សប្តិ​ចម្លែក


ត្រឡប់​ពី​កន្លែង​ធ្វើ​ការ នៅ​វេលា​ម៉ោង​ជិត៥ល្ងាច ។ ទៅ​ដល់​ផ្ទះ​អស់​កម្លាំង ទើប​ឆ្លៀត​បិទ​ភ្នែក​មួយ​ស្រឡេត ។ ម៉ោង​ជិត​៦ ក្រោក​មូជ​ទឹក ផ្លាស់​សម្លៀក​បំពាក់ រួច​មើល​ទូរទស្សន៍​ពី​ការ​ប្រគុំ​តន្ត្រី​នៅ​ប៉ុស្តិ៍​ស៊ីធីអិន ដោយ​ដាក់​ដោត​បាយ​ចោល ។ ក្រោយ​ពី​ញ៉ាំ​បាយ​ជាមួយ​ត្រី​ចៀន​រួច ទើប​ទាញ​សៀវភៅ​មក​អាន ។ អាន​ចប់​រឿង​ដែល​ចង់​ដឹង​រួច នឹក​ថា​ចង់​សរសេរ​កំណាព្យ​បាន​មួយ​ឃ្លា​គ្រាន់​កំសាន្ត​ចិត្ត តែ​នឹង​គិត​ថា​ត្រូវ​សរសេរ​ពី​អ្វី​ក៏​នឹង​នឹក​មិន​ចេញ ទើប​ប្ដូរ​ចិត្ត​មក​គូរ​រូប​លេង ។ បាន​មួយ​សន្ទុះ​គំនូរ​​បុរស​ម្នាក់​ដែល​លេច​ចេញ​ មុខ​មួយ​ចំហៀង​ មាន​ចិញ្ចើម​ក្រាស់ ភ្នែក​ធំ ដែល​មាន​ទឹក​មុខ​ម៉ាំ ។ ផ្អៀងផ្អង់​មើល​រូប​មួយ​សន្ទុះ ក៏​ញញឹម​រួច​ក្រវី​ក្បាល​បន្តិច ដោយ​គិត​ក្នុង​ចិត្ត​ថា ពី​មុន​ធ្លាប់​តែ​គូរ​រូប​ស្រី​ស្អាត ពេល​អប្សុក ឥឡូវ​បែរ​ជា​មក​គូរ​រូប​មនុស្ស​ប្រុស​ដែល​មាន​មុខ​ម៉ាំ​ទៅ​វិញ តែ​មើល​ទៅ​ម្យ៉ាង​ដែរ ។

