ធ្វើ​អ្វី​គ្រប់​យ៉ាង កុំ​ឲ្យ​មាន​វិប្បដិសារី​នៅ​ថ្ងៃ​ក្រោយ… (ប្រលោម​លោក)


ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០០៧ ខ្ញុំ​ និង​ដួងចន្ទ​បាន​ចំណាយ​ពេល​បកប្រែ​រឿង​នេះ​ពី​ភាសា​អង់គ្លេស​មក​ជាភាសា​ខ្មែរ ដើម្បី​ចែក​ជូន​បងប្អូន​អាន​កំសាន្ត ។ រឿង​នេះ​ជា​រឿង​ដែល​និយាយ​ពី​មនោសញ្ជេតនា​របស់​គូសង្សា​មួយ​គូ ដែល​ធ្វើ​ឲ្យ​អ្នក​អាន មាន​អារម្មណ៍ រំភើប កំសត់ អាឡោះ​អាល័យ អាណិត​អាសូរ… ។ នារី​ដែល​​​ដែល​មាន​លក្ខណៈ​ធម្មជាតិ ទន់​ភ្លន់ ​មានៈ សប្បាយ ធ្វើ​អ្វី​ទោរទន់​តាម​អារម្មណ៍ ពេល​នេះ នាង​​មានវិប្បដិសារី​ ដោយ​សារ​តែ​លក្ខណៈ​ធម្មជាតិ​​របស់​នាង នឹង​​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ក៏​ពុំ​បាន ទោះ​បី​ជា​ភពផែន​ដី លំហរ​មេឃ គ្រប់​យ៉ាង​មិន​អាច​ប្រៀប​នឹង​វិប្បដិសារី​របស់​នាង​បាន​​ឡើយ ។ ប្រសិន​បើ​ខ្ញុំ​ស្ថិន​ក្នុង​ស្ថានភាព​បែប​នោះ តើ​ខ្ញុំ​ក្លាយ​ទៅ​ជា​យ៉ាង​ណា​? ចុះ​អ្នក​ទាំង​អស់​គ្នា​? សូម​អាន​សាច់​រឿង​ដ៏​កំសត់​នេះ​ដូច​ត​ទៅ…

លោក​អ្នក​អាច​ចូល​ទៅ​អាន​រឿង​នេះ​ជាភាសា​អង់គ្លេស​នៅ​ប្លក់​របស់​ដួងចន្ទ ដែល​ចំណង​ជើង​ជាភាសា​អង់គ្លេស​ដែល​ដាក់​ដោយ​ដួងចន្ទ​​គឺ Whatever you do, make sure you`ll have no remorse afterwards… 

 

រាត្រី​ដ៏​ត្រជាក់​នា​ខែ​កុម្ភៈ ។ មនុស្ស​​ម្នា​ទាំងឡាយ​ដើរ​យ៉ាង​ប្រញាប់​ប្រញាល់​នៅ​លើ​ដង​វិថី ដៃ​ទាញ​កអាវ​​ឡើង ឬ​យក​កន្សែង​មក​រុំ​ក ដើម្បី​បំបាត់​ភាព​ត្រជាក់ ។

ថ្ងៃ​នេះ អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ណាស់ ។ ខ្ញុំ​ឈរ​នៅ​មាត់​បង្អួច សំឡឹង​មើល​ទៅ​មនុស្ស​ទាំង​ឡាយ​ដែល​កំពុង​ធ្វើ​ដំណើរ ហាក់​បី​ដូច​ជា​ចំណុច​តូច​ៗ ។ ស្ថិត​ក្នុង​បន្ទប់​ដែល​មាន​ម៉ាស៊ីន​កំដៅ  រិតតែ​ធ្វើ​ឲ្យ​ខ្ញុំ​អាណិត​ដល់​អ្នក​ដំណើរ​ទាំង​នោះ ។ ហេតុ​អ្វី​​បាន​ជា​ពួកគេ​មិន​ទៅ​ផ្ទះ​? តើ​ពួកគេ​នៅ​តែ​ដើរ​​ឥត​គោល​ដៅ រហូត​ដល់​ព្រឹក​មែន​ទេ​?

“ជិត​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។ មិត្ត​ប្រុស​របស់​ខ្ញុំ​ប្រាកដ​ជា​ អន្ទះសារ​ទន្ទឹង​រង់​ចាំ​ខ្ញុំ​មិន​ខាន ។” គ្រូពេទ្យ​ម្នាក់​ដក​ដង្ហើម​ធំ ហើយ​និយាយ​បន្ថូរ​ចិត្ត ។  “ថ្ងៃ​ Valinetine ហើយ​នៅ​តែ​ធ្វើ​ការ​ថែម​ម៉ោង​ទៀត​! វា​ដូច​ជា​មិន​សម​សោះ ។”

“ឯង​មាន​សំណាង​ណាស់​” អ្នក​គ្រូពេទ្យ​ម្នាក់​ទៀត​និយាយ​តប ។ “​អ្នក​ខ្លះ មិន​មាន​អ្នក​ណា​រង់​ចាំ​គេ​​នៅ​ក្នុង​ថ្ងៃ​នេះ​ផង​ ។”

“ឯង​ចង់​និយាយ​ពី ​លោក​ស្រី​វេជ្ជបណ្ឌិត Shu ​មែន​ទេ​?” ដូច​ជា​ Sherlock Holmes, ត្រចៀក​ខ្ញុំ​ឡើង​ក្លា ពេល​ដែល​ឮ​ឈ្មោះ​របស់​នាង ។

“ឯង​នៅ​ចាំ​ពេល​ដែល​នាង​បាត់​បង់​ស្មារតី ក្នុង​ថ្ងៃ​នេះ​ឆ្នាំ​មុន​ទេ​?”

“ខ្ញុំ​ចាំ​តើ​​!​”  អ្នក​គ្រូពេទ្យ​និយាយ​​ដោយ​ញាក់​ខ្លួន ។

“ខ្ញុំ​មិន​ដែល​ឃើញ​លោក​ស្រី Shu ដល់​ថ្នាក់​ហ្នឹង​​ទេ ។ យំ​ផង ស្រែក​ផង ដូច​​មនុស្ស​ឆ្កួត​​អ៊‍ីចឹង ។”

គេ​និយាយ​ពី​ខ្ញុំ កាល​ពី​ឆ្នាំ​ទៅ ។ មែន​ហើយ​! ខ្ញុំ​បាន​បាត់​បង់​ស្មារតី ដូច​គេ​និយាយ​មែន ។

“​ឯង​មិន​អាច​បន្ទោស​គាត់​​​បាន​ទេ ។ បើ​សង្សា​របស់​ខ្ញុំ​ស្លាប់​នៅ​ចំពោះ​មុខ ខ្ញុំ​ប្រហែល​ជា​ឆ្កួត​មែន​ហើយ ។”

“ឈប់​និយាយ​ពី​រឿង​នេះ​ទៅ​! គាត់​​នៅ​ធ្វើ​ការ​​នៅ​ឡើយ​ទេ ក្រែង​លោរ​គាត់​​ស្ដាប់​ឮ​​​​​​​​​​​​​​​​​​​ឯង​និយាយ​ ។”

តាម​ពិត​​ទៅ ខ្ញុំ​ស្ដាប់​ឮ​អ្វី​ទាំង​អស់​តាម​ជញ្ជាំង ។

” វេជ្ជ​បណ្ឌិត  Shu, ​ឈរ​ធ្វើ​អី​នៅ​ទី​នេះ​?”

