ផ្កាយ​ច្រឡឹង


ផ្កាយ​អើយ អើយ​រ៉ា តូច​ច្រឡឹង
ផ្កាយ​ប្រឹង អើយ​រ៉ា ចាំង​រស្មី
យប់​ជ្រៅ អើយ​រ៉ា រឹត​ថ្លាថ្លៃ
ផ្កាយ​អ្វី អើយ​រ៉ា រះ​តែ​ឯង?

សម្លឹង​ អើយ​រ៉ា មើល​ផ្កាយ​តូច
នឹក​ផ្នួច អើយ​រ៉ា សែន​ចំបែង
ចន្ទ្រា អើយ​រ៉ា បាត់​សូរ្យសែង
ចាក​ចេញ អើយ​រ៉ា ចោល​លោកិយ ។

ផ្កាយ​តូច អើយ​រ៉ា អាណិត​ណាស់
ប្រឹង​រះ អើយ​រ៉ា ជួយ​រាត្រី
អន្ធការ អើយ​រ៉ា មិន​ប្រណី
រស្មី​ អើយ​រ៉ា គ្មាន​ន័យ​ឡើយ ។

(ទំនុក អើយរ៉ា)

ដោយ ទឹម បឿន
២១ កក្កដា ២០០៧ ០០”៣០

កំណាព្យ​នេះ និយាយ​ពី​ចិត្ត​របស់​មនុស្ស​​​ម្នាក់​ដែល​រវើរវាយ ក្នុង​ពេល​រាត្រី​ដ៏ កណ្ដោច​កណ្ដែង​ស្ងាត់​ឈឹង ដែល​អង្គុយ​សម្លឹង​មើល​កូន​ផ្កាយ​តូច​មួយ​ដ៏​ចម្លែក បន្ទាប់​ពី​ដួងចន្ទ្រា​លិច​បាត់​ទៅ ធ្វើ​ឲ្យ​ភាព​ងងឹត​ចូល​មក​ដល់ ភាព​ឯកា​ក៏​មក​រួមរឹត​ប្រាណ ទើប​បណ្ដាល​ឲ្យ​​ធម្មជាតិ​ក្លាយ​ជា​មាន​ជីវិត និង​យក​ធម្មជាតិ​មក​រៀបរាប់ ដើម្បី​បំបាត់​ភាព​ចំបែង​របស់​ខ្លួន ។ ន័យ​ចំ គឺ​ចង់​និយាយ​ពី​រាត្រី​ដែលព្រងើយ​កន្ដើយ និង​កូនផ្កាយ​ដែល​ខំ​ប្រឹង​បំភ្លឺ​​ភាព​អន្ធការ តែ​មិន​អាច​ផ្គាប់​ចិត្ត​ភាព​អន្ធការ​​បាន ។ ន័យ​បញ្ឆៀង ចង់​និយាយ​ពី​ការ​ខិតខំ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ​ដែល​អាច​ធ្វើ​បាន សម្រាប់​អ្នក​ដែល​ខ្លួន​ស្រលាញ់ តែអ្នក​ដែល​ខ្លួន​ស្រលាញ់ ហាក់​ដូច​ជា​មិន​អើពើរ ដែល​ហាក់​ដូច​ជា​​គ្មាន​ន័យ​សោះ​សម្រាប់​គេ ។

ពិត​ជា​គួរ​ឲ្យ​អាសូរ​កូន​ផ្កាយ​ណាស់ អន្ធការ​មាន​តែ​ដួងចន្ទ​ប៉ុណ្ណោះ! តើ​ផ្កាយ​ខំ​ប្រឹង​បំភ្លឺ​អ្នក​ណា? អ្នក​គ្មាន​ន័យ​​សោះ​ឡើយ​សម្រាប់​ភាព​អន្ធការ​ ។

