ត្រឡប់ពីកន្លែងធ្វើការ នៅវេលាម៉ោងជិត៥ល្ងាច ។ ទៅដល់ផ្ទះអស់កម្លាំង ទើបឆ្លៀតបិទភ្នែកមួយស្រឡេត ។ ម៉ោងជិត៦ ក្រោកមូជទឹក ផ្លាស់សម្លៀកបំពាក់ រួចមើលទូរទស្សន៍ពីការប្រគុំតន្ត្រីនៅប៉ុស្តិ៍ស៊ីធីអិន ដោយដាក់ដោតបាយចោល ។ ក្រោយពីញ៉ាំបាយជាមួយត្រីចៀនរួច ទើបទាញសៀវភៅមកអាន ។ អានចប់រឿងដែលចង់ដឹងរួច នឹកថាចង់សរសេរកំណាព្យបានមួយឃ្លាគ្រាន់កំសាន្តចិត្ត តែនឹងគិតថាត្រូវសរសេរពីអ្វីក៏នឹងនឹកមិនចេញ ទើបប្ដូរចិត្តមកគូររូបលេង ។ បានមួយសន្ទុះគំនូរបុរសម្នាក់ដែលលេចចេញ មុខមួយចំហៀង មានចិញ្ចើមក្រាស់ ភ្នែកធំ ដែលមានទឹកមុខម៉ាំ ។ ផ្អៀងផ្អង់មើលរូបមួយសន្ទុះ ក៏ញញឹមរួចក្រវីក្បាលបន្តិច ដោយគិតក្នុងចិត្តថា ពីមុនធ្លាប់តែគូររូបស្រីស្អាត ពេលអប្សុក ឥឡូវបែរជាមកគូររូបមនុស្សប្រុសដែលមានមុខម៉ាំទៅវិញ តែមើលទៅម្យ៉ាងដែរ ។
បន្ទាប់ពីមើលរូបដែលខ្លួនឯងគូររួចក៏រសាយអស់ចិត្តដែលកំពុងតែអប្សុក ។ ទោះបីជាខ្ញុំបានគេងអស់ប្រហែលមួយម៉ោងរួចហើយក៏ដោយ ក៏ខ្ញុំនៅតែងងុយ និងអស់កម្លាំងចង់សម្រាកទៀតដែរ ប៉ុន្តែខ្ញុំឆ្លៀងអានសៀវភៅបន្តិចទៀត ទើបគេងតែម្ដង ។ អស់កម្លាំងបែបនេះ ខ្ញុំប្រាកដជាបានគេងយ៉ាងស្កប់ស្កល់ហើយ ។ ក្រោយពីលង់លក់អស់បាត់ទៅ ខ្ញុំក៏ជួបរឿងជាច្រើន ដែលវក់វីពេញខួរក្បាលរបស់ខ្ញុំ ដែលស្ទើរតែចាំពុំបាន ថាខ្ញុំបានជួបអ្វីខ្លះ ។ ក្រោយពេលក្រោកឡើង ទើបខ្ញុំរកនឹកគិតដល់សប្តិដ៏ចម្លែកនោះ មិនមែនមានតែមួយរឿងទេ តែរឿងដែលខ្ញុំចាប់អារម្មណ៍ គឺខ្ញុំបានទៅដល់ស្រះទឹកមួយ ដែលមនុស្សបានលង់ស្លាប់ក្នុងស្រះនោះជាបន្តបន្ទាប់ ។ ខ្ញុំអាចប្រហែលថាស្រះនោះ ស្ថិតនៅក្នុងវត្តមួយដែលនៅជិតភូមិរបស់ខ្ញុំ ។ មិនខ្វល់អីច្រើន ខ្ញុំក៏បានក្រោកចេញពីកន្លែង ហើយចេញទៅក្រៅមួយសន្ទុះ ។ភាពអស់កម្លាំង កាន់តែជម្រុញឲ្យខ្ញុំចូលទៅគេងវិញ ។ ប្រហែលជាមិនដល់១០នាទីផង ខ្ញុំក៏ត្រឡប់ទៅគេងវិញ ហើយក៏លង់លក់បន្តទៅទៀត ។ ពេលនេះខ្ញុំត្រូវជិះកង់ទៅជួបអ្នកភូមិមួយចំនួន ដែលស្ថិតនៅកន្លែងមួយ ។ ដំណើរជិះកង់ដែលត្រូវឆ្លងកាត់ផ្លូវលំមួយ ដែលគេគ្រប់គ្នាមិនហ៊ានធ្វើដំណើរនៅពេលយប់ តែខ្ញុំមិនរេរានោះទេ ។ ផ្លូវចំងាយប្រហែល២គីឡូម៉េត្រ ដែលមានពន្លឺព្រាលៗ ដែលខ្ញុំគិតថានឹងត្រូវជិះឲ្យលឿន និងមិនត្រូវងាកមើលឆ្វេងស្ដាំឡើយ ។ ជិះជិតផុតផ្លូវ ខ្ញុំបានឃើញបុរសម្នាក់ដែលកំពុងដើរទិសដៅផ្ទុយពីខ្ញុំ ខ្ញុំបានគិតក្នុងចិត្តថា ទោះបីជាគេសួរក៏ខ្ញុំមិនតបនឹងគេដែរ ព្រោះផ្លូវនេះគួរឲ្យខ្លាចណាស់ ។ ពេលទៅកាន់តែកៀកបន្តិច ភ្នែករបស់ខ្ញុំអាចចាក់យល់ថា គាត់ជាអ្នកភូមិរបស់ខ្ញុំម្នាក់ គាត់ឈ្មោះយាន សំបុររបស់គាត់ខ្មៅ មុខមាំ ដែលខ្ញុំតែងតែរាក់ទាក់ជាមួយគាត់ រាល់ពេលខ្ញុំជួបគាត់ ។ ខ្ញុំបានសួរទៅគាត់ តាទៅណាហ្នឹង? គាត់បែរជាអត់ងាកមើលមកខ្ញុំ ហើយដើរធ្វើមិនដឹង ហាក់មិនឮសម្លេងរបស់ខ្ញុំសួរគាត់ ។ ពេលដែលខ្ញុំជិះដល់ចំហៀងខ្លួនរបស់គាត់ គាត់ហាក់ដូចជាមនុស្សពាក់មុខ ធ្វើជាតាយាន តែខ្ញុំមិនខ្វល់ច្រើនទេ ដែលគ្រាន់តែគិតក្នុងចិត្តថាគាត់ប្រាដកជាខ្មោចដែលបន្លំហើយ ។ បន្តដំណើរប្រហែលជា៣០ម៉េត្រ ឃើញបុរសពីរនាក់ទៀត ស្គាល់ជាក់ថាម្នាក់មាឌមាំឈ្មោះវឿន ដែលជាអ្នកដែលកំណាចជាងគេនៅក្នុងភូមិ គ្រប់គ្នាតែងតែខ្លាចគាត់ ក្មេងៗរត់គេច ពេលដែលឃើញគាត់ដើរមក តែគាត់ក៏ជាអ្នកដែលខ្ញុំតែងតែរាកទាក់ម្នាក់ដែរ ទើបខ្ញុំជិះកង់ទៅជិត លុះសំលឹងមុខគាត់យូរទៅ ទើបដឹងច្បាស់ថាគាត់មិនមែនជាពូវឿនដែលខ្ញុំមើលឃើញពីមុនទេ មុខរបស់គាត់ចាប់ផ្ដើមប្រែទៅជាខ្មៅមួយរំពេច ភ្នែកខ្វាក់ម្ខាង ដៃកាន់ដំបងធំមួយ ។ ខ្ញុំក៏សួរទៅគាត់ ចុះពូវឿនដែលយាមនៅទីនេះ គាត់ទៅណាបាត់ទៅ? គាត់ថា អ្នកយាមមុនត្រូវបានគេប្ដូរអស់ហើយ ដោយសារតែធ្វើការមិនល្អ ។ ខ្ញុំក៏លែងខ្វល់នឹងចង់សួរគាត់ ដោយគិតថានឹងបន្តដំណើរទៅមុខទៀត