ខ្ញុំ​កំពុង​គិត​ថា ត្រូវ​បង្ហាញ​ខ្លួន​ ឬ​អត់ ស្រាប់​តែ​​ អ្នក​គ្រូ​​ពេទ្យ​ម្នាក់​ទៀត​ឃើញ​ខ្ញុំ ។ ខ្ញុំ​ក៏​ដើរ​ចូល​ទៅ ទាំង​រអៀស ។ អ្នក​គ្រូពេទ្យ​ទាំង​​ពីរ​នាក់​ ដែល​​និយាយ​ដើម​ខ្ញុំ មុខ​ឡើង​ក្រហម​ជាង​បូ ដែល​​រុំ​​លើ​សូកូឡា នា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ទៅ​ទៀត ។

“ខ្ញុំ​បំរុង​នឹង​ទៅ​ផ្ទះ!” ខ្ញុំ​​ធ្វើ​ដូច​ជា​មិន​បាន​ស្ដាប់​​ឮ​អ្វី​ទាំង​អស់​ ។ “លោក​ស្រី​វេជ្ជបណ្ឌិត Shu ប្រហែល​ជា​ជាប់​រវល់​​នឹង​ការងារ​ខ្លាំង​ហើយ​មើល​ទៅ ព្រោះ​ឥឡូវ​ វា​ហួស​ពេល​ទៅ​ផ្ទះ​បាត់​ទៅ​ហើយ ។ អ៊‍ីចឹង ខ្ញុំ​លា​ទៅ​មុន​​ហើយ​ ។ ស្អែក​ជួប​គ្នា​! រីករាយ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់!” នាង​​បក់​ដៃ​លា​ខ្ញុំ​ទៅ ។

“រីករាយ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​!” ខ្ញុំ​លើក​ដៃ​បក់​លា​ទៅ​វិញ និង​​មើល​ទៅ​អ្នក​គ្រូពេទ្យ​ពីរ​នាក់​ ដែល​​ប្រញាប់​ដើរ​ចេញ​ទៅ ។

ល្អ, ខ្ញុំ​អាច​ទៅ​ផ្ទះ​បាន​ហើយ​អ៊‍ីចឹង ។ ទោះ​បី​ជា​គ្មាន​មនុស្ស​ជា​ទី​ស្រលាញ់​ណា​កំពុង​រង់ចាំ​ខ្ញុំ ក៏​មាន​ឆ្មា​កំម្ជឹល​មួយ​កំពុង​រង​ចាំ​ខ្ញុំ​ឲ្យ​ចំណី​វា​ដែរ ។

បន្ទាប់​ពី​មក​ដល់​ផ្ទះ រឿង​ដែល​ខ្ញុំ​ធ្វើ​មុន​គេ​ គឺ​ឲ្យ​ចំណី​ឆ្មា ។ ខ្ញុំ​ចាំ​អត់​បាន ថា​ខ្ញុំ​មាន​ឆ្មា​នេះ​តាំង​ពី​ពេល​ណា​មក​ទេ ប្រហែល​ជា​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​ឆ្នាំ​មុន ។ កាល​នោះ ខ្ញុំ​​ប្រៀប​ដូច​ជា​ឆ្មា​មួយ​ក្បាល ​ដែល​​​គេ​បោះ​បង់​ចោល ​កែវ​ភ្នែក​ពោរពេញ​ដោយ​​​ភាព​អស់​សង្ឃឹម ។

“ឯង​ផឹក​ទឹក​ដោះ​គោ​នេះ​ឲ្យ​អស់​ទៅ ប្រយ័ត្ន​ខ្ញុំ​បក​ស្បែក​ឯង” ខ្ញុំ​គំរាម​ឆ្មា ។ វា​ឈ្មោះ Christine ជា​ឈ្មោះ​អង់គ្លេស​​​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ។ Christine យំ​មួយ​ដង បញ្ជាក់​ប្រាប់​ខ្ញុំ​ថា​វា​បាន​ស្ដាប់​ឮ​ខ្ញុំ​និយាយ​ហើយ ប៉ុន្តែ​​ភ្នែក​របស់​វា​កំពុង​តែ​តវ៉ា​នឹង​ភាព​ឃោរឃៅ​របស់​ខ្ញុំ ។ សំឡឹង​មើល​ភ្នែក​របស់​វា ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​មនុស្ស​ម្នាក់​ ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ កំពុង​ឈរ​ពី​មុខ​ខ្ញុំ ក្នុង​កែវភ្នែក​ពោរពេញ​ដោយ​ភាព​មិន​សុខចិត្ត ។

មួយ​ឆ្នាំ​មុន ខ្ញុំ​បាន​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ ជាមួយ​នឹង​មិត្ត​ប្រុស​របស់ខ្ញុំ ហើយ​ជា​ពេល​ដែល​ខ្ញុំ​ឈ្លៀតឱកាស​រអូ​ដាក់​គាត់ ។

“ថ្ងៃនេះ​ជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ហេតុ​អី​មិន​ឃើញ​បង​មក​ជូន​ផ្កា​អូន​?”

គាត់​ជ្រួញ​ចិញ្ចើម​ហើយ​និយាយ  “ហេតុ​អី​បង​ត្រូវ​ទិញ​ផ្កា​ឲ្យ​អូន បើ​អូន​មិន​មែន​ជា​អ្នក​ដែល​បង​ស្រលាញ់​ផង​?”

“អីចឹង… បង​គួរ​តែ​ជូន​កាត​ជូនពរ​ឲ្យ​អូន​មួយ​សន្លឹង​ដែរ” ខ្ញុំ​ខាំ​បបូរ​មាត់​របស់​ខ្ញុំ, ឆ្អែត​នឹង​សម្ដី​របស់​គាត់ ។

“​បង​​ដឹង​ហើយ​! បង​ដឹង​ហើយ​! បាយ​រួច បង​​នឹង​​ផ្ញើ​កាត​ជូន​ពរ​ឲ្យ​​អូន​មួយ​សន្លឹក”

កាត​ជូនពរ? ស្ដាប់​ទៅ​វា​ហាក់​ដូច​ជា​មិន​​ស្និទ្ធស្នាល​​ទាល់​តែ​សោះ ប៉ុន្តែ​​គាត់​តែ​អ៊‍ីចឹង ។ “បង​ត្រូវ​អ៊ីម៉ែល​មក​​អូន ​អូន​នឹង​រង់​ចាំ​កាត​ជូនពរ​របស់​​បង​” ខ្ញុំ​ញញឹម​ដោយ​សប្បាយ​ចិត្ត ហើយ​គិត​ថា​នឹង​ ត្រឡប់​ទៅ​ផ្ទះ​​ភ្លាម បន្ទាប់​ពី​ញ៉ាំបាយ​រួច ដើម្បី​ទៅ​​បើក​​មើល៍​អ៊ីម៉ែល ។ ទោះ​បី​ជា​គាត់​នឹង​មិន​ប្រើ​ពាក្យ​ផ្អែម​ល្ហែម ក៏​ខ្ញុំ​ សប្បាយ​ចិត្ត​នឹង​​រង់ចាំ​​ទទួល​កាត​​ពី​​គាត់ ។

“បង​មិន​អាច​ទ្រាំ​នឹង​ពួក​ស្រី​ៗ​អូន​សោះ ហេតុ​អ្វី​ក៏​ចង់​បាន​របស់​អ៊‍ីចឹង​ៗ​​ក្នុង​ថ្ងៃ Valintine’s Day??” គាត់​ញ៉ាំ​បណ្ដើរ រអ៊ូ​បណ្ដើរ ។ ពាក្យ​សម្ដី​របស់​គាត់ ពន្យុះ​ខ្ញុំ​ឲ្យ​ឈ្លោះ​ជាមួយ​នឹង​គាត់​ម្ដង​ទៀត ។

“បង​ឯង​គ្មាន​ចេះ​ផ្អែមល្ហែម​បន្តិច​សោះ បង​​​ឯង​អត់​មាន​មើល​​រឿង​​​ភាគ​របស់​ជប៉ុន​ទេ​?”

“រឿងជប៉ុន? បង​​មើល​តែ​ប៉ុស្ដ៍ Discovery ។”

“ទង្វើរ​របស់​បង គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់” ខ្ញុំ​ធ្វើ​មុខ​ធុញទ្រាន់​ដាក់​គាត់ ។ “រឿង​ដែល​បាន​ដាក់​បញ្ចាំង​មុន​ហ្នឹង ពិត​ជា​ល្អ​មើល​ខ្លាំង​ណាស់ ។ បង​គួរ​តែ​បាន​មើល​វា”

“រឿង​អី​​?” គាត់​មិនជឿ​រឿង​ស្នេហា​ដែល​គេ​លេង​នៅ​តាម​ទូរទស្សន៍ ឬ​ខ្សែភាពយន្ត​ទេ ។ គាត់​យល់​ថា វា​ជា​ការ​បោកប្រាស់ ។

“គឺ​រឿង Story of A Century ។” ខ្ញុំ​ឆ្លើយ​ទាំងរីករាយ ។

“តើ​​រឿង​ហ្នឹង ជា​រឿង​​សំរាម​​ប្រភេទ​ណា​?”

