ស្ដាយ​ពន្លឺ​ចន្ទ


ព្រះចន្ទ​លើ​មេឃ ថ្ងៃ​ដប់ប្រាំ
រស្មី​ជះកាំ មក​ផែន​ដី
បំភ្លឺ​មនុស្ស​លោក ទាំង​ប្រុស​ស្រី
នាំ​ឲ្យ​រាត្រី កាន់​តែ​ស្រស់ ។

ឱ​រាត្រី​​អើយ រាត្រី​ស្ងាត់
យប់​ជ្រៅ​សែន​ស្ងាត់ គួរ​ស្រណោះ
មនុស្ស​ចូល​និន្ទ្រា លង់​លក់​អស់
នៅ​ខ្ញុំ​ស្រណោះ តែ​ម្នាក់​ឯង ។

ស្រណោះ​អាល័យ ដល់​រស្មី
សែន​ស្ដាយ​រាត្រី ពន់​ក្រៃ​លែង
ស្ដាយ​ណាស់ មិន​ចង់​ចូល​ទៅ​គេង
ចង់​គន់​ម្នាក់​ឯង តាម​ចិន្ដា ។

ស្ដាយ​តែ​ចន្ទ​អើយ នៅ​សែន​ឆ្ងាយ
ឆ្ងាយ​អើយ​សែន​ឆ្ងាយ ពី​ហត្ថា
ទោះ​ចិត្ត​គួច​ផ្សង ជិត​កាយា
ហាក់​គ្មាន​វាសនា ប្រាថ្នា​ឡើយ ។

ប្រៀប​ដូច​ស្នេហ៍​ខ្ញុំ ​នៅ​ជើង​មេឃ
នឹក​គួរ​សង្វែក គ្មាន​ល្ហែរល្ហើយ
បាន​ត្រឹម​វាចា សា​ស័ព្ទ​ឆ្លើយ
ប៉ុន្តែ​កាយ​អើយ គ្មាន​វាសនា ។

13 thoughts on “ស្ដាយ​ពន្លឺ​ចន្ទ

  1. naraths ថ្ងៃសុក្រ ទី 28 ខែកញ្ញា 2007 / 6:49 ល្ងាច

    ចាប់​ផ្ដើម​ត្អូញ​ទៀត​ហើយ… អត់​ចេះ​ធុញ​ណ៎ !! អ្នក​អាន​ឯណេះ ឃើញ​តែ​តាដែលៗ…! ឃើញ​តែ​រាត្រី​ស្ងាត់ រាត្រី​ស្ងប់ រាល់​លើក!! ហាស៎ហា!!!

    និយាយ​ទៅ​ខាង​ខ្ញុំ​ក៏​ស្ងាត់​ដែរ មិន​ដឹង​អង្កាល​បាន​ចេញ​វ៉ុល​ថ្មី​នឹង​គេ​សោះ!! (កំណាព្យ)

  2. ទឹម បឿន ថ្ងៃសុក្រ ទី 28 ខែកញ្ញា 2007 / 7:48 ល្ងាច

    អង្គុយ ៗ ស្រាប់​តែ​នឹក​ឃើញ​កាល​យប់​សែន​ព្រះខែ ។ ម៉ោង​ប្រហែល​ជិត​ ១ យប់​ចេញ​មក​មើល​ខែ ដូច​ជា​កំសត់​ដល់​ហើយ ដូច​ជា​នឹក​ឃើញ​ស្អី​កំសត់ ៗ ម៉េច​ទេ ។ ពេល​ហ្នឹង​ដូច​មាន​អារម្មណ៍ ថា​សង្វែក​ផង អី​ផង​ចឹង ទើប​សរសេរ​កំណាព្យ​ទុក​មួយ​លេង​ទៅ ។ ម្យ៉ាង​នឹក​ឃើញ ថា​ប្លក់​​ខាន​ដាក់​កំណាព្យ​យូរ ខ្លាច​យប់​ស្ងាត់​ខ្មោច​លង ទើប​ដាក់​មួយ​ កុំ​ឲ្យ​ស្ងាត់​ពេក😀 ។

  3. duongchan ថ្ងៃសៅរ៍ ទី 29 ខែកញ្ញា 2007 / 11:28 ព្រឹក

    ហេហេ នឹកគេអីក៏នឹកម្លេះ? អត់ចេះទ្រលាន់ទេខ្លះទេអី??
    ទ្រាំតិចទៀតទៅ តិចទៀតនាងនឹងទៅជួបហើយ!😛

