ទាក់ទង​នឹង​ខ្ញុំ

ចោរ​លួច​យក​ម៉ូតូ​ខ្ញុំ!!


បន្ទាប់​ពី​ប្រញឹក​ធ្វើ​ការ រហូត​ដល់​ម៉ោង ១១”៣០​នាទី ខ្ញុំ​ក៏​បាន​​ចុះ​ទៅ​ញ៉ាំ​បាយ​យ៉ាង​សប្បាយ​ជា​មួយអ្នក​ដែល​ធ្វើ​ការ​ជាមួយ​គ្នា ។ ត្រឡប់​មក​វិញ សម្លឹងរក​មើល​ម៉ូតូ​ដូច​ជា​អត់​ឃើញ ។ គិត​ក្នុង​ចិត្ត​ថា ប្រហែល​ជា​អ្នក​ណា​អូស​ដាក់​នៅ​ត្រង់​ណា​មួយ​ហើយ ទើប​ដើរ​សម្លឹង​​រក​មើល​សព្វកន្លែង​ទុក​ម៉ូតូ នៅ​តែ​មិន​ឃើញ ។ រក​សព្វ​អស់​ ទើប​ខ្ញុំ​ទៅ​ខ្សឹប​ហៅ​សន្តិសុខ​ចេញ​ពី​ប៉ុស្តិ៍​យាម មក​និយាយ​ខាង​ក្រៅ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ទៀត​ដឹង ។

“បង​​អ្ហា៎​! ខ្ញុំ​ដូច​ជា​អត់​ឃើញ​ម៉ូតូ​របស់​ខ្ញុំ?” ខ្ញុំ​សួរ​គាត់​តិច​ៗ ។

“រក​មើល​ឲ្យ​សព្វ​មើល៍” គាត់​ដើរ​ចង្អុល “ម៉ូតូ​នេះ? អានេះ? អាគុប​៧០​មែន​ទេ? ចុះ​អានោះ?” ។

“អាគុប​៧០ ។ ខ្ញុំ​រក​មើល​សព្វ​ហើយ តែ​មិន​ឃើញ” ខ្ញុំ​ឈរ​ស្ងៀម ពេល​ដែល​គាត់​កំពុង​ដើរចង្អុល​ម៉ូតូ និង​​សួរ​មក​ខ្ញុំ ។

“ប្រហែល​ជា​ចោរ​យក​​ទៅ​ជិះ​បាត់​ហើយ!” ខ្ញុំ​និយាយ​​លេង​ទៅ​កាន់​សន្តិសុខ ។

“ចុម! តិច​បាត់​មែន!!!? បាត់​អី​ងាយ​ម្ល៉េះ?” គាត់​ដូច​ជា​ភ្ញាក់​ផ្អើល ដោយ​ធ្វើ​ភ្នែក​លីងឡង់ ។ “ប្រាកដ​ជា​បាត់​ហើយ ព្រោះ​គ្មាន​អ្នក​ណា​មកខ្ចី​ខ្ញុំ​​ផង ​សោរ​នៅ​ខ្ញុំ​ឯណេះ” ខ្ញុំ​ដក​សោរ​ពី​ហោប៉ៅ​បង្ហាញ​គាត់ ។ គាត់​នៅ​តែ​ដើរ​រក​បណ្ដើរ គ្រវី​ក្បាល​បណ្ដើរ ។ មួយ​សន្ទុះ​ក្រោយ​មក គាត់​ទៅ​សួរ​អ្នក​យាម​មុន ដែល​គាត់​ទើប​នឹង​ផ្លាស់ ។ អ្នក​យាម​មុន ឆ្លើយ​ថា​អត់​ឃើញ ។ យ៉ាង​ម៉េច​អ៊‍ីចេះ​ខ្ញុំ? ប្រាកដ​ជា​បាត់​មែន​ហើយ ។

បន្តិច​មក​ទៀត អ្នក​ដែល​ញ៉ាំ​បាយ​ជា​មួយ​គ្នា​អំបាញ់​មិញ ត្រឡប់​មក​វិញ ។

“យ៉ាង​ម៉េច​ហើយ ឃើញ​ម៉ូតូ​ទេ?” ពួក​គេ​ដឹង​ថា​ខ្ញុំ​កំពុង​រក​ម៉ូតូ ព្រោះ​សន្តិសុខ​បាន​ចូល​ទៅ​សួរ​អ្នក​យាម​លើក​មុន​នៅ​កន្លែង​ញ៉ាំ​បាយ ។