“បង​ចង់​ថា​យ៉ាងម៉េច ‘សំរាម’? ឲ្យ​ចេះ​គួរសម​ខ្លះ​ផង​!” ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង ។ “សាច់រឿង​នឹង​ ធ្វើ​ឲ្យ​រំជួល​ចិត្ត​ខ្លាំង​ណាស់ បទ​ចម្រៀង​ក្នុង​រឿង​នឹង ក៏​ពិរោះ​ដែរ គឺ​បទ ‘Only Love’ ដែល​ច្រៀង​ដោយ Nana Mouskouri ។ ខ្ញុំ​គិត​ក្នុង​ចិត្ត ថា​គាត់​នឹង​ប្រហែល​ជា​មិន​ស្គាល់​ Nana ទេ ។

“Nana? ខ្ញុំ​ស្គាល់​តើ ។ នាង​ជា​អ្នក​ចម្រៀង ជាតិ​ក្រិច ដែល​អាល់​ប៊ុម​របស់​នាង លក់​​ថ្លៃ​ខ្ពស់​ៗ​ណាស់ ។”

“វា​សក្កសម​នឹង​សំឡេង​របស់​នាង​ហើយ​​!” ទោះ​បី​ជា​ខ្ញុំ​លួច​ឯកភាព​ជាមួយ​នឹង​គាត់ ក៏ខ្ញុំ​មិន​ព្រម​ទទួល​ស្គាល់​ថា គាត់​ត្រូវ​ដែរ ។

“យ៉ាង​ម៉េច​ ក៏​យ៉ាង​ម៉េច​ចុះ បង​ទុក​ពេល​ឲ្យ​អូន ៥​នាទី និយាយ​​ពី​ដំណើរ​រឿង ។ និយាយ​ចប់ បង​នឹង​ទៅ ។”

ខ្ញុំ​ខំ​រៀបរាប់​ដំណើរ​រឿង ដែល​មាន​រយះពេល​៦​ម៉ោង ក្នុង​រយះ​ពេល​៥​នាទី ។ រឿង​សម្ដែង​​អំពី​ស្នេហា​៣ជំនាន់​ របស់​ស្ត្រី​ ក្នុង​រយះពេល ១០០​ឆ្នាំ ពី​ឆ្នាំ​១៩០១ ដល់​ឆ្នាំ​២០០០ ។ ជំនាន់​​និមួយ​ៗ សម្ដែង​ដោយ​តួ​តែ​មួយ ។ សាច់​រឿង ពិត​ជា​មិន​អាច​​ធ្វើ​ឲ្យ​យើង​ទប់​ទឹក​ភ្នែក​បាន​នោះ​ទេ ។

“រឿង​ហ្នឹង​ ធ្វើ​ឲ្យ​រំជួល​អារម្មណ៍​ត្រង់​ណា​?” គាត់​សួរ បន្ទាប់​ពី​ស្ដាប់​ខ្ញុំ​ចប់ ។

“បង​អត់​យល់​ថា​រឿង​ហ្នឹង ក្នុង​ជំនាន់​នីមួយ​ៗ ពិត​ជា​អស្ចារ្យ​ទេ​? បើ​ខ្ញុំ​មាន​សម្មត្ថភាព​អាច​សរសេរ​រឿង​បាន ខ្ញុំ​មិន​មែន​ធ្វើ​វេជ្ជបណ្ឌិត ដូច​សព្វ​ថ្ងៃ​នេះ​ទេ ។ ខ្ញុំ​នឹង​ធ្វើ​ជាអ្នក​សរសេរ​រឿង​បាត់​ទៅ​ហើយ ។”

“បើ​អូន​ធ្វើ​ជា​អ្នក​សរសេរ​រឿង បង​ធានា​ថា​ នឹង​គ្មាន​អ្នក​ណា​ម្នាក់​មើល​នោះ​ទេ ។ ស្ថានីយ៍​ទូរទស្សន៍ នឹង​ឈប់​ដំណើរការ ។” គាត់​ស៊ក​សំដី​មក​ខ្ញុំ ។

“ខ្ញុំ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ហើយ ។ ឆាប់​ទៅ​វិញ ហើយ​ផ្ញើរកាត​ជូនពរ​ឲ្យ​ខ្ញុំ​ផង” ខ្ញុំ​ខឹង​គាត់ ហើយ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​ភ្លាម ទាំង​មិន​ទាន់​ញ៉ាំ​កាហ្វេ​អស់​ផង ។

ខ្ញុំ​បាន​ដើរ​ដូល​ទៅ​ក្នុង​ផ្ទះ រួច​បើ​ក​​​មើល​អ៊ីម៉ែល​របស់​ខ្ញុំ ។

មក​ដល់​ផ្ទះ​ភ្លាម ខ្ញុំ​​បើក​កុំព្យូទ័រ និង​ចូល​មើល​អ៊ីមែល ។ សម្លឹង​មើល​ទៅ​ប្រអប់​សំបុត្រ​ ដែល​គ្មាន​អ្វី​សោះ ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ផ្ដើម​នឹក​ឃើញ​កាល​ដែល​យើង​ជួប​គ្នា​ដំបូង។ និយាយ​ទៅ​ ប្រហែល​ជា​គ្មាន​អ្នក​ណា​ជឿ​​ទេ ខ្ញុំ​ និង​មិត្ត​ប្រុស​ខ្ញុំ ជា​អ្នក​ជិត​ខាង​នឹង​គ្នា ។ ផ្ទះ​របស់​យើង មាន​របង​តែ​មួយ ។ យើង​ចូល​ចិត្ត​ឈ្លោះ​គ្នា​ ពីព្រឹក​ដល់​ល្ងាច តាំង​ពី​ពួក​យើង​នៅ​ក្មេង​ៗ​ម្ល៉េះ ។ ខ្ញុំ​នៅ​ចាំ​បាន ពេល​ដែល​ខ្ញុំ​ផ្លាស់​ទៅ​នៅ ឯជន​បទ​ឆ្នា​នោះ ដោយ​​ធ្លាប់​តែ​រស់​នៅ​​ក្នុង​ទី​ក្រុង ខ្ញុំ​មិន​អាច​ទម្លាប់​នឹង​ជីវិត​សមញ្ញ នៅ​ឯ​ជនបទ ។ ពេល​ចេញ​ពីរៀន ខ្ញុំ​តែង​តែ​ត្រឡប់​មក​ផ្ទះ ហើយ​អត់​ធ្វើ​អ្វី​​ៗទាំង​អស់ ។ ពេល​ឃើញ​ខ្ញុំ​បែប​នេះ គាត់​តែ​ង​តែ​មក​​ញស់​ខ្ញុំ ។

“ហេតុ​អ្វី​បាន​ជា​ឯង​ចូល​ចិត្ត​មើល​ទៅ​លើ​មេឃ ​?” គាត់​ចូល​ចិត្ត​ទាញ​សក់​ខ្ញុំ ។ “ឯង​អាក្រក់​មើល​ណាស់ នៅ​ពេល​ដែល​ឯង​នៅ​ស្ងៀម ហើយ​ទោះ​បីជា​ឯង​ញញឹម​ក៏​មិន​ស្អាត​ដែរ ។” និយាយ​ឲ្យ​ចំ​ទៅ គឺ​ថា​ខ្ញុំ​អាក្រក់​ណាស់ ។

“ឯង​ហ្នឹង​ហើយ ដែល​អាក្រក់​នោះ​!” ខ្ញុំ​ទាញ​សក់​ខ្ញុំ​មក​វិញ ។ “បើ​ឯង​យល់​ថា​ខ្ញុំ​អាក្រក់ ម៉េច​មក​លេង​ជា​មួយ​ធ្វើ​អី​??”