  4. ទឹម បឿន ថ្ងៃអង្គារ ទី 2 ខែតុលា 2007 / 11:23 ព្រឹក

    ពេល​ណា​ទៅ ? ហេហេ

    ទ្រាំ​នោះ​ចេះ​តែ​ទ្រាំ​ហើយ ធ្វើ​ម៉េច​បើ​នៅ​ឆ្ងាយ​ចឹង បើ​មិន​ទ្រាំ​ក៏​មិន​កើត​ដែរ😛

  5. Rainnamail ថ្ងៃពុធ ទី 3 ខែតុលា 2007 / 3:03 ល្ងាច

    បើទ្រាំបានចេះតែទ្រាំទៅ, ត្រូវការរ៉េនណាជួយធ្វើកាំជណ្តើរឡើងថានព្រះចន្ទអត់?

  6. ទឹម បឿន ថ្ងៃពុធ ទី 3 ខែតុលា 2007 / 6:35 ល្ងាច

    ជាន់​រ៉េនណា ទៅ​ដល់​ព្រះចន្ទ​ដែរ ? ខ្លួន​ប៉ុណ្ណឹង បង​មិន​ហ៊ាន​ជាន់​ទេ !

  7. Rachny ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែតុលា 2007 / 6:46 ល្ងាច

    Klag Pung Men Te? Joun Tov NY ouy Joun!

  8. duongchan ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែតុលា 2007 / 9:58 ល្ងាច

    ចន្ទមានតែមួយក្នុងលោកា
    ចន្ទចរយាត្រាព្រឹកល្ញាចថ្ញៃ
    តែកម្មអកុសលពីព្រេងនាយ
    ជួនពពកថ្លៃបិតបាំងកាយ។
    មូយខែមូយជុំភពផែនដី
    ទោះឆ្ញាយម្ដេចក្ដីឥតនឿយណាយ
    រាងរះបវររស្មីសាយ
    ឲ្យផែនភពឆ្ញាយស្បៃត៍អន្ធការ។
    កុំបីកកើតទុក្ខទោម្នេញ
    ចន្ទនឹងវិលវិញតាមសន្យា
    ធ្វើខ្លួនឲ្យល្អណាអ្នកណា
    ចូលគេងឆាប់រ៉ាណាក្មេងឆ្លាត។

  9. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែតុលា 2007 / 10:54 ល្ងាច

    ពិត​មែន​ឬ​ចន្ទ ? ខ្ញុំ​អរ​ណាស់
    សូម​ចន្ទ​កុំ​ផ្លាស់ ណា​ចន្ទ​ណា
    ខ្ញុំ​រង់​ចាំ​ចន្ទ តាម​សន្យា
    ទោះ​យូរ​​ប៉ុណ្ណា ក៏​ចាំ​ថ្លៃ ។

    ថ្ងៃ​នេះខ្ញុំ​យល់​ច្បាស់​ហើយ​ណា
    ចន្ទ​ចរ​យាត្រា​ព្រឹក​ល្ងាច​ថ្ងៃ
    ខ្ញុំ​ពិត​មិន​ដឹង​ទេ ចន្ទ​ថ្លៃ
    ថា​ចន្ទ​រាល់​ថ្ងៃ នឿយ​​ម្ដេច​ខ្លះ ។

    មួយ​ខែ​មួយ​ជុំ ភព​ផែន​ដី
    មិន​តិច​ទេ​ស្រី ឆ្ងាយ​ខ្លាំង​ណាស់
    បើ​អាច​ធ្វើ​បាន ខ្ញុំ​នឹង​ផ្លាស់
    ឲ្យ​ចន្ទ​នៅ​រះ តែ​ជិត​ខ្ញុំ ។

    ផាត់​ផ្ទាំងពពក ឲ្យ​ទៅ​ឆ្ងាយ
    មិន​ឲ្យ​ជិត​កាយ ឆោម​មាស​ម៉ុម
    ថែ​ថួន​រស្មី ឲ្យ​ត្រសុំ
    ស្និទ្ធ​ស្នេហ៍​សុខុម មួយ​ជីវិត ។

    ខ្ញុំ​នឹង​ចូល​គេង​​ឆាប់​ហើយ​ណា
    លែង​ខ្វល់​ឯកា ចំបែង​ចិត្ត
    ចាំ​តាម​សន្យា ចន្ទ​វិល​ស្និទ្ធ
    បំភ្លឺ​ជីវិត ដោយ​រស្មី ។