“ចោរ​យក​ទៅ​ជិះ​បាត់​ហើយ” ខ្ញុំ​ឆ្លើយ​​ដោយ​​ញញឹម​ផង ។

“អី​បាត់​មែន!!? បឿន​និយាយ​លេង ឬ មែន​ហ្នឹង?” ពួក​គេ​សួរ​បញ្ជាក់ ។

“បាត់​ម៉ូតូ​ហើយ នៅ​លេង​សើច​កើត​ទៀត?” ​បង​ស្រី​ម្នាក់​ដែល​ខ្ញុំ​ហៅ​គាត់​ថា​បង ៗ លើក​ដៃ​ជ្រលរ​ខ្ញុំ និង​មាត់​ចេះ​តែ​បន្ត​សួរ​ខ្ញុំ ។

“បើ​បាត់​ទៅ​ហើយ ពិបាក​ចិត្ត​ក៏​ឥត​ប្រយោជន៍​ដែរ” ខ្ញុំ​តប​ទៅ​គាត់ ។

“បាន​ហើយ វា​បាត់​ទៅ​ហើយ រក​យ៉ាង​ណា​ក៏​មិន​ឃើញ​ដែរ! ខ្ញុំ​ឡើង​ទៅ​ធ្វើ​ការ​វិញ​ហើយ ។” ខ្ញុំ​ប្រាប់​ទៅ​សន្តិសុខ និង​អ្នក​ដែល​កំពុង​ឈរ​ជាមួយ​ពីរ​បី​នាក់ រួច​ក៏​ដើរ​ចេញ​ទៅ ។ ស្រី​ ៗ ទាំង​នោះ និយាយ​ខ្សឹប​ខ្សៀវ​គ្នា ពេល​ដែល​ខ្ញុំ​កំពុង​ដើរ​ចេញ​ទៅ ។

“មាត់​និយាយ​ធ្វើ​ដូច​មិន​ខ្វល់ តែ​ក្នុង​ចិត្ត​មិន​ដឹង​យ៉ាង​ម៉េច​ទេ?” មែន​ហើយ មិន​មែន​ថា​ខ្ញុំ​មិន​ខ្វល់​នោះ​ទេ តែ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​ពិត​ជា​ស្ដាយ​ម៉ូតូ​ដែល​តែង​តែ​ជួយ​ខ្ញុំ​គ្រប់​កាលៈទេសៈ ជូន​ខ្ញុំ​ទៅ​សាលា ជូន​ខ្ញុំ​មក​ធ្វើ​ការ ជូន​ខ្ញុំ​ទៅ​នេះ ជូន​ខ្ញុំ​ទៅ​នោះ ។ ហេតុ​អី​បាន​ជា​វា​​ត្រូវ​ឃ្លាត​ចេញ​ពី​ខ្ញុំ​ទៅ​កើត? ឬ​មួយ​ក៏​វា ស្អប់​ខ្ញុំ​ដែល​ជិះ​វា​រាល់​ថ្ងៃ? វា​ល្អ​ចំ​ពោះ​ខ្ញុំ​ណាស់ ដោយ​​វា​មិន​ដែល​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ​ឡើយ ថ្វី​ត្បិត​តែ​ខ្ញុំ​ជិះ​វា​មិន​សូវ​ថែទាំ​ក៏​ដោយ ។ មិន​សម​ណា​ចោរ​នោះ គ្មាន​ធម៌​​មេត្តា​ដល់​ខ្ញុំ​អ៊‍ីចឹង​សោះ ។ ណ្ហើយ​ចុះ បើ​ពួក​អ្នក​ចិត្ត​ដាច់ ខ្ញុំ​ក៏​មិន​អង្វរ​​ដែរ តែ​ខ្ញុំ​ក៏​មិន​ព្រងើយ​កន្តើយ​ចំពោះ​ទ្រព្យ​របស់​ខ្ញុំ​ដែល​អ្នក​បាន​យក​ទៅ​ដែរ ។ បើ​អ្នក​យក​ទ្រព្យ​ខ្ញុំ​ទៅ​ហើយ សូម​កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ថា​អ្នក​នឹង​មាន​កម្មពៀរ ហើយ​អ្នក​នឹង​វេទនា​ជាង​ខ្ញុំ​មួយ​រយ មួយ​ពាន់​ដង​ទៅ​ទៀត ។ សូម​ពួក​លោក​ចោរ​​ទទួល​យក​ពរ ដែល​ចេញ​​ពី​មាត់​​​របស់​ម្ចាស់​ទ្រព្យ​​នេះ​ទៅ​ចុះ ។

