បទ​កំណាព្យ​របស់​ខ្មែរ


កំណាព្យ ជា​​កម្រង​ពាក្យ​ពេចន៍​ ដែល​មាន​បែប​បទ មាន​​ការ​ចាប់​ចុងចួន មាន​ឃ្លា មាន​ល្បះ និង​មាន​ព្យាង្គ​ទៅ​តាម​ការ​កំណត់ មាន​ភាព​ពិរោះ​រណ្ដំ អត្ថន័យ និង​ពាក្យ​ពេចន៍ ផុស​ចេញ​ពី​ភាព​រំភើប​របស់​អ្នក​និពន្ធ និង​ធ្វើ​ឲ្យ​អ្នក​អាន មាន​ភាព​រំភើប​ទៅ​តាម​ ។ (មិន​ផ្លូវ​ការ)

កំណាព្យ​ខ្មែរ ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​នៅ​ក្នុង​វង់​ភ្លេង​ផ្សេង​ៗ​ទៀត​ជា​ច្រើន ដូច​ជា​វង់​ភ្លេង​អារក្ស ភ្លេង​ការ អាយៃ អាប៉េ ចាប៉ី យីកេ ល្ខោន​មហោរី ល្ខោន​បាសាក់ ល្ខោន​ខោល របាំ ជា​ដើម ។ ខ្មែរ​យើង​ពី​មុន​តែង​តែ​យក​កំណាព្យ​​មក​ធ្វើ​ជា​វិធី​អបរំ​​កូន​ចៅ តួយ៉ាង​ដួច​ជា​ល្បើក​ជុជ និង​ត្រី, ល្បើក​សត្វ​អក, ច្បាប់​ប្រុស, ច្បាប់​ស្រី ។ល។ បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​តន្ត្រី​ខ្មែរ បាន​រក​ឃើញ​ថា​កំណាព្យ​កើត​មាន​តាំង​​ពី ៣០៩​ឆ្នាំ​មុន​គ្រឹស្ត​សករាជ គឺ​តាំង​ពី​មុន​ព្រហ្មញ្ញ​សាសនា និង​ពុទ្ធ​សាសនា​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​ម៉្លេះ ។

ឯក​ឧត្តម ពេជ្រ ទុំ​ក្រវិល បាន​​ស្រាវ​ជ្រាវ​​ឃើញ​បទ​កំណាព្យ​ចំនួន​៥៣​បទ ដែល​ខ្មែរ​ធ្លាប់​បាន​ប្រើ ។ កំណាព្យ​ទាំង​នោះ មាន​ដូច​ខាង​ក្រោម៖ មុន​គេៈ ១- បទ​មេ​បួន ។ សម័យ​មុន​អង្គរៈ ២- បទ​បថ្យាវត្ត ។

សម័យ​អង្គរៈ ៣- បទ​កាកគតិ, ៤- បទ​ព្រហ្មគិតិ, ៥- បទ​ពំនោល, ៦- បទ​បន្ទោលកាក, ៧- បទ​ភុជង្គលីលា ។