រូប​ចម្លែក

បន្ទាប់​ពី​មើល​រូប​ដែល​ខ្លួន​ឯង​គូរ​រួច​ក៏​រសាយ​អស់​ចិត្ត​ដែល​កំពុង​តែ​អប្សុក ។ ទោះ​បី​ជា​ខ្ញុំ​បាន​គេង​អស់​ប្រហែល​មួយ​ម៉ោង​រួច​ហើយ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ងងុយ និង​អស់​កម្លាំង​ចង់​សម្រាក​ទៀត​ដែរ ប៉ុន្តែ​ខ្ញុំ​ឆ្លៀង​អាន​សៀវភៅ​បន្តិច​ទៀត ទើប​គេង​តែ​ម្ដង ។ អស់​កម្លាំង​បែប​នេះ ខ្ញុំ​ប្រាកដ​ជា​បាន​គេង​យ៉ាង​ស្កប់​ស្កល់​ហើយ ។ ក្រោយ​ពី​លង់លក់​អស់​​បាត់​ទៅ ខ្ញុំ​ក៏​ជួប​រឿង​ជា​ច្រើន ដែល​វក់វី​ពេញ​ខួរក្បាល​របស់​ខ្ញុំ ដែល​ស្ទើរ​តែ​ចាំ​ពុំ​បាន ថា​ខ្ញុំ​បាន​ជួប​អ្វី​ខ្លះ ។ ក្រោយ​ពេល​ក្រោក​ឡើង ទើប​ខ្ញុំ​រក​នឹក​គិត​ដល់​សប្តិ​ដ៏​ចម្លែក​នោះ មិន​មែន​មានតែ​មួយ​រឿង​ទេ តែ​រឿង​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ គឺ​ខ្ញុំ​បាន​ទៅ​ដល់​ស្រះ​ទឹក​មួយ ដែល​មនុស្ស​បាន​លង់​ស្លាប់​ក្នុង​ស្រះ​នោះ​ជា​បន្តបន្ទាប់ ។ ខ្ញុំ​អាច​ប្រហែល​ថា​ស្រះ​នោះ ស្ថិត​នៅ​ក្នុង​វត្ត​មួយ​ដែល​នៅ​ជិត​ភូមិ​របស់​ខ្ញុំ ។ មិន​ខ្វល់​អី​ច្រើន ខ្ញុំ​ក៏​បាន​ក្រោក​ចេញ​ពី​កន្លែង ហើយ​ចេញ​ទៅ​ក្រៅ​មួយ​សន្ទុះ ។ភាព​អស់​កម្លាំង កាន់​តែ​ជម្រុញ​ឲ្យ​ខ្ញុំ​ចូល​ទៅ​គេង​វិញ ។ ប្រហែល​ជា​មិន​ដល់​១០នាទី​ផង ខ្ញុំ​ក៏​ត្រឡប់​ទៅ​គេង​វិញ ហើយ​ក៏​លង់លក់​បន្តទៅ​ទៀត ។ ពេល​នេះ​ខ្ញុំ​ត្រូវ​ជិះ​កង់​ទៅ​ជួប​អ្នក​ភូមិ​មួយ​ចំនួន ដែល​ស្ថិត​នៅ​កន្លែង​មួយ ។ ដំណើរ​ជិះ​កង់​ដែល​ត្រូវ​ឆ្លង​កាត់​ផ្លូវ​លំ​មួយ ដែល​គេ​គ្រប់​គ្នា​មិន​ហ៊ាន​ធ្វើ​ដំណើរ​នៅ​ពេល​យប់ តែ​ខ្ញុំ​មិន​រេរា​នោះ​ទេ ។ ផ្លូវ​ចំងាយ​ប្រហែល​២គីឡូម៉េត្រ ដែល​មាន​ពន្លឺ​ព្រាល​ៗ ដែល​ខ្ញុំ​គិត​ថា​នឹង​ត្រូវ​ជិះ​ឲ្យ​លឿន និង​មិន​ត្រូវ​ងាក​មើល​ឆ្វេង​ស្ដាំ​ឡើយ ។ ជិះ​ជិត​ផុត​ផ្លូវ ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដែល​កំពុង​ដើរ​ទិសដៅ​ផ្ទុយ​ពី​ខ្ញុំ ខ្ញុំ​បាន​គិត​ក្នុង​ចិត្ត​ថា ទោះ​បី​ជា​គេ​សួរ​ក៏​ខ្ញុំ​មិន​តប​នឹង​គេ​ដែរ ព្រោះ​ផ្លូវ​នេះ​គួរ​ឲ្យ​ខ្លាច​ណាស់ ។ ពេល​ទៅ​កាន់​តែ​កៀក​បន្តិច ភ្នែក​របស់​ខ្ញុំ​អាច​ចាក់​យល់​ថា គាត់​ជា​អ្នក​ភូមិ​របស់​ខ្ញុំ​ម្នាក់ គាត់​ឈ្មោះ​យាន សំបុរ​របស់​គាត់​ខ្មៅ មុខ​មាំ ដែល​ខ្ញុំ​តែង​តែ​រាក់ទាក់​ជាមួយ​គាត់ រាល់​ពេល​ខ្ញុំ​ជួប​គាត់ ។ ខ្ញុំ​បាន​សួរ​ទៅ​គាត់ តា​ទៅ​ណា​ហ្នឹង​? គាត់​បែរ​ជា​អត់​ងាក​មើល​មក​ខ្ញុំ ហើយ​ដើរ​ធ្វើ​មិន​ដឹង ហាក់​មិន​ឮ​សម្លេង​របស់​ខ្ញុំ​សួរ​គាត់ ។ ពេល​ដែល​ខ្ញុំ​ជិះ​ដល់​ចំហៀង​ខ្លួន​របស់​គាត់ គាត់​ហាក់​ដូច​ជាមនុស្ស​ពាក់​មុខ ធ្វើ​ជា​តាយាន តែ​ខ្ញុំ​មិន​ខ្វល់​ច្រើន​ទេ ដែល​គ្រាន់​តែ​គិត​ក្នុង​ចិត្ត​ថា​គាត់​ប្រាដក​ជា​ខ្មោច​ដែល​បន្លំ​ហើយ ។ បន្ត​ដំណើរ​ប្រហែល​ជា​៣០ម៉េត្រ ឃើញ​បុរស​ពីរ​នាក់​ទៀត ស្គាល់​ជាក់​ថា​ម្នាក់​មាឌ​មាំ​ឈ្មោះ​វឿន ដែល​ជា​អ្នក​ដែល​កំណាច​ជាង​គេ​នៅ​ក្នុង​ភូមិ គ្រប់​គ្នា​តែង​តែ​ខ្លាច​គាត់ ក្មេង​ៗ​រត់​គេច ពេល​ដែល​ឃើញ​គាត់​ដើរ​មក តែ​គាត់​ក៏​ជា​អ្នក​ដែល​ខ្ញុំ​តែង​តែ​រាកទាក់​ម្នាក់​ដែរ ទើប​ខ្ញុំ​ជិះ​កង់​ទៅ​ជិត លុះ​សំលឹង​មុខ​គាត់​យូរ​ទៅ ទើប​ដឹង​ច្បាស់​ថា​គាត់​មិន​មែន​ជា​ពូ​វឿន​ដែល​ខ្ញុំ​មើល​ឃើញ​ពី​មុន​ទេ មុខរបស់​គាត់​ចាប់​ផ្ដើម​ប្រែ​ទៅ​ជា​ខ្មៅ​មួយ​រំពេច