ស្ដាប់​មើល​ទៅ ខ្ញុំ​ដូច​​ជា​មនុស្ស​ដែល​ចិត្ត​ចង្អៀត​មែន តែ​ខ្ញុំ​ចិត្ត​ចង្អៀត​តែ​ជា​មួយ​ចោរ​ប៉ុណ្ណោះ ។ ខ្ញុំ​មិន​មែន​ព្រះ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​អ្នក​ពូកែ​អត់​ធន់​ប៉ុន្មាន​ទេ ។

“អាឡូ បឿន! ពូ​យ៉ូង​គាត់​ហៅ​ចុះ​មក​ក្រោម​មួយ​ភ្លេត គាត់​មាន​រឿង​ចង់​សួរ” សន្តិសុខ​ទូរស័ព្ទ​មក​ខ្ញុំ ។ ពូ​យ៉ូង ជា​ប្រធាន​សន្តិសុខ​នៅ​ទី​នេះ ។

“បឿន, ម៉ូតូ​ហ្នឹង​ពិត​ជា​បាត់​នៅ​ទី​នេះ​មែន​ទេ?” ពូយ៉ូង​សួរ​ខ្ញុំ ។

“បាទ, មែន​ហើយ​ពូ ។”

“ពូ​បាន​ហៅ​ប៉ូលីស​មក​ បឿន​នៅ​ចាំ​ទី​នេះ​មួយ​ភ្លេត​សិន បន្តិច​គាត់​នឹង​មក​ដល់​ហើយ ។”

“ហៅប៉ូលីស? អូហ៍… មិន​បាច់​ទេ​ពូ ។” ខ្ញុំ​ប្រកែក​ ដោយ​អស់​សំណើច ។

“អត់​ទេ ពូ​បាន​ហៅ​គេ​មក​ហើយ បន្តិច​ទៀត​ប៉ូលីស​នឹង​មក​ដល់​ហើយ ។”

“អ៊‍ីចឹង​ក៏​បាន ខ្ញុំ​ចាំ​នៅ​ទី​នេះ​ចុះ ។” ពេល​ប៉ូលីស​មិន​ទាន់​មក​ដល់ ខ្ញុំ​​បាន​ឡើង​មក​ធ្វើ​ការ​សិន ។ គ្រប់​គ្នា​​ចោម​សួរ​ខ្ញុំ ពេល​ដែល​ខ្ញុំ​ដើរ​ចូល​ទៅ​ផ្នែក(Department)​ផ្សេង​ទៀត ខ្ញុំ​បាន​ឆ្លើយ​ទៅ​គេ ដោយ​គ្មាន​លំបាក​ចិត្ត​អ្វី​ទាំង​អស់ នៅ​តែ​លេង​សើច​ដូច​ធម្មតា ។

“ប្អូន​មាន​អ្វី​ជា​សំគាល់ សម្រាប់​ម៉ូតូ​របស់​ប្អូន​ខ្លះ?” ប៉ូលីស​សួរ​ខ្ញុំ ។

“សំគាល់? ខ្ញុំ​ដូច​ជា​គ្មាន​អី​សំគាល់​ទេ ។” ខ្ញុំ​ដឹង​​ថា​គាត់​ចង់​សួរ​ពី​កាតគ្រី ពន្ធ ឬ ស្លាក​លេខ​ជា​ដើម ។

“ស្លាក​លេខ កាតគ្រី តើ​មាន​ទេ?”

“ម៉ូតូ​ខ្ញុំ​អត់​មាន​ស្លាកលេខ អត់​មាន​កាតគ្រី​ទេ ។”

“អ៊‍ីចឹង មាន​ចាំ​លេខ​ម៉ាស៊ីន​ ឬ លេខ​តួ​ទេ?”

“អត់​ចាំ​ទេ​បង ។”

“យ៉ាប់​ហើយ​អ៊‍ីចឹង! បង​មិន​អាច​ជួយ​បាន​ទេ! បើ​ប្អូន​ចង់​ធ្វើ​សំណុំ​បែប​បទ​ប្ដឹង ទាល់​តែ​ប្អូន​មាន​អ្វី​​មួយ​ជា​សំគាល់​ថា​ជា​ម៉ូតូ​របស់​ខ្លួន បើ​អត់​អ៊‍ីចឹង ទោះ​បី​ជា​ចាប់​បាន ក៏​យើង​គ្មាន​ភស្តុតាង​ដែរ ។”

“មិន​អី​ទេ​បង ខ្ញុំ​​មិន​ប្ដឹង​ទេ ។ បើ​ខ្ញុំ​ប្ដឹង ក៏​ខ្ញុំ​អត់​មាន​ស្អី​សំគាល់​ដែរ ។ ខ្ញុំ​អរគុណ​បង​ហើយ ដែល​ខំ​ចំណាយ​ពេល​ ។”

“មិន​អី​ទេ, បង​​សូម​ចូល​រួម​សោកស្ដាយ​ផង ។ ចាត់​ទុក​ថា នេះ​ជា​ស៊យ​របស់​យើង​ទៅ​ចុះ ។ តើ​ម៉ូតូ​ហ្នឹង ប្អូន​ទិញ​មក​ថ្លៃ​ប៉ុន្មាន?”