“ឲ្យ​ធ្វើ​ម៉េច​ទៅ បើ​ផ្ទះ​ខ្ញុំ​ជាប់​នឹង​ផ្ទះ​ឯង​ទៅហើយ” គាត់​ប្រកែក ។

“អីចឹង​ខ្ញុំ​នឹង​ចេញ​​ទៅ” ស្អែក​ឡើង ខ្ញុំ​បាន​យក​ដីស​ គូស​ចែក​ដី​គ្នា កុំ​ឲ្យ​គាត់​ឆ្លង​ចូល​មក ។

ឆ្នាំ​នោះ យើង​រៀន​ដល់​ថ្នាក់​ទី​៥ ។ យើង​មិន​អាច​ទ្រាំ​ទ្រ​នឹង​គ្នា​បាន​ទេ ហើយ​ពួក​យើង សង្ឃឹម​ថា​នឹង​មាន​អ្នក​ណា​ម្នាក់​ផ្លាស់​​​​ចេញ ។ ប៉ុន្តែ​៥​ឆ្នាំ​បាន​​កន្លង​ផុត​ទៅ គ្មាន​អ្នក​ណា​ផ្លាស់​ចេញ​នោះ​ទេ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​បាន​​ចូល​​រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា ក្នុង​ថ្នាក់​តែ​មួយ​ទៀត ។

“ពួក​ឯង​​ទាំង​ពីរ ជា​គូ​​ស្នេហ៍​ដែល​​​ល្បី​ខាង​​​ឈ្លោះ​គ្នា” សិស្ស និង​គ្រូ​នៅ​​សាលា​ទាំង​អស់ តែង​តែ​និយាយ​អ៊‍ីចឹង ពេល​ដែល​ពួក​គេ​ឃើញ​យើង ។

“ពួក​យើង​មិន​មែន​ទេ​!” ខ្ញុំ​តែង​តែ​ព្យាយាម​ពន្យល់ ។ “ពួក​យើង​គ្រាន់​តែ​ជា​អ្នក​ជិត​ខាង​នឹង​គ្នា​ទេ” ពេល​នោះ ខ្ញុំ​ស្អប់​ប៉ាម៉ាក់​របស់​ខ្ញុំ​ណាស់ ដែល​ផ្លាស់​មក​នៅ​ជាប់​ផ្ទះ​គាត់ ។

គាត់​​តែង​និយាយ “ស្តង់​ដារ​របស់​ខ្ញុំ​វា​មិន​ទាបដល់​ថ្នាក់​ហ្នឹង​ទេ” ។ “នរណា​ចង់​បាន​នាង​ធ្វើ​ជា​មិត្ត​ស្រី?? មាន​តែ​ខ្ញុំ​នឹង​អត់​ភ្នែក ។”

“អឺ! ដឹង​ថា​ភ្នែក​របស់​ឯង សម្លឹង​មើល​ខ្ពស់​ហើយ​!” ខ្ញុំ​ស្អប់​អា​​គាត់​ខ្លាំង​ណាស់ ។ “​វា​គ្រាន់​បើ​ជាង​ភ្នែក​ដែល​មាន​ឃើញ​តែ​របស់​អន់​ៗ​ដូច​ជា​នាង​!” គាត់​ចង់​បាន​ន័យ​ថា ខ្ញុំ​មិន​ចេះ​វាយ​តម្លៃ​មនុស្ស​ប្រុស ។ ពេល​នោះ ខ្ញុំ​លួច​ស្រលាញ់​សិស្ស​ច្បង​ម្នាក់​ ។

ខ្ញុំ​​មិន​បាន​គិត​ថា ពាក្យ​​ចំអក​​ ​របស់​គាត់ មាន​បង្កប់​ន័យ​អ្វី​នោះទេ ។ មួយ​រយះ​ក្រោយ​មក ទើប​ខ្ញុំ​ដឹង​ថា សិស្ស​ច្បង​ម្នាក់​នោះ មានមិត្ត​ស្រីច្រើន ។ ពេល​ដែល​ខ្ញុំ​យំ​ដោយសារ​​រឿង​នោះ គាត់​ហុច​កន្សែង​ដៃ​ឲ្យ​ខ្ញុំ និង​​ឱប​ខ្ញុំ​យ៉ាង​ណែន​ ដោយ​អត់​មាន​និយាយ​អី​ទាំង​អស់ ។

“ខ្ញុំ​​បាន​​ប្រាប់​​នាង​​ហើយ ថា​អាគាត​ហ្នឹង​​មិន​ល្អ​​​ទេ” គាត់​លួង​ខ្ញុំ​ទាំង​រដាក់រដុប ។ ខ្ញុំ​យំ​នៅ​ក្នុង​រង្វង់​ដៃ​របស់​គាត់​ពេញ​មួយ​យប់ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​មើល​គាត់​ក្នុង​ផ្លូវ​ផ្សេង ។ អ្វី​ៗ ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ រវាង​យើង​ទាំង​ពីរ​នាក់ ។ យើង​នៅ​តែ​​ឈ្លោះ​គ្នា​ គ្រប់​ពេល ប៉ុន្តែ គាត់​ចាប់​ផ្ដើម​មើល​មក​ខ្ញុំ​ក្នុង​ផ្លូវ​ផ្សេង ។ ខ្ញុំ​អៀន ហើយ​បេះដូង​របស់​ខ្ញុំ​លោត​​ខុស​ចង្វាក់​ ពេល​ដែល​គាត់​មក​ជិត​ ។ យើង​ទាំង​ពីរ​ដឹង ថា​យើង​កំពុង​តែ​​លួច​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។

ទោះបី​ជា​យើង​ដឹង​ថា​អ៊‍ីចឹង​ហើយ​ក៏​ដោយ ក៏​គ្មាន​អ្នក​ណា​និយាយ​អ្វី​ទាំង​អស់ ។ ទោះ​បី​ជា​ពេល​​ខ្លះ​ យើង​មិន​អាច​ទប់​អារម្មណ៍ ថើប​គ្នា​ក៏​ដោយ ទោះ​បី​ជា​យើង​គិត​ដល់​គ្នា​គ្រប់​ជំហាន​ក៏​ដោយ ក៏​​ពួក​យើង​​ទាំង​ពីរ​នាក់ មិន​ព្រម​ទទួល​​ថា​​ពួក​យើង​ស្រលាញ់​គ្នា​ឡើយ ។