ភ្នែកខ្វាក់​ម្ខាង ដៃ​កាន់​ដំបង​ធំ​មួយ ។ ខ្ញុំ​ក៏​សួរ​ទៅ​គាត់ ចុះ​ពូវឿន​ដែល​យាម​នៅ​ទី​នេះ គាត់​ទៅ​ណា​បាត់​ទៅ? គាត់​ថា អ្នក​យាម​មុន​ត្រូវ​បាន​​គេ​ប្ដូរ​អស់​ហើយ ដោយ​សារ​តែ​ធ្វើ​ការ​មិន​ល្អ ។ ខ្ញុំ​ក៏​លែង​ខ្វល់​នឹង​ចង់​សួរ​គាត់ ដោយ​គិត​ថា​នឹង​បន្ត​ដំណើរ​ទៅមុខ​ទៀត ស្រាប់​តែ​ឃើញ​លោកសង្ឃ​ជាង​១០អង្គ ដែល​ង្គុយ​ជា​ជួរ​មុខ​សំដៅ​ទៅ​ស្រះ​ទឹក ខ្ញុំ​ចាំ​បាន​ថា​ស្រះ​នេះ ជា​ស្រះ​ដែល​ខ្ញុំ​បាន​ជួប​ពេល​យល់​សប្តិ​លើក​មុន ។ សម្លឹង​មើល​ទៅ​កាន់មាត់​ស្រះ​នោះ ឃើញ​ស្រី​ម្នាក់​ដែល​គេ​ដាក់​ផ្ដេក​នៅ​មុខ​លោកសង្ឃ និង​តា​អាចារ្យ​បួន​ប្រាំ​នាក់ ដែល​ខ្លួន​ទទឹក​ជោគ ។ ស្រ្តី​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ស្រ្តី​នោះ​ជា​ស្ត្រី​ដែល​ខ្ញុំ​សប្តិ​ឃើញ​លង់​ទឹក​លើក​មុន ។ ខ្ញុំ​ព្រឺ​សំបុរ​ខ្ញាក! តែ​ខ្ញុំ​មាន​គោលដៅ​ទៅ​ជួប​អ្នក​ភូមិ​នៅ​ម្ខាង​ទៀត ទើប​ខ្ញុំ​ងាក​មក​សួរ​អ្នក​យាម​ដែល​ខ្ញុំ​ជួប​មុន​នេះ ។ បើ​លោក​សង្ឃ​គង្គ​នៅ​នឹង​ផ្លូវ​ទៅ​ហើយ តើ​ខ្ញុំ​ឆ្លង​ទៅ​ខាង​នោះ​ម្ដេច​នឹង​កើត​? គាត់​បាន​ប្រាប់​ទិសដៅ​ឲ្យ​ចុះ​ទៅ តាម​ច្រក​​ខាង​ក្រោយ​លោក​ដែល​គង្គ ខ្ញុំ​ក៏​ធ្វើ​តាម ។ ផ្លូវ​នោះ​ត្រូវ​ពាំង​ដោយ​ខ្ទម​មួយ ដែល​នៅ​ទីនោះ មាន​អ្នក​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​ពីរ​បី​នាក់ ។ ខ្ញុំ​អត់​មាន​ផ្លូវ​ទៅ​ទៀត​ទេ ទើប​ឈប់​នៅ​ទី​នោះ បំរុង​នឹង​សួរ​នាំ​អ្នក​នៅ​ទី​នោះ ដែល​នាំ​គ្នា​មក​អង្គុយ​ធ្វើ​អី ស្រាប់​តែ​មាន​ក្មេង​ម្នាក់ ដើរ​មក​រក​ខ្ញុំ ។ គេ​គឺ​ជា​កូន​ម៉ីង​មុំ នៅ​ផ្ទះ​ជិត​ខ្ញុំ ។ បង​បឿន ជួយ​ជូន​ខ្ញុំ​ទៅ​ជួប​ម៉ែ​ខ្ញុំ​នៅ​ខាង​នោះ​បន្តិច​ម៉ោ ។ ខ្ញុំ​ក៏​ដើរ​ចេញ​ពី​កង់​ភ្លាម ហើយ​ដឹក​ដៃ​ក្មេង​​ដែល​មាន​ខ្លួន​ទទឹក​ជោក​ចូល​តាម​ច្រក​ខ្ទម​នោះ កាត់​តាម​ចំការ​ចេក ។ ដើរ​បណ្ដើរ លេង​សើច​ជាមួយ​ក្មេង​នោះ​បណ្ដើរ មួយ​សន្ទុះ​ខ្ញុំ​ក៏​ភ្ញាក់​ព្រឺត​ពី​សុបិន្ត​ដ៏​ចម្លែក​នោះ ។ ទ្រូង​ខ្ញុំ​ញ័រ​ចំប្រ៉ប់ ក៏​ប្រញាប់​ស្ទុះ​ចេញ​ពី​កន្លែង រួច​ចេញ​មក​ខាង​ក្រៅ សម្លឹង​មើល​ទៅ​ផ្ទៃ​មេឃ​ងងឹត​ករ​រក​ភ្លៀង មួយ​សន្ទុះ​ទើប​ចូល​មក​ក្នុង​វិញ ញ៉ាំ​ទឹក​រួច នឹក​ថា​នឹង​ចូល​គេង​វិញ តែ​គេង​មិន​លក់ ចេះ​តែ​នឹក​មមៃ​ដល់​សុបិន្ត​ដ៏​ចំឡែក​នេះ ។ ខ្ញុំ​បាន​ទាញ​សៀវភៅ​មក​សរសេរ ។ រយះ​ពេល​ដ៏​យូរ​ទើប​ខ្ញុំ​ខំ​រំងាប់​អារម្មណ៍ ដើម្បី​ឲ្យ​បាន​គេង​លក់ ។ សមាធិ និង​រំងាប់​អារម្មណ៍​ឲ្យ​មូល មិន​គិត​អ្វី​ទាំង​អស់ ។ ក្រោយ​ពី​អារម្មណ៍​បាន​ស្ងប់​ហើយ ខ្ញុំ​ក៏​បាន​ប្រាស់​ខ្លួន​ទៅ​វិញ ដែល​លង់​លក់​យ៉ាង​ស្កប់​ស្កល់​លុះ​ដល់​ម៉ោង​៨​កន្លះ​ទើប​រឭក ។ ស្ទុះ​ចេញ​ពី​កន្លែង ក្រោក​មូជ​ទឹក និង​រៀប​ចំ​ចេញ​មក​ធ្វើ​ការ ទាំង​ប្រញាប់ ។ ខ្ញុំ​ពិត​ជា​ចំឡែក​ក្នុងចិត្ត​ដែល​ខ្ញុំ​យល់​សប្តិ​ពីរ​ដង តែ​បែរ​ជា​សប្តិ​ក្នុង​រឿង​តែ​មួយ ឬ​មក​ពី​ខ្ញុំ​គូរ​រូប​ដ៏​ចម្លែក​នោះ ហើយ​រូប​តែ​មួយ​ចំហៀង​មុខ​ទៀត ។ វា​ហាក់​ដូច​ជា​ប្រផ្នូល​អ្វី​មួយ​មក​លើ​រូប​ខ្ញុំ ។ វា​បាន​ធ្វើ​ឲ្យទ្រូង​ខ្ញុំ​ញ័រ​ចំប្រ៉ប់ ឈឺ​ក្បាល និង​អស់​កម្លាំង​យ៉ាង​ខ្លាំង ។ សង្ឃឹម​ថា​រឿង​ល្អ នឹង​កើត​មាន​មក​លើ​រូប​ខ្ញុំ​ទៅ​ចុះ ។សូម​អរគុណ ដល់​ប្រិយមិត្ត​ដែលខំ​ចំណាយ​ពេល​វេលា ។