“ជិត​៨០០ ។”

“ថ្លៃ​គួសម​ដែរ! ជិះ​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ?”

“ជាង​បី​ឆ្នាំ​ហើយ ។”

“មិន​គួរ​ណា​បាត់​សោះ!”

“របស់​ប្រើប្រាស់ វា​មិន​ទៀង​ទេ​បង ។ ថ្ងៃ​នេះ​ជា​របស់​យើង ថ្ងៃ​ស្អែក​ជា​របស់​គេ ។” ​ខ្ញុំ​ក៏​​បាន​លាគាត់​មក​ធ្វើ​ការ​វិញ ។

នៅ​ពេល​កន្លះម៉ោង​ទៀត ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ឲ្យ​រួច​ឲ្យ​គេ តែ​ខ្ញុំ​នៅ​ពុំ​ទាន់​បាន​ធ្វើ​អី​ទេ ។ មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្ដើម ធ្វើ​ពី​ត្រឹម​ណា​មក​មុន ។ ខ្ញុំ​ដូច​ជា​គ្មាន​អារម្មណ៍​នៅ​នឹង​ការ​ងារ​សោះ ។

សំណាង​ណាស់ ដែល​ខ្ញុំ​បាន​បញ្ចប់​ការងារ​គេ​ទាន់​ពេល ។ ខាង​រដ្ឋបាល បាន​ហៅ​ខ្ញុំ​ទៅ​សួរ ។

“ប្អូន​គួរ​ធ្វើ​យ៉ាង​ម៉េច បើ​អ៊‍ីចឹង​ទៅ​ហើយ?”

“មាន​តែ​កាត់​ចិត្ត​ទេ​បង!”

“បង​បាន​ឲ្យ​គេ​រៀប​ចំ​ផែនការ ដោយ​ទិញ​សោរ​មក​ទុក​ឲ្យ​ចាក់​ហើយ តែ​ប្អូន​មិន​បាន​ចាក់ នេះ​ជា​កំហុស​របស់​ប្អូន ខាង​ក្រុមហ៊ុន​គេ​មិន​ទទួល​ខុស​ត្រូវ​ឡើយ ។”

“មិន​អី​ទេ​បង! ខ្ញុំ​មិន​បាន​ទាមទារ​អី​ទេ នេះ​ជា​ការ​ធ្វេស​ប្រហែស​របស់​ខ្ញុំ ។”

“ការ​ធ្វេស​ប្រហែស​តែ​បន្តិច នឹង​ធ្វើ​ឲ្យ​យើង​ខាត​បង់​អ៊‍ីចឹង​ហើយ ពេល​ក្រោយ​ ៗ ប្អូន​គួរ​តែ​ប្រយ័ត្ន កុំ​ប្រហែស​ឲ្យ​សោះ ។”

“បាទ​បង!”

“តើ​ប្អូន​បាន​អី​ជិះ​មក​ធ្វើ​ការ​ទៅ​អ៊‍ីចឹង?”

“ខ្ញុំ​មាន​កង់​​ពីរ​​ដែល​ទិញ​ឲ្យ​ប្អូន​ជិះ អាច​យក​មួយ​​មក​ជិះ​បាន ។”

“អឺ! អ៊‍ីចឹង​ក៏​ល្អ​ដែរ បាន​ហាត់​ប្រាណ​ផង​ហ្ន៎!”

“បាទ​!” ខ្ញុំ​សើច​ជា​មួយ​គាត់ ។

“ចាស! មាន​តែ​កាត់​ចិត្ត​ចុះ​ណា​ប្អូន ។”

“បាទ, ខ្ញុំ​អាច​កាត់​ចិត្ត​បាន ។ ខ្ញុំ​លា​សិន​ហើយ​បង ។”

“ចាស, ចាស!”