14 thoughts on “ផ្កាយ​ច្រឡឹង

  1. naraths ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:04 ល្ងាច

    អី​ក៏​ដូច​ម៉្លេះ​ ! ខ្ញុំ​ចឹង​ហើយ​… នេះ​យក​រឿង​ខ្ញុំ​មក​និយាយ​ទេ​ដឹង​ហ្អា៎ ?
    បន្ថែម៖ ដេក​លើ​អង្រឹង​សំឡឹង​ផ្កាយ ពេល​រាត្រី​ហើយ​ថ្ងៃ​នេះ​ម្ដេច​មិន​ឃើញ​អ្នក​ចេញ​មក​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ​ឃើញ​ដូច​សព្វ​ដង ។ តាម​ពិត​មិន​មែន​អ្នក​មិន​ចង់​រះ​នោះ​ទេ​ តែ​មាន​ពពក​ខ្មៅ​មក​រារាំង​ដំណើរ​រាប់​អ្នក​ទេ​តើ ។ ឧិ! គឺ​មេឃ​ខ្មៅ​រក​បង្អុល​ភ្លៀង​ ! បន្តិច​ទៀត​ខ្ញុំ​ចេញ​ពី​អង្រឹង​លា​ឋាន​អ្នក​មក​ប្រះ​ខ្លួន​ដេក​វិញ​ហើយ ! ភ្លៀង​មួយ​មេធំ​ក៏​បាន​ដេញ​ខ្ញុំ​ឲ្យ​ចូល​មក​ក្នុង​ផ្ទះ​វិញ សូម្បី​កូន​សៀវភៅ​កំណត់​ហេតុ​ដែល​កាន់​ទៅ​បំរុង​សរសេរ​​ក៏​មិន​បាន​សរសេរ​ដែរ ព្រោះ​តែ​មិ​ន​ឃើញ​ដួង​ផ្កាយ​រះ​ផ្តល់​កំលាំង​ចិត្ត​… ។ សរសេរ​បាន​ពីរ​បី​ឃ្លា ខ្ញុំ​ក៏​យក​កំណត់ហេតុ​តូច​របស់​ខ្ញុំ​ឱប​ជាប់​នឹង​ទ្រូង​ ហើយ​ក៏​លង់​លក់​ទៅ…
    Ps: នេះ​ជា​ទិដ្ឋ​ភាព​មួយ​​ដែល​ខ្ញុំ​មិន​ភ្លេច​…

  2. B.OEU.N ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:26 ល្ងាច

    មិន​នឹក​ស្មាន​ថា ណារដ្ឋ​មាន​រឿង​បែប​នេះ​សោះ ។ ណារដ្ឋ​ពីដើម​មក​ជា​អ្នក​ដែល​ចូល​ចិត្ត​ផ្កាយ និង​ផ្កា សូម​ឲ្យ​ណារដ្ឋ​បាន​សម្រេច​បំណង ។

    ពេល​រាត្រី គ្មាន​អ្វី​កំសត់​ជាង​ការ​អង្គុយ​មើល​ផ្កាយ ឬ​ចន្ទ្រា​ដែល​ចាំង​ពន្លឺ​ព្រិច​ៗ លើ​វេហាស៍​ដ៏​ធំធេង​គ្មាន​កោះ​ត្រើយ ជា​មួយ​នឹង​បទ​ចម្រៀង​មនោសញ្ចេតនា​ដ៏​អន្លង់​អន្លោច សូរ្យ​ល្វើយ​ៗរួម​ជា​មួយ​ខ្យល់​ត្រសៀក​ៗ នា​ពេល​វេលា​ជ្រៀងជ្រេ​អាធ្រាត្រ​នោះ​ទេ ។ ស្ថាន​ភាព​នេះ ពិត​ជា​ធ្វើ​ឲ្យ​អារម្មណ៍​យើង​ហោះហើរ​គ្មាន​ទីដៅ អន្ទះអន្ទែង ពោរពេញ​ទៅ​ដោយ​ក្ដី​ប្រាថ្នា​រាប់​មិន​អស់… ។ ខ្ញុំ​ក៏​សូម​ឲ្យ​ក្ដី​ប្រាថ្នា​របស់​ខ្ញុំ​បាន​សំរេច​ដែរ… ។