15 thoughts on “សប្តិ​ចម្លែក

  1. Mr. V ថ្ងៃចន្ទ ទី 23 ខែកក្កដា 2007 / 11:22 ល្ងាច

    ខ្ញុំ​ថា​មក​ពី​បឿន​ឯង​​គូស​រូប​មួយ​ចំហៀង​មុខ​ហ្នឹង​ឯង ! ហើយ​វា​ក៏​បណ្តាល​មក​ពី​យើង​មិន​សូវ​ស្រួល​ខ្លួន​ផង ទើប​បណ្តាល​ឲ្យ​គេងមិន​សូវ​ស្តប់ បណ្តាល​​ឲ្យ​កើត​ជា​យល់​សប្តិ​រវើររវាយ!

    កុំ​គិត​ច្រើន​ពេក ថ្ងៃ​ក្រោយ​ពេល​យល់​សប្តិ​មិន​ល្អ​ ក្រោយ​ដឹង​ខ្លួន​ឲ្យ​ច្បាស់​សិន​ចាំ​គេង​សង្ងំ​គេង​ទៅ​វិញ​។ គឺ​ធ្វើ​ដូច​បឿន​ថា​អញ្ចឹង សមាធិ និង​សង្រួម​ចិត្ត​ឲ្យ​ស្ងប់​។ មិន​ត្រូវ​គេង​ទៅ​វិញ​ទាំង​មមីរ​មមើរ​អញ្ចឹង​ទេ វា​បណ្តាល​ឲ្យ​យើង​តភាគ​យល់​សប្តិ​មិន​ល្អ​នោះ​បាន ។

    ខ្ញុំ​ក៏​ធ្លាប់​អញ្ចឹង​ដែរ​កាល​ពេល​ខ្ញុំ​នឿយ​ហត់​ការ​ងារមួយ​រយៈ​មុន​ តែ​មួយ​រយៈ​ក្រោយ​នេះ​មិន​សូវ​អី​ទេ យល់​សប្តិឃើ​​ញ​​តែ​រឿង​សត្វ​ល្មូន។ ខ្ញុំ​មិន​ចូល​ចិត្ត​ទេ ឬ​និយាយ​ថា​ស្អប់​ ញញើត​ខ្លាច​វា​ក៏​បាន​ ពូក​សត្វ​ល្មូន មាន​ដូច​ជា​ពស់, តុតែ, បង្គួយ ។ល។

    ខ្ញុំ​​ធ្លាប់​តែ​ឮគេ​ថា​បើ​មនុស្ស​ស្រី​យល់​សប្តិ​ឃើញ​ពស់​ដេញ​ចឹក​គេ​ថា​ដល់​គូ ចុះ​បើ​ខ្ញុំ​យល់​សប្តិ​ឃើញ​ថា​​ត្រូវ​​បាន​ពស់(ស​ស្គុះ​)​ដេញ​​នោះ​ដេញ​ ​ហើយ​ចៀស​ទៅ​ចៀស​មក​ពស់​នោះ​ចឹក​ខ្ញុំ​ទាល់​តែ​បាន គឺ​ចឹក​ចំគល់​ភ្លៅ​តែ​ម្តង​ (មិន​មែន​ប្រឌិត​ទេ តែ​ខ្ញុំ​យល់​សប្តិ​ឃើញ​អញ្ចឹង​មែន​ ហើយយល់​សប្តិ​​ឃើញ​ពីរ​បី​​ដង​ហើយ) មាន​បង​ប្អូន​ណា​ចេះ​កាត់​យល់​សប្តិ​ជួយ​កាត់​ខ្ញុំ​ផង ។

    អូហ៏ យប់​ម៉ិញ​នេះ​ក៏​អញ្ចឹង​ដែរ តែ​ម្តង​នេះ​មិនមែន​ពស់​ទេ តែជា​ឈ្លើង ខ្លួន​វា​ធំ​ជិត​ប៉ិន​ពស់​ព្រលឹត វា​ទាម​ជើង​ខ្ញុំ​ជាប់​ បេះ​មិន​ចង់​ដាច់ ទម្រាំ​បេះ​វា​ចេញ​បាន​ខ្ញុំ​ឡើង​ហត់​ ព្រោះ​ភ័យ​ផង ស្អប់​វា​ផង ហើយ​ឈឺ​ទៀត​ ។ ជួយ​កាត់​យល់សប្តិ​ខ្ញុំ​ផង បើ​មាន​អ្នក​ដឹង!!!!