ពេល​វេលា​ដើរ​​លឿន​ណាស់ ។ ដល់​ពេល​ដែល​យើង​ត្រូវ​ប្រឈរមុខ​នឹង​ការ​បែក​គ្នា​ ។ ខ្ញុំ​ជ្រើស​រើស​ទៅ​រៀន​ខាង​ពេទ្យ ចំនែក​គាត់​ទៅ​រៀន​ខាង​រូប​វិទ្យា ។ តែ​ពួក​យើង​ នៅ​តែ​មិន​​អាច​​បែក​គ្នា​បាន ។ ប៉ាម៉ាក់​របស់​យើង បារម្ភ​ខ្លាច​ពួក​យើង អត់​ស្គាល់​អ្នក​ណា​នៅ​តៃបិ ទើប​គាត់​ឲ្យ​ពួក​យើង ស្នាក់​នៅ​ក្នុង​ផ្ទះ​ជួល​​តែ​មួយ ។ យើង​ក្លាយ​ជា​អ្នក​ជិត​ខាង​នឹង​គ្នា​ម្ដង​ទៀត ។ ពួក​យើង​នៅ​តែ​ឈ្លោះ​ប្រកែក​គ្នា ហើយ​​ពេល​ខ្លះ​​ពួក​យើង​ឈ្លោះ​គ្នា​នៅ​លើ​គ្រែ ។ ពិត​ប្រាកដ​ហើយ… ពួក​យើង​បាន​ក្លាយ​ជា​សង្សា​នឹង​គ្នា ប៉ុន្តែ​ពួយើង​នៅ​តែ​មិន​និយាយ​ពាក្យ​ស្រលាញ់​ប្រាប់​គ្នា​ ។ សូម្បី​តែ​ Valinetine’s Day ក៏​យើង​មិន​ដែល​នៅ ជាមួយ​គ្នា​ដែរ រហូត​ដល់ Valinetine’s Day មួយ​ដែល​គាត់​ឃើញ​ខ្ញុំ​​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ បុរស​ម្នាក់​ទៀត ។ យប់​នោះ គាត់​​រង់​ចាំ​ខ្ញុំ​​នៅ​ខាង​មុខ​ទ្វារ​របស់​ខ្ញុំ ហើយ​​និយាយ​ថា ចាប់​តាំង​ពី​ពេល​​​នោះ​​មក​ គាត់​នឹង​នាំ​ខ្ញុំ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច រាល់ Valinetine’s Day ។ គាត់​ជា​មនុស្ស​ឭក​ធំ ប៉ុន្តែ​ខ្ញុំ​ងក់​ក្បាល ហើយ​ទទួល​យក​សំណើរ​របស់​គាត់ ។ ចាប់​ពី​ពេល​នោះ​មក យើង​តែង​តែ​នៅជា​មួយ​គ្នា​ រៀង​រាល់ Valinetine’s Day ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា ខ្ញុំ​ចុះ​ទៅ​ស្តារ៍ ។ គាត់​ចាប់​ផ្ដើម​បើក​ហាង​កុំព្យូទ័រ​តូច​មួយ ជាមួយ​មិត្ត​ភ័ក្ក្រ​របស់​គាត់ ហើយ​​ក្លាយ​ទៅ​ជា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ ។ ពួក​យើង​រវល់​ជាមួយ​នឹង​ការ​រស់​នៅ​​រៀង​ៗ​ខ្លួន ហើយ​គ្មាន​ពេល​ទាក់​ទង​គ្នា​ទេ ។ បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ក្លាយ​ជា​វេជ្ជបណ្ឌិត ចំណែក​ការ​រកស៊ី​របស់​គាត់ ក៏​រីក​ចំរើន​កាន់​​ខ្លាំង ។ ពួក​យើង​បែក​គ្នា ហើយ​ផ្លាស់​ទៅ​ផ្ទះ​ធំ​ជាង​មុន និង​លែង​ស្នាក់​នៅ​ជាប់​បន្ទប់​គ្នា ។ មើល​ពី​ក្រៅ​យើង​ចាក​ចោល​គ្នា​មែន ប៉ុន្តែ​តាម​​ការ​ពិត​ យើង​នៅ​​តែ​នៅ​ជា​មួយ​គ្នា ។ យើង​តែង​តែ​​នៅ​ជា​មួយ​គ្នា​រៀង​រាល់​ Valinetine’s Day ក៏​​ប៉ុន្តែ​ទំនាក់​ទំនង​ពួក​​យើង ​កាន់​តែ​អាប់​អួរ​ទៅ​ៗ ព្រោះ​គាត់​មិន​ដែល​និយាយ​​​ថាគាត់​ស្រលាញ់​ខ្ញុំ​ទេ ទោះ​បី​ជា​ខ្ញុំ​​ខំ​ជជីក​ឲ្យ​គាត់​សារភាព​យ៉ាង​ណា​ក៏​ដោយ ។

អង្គុយ​មើល​ប្រអប់​សំបុត្រ​អ៊ីម៉ែល​ដែល​អត់​មាន​អ្វី​សោះ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ខឹង​គាត់​ខ្លាំង​ឡើង ។ គាត់​មិន​ត្រឹម​តែ​មិន​និយាយ​ថា​គាត់​ស្រលាញ់​ខ្ញុំ​ទេ ថែម​ទាំង​មិន​​ផ្ញើ​កាត​ជូនពរ​មក​ខ្ញុំ​ទៀត ។ តើ​គាត់​​ចង់​មាន​ន័យ​យ៉ាង​ម៉េច​? គាត់​គិត​ថា​ខ្ញុំ​ជា​នរណា​? ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​គាត់ ។

“អាឡូ!” គាត់​លើក​ទូរស័ព្ទ ។

“អូន​​នៅ​មិន​ទាន់​បាន​ទទួល​កាត​ជូនពរ​នោះ​ទេ​!” ខ្ញុំ​បញ្ជាក់​ដោយ​ការ​មិន​សប្បាយ​ចិត្ត ។

“អូន​អត់​បាន​ទទួល​​វា​ទេ​?” គាត់​ទំនង​ជា​រវល់​ណាស់ ។ “តែ​បង​ផ្ញើ​វា​ទៅ​ហើយ” គាត់​ពិត​ជា​រវល់​មែន ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​ទេ “អូន​អត់​បាន​ទទួល​ទេ, ផ្ញើ​វា​ម្ដង​ទៀត​មក ។”

“បាន, បង​នឹង​ផ្ញើរ​វា​១០០​ដង ប៉ុណ្ណឹង​បាន​ទេ​?” គាត់​និយាយ​ដោយ​អស់​ភាព​អំណត់ ។ សំដី​របស់​គាត់ កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង​ឡើង ។ តើ​នេះ​ជា​សំដី​​របស់​អ្នក​ដែល​ស្រលាញ់​គ្នា និយាយ​ទៅ​កាន់​គ្នា​មែន​ទេ​?

“មិន​បាច់​មក​រវល់​ផ្ញើ​ឲ្យ​អូន​​ទៀត​ទេ ហើយ​បង​ក៏​មិន​បាច់​​មក​ទទួល​​អូន​​ដែរ​យប់​នេះ ។ ​អូន​នឹង​ទៅ​ញ៉ាំ​បាយ​តែ​ម្នាក់​ឯង”

“កុំ​ធ្វើ​ចរិត​ដូច​កូន​ក្មេង, អូខេ! បង​ពិត​ជា​រវល់​មែន​ណា​!”

“ខ្ញុំ​​ដូច​ក្មេង​អ្ហ?” ខ្ញុំ​ដាក់​ទូរស័ព្ទ​ចុះ ហើយ​​ទឹក​ភ្នែក​​​ហូរ​​រមៀល​លើ​ថ្ពាល់ ។

​ដូច​ក្មេង?? ហេតុ​អី​គាត់​មិន​គិត​​មើល​​ផង? ​ពួក​យើង​នៅ​​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​​ហើយ ហើយ​ក៏​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​រៀង​រាល់ Valinetine’s Day ស្ទើរ​តែ​រាប់​ដង​មិន​អស់​ដែរ ។ ខ្ញុំ​មិន​ដែល​ទទួល​​បាន​ផ្កា ឬ​​​កាត​ជូនពរ​ណា​មួយ​ពី​គាត់​ឡើយ​ ។ ឥឡូវ​ខ្ញុំ​គ្រាន់​តែ​ចង់​បាន កាត​ជូពរ​មួយ​សន្លឹក​ប៉ុណ្ណោះ តើ​វា​ហួស​ហេតុ​ណាស់​ទៅ​អ្ហ​??