  3. naraths ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:46 ល្ងាច

    កុំ​ពោល​ដូច្នេះ​អី តើ​យក​ផ្កា​និង​ផ្កាយ​មក​ធ្វើ​ស្អី? នេះ​គ្រាន់​តែ​ជា​គ្រឿង​លម្អ​តែ​ប៉ុណ្ណោះ​ឯង ។ តែ​យ៉ាង​ចិត្ត​ប្រាណ​ក្សាណ​ជា​មួយ​របស់​ទាំង​នេះ​វា​ប្រសើរ​ហើយ​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ចាក​ផុត​ទុក្ខ​កង្វល់​បាន​ខ្លះ​ដែរ ។ យ៉ាង​ណា​ម៉ិញ​មក​ទើ​លើ​ដី​ភ្នំ​ពេញ​នេះ​ គ្មាន​ផ្កា​គ្មាន​ផ្កាយ​រះ​ទៀត​ហើយ​! សូម្បី​មុខផ្ទះ ក៏​គ្មាន​ផើង​គ្មាន​ថូ អ្វី​នឹង​ដាក់​ដាំ​ ថែ​ផ្កា​បាន​ដែរ (ព្រោះ​តែ​ផ្ទះ​ជួល) សតត ។ ឯ​មេឃ​ដ៏​ធំ​នោះ​សោត​ក៏​គ្មាន​អ្វី​ជាទីគយ​គន់​សោះ ចាំង​លុប​អស់​ហើយ​ភ្លើង​ពណ៌​ ភ្លើង​អគ្គិសនី ភ្លើង​ចរាចរ … សព្វ​បែប​យ៉ាង មិន​មាន​អ្វី​​នឹង​សំលឹង​ទៅ​លើ​ ឲ្យ​ឃើញ​ផ្កាយ​តូច​ដែល​ធ្លាប់​តែ​រះ​ដូច​កាល​មុនឡើយ ។ នេះ​ដូច​ជា​វង្វេង​ស្ថាន​ចាក​ពី​ភព​មួយ​មក​ភព​មួយ​ទៀត​អ៊ីចឹង ។
    …….

  4. B.OEU.N ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 1:57 ល្ងាច

    ណារដ្ឋ​និយាយ​ត្រូវ​! ផ្កា, ផ្កាយ​គ្រាន់​តែ​ជា​គ្រឿង​លំអរ ហើយ​ខ្ញុំ​ក៏​មិន​មាន​ន័យ​អ្វី​ផ្សេង​ពី​នេះ​ដែរ ។ យើង​អាច​យក​ធម្មជាតិ​នៅ​ជុំវិញ​ខ្លួន​យើង​មក​ជំនួស​ដួងចិត្ត​របស់​មនុស្ស​បាន​ស្ទើរ​គ្រប់​កាលទេសៈ​ទាំង​អស់ ។ ហើយ​នេះ​ក៏​ជា​វិធី​មួយ​របស់​ខ្ញុំ ដើម្បី​រៀន​និពន្ធ​កំណាព្យ​ផង​ដែរ ញញ!

  5. kunthy ថ្ងៃអាទិត្យ ទី 22 ខែកក្កដា 2007 / 10:38 ល្ងាច

    កំណាព្យអីក៏អន្លង់អន្លោចម្លេះទេ!!!​ កាលខ្ញុំនៅស្រុក នៅពេលសំរាក​ម្តងៗ ខ្ញុំចូលចិត្តគេងអង្រឹងសំលឹងមើលផ្កាយនៅពេលយប់​ វាពិតជាធ្វើអោយអារម្មណ៏ខ្ញុំស្រឡះល្អ។