  2. B.OEU.N ថ្ងៃអង្គារ ទី 24 ខែកក្កដា 2007 / 10:05 ព្រឹក

    ប្រហែល​ជា​ដូច​តាវី​ថា​មែន​ហើយ ព្រោះ​ខ្ញុំ​ប៉ុន្មាន​ថ្ងៃ​នេះ​មិន​សូវ​ស្រួល​ខ្លួន​ប៉ុន្មាន​ទេ ហើយ​ចេះ​តែ​ល្វើយ ។ ការ​យល់​សប្តិ​បន្ត​នេះ ក៏​ប្រហែល​ជា​មក​ពី​ខ្ញុំ​មិន​ទាន់​បាត់​ភាព​មមើរ ហើយ​ចូល​គេ​ង​វិញ ហ្នឹង​ក៏​មិន​ដឹង ។ យប់​មិញ​ក៏​គេង​ពុំ​បាន​ស្កប់ រឭក​ជិត​ដប់​ដង​ក្នុង​មួយ​យប់ ។ រឭក​ចុង​ក្រោយ ម៉ោង​ជិត​៤ នឹង​គេង​វិញ​ក៏​ពុំ​លក់ ទើប​ចាក់​ចម្រៀង​ស្ដាប់​ទល់​ភ្លឺ ។ សប្តិ​យប់​មិញ ក៏​មិន​អន់​ប៉ុន្មាន​ដែរ ទៅ​ដើរលេង​ជា​មួយ​មិត្ត​ភ័ក្ត្រ បាន​ជួប​នឹង​មនុស្ស​កំណាច ដែល​យក​គ្រឿង​យន្ត​យ៉ាង​ធំ​មក​តាម​សម្លាប់​ពួក​យើង ។ តែ​សំណាង​ល្អ ទី​បំផុត អាច​សម្លាប់​គេ​បាន ។

    និយាយ​ពី​សប្តិ​តាវី​ឯង ដែល​ថា​ពស់​ដេញ​ចឹក​នោះ បើ​តាម​ចាស់​ៗ​និយាយ​បាន​ន័យ​ថា​មាន​គេ​តាម​ស្រលាញ់​ហើយ ។ ជួយ​ត្រេក​អរ​ផង​!! សខខ! តែ​បើ​យល់​សប្តិ​ឃើញ​ឈ្លើង មិន​សូវ​ជា​ល្អ​ទេ ព្រោះ​ឈ្លើង​វា​ជញ្ជក់​ឈាម​របស់​យើង… ។

  3. STARFiSH ថ្ងៃអង្គារ ទី 24 ខែកក្កដា 2007 / 3:34 ល្ងាច

    នៅសុខៗមិនគូររូបស្រីស្អាតបែរជាគូររូបប្រុសគគ្រិចទៅវិញ! និយាយចឹង រូបនៅក្នុង អវតារ នឹងជារូបពីណាគេហ៍? មើលទៅដូចជាធ្លាប់ស្គាល់ ម៉េចមិនដេញទេ …ក្នុងគំនូរស្រស់អញ្ចឹងនៅក្រៅមិនដឹងឆ្អាតប៉ុណ្ណាទៅណ៎?

  4. B.OEU.N ថ្ងៃអង្គារ ទី 24 ខែកក្កដា 2007 / 5:39 ល្ងាច

    នឹក​ថា​គូរ​ដើម្បី​កំសាន្ត​​ចិត្ត បែរ​ជា​យល់​សប្តិ​អាក្រក់​ទៅ​វិញ… ជា​រឿង​ស្មាន​មិន​ដល់!! រូប​ក្នុង​អវតារ​ហ្នឹង​ពេល​ក្រោយ​សឹម​ប្រាប់!! យីស, មក​ឆ្ងល់​អី​រូប​ហ្នឹង​? ឈប់​ដាក់​ឲ្យ​មើល​ឥឡូវ​ហ្នឹង​! សមទហ.. ។ (ចេះ​រក​ពាក្យ​មក​ប្រើ​ឃើញ ឡូយ​មែន!!)

  5. naraths ថ្ងៃពុធ ទី 25 ខែកក្កដា 2007 / 10:58 ព្រឹក

    តើ​យល់​សប្តិអាច​ក្លាយ​ជា​ប្រផ្នូល​មួយ​មែន​ទេ​!? តើ​ជឿ​រឿង​នេះ​ដែរ​ទេ​…. កាល​ពី​កន្លះឆ្នាំ​មុន​ ខ្ញុំ​គេង​ពេល​ថ្ងៃ​ (ម៉ោង​ប្រហែល​២​រសៀល) ។ ខ្ញុំ​សុបិន្ត​ឃើញ​ខ្ញុំ​ជិះ​ម៉ូតូ​ជា​មួយ​បង​ប្រុស​ខ្ញុំ​ ។ ផ្លូវ​នោះ​ជា​ផ្លូវ​ទៅ​កាន់​សាលា​ភាសាចិន​មួយ ហេតុ​អ្វី​ត្រូវ​ទៅទី​នោះ បើ​គ្មាន​អ្នក​ធ្លាប់​រៀន​ចិន​ផង​ ។ ជិះ​យូរៗ​ទៅ​ផ្លូវ​កាន់​តែ​ទេរ​ចុះ​ក្រោម​ ទេរ​រហូត​ទាល់​តែ​ចោត​ដល់​មុំ​ ៩០​ដឺក្រេ ខ្ញុំ​និង​បង​ប្រុស​ក៏​ដូច​ជា​ម៉ូតូ​ក៏​ធ្លាក់​ទៅ​តាម​ជ្រោះ​នោះ​ទៅ … គ្រាន់​តែ​របូត​ខ្លួន​ចេញ​ពី​ម៉ូតូ​ភ្លាម​ ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រើត​តែ​ម្ដង​ (កំរ​មាន​សប្តិ​ណា​ធ្វើ​ឲ្យ​ភ័យ​ណាស់ ក្នុង​ជីវិត​ខ្ញុំ​ទើ​ជួប​សុបិន្ត​ចំលែក​តែ​២ឬ៣​ដង​ប៉ុណ្ណោះ …) ។