ស្រាប់តែឃើញលោកសង្ឃជាង១០អង្គ ដែលង្គុយជាជួរមុខសំដៅទៅស្រះទឹក ខ្ញុំចាំបានថាស្រះនេះ ជាស្រះដែលខ្ញុំបានជួបពេលយល់សប្តិលើកមុន ។ សម្លឹងមើលទៅកាន់មាត់ស្រះនោះ ឃើញស្រីម្នាក់ដែលគេដាក់ផ្ដេកនៅមុខលោកសង្ឃ និងតាអាចារ្យបួនប្រាំនាក់ ដែលខ្លួនទទឹកជោគ ។ ស្រ្តីនោះបានស្លាប់បាត់ទៅហើយ ស្រ្តីនោះជាស្ត្រីដែលខ្ញុំសប្តិឃើញលង់ទឹកលើកមុន ។ ខ្ញុំព្រឺសំបុរខ្ញាក! តែខ្ញុំមានគោលដៅទៅជួបអ្នកភូមិនៅម្ខាងទៀត ទើបខ្ញុំងាកមកសួរអ្នកយាមដែលខ្ញុំជួបមុននេះ ។ បើលោកសង្ឃគង្គនៅនឹងផ្លូវទៅហើយ តើខ្ញុំឆ្លងទៅខាងនោះម្ដេចនឹងកើត? គាត់បានប្រាប់ទិសដៅឲ្យចុះទៅ តាមច្រកខាងក្រោយលោកដែលគង្គ ខ្ញុំក៏ធ្វើតាម ។ ផ្លូវនោះត្រូវពាំងដោយខ្ទមមួយ ដែលនៅទីនោះ មានអ្នកដែលខ្ញុំធ្លាប់ស្គាល់ពីរបីនាក់ ។ ខ្ញុំអត់មានផ្លូវទៅទៀតទេ ទើបឈប់នៅទីនោះ បំរុងនឹងសួរនាំអ្នកនៅទីនោះ ដែលនាំគ្នាមកអង្គុយធ្វើអី ស្រាប់តែមានក្មេងម្នាក់ ដើរមករកខ្ញុំ ។ គេគឺជាកូនម៉ីងមុំ នៅផ្ទះជិតខ្ញុំ ។ បងបឿន ជួយជូនខ្ញុំទៅជួបម៉ែខ្ញុំនៅខាងនោះបន្តិចម៉ោ ។ ខ្ញុំក៏ដើរចេញពីកង់ភ្លាម ហើយដឹកដៃក្មេងដែលមានខ្លួនទទឹកជោកចូលតាមច្រកខ្ទមនោះ កាត់តាមចំការចេក ។ ដើរបណ្ដើរ លេងសើចជាមួយក្មេងនោះបណ្ដើរ មួយសន្ទុះខ្ញុំក៏ភ្ញាក់ព្រឺតពីសុបិន្តដ៏ចម្លែកនោះ ។ ទ្រូងខ្ញុំញ័រចំប្រ៉ប់ ក៏ប្រញាប់ស្ទុះចេញពីកន្លែង រួចចេញមកខាងក្រៅ សម្លឹងមើលទៅផ្ទៃមេឃងងឹតកររកភ្លៀង មួយសន្ទុះទើបចូលមកក្នុងវិញ ញ៉ាំទឹករួច នឹកថានឹងចូលគេងវិញ តែគេងមិនលក់ ចេះតែនឹកមមៃដល់សុបិន្តដ៏ចំឡែកនេះ ។ ខ្ញុំបានទាញសៀវភៅមកសរសេរ ។ រយះពេលដ៏យូរទើបខ្ញុំខំរំងាប់អារម្មណ៍ ដើម្បីឲ្យបានគេងលក់ ។ សមាធិ និងរំងាប់អារម្មណ៍ឲ្យមូល មិនគិតអ្វីទាំងអស់ ។ ក្រោយពីអារម្មណ៍បានស្ងប់ហើយ ខ្ញុំក៏បានប្រាស់ខ្លួនទៅវិញ ដែលលង់លក់យ៉ាងស្កប់ស្កល់លុះដល់ម៉ោង៨កន្លះទើបរឭក ។ ស្ទុះចេញពីកន្លែង ក្រោកមូជទឹក និងរៀបចំចេញមកធ្វើការ ទាំងប្រញាប់ ។ ខ្ញុំពិតជាចំឡែកក្នុងចិត្តដែលខ្ញុំយល់សប្តិពីរដង តែបែរជាសប្តិក្នុងរឿងតែមួយ ឬមកពីខ្ញុំគូររូបដ៏ចម្លែកនោះ ហើយរូបតែមួយចំហៀងមុខទៀត ។ វាហាក់ដូចជាប្រផ្នូលអ្វីមួយមកលើរូបខ្ញុំ ។ វាបានធ្វើឲ្យទ្រូងខ្ញុំញ័រចំប្រ៉ប់ ឈឺក្បាល និងអស់កម្លាំងយ៉ាងខ្លាំង ។ សង្ឃឹមថារឿងល្អ នឹងកើតមានមកលើរូបខ្ញុំទៅចុះ ។សូមអរគុណ ដល់ប្រិយមិត្តដែលខំចំណាយពេលវេលា ។
ខ្ញុំថាមកពីបឿនឯងគូសរូបមួយចំហៀងមុខហ្នឹងឯង ! ហើយវាក៏បណ្តាលមកពីយើងមិនសូវស្រួលខ្លួនផង ទើបបណ្តាលឲ្យគេងមិនសូវស្តប់ បណ្តាលឲ្យកើតជាយល់សប្តិរវើររវាយ!
កុំគិតច្រើនពេក ថ្ងៃក្រោយពេលយល់សប្តិមិនល្អ ក្រោយដឹងខ្លួនឲ្យច្បាស់សិនចាំគេងសង្ងំគេងទៅវិញ។ គឺធ្វើដូចបឿនថាអញ្ចឹង សមាធិ និងសង្រួមចិត្តឲ្យស្ងប់។ មិនត្រូវគេងទៅវិញទាំងមមីរមមើរអញ្ចឹងទេ វាបណ្តាលឲ្យយើងតភាគយល់សប្តិមិនល្អនោះបាន ។
ខ្ញុំក៏ធ្លាប់អញ្ចឹងដែរកាលពេលខ្ញុំនឿយហត់ការងារមួយរយៈមុន តែមួយរយៈក្រោយនេះមិនសូវអីទេ យល់សប្តិឃើញតែរឿងសត្វល្មូន។ ខ្ញុំមិនចូលចិត្តទេ ឬនិយាយថាស្អប់ ញញើតខ្លាចវាក៏បាន ពូកសត្វល្មូន មានដូចជាពស់, តុតែ, បង្គួយ ។ល។
ខ្ញុំធ្លាប់តែឮគេថាបើមនុស្សស្រីយល់សប្តិឃើញពស់ដេញចឹកគេថាដល់គូ ចុះបើខ្ញុំយល់សប្តិឃើញថាត្រូវបានពស់(សស្គុះ)ដេញនោះដេញ ហើយចៀសទៅចៀសមកពស់នោះចឹកខ្ញុំទាល់តែបាន គឺចឹកចំគល់ភ្លៅតែម្តង (មិនមែនប្រឌិតទេ តែខ្ញុំយល់សប្តិឃើញអញ្ចឹងមែន ហើយយល់សប្តិឃើញពីរបីដងហើយ) មានបងប្អូនណាចេះកាត់យល់សប្តិជួយកាត់ខ្ញុំផង ។
អូហ៏ យប់ម៉ិញនេះក៏អញ្ចឹងដែរ តែម្តងនេះមិនមែនពស់ទេ តែជាឈ្លើង ខ្លួនវាធំជិតប៉ិនពស់ព្រលឹត វាទាមជើងខ្ញុំជាប់ បេះមិនចង់ដាច់ ទម្រាំបេះវាចេញបានខ្ញុំឡើងហត់ ព្រោះភ័យផង ស្អប់វាផង ហើយឈឺទៀត ។ ជួយកាត់យល់សប្តិខ្ញុំផង បើមានអ្នកដឹង!!!!