ខ្ញុំ​ផ្ដាច់​ខ្សែ​ទូរស័ព្ទ និង​បិទ​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ ។ ខ្ញុំ​មិន​ចង់​ស្ដាប់​ការ​ពន្យល់​របស់​គាត់​ទេ ។ បន្ទាប់​ពី​ខ្ញុំ​ត្រឡប់​ទៅ មន្ទីពេទ្យ​ខ្ញុំ​ប្រាប់​​មិន​ឲ្យ​អ្នក​ទទួល​ភ្ញៀវ ភ្ជាប់​ទូរស័ព្ទ​ណា​មួយ​ក​ខ្ញុំ​ឡើយ ។ ខ្ញុំ​ចង់​គិត​តែ​ពី​ការងារ ។ ដោយ​សារ​ថ្ងៃ​នេះ មាន​ការ​​​សង្គ្រោះ​បន្ទាន់​ច្រើន​​ណាស់​ ខ្ញុំ​រវល់​ជាប់ ហើយ​មួយ​ម៉ោង​ក្រោយ​មក ខ្ញុំ​ភ្លេច​រឿង​ដែល​យើង​ឈ្លោះ​គ្នា​អស់

 “លោក​ស្រី​ Shu សូម​មក​ជួយ​មើល​អ្នក​ជំងឺ​នេះ​មួយ​ភ្លែត ។”

ខណៈ​ដែល​ខ្ញុំ​រៀបចំ​ឥវ៉ាន់ សំឡេង​រថយន្ត​សង្រោះ​បន្ទាន់​បាន​បន្លឺ​​សំឡេង​នៅ​ខាង​ក្រៅ​បន្ទប់​សង្រ្គោះ​បន្ទាន់ ។ ខ្ញុំ​បាន​ចេញ​មក​ក្រៅ ពេទ្យ​សង្រោះ​បន្ទាន់ រុញ​រទេះ​អូស​អ្នក​ជំងឺ​យ៉ាង​ប្រញាប់​ ។

“គាត់​កើត​អី​ហ្នឹង​?” ខ្ញុំ​សួរ​ទៅ​ពេទ្យ​សង្គ្រោះ​​ម្នាក់ ។ អ្នក​ផ្សេង​ទៀត ជួយ​លើក​អ្នក​ជំងឺ​ដាក់​រទេះ ខ្លួន​របស់​គាត់​សុទ្ធ​តែ​ឈាម ។

“គ្រោះ​ថ្នាក់​ចរាចរណ៍” ពេទ្យ​សង្គ្រោះ​​តប ។ “ធ្ងន់​ធ្ងរ​ខ្លាំង​ណាស់ គាត់​ប្រហែល​ជា​អាច​ស្លាប់!”

ខ្ញុំ​ងក់​ក្បាល ហើយ​រត់​ទៅ​បន្ទប់​វះកាត់​​ជាមួយ​គេ ។ ពេល​ខ្ញុំ​ទៅ​ដល់ ពេទ្យ​បាន​ប្រាប់​ថា គាត់​លែង​មាន​ដង្ហើម បេះដូង​របស់​គាត់​លែង​ដំណើរ​ការ​ទៅ​ហើយ ។

“រៀប​ចំប្រដាប់​ឆក់​” ខ្ញុំ​បញ្ជា​ពេទ្យ ដោយ​មិន​ប្រើ​អារម្មណ៍​ឆេវឆាវ ។ “សង្គ្រោះ មនុស្ស​ជា​ករណីកិច្ច​របស់​យើង” ​ពួក​យើង​មិន​អាច​នៅ​ស្ងៀម​បាន​ទេ ។

ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ឃើញ​អ្នក​ដែល​ដេក​នៅ លើ​គ្រែ​វះកាត់ ខ្ញុំ​បាត់​ភាព​អត់​ធ្មត់ ។ គាត់​គឺ​ជា​មិត្ត​ប្រុស​របស់​ខ្ញុំ ។

“ទេ…” ខ្ញុំ​តក់​ស្លុត​យ៉ាង​ខ្លាំង ។ “ទេ!!!” ខ្ញុំ​កាន់​ប្រដាប់​ឆក់ ហើយ​បន្ត​ឆក់​ខ្លួន​របស់​គាត់ ។ ខ្លួន​របស់​គាត់ ពើង​ចុះ​ឡើង តាម​ការ​ឆក់ ។ គ្រូពេទ្យ​ម្នាក់​ភ័យ រត់​ទៅ​ប្រាប់​វិជ្ជបណ្ឌិត​ម្នាក់​ទៀត ថា​ខ្ញុំ​ឆ្កួត​ហើយ ។

ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​ឆ្កួត​ឬ​អត់​ទេ ។ ខ្ញុំ​គ្រាន់​តែ​ចង់​សង្គ្រោះ​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្ញុំ​ប៉ុណ្ណោះ ។ ទោះ​បី​ជា​យើង​ឈ្លោះ​គ្នា​រៀង​រាល់​ពេល​ក៏​ដោយ ។ ទោះ​បី​ជា​គាត់​មិន​ដែល និយាយ​​ថា​ស្រលាញ់​ប្រាប់​ខ្ញុំ​ក៏​ដោយ ​ខ្ញុំ​នៅ​តែ​មិន​ចង់​សង្គ្រោះ​គាត់ ។ គាត់​នៅ​ជំពាក់​កាត​​ខ្ញុំ​មួយ​ គាត់​មិន​អាច​ស្លាប់​បាន​ទេ!! ខ្ញុំ​បោះ​ប្រដាប់​ឆក់​ចោល ហើយ​យក​ដៃ​ទៅ​សង្កត់​បេះដូង​របស់​គាត់ ។ ខ្ញុំ​ប្រើ​កំលាំង​របស់​ខ្ញុំ​ទាំង​អស់ សង្កត់​បេះដូង​របស់​គាត់ សង្ឃឹម​ថា​វា​នឹង​ធ្វើ​ឲ្យ​គាត់​ដឹង​ខ្លួន ប៉ុន្តែ គាត់​នៅ​តែ​គេង​គ្មាន​កំរើក ។ គាត់​មិន​បាន​សូម្បី​តែ​និយាយ​ថា ‘វា​ឈឺ!!’ គាត់​នៅ​តែ​បិទ​ភ្នែក គាត់​ដាក់​ទោស​ខ្ញុំ​ដោយ​ភាព​ស្ងប់​ស្ងាត់​របស់​គាត់ ។

វេជ្ជបណ្ឌិត Jian ខឹង​ ហើយ​​អូស​​ខ្ញុំ​ចេញ ។ ពេល​នោះ ខ្ញុំ​មើល​អ្វី​ៗ​​លែង​ច្បាស់​ហើយ ។ ខ្ញុំ​យំ! ខ្ញុំ​ស្រែក​យំ រហូត​លែង​ឮ​សំឡេង​ចេញ​ពីមាត់​របស់​ខ្ញុំ ។

“វា​យឺត​ពេល​ទៅ​ហើយ លោក​ស្រី​ Shu ។ គាត់​ស្លាប់​បាត់​ទៅ​ហើយ ។ ខ្ញុំ​សោកស្ដាយ​ណាស់” វេជ្ជបណ្ឌិត Jian មក​គោះ​ខ្នង​ខ្ញុំ​ ហើយ​និយាយ​ខ្លាំង​ៗ ។ ពួក​គេ​ធ្លាប់​ស្គាល់​គ្នា ហើយ​ធ្លាប់​ញ៉ាំ​អាហារ​ជាមួយ​គ្នា​មួយ​ដង​ដែរ​ ។ ខ្ញុំ​ជា​អ្នក​ណែនាំ​ពួក​​គេ ។

“គាត់​មិន​អាច​ស្លាប់​ទេ!” ខ្ញុំ​គ្រវី​ក្បាល​ ។ “គាត់​មិន​អាច​ស្លាប់​ទេ!!!” ខ្ញុំ​ខំ​ប្រឹង​ស្រវ៉ា​ទៅ​រក​គាត់ ។

“លោក​ស្រី​ Shu សូម​កាត់​ចិត្ត​ទៅ” គាត់​ទះ​ខ្ញុំ ។ “ខ្ញុំយល់​​ពី​អារម្មណ៍​លោក​ស្រី តែ​លោក​ស្រី ជា​វេជ្ជបណ្ឌិត ។”

មែន, ខ្ញុំ​ជា​វេជ្ជបណ្ឌិត ប៉ុន្តែ​ខ្ញុំ​ក៏​ជា​មនុស្ស​​ដូច​គេ​​ដែរ ។ តើ​វេជ្ជបណ្ឌិត​ Jian យល់​អារម្មណ៍​ខ្ញុំ​ដោយ​របៀប​ណា​ទៅ ។ ខ្ញុំ​ស្រលាញ់​គាត់​ច្រើន​ឆ្នាំ​មក​ហើយ រហូត​ក្លាយ​ជា​ទម្លាប់ ។ តើ​ខ្ញុំ​​កែប្រែ​​ទម្លាប់​ខ្ញុំ​យ៉ាង​ម៉េច​បាន​ទៅ​? ហើយ​គាត់​នៅ​ជំពាក់​កាត​ជូនពរ​របស់​ខ្ញុំ​នៅ​ឡើយ ។ “ខ្ញុំ​ចង់​ឲ្យ​គាត់​រស់​! ខ្ញុំ​ចង់​ឲ្យ​គាត់​នៅ​រស់​!” ខ្ញុំ​រត់​ទៅ​រក​គាត់​ម្ដង​ទៀត ។ ខ្ញុំ​​អង្រួន​​ខ្លួន​របស់​គាត់ ដើម្បី​ឲ្យ​ព្រលឹង​របស់​គាត់​ត្រឡប់​មក​វិញ ។