    ដល់​ម៉ោង​ល្មម​ដែល​ត្រូវ​ទៅ​យក​ម៉ែ​និង​ ពូនៅ​ឯ​ចំណត​ឡាន​កាពីតូល ។ បង​ប្រុស​ខ្ញុំ​ចេញ​ទៅ​មុន​ព្រោះ​ត្រូវ​ទៅដឹក​ឥវ៉ាន់​ទៀត ចឹង​ខ្ញុំ​ត្រូវ​ទៅ​យឺត… ។ ចៃ​ដន្យ​អី ខ្ចី​ម៉ូតូ​បង​ជីដូន​មួយ​ជិះ ទៅ​ ! ដល់​ស្តុប អាងទឹក​ត្រូវ​ប៉ូលីស​ផាក​ទៀត​ដោយ​សារ​ម៉ូតូ​បើក​ភ្លើង​ទាំងថ្ងៃ ទាំង​ខ្ញុំ​មិន​ដឹង​អីសោះ… ដោះ​ស្រាយ​ជា​នាយ​ប៉ូលីស​រួច​ទូរស័ព្ទ​សួរ​បងប្រុស​ គាត់​ថា ដល់​ផ្ទះ ហើយ..។ ខ្ញុំ​ត្រលប់​មក​វិញ​ទាំង​ខ្លួន​ទទេ᧿.. ហើយ​ត្រូវ​បងប្រុស​ខឹង​តិចតួចដែរ ពី​រឿង​ទៅណា​មក​ណា​យឺតយ៉ាវ…។

  6. B.OEU.N ថ្ងៃពុធ ទី 25 ខែកក្កដា 2007 / 11:18 ព្រឹក

    បើ​និយាយ​ពី​សប្តិ ចាស់​ៗ​បុរាណ​ជឿ​ខ្លាំង​ណាស់ ។ តែ​គាត់​យល់​សប្តិ​ឃើញ​អ្វី​មួយ គាត់​តែង​តែ​កាត់​សប្តិ​របស់​គាត់ ហើយ​សប្តិ​នោះ នឹង​ការ​កាត់​សប្តិ មិន​សូវ​ខុស​ប៉ុន្មាន​ទេ ។ ដូច​ជា​យល់​សប្តិ​ឃើញ​បាក់​ធ្មេញ ប្រាកដ​ជា​មាន​អ្នក​ដែល​នៅ​ក្នុង​រង្វង់​គ្រួសារ​មាន​បញ្ហា ដូច​ជា​ឈឺ​ធ្ងន់​ជា​ដើម បើ​ប្រាកដ​ថា​បាក់​ចង្គោម នោះ​ប្រាកដ​ជា​អ្នក​មាន​គុណ (អាច​ដល់​ជីវិត​របស់​គាត់) ជា​ដើម ។ នៅ​មាន​សប្តិ​ជា​ច្រើន​ដែល​គួរ​ឲ្យ​រន្ធត់ ។ ខ្ញុំ​នៅ​ចាំ​បាន​ប្រហែល​ជា​មួយ​ឆ្នាំ​មុន​នេះ បង​ស្រី​ខ្ញុំ​យល់​សប្តិ​ឃើញ​ខ្ញុំ​កំបុត​ក្បាល គាត់​បាន​សួរ​ចាស់​ៗ​ គាត់​ប្រាប់​ថា​មិន​ល្អ​ទេ ត្រូវ​តែ​យក​ខ្ញុំ​ទៅ​ស្រោច​ទឹក​ចេញ ។ បង​ស្រី​ខ្ញុំ​ស្ទុះ​ស្ទារ​ទៅ​ទិញ​ប្រដាប់​ប្រដារ​សម្រាប់​នាំ​ខ្ញុំ​ទៅ​ស្រោច​ទឹក​ស្រេច ដោយ​គាត់​អត់​ទាំង​ទៅ​ធ្វើ​ការ ហើយ​ភ័យ​ស្លន់​ស្លោរ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​សម្ដី​របស់​ចាស់​ៗ​ប្រាប់ ។ ម៉ោង​ជិត​១០​ព្រឹក គាត់​បាន​តេ​មក​ខ្ញុំ​ដែល​កំពុង​ធ្វើ​ការ ឲ្យ​ខ្ញុំ​សុំ​គេ​ឈប់ ហើយ​រូត​ត្រឡប់​ទៅ​វិញ​ឲ្យ​លឿន មិន​អាច​នៅ​យូរ​បាន​ទេ គាត់​ទាំង​ផ្ដាំ​ថា​ជិះ​ម៉ូតូ​ត្រូវ​ប្រយ័ត្ន​បន្តិច ។ ខ្ញុំ​គ្រាន់​តែ​ឮ​ដំណឹង​គាត់​ប្រាប់​ភ្លាម បុក​ពោះ​ក្ដុក នឹង​ស្មាន​ថា​មាន​រឿង​ហេតុ​អី​កើត​ឡើង​នៅ​ក្នុង​គ្រួសារ ខ្លួន​ខ្ញុំ​ឡើង​ត្រជាក់​ស្រេប ហើយ​ក៏​សួរ​គាត់​ទាំង​រន្ធត់​រក​មូលហេតុ ។ គាត់​អត់​ចង់​ប្រាប់​ខ្ញុំ គិត​តែ​តឿន​ខ្ញុំ​ឲ្យ​មកឲ្យ​លឿន ខ្ញុំ​ស្ទើរ​តែ​ស្ទុះ​រត់​ទៅ​ទាំង​មិន​ប្រាប់​អ្នក​ណា តែ​នៅ​តែ​ទទូច​សួរ​រក​ហេតុ​ផល ទើប​គាត់​ប្រាប់​ថា គាត់​យល់​សប្តិមិន​ល្អ ត្រូវ​ឲ្យ​ខ្ញុំ​ទៅ​ស្រោច​ទឹក​ជា​បន្ទាន់ ។ ខ្ញុំ​ក៏​ធូរ​ទ្រូង​ស្រាក ហើយ​បញ្ចេញ​សំណើច ទាំង​ហួស​ចិត្ត ។ ខ្ញុំ​មិន​សូវ​ជឿ​រឿង​យល់​សប្តិ​យល់​សូង​ប៉ុន្មាន​ទេ ។ ហើយ​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា កុំ​ភ័យ​អី គ្រាន់​តែ​ជា​ការ​យល់​សប្តិ​ទេ វា​គ្មាន​រឿង​អី​កើត​ឡើង​ឡើយ ខ្ញុំ​នឹង​ប្រុង​ប្រយ័ត្ន​រាល់​ពេល​ធ្វើ​ដំណើរ ឬ​ធ្វើ​អ្វី​ផ្សេង​ៗ ។ ថ្ងៃ​នោះ​គាត់​បាន​តេ​មក​ខ្ញុំ​ពីរ​បី​ដង ខ្ញុំ​ព្យាយាម​បដិសេធ ហើយ​បន្ត​ធ្វើ​ការ​ត​ទៅ​ទៀត ។ ដល់​ពេល​បាយ អ្នក​ធ្វើ​ការ​ម្នាក់​មាន​វ័យ ជិត​៥០​ឆ្នាំ​ដែល​ជា​អ្នក​ជឿ​លើ​ព្រះ និង​ជឿ​លើ​សុបិន្ត​ចម្លែក បាន​ណែនាំ​ខ្ញុំ​ឲ្យ​ទៅ​ស្រោច​ទឹក ។ ព្រឹក​ស្អែក​គាត់​បាន​ឲ្យ​កូន​ព្រះ​របស់​គាត់​មួយ ដែល​គាត់​យល់​ថា​ជា​ព្រះ​សក្កិ​សិទ្ធិ​បំផុត គាត់​មិន​ហ៊ាន​ឲ្យ​អ្នក​ណា​ទេ តែ​គាត់​យល់​ថា​ព្រះ​នេះ អាច​ជួយ​ឲ្យ​វៀរ​ពី​គ្រោះ​ថ្នាក់​បាន ទើប​គាត់​ព្រម​ប្រគល់​ព្រះ​នោះ​មក​ខ្ញុំ ខ្ញុំ​បាន​ពាក់​ជាប់​នឹង​ខ្លួន ហើយ​ធ្វើ​ដំណើរ​ប្រកប​ដោយ​កម្លាំង​ចិត្ត និង​មាន​ភាព​ជឿជាក់ ។ រឿង​ទៅ​ស្រោច​ទឹក​នោះ ខ្ញុំ​បាន​ពន្យា​ពី​ថ្ងៃ​ច័ន្ទ រហូត​ដល់​ថ្ងៃ​ពុធ ដោយ​យល់​ថា​ថ្ងៃ​នោះ​ជា​ថ្ងៃ​ល្អ​ផង ។