ពេល​នេះ​អ្វី​ៗ​បាន​បញ្ចប់​រួច​អស់ហើយ គ្មាន​អ្នក​ណា​ត្រូវ​ខ្វល់​ពី​រឿង​នេះ ហើយ​ខ្ញុំ​ក៏​លែង​គិត​ពី​រឿង​នេះ​ទៀត​ដែរ ។ មាន​តែ​គិត​រក​ផ្លូវ​ដោះ​ស្រាយ​នៅ​ថ្ងៃ​ស្អែក​តែ​ប៉ុណ្ណោះ ។ លា​ហើយ​​ម៉ូតូ​កំសត់… សង្ឃឹម​ថា ម្ចាស់​ថ្មី​គេ​មិន​ធ្វើ​បាប​ឯង​ទេ ។

Advertisements

38 thoughts on “ចោរ​លួច​យក​ម៉ូតូ​ខ្ញុំ!!”

  1. គួរ​ឲ្យ​សោកស្តាយ​ណាស់!​ តែ​អង្គុយ​ស្តាយ​ក៍​គ្មាន​ប្រយោជន៍​ដែរ។
    ខ្ញុំ​ធ្លាប់​បាត់ម៉ូតូ​មួយ​គ្រឿង​ដែរ តែ​ពេល​នោះ​ប៉ា​ខ្ញុំ​ជា​អ្នក​ធ្វើ​បាត់។ គាត់​ខ្ចី​ខ្ញុំ​ជិះ​ទៅ​កន្លែង​ធ្វើ​ការ ហើយ​ល្បង​ចោរ​ក៍​ខ្ចី​គាត់​ជិះ​បន្តររហូត​ទៅ។
    គ្រាន់​បើ​ហើយ​ដែល​បឿន​ជិះ​បាន​រហូត​ជាង​បី​ឆ្នាំ​ ខ្ញុំ​ឯណេះទិញ​ព្រឹកល្ងាច​បាត់។

  2. ចូល​រួម​សោក​ស្តាយ​ផង​បឿន បើ​ខ្ញុំ​អាច​ធ្វើ​ចិត្ត​បាន​លឿន​ដូច​បឿន​ឯង​ប្រហែល​ជា​ល្អ​ហើយ! ចាត់​ទុក​ថា​រំដោះ​គ្រោះ​ចុះ ហើយ​វា​ជា​មេរៀន​មួយ​សម្រាប់​យើង​គ្រប់​គ្នា​ “ប្រហែស​បាត់​ ប្រយ័ត្ន​គង់” ។

    សុំ​ជេរ​អាចោរ​ចង្រៃ​បន្តិច! ដើរ​លួច​របស់​គេ! ពួក​អា​គ្មាន​កំណើត! ពួក​នេះ​រស់​នៅ​​​ឆ្ងន់​ផែន​ដី​! មាន​ដៃ​២​មាន​ជើង​២ ដូច​គេ​ដូច​​ឯង​ដែរ តែ​មិន​ខិត​ធ្វើ​ការ​ងារ​ទេ ដើរ​តែ​លួច​របស់​គេ! បើ​ពួក​ឯង​ខ្ជិល​ធ្វើ​ការ​ងារ​អញ្វឹង​ម៉េច​ក៏​ពួក​ឯង​មិន​ព្រម​ខ្ជិល​ដក​ដង្ហើម​ដែរ​ទៅ ឲ្យ​វា​ងាប់​​ផុតៗ​ស្រឡះ​បាត់​ឲ្យ​អស់​តែ​ហ្មង​ទៅ!

    … បាន​ធូរ​ចិត្ត​បន្តិច​បាន​បញ្ចេញ​កំ​ហឹង​ដាក់​អាច​អាពួក​ចៃ​សង្គម​…

  3. ជេរ​អ៊‍ីចឹង បាន​សម​មុខ​ពួក​អា​អត់​ខួរ គ្មាន​សតិ​អស់​ហ្នឹង ។ ខ្ញុំ​មិន​ត្រឹង​តែ​ជេរ​ទេ ថែម​ទាំង​ដាក់​ទំនាយ​ពួក​វា អស់​ពីចិត្ត​ទៀត​ផង ។

    សូម​អរគុណ​តាវី ។ និយាយ​អ៊‍ីចឹង តាវី ធ្លាប់​ត្រូវ​ចោរ​លួច​របស់​​ទេ? មើល​ទៅ​ពាក្យ​ដែល​និយាយ​ខាង​លើ ដូច​ជា​ធ្លាប់?