ប្រហែលជាដូចតាវីថាមែនហើយ ព្រោះខ្ញុំប៉ុន្មានថ្ងៃនេះមិនសូវស្រួលខ្លួនប៉ុន្មានទេ ហើយចេះតែល្វើយ ។ ការយល់សប្តិបន្តនេះ ក៏ប្រហែលជាមកពីខ្ញុំមិនទាន់បាត់ភាពមមើរ ហើយចូលគេងវិញ ហ្នឹងក៏មិនដឹង ។ យប់មិញក៏គេងពុំបានស្កប់ រឭកជិតដប់ដងក្នុងមួយយប់ ។ រឭកចុងក្រោយ ម៉ោងជិត៤ នឹងគេងវិញក៏ពុំលក់ ទើបចាក់ចម្រៀងស្ដាប់ទល់ភ្លឺ ។ សប្តិយប់មិញ ក៏មិនអន់ប៉ុន្មានដែរ ទៅដើរលេងជាមួយមិត្តភ័ក្ត្រ បានជួបនឹងមនុស្សកំណាច ដែលយកគ្រឿងយន្តយ៉ាងធំមកតាមសម្លាប់ពួកយើង ។ តែសំណាងល្អ ទីបំផុត អាចសម្លាប់គេបាន ។
និយាយពីសប្តិតាវីឯង ដែលថាពស់ដេញចឹកនោះ បើតាមចាស់ៗនិយាយបានន័យថាមានគេតាមស្រលាញ់ហើយ ។ ជួយត្រេកអរផង!! សខខ! តែបើយល់សប្តិឃើញឈ្លើង មិនសូវជាល្អទេ ព្រោះឈ្លើងវាជញ្ជក់ឈាមរបស់យើង… ។
នៅសុខៗមិនគូររូបស្រីស្អាតបែរជាគូររូបប្រុសគគ្រិចទៅវិញ! និយាយចឹង រូបនៅក្នុង អវតារ នឹងជារូបពីណាគេហ៍? មើលទៅដូចជាធ្លាប់ស្គាល់ ម៉េចមិនដេញទេ …ក្នុងគំនូរស្រស់អញ្ចឹងនៅក្រៅមិនដឹងឆ្អាតប៉ុណ្ណាទៅណ៎?
នឹកថាគូរដើម្បីកំសាន្តចិត្ត បែរជាយល់សប្តិអាក្រក់ទៅវិញ… ជារឿងស្មានមិនដល់!! រូបក្នុងអវតារហ្នឹងពេលក្រោយសឹមប្រាប់!! យីស, មកឆ្ងល់អីរូបហ្នឹង? ឈប់ដាក់ឲ្យមើលឥឡូវហ្នឹង! សមទហ.. ។ (ចេះរកពាក្យមកប្រើឃើញ ឡូយមែន!!)