  6. Mr. V ថ្ងៃចន្ទ ទី 23 ខែកក្កដា 2007 / 12:09 ព្រឹក

    ទោះ​រស្មី​តារា​តូច​ៗមិន​អាច​បំភ្លឺ​រាត្រី​បាន​ តែ​​​តារា​ដែល​នៅ​សែន​ឆ្ងាយ​ម៉ឺន​យោជ​​នៅ​តែ​ខំ​​បំភ្លឺ​ឲ្យ​មនុស្ស​លោក​យើង​មើល​ឃើញ មិន​ព្រម​ឲ្យ​ស្បៃ​អន្ធកាល​គ្រប់​ដណ្តប់​លោកិយ៍ទាំង​ស្រុង​ទេ! ហើយ​ក៏នៅ​មាន​មនុស្ស​​ជា​ច្រើន​អ្នក​ លង់​ចិត្ត​លង់​ស្នេហ៍​តារា​តូច​ៗ​ទាំង​នោះ ទោះ​ដឹង​ថា​នៅ​ឆ្ងាយ​មិន​អាច​ឈោង​បាន​ក៏​ដោយ (ក្នុង​នោះមាន​ខ្ញុំ​មួយ​រូប​ដែរ :D)​។

  7. Mr. V ថ្ងៃចន្ទ ទី 23 ខែកក្កដា 2007 / 12:25 ព្រឹក

    និយាយ​រឿង​មើល​មេឃ​មើល​ផ្កា​យ​ខ្ញុំ​ចូល​ចិត្ត​ណាស់ ហើយ​ពេល​យប់​កាន់តែ​ស្ងាត់​វា​កាន់​តែ​ធ្វើឲ្យ​យើង​បាន​ស្ងប់​ស្ងាត់​​ក្នុង​ចិត្ត​ បណ្តែត​អារម្មណ៍​បាន​កាន់​តែ​ឆ្ងាយ​! សំណាង​ដែរ​ដែល​ខ្ញុំ​នៅ​លើ​ឡៅ​ជាន់​ទៅ៤ នៅ​មាន​កន្លែង​ឲ្យ​ខ្ញុំ​គយ​មេឃ​គន់​ផ្កាយ ។ តែ​អ៊ី​នៅ​ផ្ទះ​ជាប់​ខ្ញុំ​ មិន​ដឹង​​ជា​គាត់​កើត​ស្អី​ទេ ឥឡូវ​នេះ​គាត់​បើក​ភ្លើង​ភ្លឺ​ចិញ្ចាច​ រំខាន​បរិយាកាស​ ហើយ​ពិបាក​គយ​គន់​ផ្កាយ​តូចៗ​ឲ្យបាន​ច្បាស់​ដូច​មុនណាស់! នឹក​ខឹង​គាត់​ម្តងៗ​ចង់​តែ​ទៅ​កាត់​វែន​តាម្ញូប​ថ្មីមាន​កញ្ចក់​​ទប់​ស្តាត់​ពន្លឺ Neon ទេ! សតត

  8. B.OEU.N ថ្ងៃចន្ទ ទី 23 ខែកក្កដា 2007 / 11:46 ព្រឹក

    តាម​ពិត​ផ្កាយ​ដែល​មាន​ពន្លឺ​តូច មាន​អ្នក​ស្រលាញ់​ច្រើន​យ៉ាង​នេះ ។ អ្នក​ដែល​ខំ​បញ្ចេញ​ពន្លឺ ទោះ​បី​តិច​តួច​ក្ដី ពិត​ជា​មិន​មែន​ឥត​ប្រយោជន៍​ដូច​ខ្ញុំ​យល់​ឃើញ​នោះ​ទេ ។ អ្នក​មិន​អាច​ផ្គាប់​ចិត្ត​រាត្រី តែ​អ្នក​អាច​ផ្គាប់​ចិត្ត​ភ្នែក​មនុស្ស​ជា​ច្រើន​នាក់ ។ ឱ​ផ្កាយ​ជា​ទី​ស្រលាញ់ សូម​ឲ្យ​អ្នក​បន្ត​បញ្ចេញ​ពន្លឺ​របស់​អ្នក ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ដែល​ពេញ​ចិត្ត​នឹង​អ្នក ចូរ​អ្នក​ឈប់​គិត​ថា​អ្នក​នឹង​អាច​ផ្គាប់​ចិត្ត​រាត្រី​ដែល​ព្រងើយ​នឹង​អ្នក​ទៀត​អី… ។