  4. ធ្លាប់​បាត់​ម៉ូតូ​មួយ​ដែរ តែ​យូរ​ហើយ​កាល​ពី​រៀន​បាក់​ឌុប ជា​ម៉ូតូ​របស់​ពូ ខ្ញុំ​ខ្ចី​គាត់​ជិះ​ជា​ប្រចាំ​ពេល​ទៅ​រៀន តែមក​បាត់​នៅ​មុខ​ផ្ទះ​ព្រោះ​ប្រហែស ។ ហើយ​ធ្លាប់​ត្រូវ​បាន​គេ​លួច​បក​តែម​ពន្ធ​ផ្លូវ​​ទៀត ក្តៅ​ចិត្ត​ខ្លាំងណាស់​កាល​ហ្នឹង ឯង​ខំ​ទៅ​តម្រង់​ជួរ​ប្រជ្រៀត​​បង់​ទម្រាំ​តែ​បាន បិទ​មិន​បាន​មួយ​អាទិត្យ​អាចោរ​អត់​ខួរ​វា​លួច​បក​ទៅ​បាត់ ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ផាក ហើយ​ប៉ូលីស​ស្តី​ឲ្យ​ទៀត​! ​មិនចាំ​បាច់​ដាក់​ទំនាយ​ពួក​ហ្នឹង​ទេ ព្រោះ​ទ្រព្យ​របស់​គេ​ដែល​វា​យក​ទៅ​នោះ មិន​អាច​ធ្វើ​ឲ្យ​ពួក​វា​ចម្រើន​បាន​ទេ គឺ​វា​មាន​តែ​ធ្វើ​ឲ្យ​វា​វិនាស​ថែម​ទៀត!

  5. និយាយ​អ៊‍ីចឹង ក៏​ត្រូវ​ដែរ ព្រោះ​មិន​ដែល​ឃើញ​ចោរ​មួយ​ណា​ចម្រើន​ទេ មាន​តែ​វិនាស​ទៅ ៗ ។ អាចោរ​លួច​ម៉ូតូ​ខ្ញុំ​នោះ ជិះ​សុទ្ធ​តែ​រថយន្ត ។ អាចង្រៃ​ហ្នឹង ជិះ​ឡាន​ជា​មួយ​គ្នា​វា​មក​ឈប់​នៅ​ក្រោយ​កន្លែង​ធ្វើ​ការ​ពីរ​បី​ដង​ហើយ ។ ពេល​វា​មក​ដល់ វា​ធ្វើ​ជា​និយាយ​ទូរស័ព្ទ ដើរ​ចុះ​ដើរ​ឡើង ដូច​ជា​រង់​ចាំ​ជួប​អ្នក​ណា​អ៊‍ីចឹង ។ សន្តិសុខ​ដែល​យាម​វេន​មុន ក៏​តាម​មើល​គេ​ដែរ តែ​ឆ្លៀត​ពេល​ដែល​ប្ដូរ​វេន សន្តិសុខ​ថ្មី​ចូល​មក ទើប​វា​មាន​ពេល​យក​បាន​ទៅ ។ មាន​អ្នក​ទើប​ចូល​ធ្វើ​ការ​ម្នាក់​បាន​ឃើញ អាចោរ​នោះ​អូសម៉ូតូ​ចេញ​ដែរ តែ​បុក្គលិក​ថ្មី​នោះ អត់​ស្គាល់​ថា​ម៉ូតូ​ខ្ញុំ ហើយ​ក៏​អត់​ស្គាល់​អាចោរ​នោះ​ដែរ គេ​ស្មាន​ថា​ជា​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទី​នេះ​ដែរ ។ យ៉ាប់​មែន​ ពួក​អាចង្រៃ​អស់​ហ្នឹង ។ ស្មាន​ថា​ម៉ូតូ​មួយ ៗ អាច​រក​លុយ​ទិញ​បាន​ងាយ​ណាស់ ឬ យ៉ាង​ណ? ចេះ​មក​យក​របស់​ទ្រព្យ​គេ មិន​ចេះ​ខ្មាស់​ខ្លួន​ឯង​សោះ ។

  6. អរគុណ​ច្រើន​STARFiSH!
    បាន​មិត្ត​ភ័ក្ត្រ​មក​ចូល​រួម​សោកស្ដាយ​អ៊‍ីចឹង អាច​ជួយ​កាត់​បន្ថយ​ការ​សោកស្ដាយ​របស់​ខ្ញុំ​ហើយ ទើប​ខ្ញុំ​មិន​សូវ​ស្ដាយ ។ ចង់​សរសេរ​ឲ្យ​បាន​វែង​បន្តិច ទើប​អស់​សេក្ដី​ដែល​ខ្ញុំ​ចង់​ជម្រាប ។ ដូច​បង​វណ្ណា​ថា​អ៊‍ីចឹង “អង្គុយ​ស្ដាយ​ក៏​ឥត​ប្រយោជន៍​ដែរ” មាន​តែ​កាត់​ចិត្ត​ឲ្យ​ម៉ាត់​ៗ កុំ​ឲ្យ​វា​ខ្វល់ ។ បាន​ធាក់​កង់ ជួយ​ដល់​សុខភាព​​ផង 🙂 ។