    រឿង​រ៉ាវ​យល់​សប្តិ ធ្វើ​ឲ្យ​បង​ស្រី​ខ្ញុំ​អន្ទះសារ​ស្ទើរ​ភ្លេច​មុខ​ភ្លេច​ក្រោយ ហើយ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​ជឿ​លើ​ការ​យល់​សប្តិ​នេះ ។ ខ្ញុំ​ក៏​នៅ​មាន​ជំនឿ​ចំពោះ​សប្តិ​ខ្លះ ព្រោះ​ខ្ញុំ​ធ្លាប់​យល់​ថា​វា​អាច​ក្លាយ​ជា​ការ​ពិត… តួ​យ៉ាង​ដូច​ជា​សប្តិ​របស់​ណារដ្ឋ​ជា​ដើម ។

  7. naraths ថ្ងៃពុធ ទី 25 ខែកក្កដា 2007 / 11:30 ព្រឹក

    អាន​រឿង​របស់ បឿន ធ្វើ​ឲ្យ​ខ្ញុំ​ព្រឺ​សំបុរ​គីង្គក់​តែ​ម្ដង​ហើយ ។ ពិត​ជា​ស្រ៊ៀវ​រោម​ណាស់​! យល់​សប្តិ​របស់​បង​ស្រី អី​ក៏​មហាចំលែក​ម៉្លេះ ហើយ​ជា​សប្តិ​កំរ​ទៀត​ផង… ខ្ញុំ​ធ្លាប់​តែ​ឃើញ​សប្តិ​នេះ​នៅ​ក្នុង​កុន ឬ​ល្ខោន​គេ​សំដែង​។ តែ​មួយ​ទៀត​ដែល​គេ​និយាយ​ថា​ជា​សុបិន្ត​ល្អ​នោះ​គឺ ឈាម ។អ្នក​​ដែល​ឃើញ​ដូច្នេះ​គឺ​ជា​ការ​ល្អ​ទៅ​វិញ … ហើយ​គេ​ថា​យល់​សប្តិ​ថា​ល្អ​បែរ​ អាច​មាន​ប្រផ្នូល​អាក្រក់ តែ​យល់​សប្តិ​អាក្រក់ មាន​ប្រផ្នូល​ល្អ ។