សម័យ​ក្រោយ​អង្គរៈ ៨- បទ​ពាក្យ​៦ ។

សម័យ​ចតុមុខៈ បទ​ពាក្យ​៧, ១០- បទ​ពាក្យ​៨, ១១- បទ​ពាក្យ​៩, ១២- បទ​ពាក្យ​១០, ១៣- បទ​ពាក្យ​១១, ១៤- បទ​ក ខ, ១៥- បទ​នមោ, ១៦- បទ​អក្សរ​លូន, ១៧- បទ​អក្សរ​សង្វាស, ១៨- បទ​កង្កែប​លោត​កណ្ដាល​ស្រះ, ១៩- បទ​កង្កែប​លោត​លើ​គោក, ២០- បទ​កង្កែប​លោត​ស្លាក់​ពេជ្រ, ២១- បទ​កង្កែប​លោត​ផ្ទាត់​ខ្ចៅ, ២២- បទ​នាគបរិព័ទ្ធ, ២៣- បទ​កៀវក្រវ៉ាត់, ២៤- បទ​នាគរាជ​ប្លែង​ឫទ្ធ, ២៥- បទ​គោ​ព័ទ្ធ​ស្នឹង, ២៦- សឹង្ហ​តោ​លេង​កន្ទុយ, ២៧- បទ​រម៉ាំង​ដើរ​ព្រៃ, ២៨- បទ​ផ្កា​ឈូក​រីក, ២៩- បទ​ក្រប​ចក្រវាឡ៍, ៣០- បទ​ម្ករ​ខ្ជាក់​កែវ, ៣១- បទ​ឆ័ត្រ​បី​ជាន់, ៣២- បទ​រលក​យោលយាវ, ៣៣- បទ​រលក​ខ្ទប់​ច្រាំង, ៣៤-បទ​សហរា, ៣៥- បទ​វិវិធ​មាលី, ៣៦- បទ​ពស់​លេប​កន្ទុយ, ៣៧- បទ​សត្វ​កាង​ស្លាប, ៣៨- បទ​ថយ​ក្រោយ​ចូល​ព្រែក, ៣៩- បទ​រម៉ាំង​បើក​បាស, ៤០- បទ​ទន្សាយ​ទីសទាស, ៤១- បទ​មាន់​ទឹក​បណ្ដើរ​កូន, ៤២- បទ​សារថី​ទាញ​រថ, ៤៣- បទ​អើយ​រ៉ា, ៤៤- បទ​សុក្រ​ទិន​វិសាល, ៤៥- បទ​សោរ​ទិន​វិសាល, ៤៦- បទ​ត្រឡាច​ឡើង​ទ្រើង, ៤៧- បទ​យត្តិ​ភ័ង្គ, ៤៨- បទ​ជាប់​ទង, ៤៩- បទ​សបាត់​សប៉ឹង, ៥០- បទ​ត្រី​ពិះ​ព័ន្ធ, ៥១- បទ​សឡាប​លូន, ៥២- បទ​វង្ស​វិចិត្រ, ៥៣- បទ​ព្រះចន្ទ​បាំង​ឆ័ត្រ ។

កំណាព្យ​របស់​ខ្មែរ​មាន​ច្រើនប្រភេទ ។ នៅ​ក្នុង​រឿង​ព្រេង ឬ​រឿង​របស់​​អ្នក​និពន្ធ​ពី​សម័យ​មុន​ សុទ្ធ​តែ​បាន​បញ្ជូល​កំណាព្យ​ដើម្បី​ឲ្យ​សាច់​រឿង​កាន់​តែ​មាន​សោភ័ណ្ឌភាព ដូច​ជា​រឿង រៀម​កេរ្តិ៍, រឿង​ទុំ​ទាវ ជា​ដើម ។

ឯកសារ​យោងៈ សិល្បៈ​តែង​កំណាព្យ​របស់ឯក​ឧត្តម​ពេជ្រ ទុំ​ក្រវិល (ការ​ស្រាវជ្រាវ​សាកល្បង) ។

16 thoughts on “បទ​កំណាព្យ​របស់​ខ្មែរ

  1. សុខឿត ថ្ងៃពុធ ទី 25 ខែកក្កដា 2007 / 11:51 ព្រឹក

    ល្អមែនទែន ដែលបឿនឯងបានលើកមកបង្ហាញទីនេះ ព្រោះថាកំណាព្យនេះជា​វត្ថុដែលបញ្ជាក់អំពីអត្តសញ្ញណជាតិរបស់ខ្មែរ។

  2. B.OEU.N ថ្ងៃពុធ ទី 25 ខែកក្កដា 2007 / 12:22 ល្ងាច

    មែន​ហើយ កំណាព្យ​ក៏​ជា​អត្តសញ្ញាណ​ជាតិ​មួយ​ដែរ ដែល​បុព្វ​បុរស​យើង​ខំ​ថែ​មក​បាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ខ្ញុំ​ពិត​ជា​កោត​សរសើរ​ចំពោះ​ស្នាដៃ​បុព្វ​បុរស​ខ្មែរ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏​ពុំ​ស្មាន​ថា កំណាព្យ​ខ្មែរ​មាន​ច្រើន​ដល់​ថ្នាក់​ហ្នឹង​ដែរ ធ្លាប់​ស្គាល់​តែ​បួនដប់​មេ ដែល​មាន​ក្នុង​កម្មវិធី​សិក្សា ។

  3. Bandith ថ្ងៃពុធ ទី 25 ខែកក្កដា 2007 / 12:34 ល្ងាច

    អីយ៉ូយ…បើច្រើនម្លឹងៗ មានអ្នកណាដែលចេះរបៀបសូត្រអស់ដែរអី?? មានអត្ថបទណានិយាយពីរបៀបសូត្រ និងរបៀបតែកំណាព្យអត់ បឿន?? រកមកចែកគ្នាដឹងខ្លះម៉ោ

  4. B.OEU.N ថ្ងៃពុធ ទី 25 ខែកក្កដា 2007 / 12:53 ល្ងាច

    រីករាយ​ណាស់ ដែល​បណ្ឌិត​ចាប់​អារម្មណ៍​!