  7. អរគុណ Panha ។ Panha​ធ្លាប់​បាត់​ទូរស័ព្ទ? គិត​ទៅ ពួក​ចោរ​គ្មាន​ចេះ​យោគយល់​អ្នក​ណា​សោះ​ហ្ន៎? យល់​ថា ការ​ធ្វើ​ចិត្តឲ្យ​ត្រជាក់ គិត​តាម​សម្រួលគឺ​អាច​នឹង​កាត់​បន្ថយ ការ​សោកស្ដាយ​ជាង​ការ​ទោរទន់​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន ហើយ​បើ​នឹង​អាច​​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​បាន ក៏​ព្យាយាម​ធ្វើ​ទៅ ។ ចិត្ត​ខ្ញុំ​ពីមុន​ក្ដៅ​ណាស់ ដោយ​ឆ្លង​កាត់​រឿង​ជា​ច្រើន ទើប​ធ្វើ​ឲ្យ​ខ្ញុំ កាន់​តែ​កាត់​បន្ថយ លែង​ចង់​ធ្វើ​អ្វី​ទៅ​តាម​អារម្មណ៍​ដូច​មុន​ទៀត ។

  8. សូមចូលរួមសោកស្តាយផងបឿន។ ពិតជាស៊យមែនទែន។ ល្អហើយ ដែលបឿនចេះលោមចិត្តខ្លួនឯង។ ដូចតាវីថា ចាត់ទុកថា រំដោះស៊យទៅចុះ។ សូមឲ្យអាចៃសង្គមទាំងនោះ វារលាយឆាប់ៗ។

    សូមជូនពរឲ្យបឿនមានសំណាងល្អចាប់ពីពេលនេះតទៅ។

  9. អរគុណ​ច្រើន​បង ។ ដាក់​ទំនាយ​ពួក​ចោរ និង ជូន​​ពរ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​បិទ​មាត់​មិន​ជិត​ទេ ហេហេហេ ។ សូម​ឲ្យ​ដូច​ពាក្យ​ជូនពរ សាធុ! សាធុ! សាធុ! សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា សំណាង​ល្អ​ដូច​គ្នា 🙂 ។

  10. អូយ យ៉ួយ ហត់… ឡៃ​តែ​រត់​តាម​ចោរ​ភ្លេច​មក​សួរ​នាំ​ម្ចាស់​អ្នក​បាត់​ម៉ូតូ ។ តាម​វា​មិន​ទាន់​ទេ… កាត់​ចិត្ត​ទៅ​សំលាញ់​អាប់​អឺយ ។ ហ្នឹង​ហើយ​មេរៀន​កុំ​អោយ​ប្រហែស​! តែ​បឿន​ឯង​បាត់​ម៉ាតូ ហើយ​នៅ​អាញឹម​បាន​ទៀត… ចូល​រួម​សោក​ស្ដាយ​ផង​ណា មិន​គួរ​ណា​មាន​រឿង​ដូច្នេះ​សោះ​! ប៉ះ​ចំបុរស​កំសត់​ហើយ​ស្លូត​ទៀត ។

    សូម​សរសើរ​ រឿង​ខ្លី​ដែល​ដក​ស្រង់​ពី​ជីវិត​ពិត​ខាង​លើ​នេះ​ពិត​ជា​ល្អ​ណាស់​! រៀប​ឃ្លា​ប្រយោគ​បាន​ល្អ ។ ចុះ​អង្កាល​បាន​ទិញ​ម៉ូតូ​ថ្មី ? ជិះ​អាឆាលី​ដូច​ខ្ញុំ​ទៅ… ម៉ាស៊ីន​៧០ អូ លឿន​ណាស់!