តើយល់សប្តិអាចក្លាយជាប្រផ្នូលមួយមែនទេ!? តើជឿរឿងនេះដែរទេ…. កាលពីកន្លះឆ្នាំមុន ខ្ញុំគេងពេលថ្ងៃ (ម៉ោងប្រហែល២រសៀល) ។ ខ្ញុំសុបិន្តឃើញខ្ញុំជិះម៉ូតូជាមួយបងប្រុសខ្ញុំ ។ ផ្លូវនោះជាផ្លូវទៅកាន់សាលាភាសាចិនមួយ ហេតុអ្វីត្រូវទៅទីនោះ បើគ្មានអ្នកធ្លាប់រៀនចិនផង ។ ជិះយូរៗទៅផ្លូវកាន់តែទេរចុះក្រោម ទេររហូតទាល់តែចោតដល់មុំ ៩០ដឺក្រេ ខ្ញុំនិងបងប្រុសក៏ដូចជាម៉ូតូក៏ធ្លាក់ទៅតាមជ្រោះនោះទៅ … គ្រាន់តែរបូតខ្លួនចេញពីម៉ូតូភ្លាម ខ្ញុំភ្ញាក់ខ្លួនព្រើតតែម្ដង (កំរមានសប្តិណាធ្វើឲ្យភ័យណាស់ ក្នុងជីវិតខ្ញុំទើជួបសុបិន្តចំលែកតែ២ឬ៣ដងប៉ុណ្ណោះ …) ។
ដល់ម៉ោងល្មមដែលត្រូវទៅយកម៉ែនិង ពូនៅឯចំណតឡានកាពីតូល ។ បងប្រុសខ្ញុំចេញទៅមុនព្រោះត្រូវទៅដឹកឥវ៉ាន់ទៀត ចឹងខ្ញុំត្រូវទៅយឺត… ។ ចៃដន្យអី ខ្ចីម៉ូតូបងជីដូនមួយជិះ ទៅ ! ដល់ស្តុប អាងទឹកត្រូវប៉ូលីសផាកទៀតដោយសារម៉ូតូបើកភ្លើងទាំងថ្ងៃ ទាំងខ្ញុំមិនដឹងអីសោះ… ដោះស្រាយជានាយប៉ូលីសរួចទូរស័ព្ទសួរបងប្រុស គាត់ថា ដល់ផ្ទះ ហើយ..។ ខ្ញុំត្រលប់មកវិញទាំងខ្លួនទទេ᧿.. ហើយត្រូវបងប្រុសខឹងតិចតួចដែរ ពីរឿងទៅណាមកណាយឺតយ៉ាវ…។
បើនិយាយពីសប្តិ ចាស់ៗបុរាណជឿខ្លាំងណាស់ ។ តែគាត់យល់សប្តិឃើញអ្វីមួយ គាត់តែងតែកាត់សប្តិរបស់គាត់ ហើយសប្តិនោះ នឹងការកាត់សប្តិ មិនសូវខុសប៉ុន្មានទេ ។ ដូចជាយល់សប្តិឃើញបាក់ធ្មេញ ប្រាកដជាមានអ្នកដែលនៅក្នុងរង្វង់គ្រួសារមានបញ្ហា ដូចជាឈឺធ្ងន់ជាដើម បើប្រាកដថាបាក់ចង្គោម នោះប្រាកដជាអ្នកមានគុណ (អាចដល់ជីវិតរបស់គាត់) ជាដើម ។ នៅមានសប្តិជាច្រើនដែលគួរឲ្យរន្ធត់ ។ ខ្ញុំនៅចាំបានប្រហែលជាមួយឆ្នាំមុននេះ បងស្រីខ្ញុំយល់សប្តិឃើញខ្ញុំកំបុតក្បាល គាត់បានសួរចាស់ៗ គាត់ប្រាប់ថាមិនល្អទេ ត្រូវតែយកខ្ញុំទៅស្រោចទឹកចេញ ។ បងស្រីខ្ញុំស្ទុះស្ទារទៅទិញប្រដាប់ប្រដារសម្រាប់នាំខ្ញុំទៅស្រោចទឹកស្រេច ដោយគាត់អត់ទាំងទៅធ្វើការ ហើយភ័យស្លន់ស្លោរយ៉ាងខ្លាំង ដោយសារតែសម្ដីរបស់ចាស់ៗប្រាប់ ។ ម៉ោងជិត១០ព្រឹក គាត់បានតេមកខ្ញុំដែលកំពុងធ្វើការ ឲ្យខ្ញុំសុំគេឈប់ ហើយរូតត្រឡប់ទៅវិញឲ្យលឿន មិនអាចនៅយូរបានទេ គាត់ទាំងផ្ដាំថាជិះម៉ូតូត្រូវប្រយ័ត្នបន្តិច ។ ខ្ញុំគ្រាន់តែឮដំណឹងគាត់ប្រាប់ភ្លាម បុកពោះក្ដុក នឹងស្មានថាមានរឿងហេតុអីកើតឡើងនៅក្នុងគ្រួសារ ខ្លួនខ្ញុំឡើងត្រជាក់ស្រេប ហើយក៏សួរគាត់ទាំងរន្ធត់រកមូលហេតុ ។ គាត់អត់ចង់ប្រាប់ខ្ញុំ គិតតែតឿនខ្ញុំឲ្យមកឲ្យលឿន ខ្ញុំស្ទើរតែស្ទុះរត់ទៅទាំងមិនប្រាប់អ្នកណា តែនៅតែទទូចសួររកហេតុផល ទើបគាត់ប្រាប់ថា គាត់យល់សប្តិមិនល្អ ត្រូវឲ្យខ្ញុំទៅស្រោចទឹកជាបន្ទាន់ ។ ខ្ញុំក៏ធូរទ្រូងស្រាក ហើយបញ្ចេញសំណើច ទាំងហួសចិត្ត ។ ខ្ញុំមិនសូវជឿរឿងយល់សប្តិយល់សូងប៉ុន្មានទេ ។ ហើយខ្ញុំក៏ប្រាប់គាត់ថា កុំភ័យអី គ្រាន់តែជាការយល់សប្តិទេ វាគ្មានរឿងអីកើតឡើងឡើយ ខ្ញុំនឹងប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរ ឬធ្វើអ្វីផ្សេងៗ ។ ថ្ងៃនោះគាត់បានតេមកខ្ញុំពីរបីដង ខ្ញុំព្យាយាមបដិសេធ ហើយបន្តធ្វើការតទៅទៀត ។ ដល់ពេលបាយ អ្នកធ្វើការម្នាក់មានវ័យ ជិត៥០ឆ្នាំដែលជាអ្នកជឿលើព្រះ និងជឿលើសុបិន្តចម្លែក បានណែនាំខ្ញុំឲ្យទៅស្រោចទឹក ។ ព្រឹកស្អែកគាត់បានឲ្យកូនព្រះរបស់គាត់មួយ ដែលគាត់យល់ថាជាព្រះសក្កិសិទ្ធិបំផុត គាត់មិនហ៊ានឲ្យអ្នកណាទេ តែគាត់យល់ថាព្រះនេះ អាចជួយឲ្យវៀរពីគ្រោះថ្នាក់បាន ទើបគាត់ព្រមប្រគល់ព្រះនោះមកខ្ញុំ ខ្ញុំបានពាក់ជាប់នឹងខ្លួន ហើយធ្វើដំណើរប្រកបដោយកម្លាំងចិត្ត និងមានភាពជឿជាក់ ។ រឿងទៅស្រោចទឹកនោះ ខ្ញុំបានពន្យាពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃពុធ ដោយយល់ថាថ្ងៃនោះជាថ្ងៃល្អផង ។
រឿងរ៉ាវយល់សប្តិ ធ្វើឲ្យបងស្រីខ្ញុំអន្ទះសារស្ទើរភ្លេចមុខភ្លេចក្រោយ ហើយនៅមានមនុស្សជាច្រើនទៀតដែលជឿលើការយល់សប្តិនេះ ។ ខ្ញុំក៏នៅមានជំនឿចំពោះសប្តិខ្លះ ព្រោះខ្ញុំធ្លាប់យល់ថាវាអាចក្លាយជាការពិត… តួយ៉ាងដូចជាសប្តិរបស់ណារដ្ឋជាដើម ។