    របៀប​សូត្រ ខ្ញុំ​អត់​ចេះ​ដែរ​ហ្នឹង បើ​រក​អត្ថបទ​មក​រៀន​សូត្រ ខ្ញុំ​មិន​ដឹង​ថា​រៀន​របៀប​ណា​ទេ មាន​តែ​រក​អ្នក​ដែល​ដឹង​របៀបសូត្រ ជួយ​សូត្រ​ថត​យក​មក​ចែក​គ្នា​ដឹង​ទើប​បាន តែ​បើ​របៀប​តែង ខ្ញុំ​មាន​ខ្លះ​ៗ​ដែរ ខ្ញុំ​នឹង​ឆ្លៀត​ដាក់​មួយ​​ៗចែក​គ្នា​រៀន ព្រោះ​ខ្ញុំ​ទើប​នឹង​ទិញ​សៀវភៅ​ហ្នឹង​មក​បាន​ពីរ​អាទិត្យ​ដែរ​ទេ ។ សៀវភៅ​ហ្នឹង​​មិន​និយាយ​លំអិត​ប៉ុន្មាន​ទេ តែ​យើង​អាច​ដឹង​ និង​សាកល្បង​តាម​បាន ។

    ឧទាហរណ៍​បទ​កាកគតិ​មួយ របៀប​សូត្រ​វា​មាន​ច្រើន​របៀប ដូច​ជា៖

    សូត្រ​បែប​កូន​ក្មេង
    សូត្រ​បែប​ចាស់
    សូត្រ​បែប​ក្អែក​លោត
    សូត្រ​បែប​ក្អែក​បូល
    សូត្រ​បែប​ពិពណ៌នា
    សូត្រ​បែប​ទំនួញ
    សូត្រ​បែប​ពិលាប
    សូត្រ​បែប​កាក​កាត់​ត្រើយ
    សូត្រ​បែប​ត្រៃលក្ខណ៌​ជាដើម វា​ស៊ីសង​នឹង​ខ្លឹម​សារ និង​មនោសញ្ចេតនា​នៃ​អត្ថបទ​កំណាព្យ​នោះ ។ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​រៀប​សូត្រ​នីមួយ​ៗ​ខាង​លើ ត្រុវ​សូត្រ​យ៉ាង​ម៉េច​ខ្លះ​នោះ​ទេ ។

  5. Mr. V ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែកក្កដា 2007 / 8:34 ព្រឹក

    ខ្ញុំ​ចេះ​សូត្រ​តែ​បទ​កាកតិ, ព្រហ្ម​គិត, ភុជុង្គលីលា, ពាក្យ​៧ ។ ឯ​ពាក្យ​៨​ធ្លាប់​រៀន​ដែរ តែ​សូត្រ​មិន​ដែល​ត្រូវទេ! ពិតជា​សម្បូរ​ឯកសារ​ល្អ​ៗ​មែន​បឿន​!

  6. B.OEU.N ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែកក្កដា 2007 / 9:17 ព្រឹក

    ចេះ​សូត្រ​បាន​ច្រើន​បទ​តើ​! តាវី​អាច​ជួយ​សូត្រ​ រួច​ថតឲ្យ​ខ្ញុំ​ស្ដាប់​ផង​បាន​ទេ? ឬ​ផ្ញើ​មក​ខ្ញុំ ខ្ញុំ​នឹង​ប្លក់​ឲ្យ​ប្រិយមិត្ត​បាន​ដឹង​ពី​របៀប​សូត្រ ។

  7. Mr. V ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែកក្កដា 2007 / 3:23 ល្ងាច

    ខ្ញុំ​មិន​ហ៊ាន​ទេ ខ្លាច​បឿន និង​អ្នក​ផ្សេង​ដែល​បាន​ស្តាប់​ហើយ​ដេក​យល់​សប្តិ​អាក្រក់ កុំ​អី​ល្អ​ជាង​បឿន អាណិត​ខ្ញុំ​ផង!