    អូ​ភ្លេច​ប្រាប់ ម្សិល​ម៉ិញ មិត្ត​ភ័ក្រ​ខ្ញុំ​ដែល​នៅ​ជាមួយ​គ្នា គេ​ប្រាប់​ថា​ពី​យប់​គេ​យល់​សព្វ​ថា​បាត់​ម៉ូតូ​… ភ័យ​ណាស់​ក៏​ក្រោក​មក​ស្ទាប​ម៉ូតូ​ហើយ​ដេក​ទៅ​វិញ ។ តែ​មិន​មាន​អ្វី​ស៊យ​ធំ​ឡើយ គ្រាន់​តែ​ចេញ​ពី​សាលា​ មាន​គេ​ប៉ះ​គូថ​ម៉ាតូ ខ្ទេច​ហ្វា​ក្រោយ​ប៉ុណ្ណោះ… អី​ក៏​ជួន​គ្នា​ម៉្លេះ!!

    តែ​ថ្ងៃ​ក្រោយ​សំណាង​ល្អ​ណា៎…

  11. អរគុណ​ដែល​បាន​បាន​ផ្ដល់​គំនិត​ល្អ ៗ និង ពាក្យ​ជូន​ពរ ។ ភាព​ប្រហែស ចេះ​តែ​កើត​មាន​ដោយ​មិន​​ដឹង​ខ្លួន ។ ខ្ញុំ​នឹង​ខំ​សន្សំ​លុយ ក្រែង​អាច​បាន​ឆាលី​កញ្ចាស់​មួយ គ្រាន់​ជិះ តែ​មិន​ដឹង​អង្កាល់​ទេ?

    មិត្ត​របស់​ណារដ្ឋ​សំណាង​ល្អ​ហើយ ដែល​មិន​មាន​គ្រោះ​ថ្នាក់​អី ។

    សូម​ឲ្យ​សំណាង​ល្អ កើត​មាន​គ្រប់​ៗ​គ្នា​រៀង​ទៅ… ។

  12. ខ្ញុំក៍ចូលរួមសោកស្តាយដែរណា តែដូចជាក្រោយគេតិចហើយណា អេ…មិនមែនក្រោយគេទេ ព្រោះបាន Call ទៅសួរដែរនោះកាលឃើញ​ Post នេះភ្លាមកាលពីប៉ុន្មានថ្ងៃមុន គ្រាន់តែមិនទាន់បានដាក់ Comment ឡូវតឹមដាក់

  13. អរគុណ​ច្រើន​បណ្ឌិត ហើយ​ក៏​អរគុណ​ដែល​ដែល​បាន​ដំណឹង​ភ្លាម តេ​មក​ជួយ​រំលែក​ទុក្ខ​ខ្ញុំ​ភ្លាម ។ ម្ដង​ទៀត ក៏​សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា ដែល​បាន​ចូល​រួម​រំលែក ។ អ្នក​ទាំង​អស់​គ្នា បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ​ច្រើន​ណាស់ ។

  14. Oh, u wrote ur story very well. I think u really like too read the stories so much. You can be writter later. U a also funny guy even ur story is so sad. I wish I could help u too but I’m not in Cambodia. I continue my study abroad. I hope u can collect money and buy new one soon. Ur company doesn’t allow u to borrow some money to buy new moto? When I worked in Cambodia, my NGO allow employee to borrow some money if it’s an urgent affaire.

  15. Thanks Pheap. I really want to be a writer. It’s my dream. I am not a really fun person. Just sometimes that I can make some fun to ma life.

    That’s very kind of you that you are really to help. I am playing Tong Tin now. Hope to buy a new one soon. And about borrowing some money from ma company? Maybe they can but I don’t know that I can returm them back to the company or not. 😉

    Yep, Amara, I hope so. Good luck to you too.

    You are rite Kunthy. They are so cruel. Ma future will be luck. Thanks. And you will be luck too.

  16. If I don’t misunderstand, u work and study at the same time. U studies at University every night, right? I like people who love studying. Cos I know how important knowledge is. I’m from normal family too. I was working with NGO to develop education in Cambodia. I work at day, and study at night to finish my master degree. Now my husband and me, we got same scholarship to come in the same country. We don’t have money but we have head and heart. So I hope u don’t fall down, please keep going, the bright future is waiting for u. I don’t no how the true person u a but I feel u a great guy, little brother Boeun. When I go back to Cambodia for my research, I would like to meet u one time too if u a not too busy. C u nx.

  17. You are right! I am working and studying at the same time. I work at day and study at night.

    You and your husband have gotten scholarship in the same country? Wow… that’s great! I proud of you both. Anyway, hope you’ll be successfull.

    As you told me some of your story, it’s such you gave me stengten. I won’t fall down easily though. I would like to meet you too when you come to Cambodia. I am sure that I won’t busy. Even I am busy I’ll make ma self free. 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s