“ចាប់​នាង​ចេញ​ទៅ!” ថ្ងៃ​នោះ ខ្ញុំ​បាត់​បង់​ស្មារតី​គ្រប់​គ្រង​ខ្លួន​ឯង និង​តួនាទី​របស់​ខ្ញុំ ។

ហើយ​ថ្ងៃ​នោះ ជា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ។

ក្រោយ​មក ខ្ញុំ​បាន​សួរ​ទៅ​អ្នក​ដែល​ធ្វើការ​ជាមួយ​គាត់ ។ ហេតុ​អី​ ថ្ងៃ​នោះគាត់​ចេញ​ពី​ធ្វើ​ការ​ឆាប់​ម្ល៉េះ?

គេ​ប្រាប់​ខ្ញុំ​ថា ក្រោយ​ពី​ខ្ញុំ​ដាក់​ទូរស័ព្ទ​ចុះ គាត់​ព្យាយាម​តេ​មក​ខ្ញុំ​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​តេ​មិន​ចូល ។ គាត់​បារម្ភ​ពី​ខ្ញុំ ហើយ​គាត់​បាន​បើក​ឡាន​ទៅ​រក​ខ្ញុំ​នៅ​មន្ទីពេទ្យ ទើប​ត្រូវ​ឡាន​ដឹក​ទំនិញ​បុក​គាត់ ។

ពេល​ដឹង​រឿង​នេះ ខ្ញុំ​គាំង​នៅ​មួយ​កន្លែង ។ កំហឹង​​របស់​ខ្ញុំ បាន​សម្លាប់​គាត់ ។ ដោយ​សារកាត​ជូន​ពរ​មួយ​ដែល​គាត់​មិន​បាន​ផ្ញើ គាត់​​ត្រូវ​ស្លាប់ ។ ពេល​នោះ ខ្ញុំ​អស់​សិទ្ធិ​នឹង​ធ្វើ​ដូច​កូន​ក្មេង​ទៀត ។

ដូច​ឆ្មា​ដែល​ត្រូវ​គេ​បោះបង់​ចោល ខ្ញុំ​មិន​អាច​សូម្បី​តែ​យំ ។ ក្រោយ​ពី​ការ​ស្លាប់​របស់​គាត់ ខ្ញុំ​មិន​អាច​យំ ទោះ​បី​ជា​សាច់​រឿង​គួរ​ឲ្យ​រញ្ជួយ​ចិត្ត​យ៉ាង​ណា​ ឬ​ប៉ារូល​ដែល​គួរ​ឲ្យ​ស្រក់​ទឹក​ភ្នែក​យ៉ាង​ណា​ក៏​ដោយ ក៏​លែង​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​ទៀត​ដែរ ។

ឥឡូវ​នេះ​ ខ្ញុំ​នៅ​សល់​តែ​ឆ្មា​មួយ​ក្បាល ។ ហើយ​យូរ​ៗ​ម្ដង​ ទៅ​ប្រើ​កុំព្យូទ័រ ។ ខ្ញុំ​ដើរ​រំលង​ឆ្មា​ទៅ​បើក​កុំព្យូទ័រ ទោះ​បី​ជា​ដឹង​ថា​ គ្មាន​នរណា​​នឹង​ផ្ញើរ​អ៊ីម៉ែល​មក​ខ្ញុំ​ ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា នឹង​មាន​គេ​នៅ​ចង​ចាំ​ខ្ញុំ​ក្នុង​ថ្ងៃ​នេះ ។

ម៉ាវ ម៉ាវ! ខ្ញុំ​ក្រឡេក​ទៅ​មើល​ Christine តើ​វា​យំ​រឿង​អី ។ វា​ផឹក​ទឹក​ដោះ​គោ​អស់​ហើយ​ ។ ខ្ញុំ​ដើរ​
ទៅ​ផ្ទះ​បាយ ដើម្បី​យក​ទឹក​ដោះ​គោ​មក​ដាក់​ឲ្យ​វា​ថែម​ទៀត រួច​ដើរ​ទៅ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​វិញ ។

ខ្ញុំ​ទទួល… ១០០​អ៊ីម៉ែល​! តើ​អ្នក​ណា​គេ​​ផ្ញើ​អ៊ីម៉ែល​អត់​បាន​ការ​​មក​ខ្ញុំ​ រហូត​ដល់​ទៅ​១០០ ។

ខ្ញុំ​គិត​ថា​នឹង​លុប​វា​ឲ្យ​អស់ ។ ស្រាប់​តែ​​ខ្ញុំ​ទទួល​បាន​អ៊ីម៉ែល​មួយ​ទៀត ដែល​ប្រាប់​ថា “ដោយសារ​ប្រព័ន្ធ​បំរើ​មាន​បញ្ហា ទើប​មិន​អាច​ផ្ញើ​អ៊ីម៉ែល​ទាំង​នេះ រហូត​ដល់​ថ្ងៃ​នេះ ។ យើង​សុំទោស​សម្រាប់ការ​យឺតយ៉ាវ​នេះ” អ្នក​ដែល​ផ្ញើ​មក​គឺ ​ខាង​សេវាកម្ម​ផ្ដល់​អ៊ីធឺណេត​ឲ្យ​ខ្ញុំ ។

ខ្ញុំ​បើក​មើល​អ៊ីម៉ែល​ទីមួយ ថ្ងៃ​ដែល​ផ្ញើ​មក​ គឺ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ កាល​ពី​ឆ្នាំ​មុន ។ បេះដូង​របស់​ខ្ញុំ​លោត​យ៉ាង​ញាប់ ។ គាត់​បាន​ផ្ញើរ​អ៊ីម៉ែល​នេះ​មែន​ទេ​?

ដៃ​របស់​ខ្ញុំ​ឡើង​ញ័រ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​បើក​ម៉ែល​នោះ ។ កូលាប​ក្រហម​ជាមួយ​ស្លឹក​​បៃតង​ដ៏​ស្រស់​ស្អាត​បាន​រំលេច​ចេញ​មក បន្ទាប់​មក ភ្លេង​ដ៏​ពិរោះ បាន​បន្លឺ​ឡើង… “Only Love” ។ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​ ។ ផ្កា​កូលាប​ស្អាត​ខ្លាំង​ណាស់ ជាមួយ​​ចម្រៀង​​ដ៏​​ជា​អន្លង់​អន្លោច​​ ។ ខ្ញុំ​ស្ទើរ​តែ​យល់​ថា​ ខ្ញុំ​កំពុង​ស្រមើល ស្រមៃ ។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ជាង​គេ គឺ​ពាក្យ​ដែល​បង្ហាញ​នៅ​ក្រោម​ផ្កា​កូលាប ។ ព្រោះ​ពាក្យ​ទាំង​នោះ ប្រៀប​ដូច​ជា​កំណាព្យ​ដ៏​អស្ចារ្យ ។

“Hwei”

គឺ​ជា​ឈ្មោះ​របស់​ខ្ញុំ ។

“ស្គាល់​អូន​ច្រើន​ឆ្នាំ​ហើយ បង​មិន​ដែល​បាន​ផ្ញើ​ផ្កា​ជូន​អូន​ទេ ។ ថ្ងៃ​នេះ បង​ផ្ញើ​ផ្កា​មួយ​ទង​ជូន​អូន ។”

អូន​ទទួល​វា​ហើយ ស្អាត​ណាស់​!