  10. duongchan ថ្ងៃសុក្រ ទី 5 ខែតុលា 2007 / 5:33 ល្ងាច

    ឆ្ញាយណាស់ឆ្ញាយហួស​ ពួសប្រមាណ
    ​​កុំខ្វល់កល្យាណ នាំពល់*ចិត្ត
    ចន្ទ្រាប្រថពី មិនអាចស្និទ្ធ
    ធម្មជាតិកំរិត អឌិតចារ។
    មិនមែនតែអ្នក ដែលឯកា
    ចន្ទក៏ច្នេះណា អ្នកមាសថ្លៃ
    ទោះដួងតារា រះក្បែរកាយ
    ចិន្ដាឥតល្ហើយ មួយវេលា។
    តារាអនេក ច្រើនស្អេកស្កះ
    រស្មីត្រចះ ពេញមេឃា
    គ្រប់ដួងលន់តួ​ សុំស្នេហា
    តែចន្ទសច្ចា ស្មោះប្រថពី។
    ចង់បន្ទាបខ្លួន ចុះមកដែរ
    គ្រោះកម្មនឹងក្បែរ តាមយាយី
    ឲ្យក្រទ្បាប់ចាក់ ផែនធរណី
    វិលវល់វក់វី សូន្យសង្ខារ។
    ខុសពីស្នេហា បឿននិងល័ក្ខ
    ស្នេហ័ស្មោះស្នេហ័ស្ម័គ្រ ស្នេហ័ផ្ញើសារ
    ទោះមិនយល់ភ័ក្រ្ត យល់អក្ខរា
    មិនយូរទេណា បានជួបហើយ។

  11. duongchan ថ្ងៃសុក្រ ទី 5 ខែតុលា 2007 / 5:35 ល្ងាច

    ពល់*​ = អំពល់

  12. rainnamail ថ្ងៃសុក្រ ទី 5 ខែតុលា 2007 / 6:10 ល្ងាច

    រ៉េនណាដូចអៀនខ្លាំងណាស់នៀក
    នែបងទាំងពីរដូចហួសហេតុ
    មកអីៗចឹងថ្ងៃក្រឡែត
    ចាំងភ្នែកមកធ្វើអោយខ្ញុំអៀន។

    និយាយរឿងចឹងគួរស្ងាត់ៗ
    បងនាំក្មេងយ៉ាប់ទាំងដឹងគ្មាន
    ហេតុផលជាក់លាក់មកបង្រៀន
    អោយរ៉េនណាចេះមានរឿងគិត។

  13. ទឹម បឿន ថ្ងៃចន្ទ ទី 8 ខែតុលា 2007 / 5:41 ល្ងាច

    ឱ ព្រះ​ចន្ទ្រា រស្មី​ត្រចង់
    រាង​រះ​រហង់ គួរ​ស្និទ្ធ​កៀក​កើយ
    ចន្ទ​អើយ​សូម​កុំ​ព្រួយ​ចិត្ត​សោះ​ឡើយ
    ប្រថពី​នេះ​ហើយ​ជា​ក្ដី​សង្ឃឹម ។

    ថ្វី​បើ​ធម្មជាតិ ​បាន​​ចារ​កំរិត
    ឲ្យ​កាយ​ស្នេហ៍​ស្និទ្ធ ឆ្ងាយ​យ៉ាង​សន្លឹម
    ឆ្ងាយ​ពី​ប្រថពី ឆ្ងាយ​ឥត​សង្ឃឹម
    ថា​បាន​ក្រាប​ផ្ទឹម កៀក​កើយ​កាយា ។

    ប៉ុន្តែ​ប្រថពី ប្រាថ្នា​គួច​ផ្សង
    តែ​ចន្ទ​នួនល្អង មក​ស្និទ្ធ​ស្នេហា
    បើ​ចន្ទ​អាសូរ​ប្រថពី​វិញ​ណា
    សូម​ចន្ទ​មេត្តា កុំ​រា​រែក​ចិត្ត ។

    បង​នឹង​អង្វរ លន់​តួ​វាសនា
    អង្វរ​ចិន្ដា ឲ្យ​គេ​អាណិត
    ឲ្យ​ចន្ទ​ប្រថពី បាន​រួម​ស្នេហ៍​ស្និទ្ធ
    រួម​មួយ​ជីវិត លុះ​បង់​សង្ខារ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s