អានរឿងរបស់ បឿន ធ្វើឲ្យខ្ញុំព្រឺសំបុរគីង្គក់តែម្ដងហើយ ។ ពិតជាស្រ៊ៀវរោមណាស់! យល់សប្តិរបស់បងស្រី អីក៏មហាចំលែកម៉្លេះ ហើយជាសប្តិកំរទៀតផង… ខ្ញុំធ្លាប់តែឃើញសប្តិនេះនៅក្នុងកុន ឬល្ខោនគេសំដែង។ តែមួយទៀតដែលគេនិយាយថាជាសុបិន្តល្អនោះគឺ ឈាម ។អ្នកដែលឃើញដូច្នេះគឺជាការល្អទៅវិញ … ហើយគេថាយល់សប្តិថាល្អបែរ អាចមានប្រផ្នូលអាក្រក់ តែយល់សប្តិអាក្រក់ មានប្រផ្នូលល្អ ។
តែនេះជាជំនឿ បើយើងមិនចាប់អារម្មណ៍ នឹងគ្មានអារម្មណ៍ឡើយ…
ណារដ្ឋនិយាយត្រូវហើយ! តែមិនមែនផ្ទុយគ្រប់សប្តិនោះទេ ។ អ្នកដែលមិនជឿ នឹងយល់ថាគ្មានរឿងអ្វីកើតឡើង ហើយក៏គ្មានអ្វីពាក់ព័ន្ធនឹងការយល់សប្តិនេះដែរ ។ តាមពិតទៅ បើតាមការរៀបរាប់ពីអត្ម័ន របស់មនុស្សពេលគេងលក់ និងពេលធម្មតា មិនខុសគ្មានប៉ុន្មានទេ គ្រាន់តែពេលគេង អត្ម័នមួយចំនួនបានចេញពីរាង្គកាយរបស់យើង ។ ដូចជាមានរឿងយល់សប្តិខ្លះ ដែលវង្វេងភព អាចធ្វើឲ្យមនុស្សដែលកំពុងយល់សប្តិនោះ សន្ធប់មិនដឹងខ្លួន លុះត្រាតែធ្វើពិធីហៅព្រលឹងឲ្យមកវិញ ទើបអាចដឹងខ្លួនបាន នេះបើតាមចាស់ៗបុរាណ និងសៀវភៅជំនឿខ្លះៗបាននិយាយ ។ ហើយខ្ញុំក៏ធ្លាប់ឃើញ ក្នុងទស្សនាវដ្ដី ឬកាសែតបានចុះផ្សាយពីរឿងនេះជាច្រើនដែរ កន្លងមក ។
មានអ្នកណាដឹងទេថាយល់សប្តិឃើញអីទៅបានក្លាយខ្លួនជាមហាសេដ្ឋី? ហាហាហា ចង់យល់សប្តិឃើញដល់ហើយ ព្រោះចង់មានដូច Bill Gate! lolzz
បើដឹងថាយល់សប្តិអីបានក្លាយជាសេដ្ឋី ខ្ញុំប្រាកដជាក្លាយជាសេដ្ឋីយូរណាស់មកហើយ សខខ!
តែយល់សប្តិមិនងាយបង្កើតបានឯណា! ធ្វើមើល៍តែចង់យល់សប្តិឃើញអីឃើញហ្នឹង… សខខ ។ តែយោបល់ល្អ គួរតែសរសេរពាក្យថា Microsoft® បិទឲ្យពេញបន្ទប់ទៅច្បាស់ជាយល់សប្តិឃើញហើយ… ថាមិនត្រូវអាចក្លាយជា V.Gate !!
hahaha! អរគុណណារដ្ឋសម្រាប់ពាក្យណែនាំល្អៗ! V. Gate!!! ឡូយម្យ៉ាងដែរតើហ៍!!!
បានក្លាយជាV.Gate ខ្ញុំសុំតែស៊ុបមួយឆ្នាំងទេ សខខ! ខ្ញុំចង់ក្លាយជាBoeun Gate ដែរ ។ បើបានទៅជាBoeun Gate មែន សឹមប៉ាវខ្ចៅស្ងោរជូនណារដ្ឋមួយចាន និង ប៉ាវលៀសហាលជូនតាវី មួយកំប៉ុង ។
អូ ម្នាក់ៗ សុទ្ធតែចង់បានឈ្មោះកន្ទុយ Gate ចង់ដាក់ដែរតែសាក់អត់សមសោះ! តែបាច់ទេស៍… ចាំតែទទួលខ្ចៅ និងលៀសទៅបានហើយ!!
ហ្នឹងហើយ ចាំចុះណារដ្ឋ! សខខ ។