក​ខ្លះ​សុំ​គេ​ព្រោះ​តែ​ឃ្លាន តែ​អ្នក​ខ្លះ​យក​ការ​សុំ​ទាន​ធ្វើ​ជា​របរ ។

    រឿង​អាណិត​គឺ​អាណិត​ហើយ

  11. khmertale ថ្ងៃសុក្រ ទី 26 ខែតុលា 2007 / 10:46 ល្ងាច

    តែ​ជួយ​មិន​កើត​ទេ ទោះ​បី​ជា​មាន​លុយ​រាប់​លាន​ដុល្លា​ក៏​ជួយ​ពួក​គាត់​មិន​បាន​ទេ បើ​ពួក​គាត់​ខ្លះ​សុទ្ធ​តែ​ស្អាតៗ ហ្នឹង​សង្ហា​ជាង​ខ្ញុំ​ទៀត តែ​បែ​ជា​មក​សុំ​ទាន​ទៅ​វិញ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s