    កាកតិ ជា​បទ​ធម្មតា រៀន​មេសូត្រ​​តាំង​តែ​ពី​នៅ​បឋម អ្នក​ណា​ក៏​ចេះ​ដែរ។
    បទ​ពាក្យ​៧ ក៏​រៀន​កាល​ពេល​បឋម​ដែរ ក្នុង​នោះ​តាម​ចាំ​បាន​មាន​បទ ចង្កឹះមួយ​បាច់​…. ។
    ព្រហ្ម​គិត ជាបទ​សូត្រ​ច្បាប់​ប្រុស ដូច​ជា​រៀន​កាល​ថ្នាក់​ឌីប្លូម ។
    បទ​ភុជ្ជង្គ​លីលា ជាបទ​សូត្រក្នុង​ច្បាប់​ស្រី ក៏​រៀន​ពេល​ជា​មួយ​ច្បាប់​ប្រុស​ដែរ។
    តែ​បទ​ពាក្យ​៨​ ខ្ញុំចាំ​ថា​រៀន​ក្រោយ​ឌី​ប្លូម បទ​ “អនិច្ចា​តោ​ថ្ម” តែ​ខ្ញុំ​មិន​ដែល​សូត្រ​ត្រូវ​ម្តង​ណា​ទេ។

    ខ្ញុំ​គិត​ថា​បើ​យើង​នឹក​ឃើញ​មេ​សូត្រ​ទាំង​នោះ​ប្រហែល​ជា​នឹក​ឃើញ​របៀប​សូត្រ​ហើយ! មិន​ពិបាក​ទេ​បឿន ។

  8. B.OEU.N ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែកក្កដា 2007 / 6:32 ល្ងាច

    ខ្លាច​អី​? ខ្ញុំ​មិន​ទាំង​ខ្លាច​ផង សខខ! តែ​ដូច​ជា​អាណិត​តិច​ៗ​ដែរ… បើ​អត់​ក៏​អត់​ចុះ​អ៊‍ីចឹង ខ្លាច​យំ​នាំ​ពិបាក​លួង ។

    ខ្ញុំ​ក៏​នៅ​ចាំ​របៀប​សូត្រ​ខ្លះ​ៗ​ដែរ ។ ចាំ​ស្ដាប់​ខ្ញុំ​សូត្រ​ណា!

    នេះ​បទ​ភុជង្គលីលា ក្រោក​ចាក​និន្ទ្រា​ រៀប​ចំ​ខ្នើយ​មុង… ពិរោះ​អត់? មួយ​ទៀត

    នេះ​គឺ​បទ​ព្រហ្មគិតិ ពី​ព្រេង​ព្រឹត្ត ទុក​ទូន្មាន
    ចង​ចែង​ជា​និទាន ទុក​ទូន្មាន កូន​ប្រុស​ស្រី… ។ល។

    ខ្ញុំ​ស្ដាប់​ខ្លួន​ឯង​ទៅ ពិរោះ​ណាស់​ណា! សមទហ!

  9. Mr. V ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែកក្កដា 2007 / 10:20 ល្ងាច

    បើ​អញ្ចឹង​បឿន​ឯង​សូត្រ​ហើយ​ថត​ដាក់​ចែក​គ្នា​យើង​ស្តាប់​ទៅ!

  10. B.OEU.N ថ្ងៃសុក្រ ទី 27 ខែកក្កដា 2007 / 11:11 ព្រឹក

    ខ្លាច​អត់​មាន​អ្នក​ណា​ហ៊ាន​ស្ដាប់ សខខ… ។

  11. Kano ថ្ងៃសុក្រ ទី 24 ខែសីហា 2007 / 1:58 ល្ងាច

    សួស្តី​
    សុំសួររឿងមួយណា
    អ្នកដឹងទេហេតុអី បានជាវិទ្យុ​FM 107 មិនដាក់បទគោរពទង់ជាតិ?
    ហេតុអីទៅ?
    តើផ្សាយសំរាប់ខ្មែររឺទេ?

  12. ទឹម បឿន ថ្ងៃសុក្រ ទី 24 ខែសីហា 2007 / 8:18 ល្ងាច

    សួស្ដី កាណូ !
    ខ្ញុំ​ក៏​អត់​ដឹង​ដែរ ។

  13. កាណូ ថ្ងៃសុក្រ ទី 2 ខែវិច្ឆិកា 2007 / 4:35 ល្ងាច

    Hello all,
    – What do u think about http://www.misskhmer.tv?
    – Do you about it?

    Thank,

  14. រតនា ថ្ងៃសៅរ៍ ទី 13 ខែ​មីនា 2010 / 1:55 ល្ងាច

    ខ្ញុំបាទនៅក្មេងចង់ចូលរួម បងប្អូនចាស់ទុំសូមមេត្តាទទួលខ្ញុំបាទ​ជាគូរសន្ទនា ព្រោះយើងទាំងអស់គ្នាជាកូនខ្មែរ។

  15. sengkheang ថ្ងៃសុក្រ ទី 10 ខែសីហា 2012 / 10:09 ព្រឹក

    សូមជួយប្រាប់នឹងណែនាំថាធ្វើយ៉ាងណាបានក្បួនសូត្រ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s