    តែ​នេះ​ជា​ជំនឿ បើ​យើង​មិន​ចាប់​អារម្មណ៍​ នឹង​គ្មាន​អារម្មណ៍​ឡើយ…

  8. B.OEU.N ថ្ងៃពុធ ទី 25 ខែកក្កដា 2007 / 12:17 ល្ងាច

    ណារដ្ឋ​និយាយ​ត្រូវ​ហើយ! តែ​មិន​មែន​ផ្ទុយ​គ្រប់​សប្តិ​នោះ​ទេ ។ អ្នក​ដែល​មិន​ជឿ នឹង​យល់​ថា​គ្មាន​រឿង​អ្វី​កើត​ឡើង ហើយ​ក៏​គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​ការ​យល់​សប្តិ​នេះ​ដែរ ។ តាម​ពិត​ទៅ បើ​តាម​ការ​រៀប​រាប់​ពី​អត្ម័ន របស់​មនុស្ស​ពេល​គេង​លក់ និង​ពេល​ធម្មតា មិន​ខុស​គ្មាន​ប៉ុន្មាន​ទេ គ្រាន់​តែ​ពេល​គេង អត្ម័ន​មួយ​ចំនួន​បាន​ចេញ​ពី​រាង្គ​កាយ​របស់​យើង ។ ដូច​ជា​មាន​រឿង​យល់​សប្តិ​ខ្លះ ដែល​វង្វេង​ភព អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​កំពុង​យល់​សប្តិ​នោះ សន្ធប់​មិន​ដឹង​ខ្លួន លុះ​ត្រា​តែ​ធ្វើ​ពិធី​ហៅ​ព្រលឹង​ឲ្យ​មក​វិញ ទើប​អាច​ដឹង​ខ្លួន​បាន នេះ​បើ​តាម​ចាស់​ៗ​បុរាណ និង​សៀវភៅ​ជំនឿ​ខ្លះ​ៗ​បាន​និយាយ ។ ហើយ​ខ្ញុំ​ក៏​ធ្លាប់​ឃើញ ក្នុង​ទស្សនា​វដ្ដី ឬ​កាសែត​បាន​ចុះ​ផ្សាយ​ពី​រឿង​នេះ​ជា​ច្រើន​ដែរ កន្លង​មក ។

  9. Mr. V ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែកក្កដា 2007 / 8:40 ព្រឹក

    មាន​អ្នក​ណា​ដឹង​ទេថា​យល់សប្តិ​ឃើញ​អី​ទៅ​បាន​ក្លាយ​ខ្លួន​ជា​មហាសេដ្ឋី? ហាហាហា ចង់​យល់​សប្តិ​ឃើញ​ដល់​ហើយ ព្រោះ​ចង់មាន​ដូច​ Bill Gate! lolzz

  10. B.OEU.N ថ្ងៃ​ព្រហស្បតិ៍ ទី 26 ខែកក្កដា 2007 / 9:33 ព្រឹក

    បើ​ដឹង​ថា​យល់សប្តិ​អី​​បាន​ក្លាយ​ជា​សេដ្ឋី ខ្ញុំ​ប្រាកដ​ជា​ក្លាយ​ជា​សេដ្ឋី​យូរ​ណាស់​មក​ហើយ សខខ!

  11. naraths ថ្ងៃអាទិត្យ ទី 29 ខែកក្កដា 2007 / 5:10 ល្ងាច

    តែ​យល់​សប្តិ​មិន​ងាយ​បង្កើត​បាន​ឯណា! ធ្វើ​មើល៍​តែ​ចង់​យល់​សប្តិ​ឃើញ​អី​ឃើញ​ហ្នឹង… សខខ ។ តែ​យោបល់​ល្អ គួរ​តែ​សរសេរ​ពាក្យ​ថា Microsoft® បិទ​ឲ្យ​ពេញ​បន្ទប់​ទៅ​ច្បាស់​ជា​យល់​សប្តិ​ឃើញហើយ… ថា​មិន​ត្រូវ​អាច​ក្លាយ​ជា​ V.Gate !!

  12. Mr. V ថ្ងៃចន្ទ ទី 30 ខែកក្កដា 2007 / 10:18 ព្រឹក

    hahaha! អរគុណ​ណារដ្ឋ​សម្រាប់​ពាក្យ​ណែនាំ​ល្អ​ៗ! V. Gate!!! ឡូយ​ម្យ៉ាង​ដែរ​តើហ៍​!!!

  13. B.OEU.N ថ្ងៃចន្ទ ទី 30 ខែកក្កដា 2007 / 11:08 ព្រឹក

    បាន​ក្លាយ​ជាV.Gate ខ្ញុំ​សុំ​តែ​ស៊ុប​មួយ​ឆ្នាំង​ទេ សខខ! ខ្ញុំ​ចង់​ក្លាយ​ជាBoeun Gate ដែរ ។ បើ​បាន​ទៅ​ជា​Boeun Gate មែន សឹម​ប៉ាវ​ខ្ចៅ​ស្ងោរ​​ជូន​ណារដ្ឋ​មួយ​ចាន និង ប៉ាវ​លៀស​ហាល​ជូន​​តាវី មួយ​កំប៉ុង ។

  14. naraths ថ្ងៃចន្ទ ទី 30 ខែកក្កដា 2007 / 4:46 ល្ងាច

    អូ ម្នាក់ៗ សុទ្ធ​តែ​ចង់​បាន​ឈ្មោះ​កន្ទុយ Gate ចង់​ដាក់​ដែរ​តែ​សាក់​អត់សម​សោះ​! តែ​បាច់​ទេស៍… ចាំ​តែ​ទទួល​ខ្ចៅ និង​លៀស​ទៅ​បាន​ហើយ!!

  15. B.OEU.N ថ្ងៃចន្ទ ទី 30 ខែកក្កដា 2007 / 5:43 ល្ងាច

    ហ្នឹង​ហើយ ចាំ​ចុះ​ណារដ្ឋ! សខខ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s