    ខាង​លើ មិន​មែន​ជា​ប្រលោមលោក​ទេ គ្រាន់​តែ​សាក​ល្បង​បញ្ចេញ​មនោសញ្ចេតនា​… ញញ! ។

  9. Mr. V ថ្ងៃចន្ទ ទី 23 ខែកក្កដា 2007 / 11:25 ល្ងាច

    បាន​រូប​អ្នកណា​គេ​យក​មក​ដាក់​ហ្នឹងបឿន? ខ្ញុំ​ដូច​ជា​ប្រហែល​ៗ!!! ឬ​ក៏… មិន​ដឹង​ទេ! មិន​និយាយ​ល្អជាង​ ខ្លាច​និយាយ​ខុស​ខ្មាស់គេ!!! សខខ

  10. B.OEU.N ថ្ងៃអង្គារ ទី 24 ខែកក្កដា 2007 / 10:12 ព្រឹក

    គ្មាន​រូប​ពីណា​ក្រៅ​ពី​មិត្ត​ភ័ក្ត្រ​យើង​នោះ ។ ខ្ញុំ​គូរ​រួច បំរុង​ថា​នឹង​ដាក់​ពណ៌ តែ​មិន​ទាន់​មាន​ពេល​ដាក់ ហើយ​ក៏​ប្ដូរ​រូប​នៅ​ប្លក់​នេះ​សាក​មើល​លេង​សិន​ទៅ​ហ្នឹង​ណា ។ បើ​តាវី​ទាយ​ប្រាកដ​ជា​ត្រូវ​ហើយ សខខ ។ តែ​កុំ​ទាយ​អី​ ព្រោះ​ម្ចាស់​រូប​គេ​មិន​ដឹង​ផង ខ្លាច​គេ​ដឹង ដេញ​វាយ​ខ្ញុំ​ងាប់! សខខ ។

  11. Mr. V ថ្ងៃអង្គារ ទី 24 ខែកក្កដា 2007 / 1:02 ល្ងាច

    អូ​ម្ខាស់​រូប​ហ្នឹង​កាច​ដល់​ថ្នាក់​ហ្នឹង​ផង? បែប​ចូល​ចិត្ត​ដេញ​តាម​វ៉ៃ​គេ​ដល់​ផ្ទះ​ហើយ​មើល​ទៅ! សមទហ

  12. B.OEU.N ថ្ងៃអង្គារ ទី 24 ខែកក្កដា 2007 / 2:01 ល្ងាច

    ហាហាហា, តាវី​ប៉ិន​ស្មាន​មែន​ហ្ន៎​! សចអយម (សើច​ចង់​អាយះ​មាត់)

  13. naraths ថ្ងៃពុធ ទី 25 ខែកក្កដា 2007 / 11:34 ព្រឹក

    អូ ម្នាក់​ដែល​ថា​ចូល​ចិត្ត​នាំ​កូន​ក្មេង​ស្ទាក់​វ៉ៃ​គេ​តាម​ផ្លូវ​ហ្នឹង​ហ្អី ខ្ញុំ​ស្គាល់​ហើយ… សហមធធ (សើចហាមាត់ធំៗ)

  14. B.OEU.N ថ្ងៃពុធ ទី 25 ខែកក្កដា 2007 / 12:19 ល្ងាច

    ហាហាហា, ម្នាក់​ហ្នឹង​ហើយ!! សខខ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s