“អូន​ចាំ​ទេ យើង​តែង​តែ​​ឈ្លោះ​ប្រកែក​​​គ្នា ។ យើង​មិន​ដែល​ប្រាប់​ពី​អារម្មណ៍​របស់​យើង​​​ទៅ​វិញ​ទៅ​មក​​ទេ ។”

ចាស, តែ​នេះ​ជា​កំហុស​របស់​បង ដែល​លាក់​វា​ទុក​យូរ​យ៉ាង​នេះ ។

“​បង​ដឹង​ ថា​បង​តែង​តែ​និយាយ​ធ្វើ​ឲ្យ​អូន​មិន​សប្បាយ​ចិត្ត ។”

ប្រសើរ​ណាស់​ដែល​បង​ទទួល​កំហុស ។

“​តែ​ថ្ងៃ​នេះ បង​ចង់​ប្រាប់​អូន​ថាៈ ‘បង​សុំ​ទោស ហើយ​បង​ស្រលាញ់​អូន’ ។”

អូន​រង់​ចាំ​ពាក្យ​នេះ​ច្រើន​ឆ្នាំ​ហើយ ។

“បង​ចង់​ប្រាប់​អូន​ ពី​ដំណឹង​ល្អ​មួយ ។ ពេល​នេះ​ បង​សន្សំ​លុយ​បាន​គ្រប់​គ្រាន់​ហើយ ។”

បង​មាន​លុយ​គ្រប់​គ្រាន់​ហើយ ហេតុ​អី​បង​ចង់​បាន​ច្រើន​ម្ល៉េះ​?

“អូន Hwei, យើង​គួរ​តែ​រៀបការ​ហើយ​!! បង​មិន​ហ៊ាន​សុំ​អូន​រៀប​ការ ព្រោះ​បង​មិន​មានជំនឿ​លើ​ខ្លួន​ឯង ថា​នឹង​ផ្ដល់​ជីវិត​ដ៏​ប្រសើរ​ដល់​អូន ប៉ុន្តែ​ពេល​នេះ យើង​មាន​លុយ​គ្រប់​គ្រាន់ ។ អូន​មិនបាច់​ត្រូវ​រង់​ចាំ​​ត​ទៅ​ទៀត​ទេ ។”

នរណា​ចង់​នៅ​ចាំ​បង​​យូរ​យ៉ាង​នេះ​? អូន​ជា​របស់​បង​ហើយ ។

“ថ្ងៃ​នេះ បង​ផ្ញើ​កាត​មួយ​នេះ ដើម្បី​សុំ​អូន​រៀប​ការ ។ តើ​អូន​ព្រម​រៀបការ​ជាមួយ​បង​ទេ Hwei? អូន​ព្រម​ទេ​?”

នេះ​ជា​អ្វី​ៗ​ដែល​មាន​នៅ​ក្នុង​កាត​នោះ ។ ខ្ញុំ​បន្ត​អាន​ពាក្យ​របស់​គាត់ ហើយ​ឆ្លើយ​តប​ទៅ​គាត់ ​ដូច​មនុស្ស​ឆ្កួត ។ ប្រៀប​ដូច​ជា​ខ្ញុំ​ស្ដាប់​ឮ​សម្លេង​របស់​គាត់ ហើយ​ឃើញ​គាត់​ម្ដង​ទៀត ។

ប្រៀប​ដូច​ជា​វិល​ត្រឡប់​ទៅ​ឆ្នាំ​មុន​វិញ ។ យើង​នៅ​តែ​ឈ្លោះ​គ្នា​ឥត​ឈប់​ឈរ ។

ចម្រៀង​លេង​ចប់​ជា​ច្រើន​ដង ។​ ជាមួយ​នឹង​សំឡេង​ដ៏​កំសត់​របស់​ Nana ។

Only love can make a memory. Only love can make a moment last. You were there and all the world was young and all it’s songs unsung. and I remember you then when love was all, all you were living for, and how you gave that love to me….”

អត្ថន័យ​ចម្រៀង​នេះ ត្រូវ​នឹង​រឿង​ស្នេហ៍​របស់​ពួក​យើង​ណាស់ ។ ពេល​គាត់​នៅ​រស់ ខ្ញុំ​ប្រៀប​ដូច​កូន​ក្មេង ។ រាល់​ថ្ងៃ ខ្ញុំ​តែង​តែ​រក​ឃើញ​វិធី​ថ្មី​ៗ ដើម្បី​ឈ្លោះ​ជាមួយ​គាត់ ។ ប៉ុន្តែ​តាំង​ពី​គាត់​ឃ្លាត​ទៅ ជីវិត​របស់​ខ្ញុំ ​ពោរពេញ​ដោយ​ភាព​ឯកា នៅ​សល់​តែ​អនុស្សាវរីយ៍ និង​ខ្វះ​ភាព​កក់ក្ដៅ ។

“អូន​ព្រម​រៀប​ការ​ជាមួយ​បង​ទេ​?”

ពេល​ដែល​ខ្ញុំ​អាន​ពាក្យនេះ ទឹក​ភ្នែក​របស់​ខ្ញុំ​ហូរ​មក​លើ Keyboard ដោយ​មិន​ដឹង​ខ្លួន ។

តើ​ខ្ញុំ​អាច​រៀប​ការ​បាន​ទេ​? បើ​គាត់​មិន​នៅ​ខាង​មុខ​ខ្ញុំ​ផង ។ ខ្ញុំ​ប្រាកដ​ជា​ដាល់​គាត់ ហើយ​​ជេរ​គាត់​ថា​គាត់​ជាមនុស្ស​ឆ្កួត ។ បើ​ខ្ញុំ​មិន​ចង់​រៀប​ការ​ជាមួយ​គាត់ ស្មាន​តែ​ខ្ញុំ​រង់​ចាំ​គាត់​រហូត​ដល់​ពេល​នេះ​មែន​ទេ ។

ហើយ​ខ្ញុំ​រំកិល cursor ទៅ​ចុច​លើប្រអប់​ Reply និង​​សរសេរ​តប​ថា អូន​ត្រៀម​ខ្លួន​មក​ច្រើន​ឆ្នាំ​ហើយ ។ “អូន​នឹង​រៀប​ការ​ជាមួយ​បង ។”

ខ្ញុំ​នឹង នៅ​ជាមួយ​គាត់​​អស់​មួយ​ជីវិត ។ ខ្ញុំ​នឹង ឈ្លោះ​ជាមួយ​គាត់​រហូត ។ នេះ​ជា​ចម្លើយ​របស់​ខ្ញុំ​ទៅ​គាត់ ។ ហើយ​ខ្ញុំ​ផ្ញើ​បទ​ចម្រៀង​ ‘Only Love’ ​ទៅ​គាត់ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​បើ​គ្រប់​អ៊ីម៉ែល​របស់​គាត់​ទាំង​អស់ ទទួល​ផ្កា​កូលាប​ពី​គាត់ និង​ឆ្លើយ​តប​ទៅ​គាត់​វិញ​នូវ​ពាក្យ​ដដែល​ៗ ថា​ខ្ញុំ​នឹង​រៀប​ការ​ជា​មួយ​គាត់ ។

ខ្ញុំ​ឆ្លើយ​តប​ទៅ​គាត់​ ១០០​ដង ។ បទ​ ‘Only Love’ លេង​ចំនួន​១០០​ដង ក្នុង​រាត្រី​ដ៏​ត្រជាក់​ នា​​ថ្ងៃ​ Valinetine នេះ ។ ទំនាក់​ទំនង​រវាង​ខ្ញុំ​នឹង​គាត់ ដែល​បាន​កាត់​ផ្ដាច់​អស់​រយះ​ពេល ១​ឆ្នាំ ទី​បំផុត​ត្រូវ​បាន​ត្រឡប់​មក​វិញ ។

អូន​ឆ្លើយ​តបបង​ហើយ ។ ចុះ​បង​វិញ​?

37 thoughts on “ធ្វើ​អ្វី​គ្រប់​យ៉ាង កុំ​ឲ្យ​មាន​វិប្បដិសារី​នៅ​ថ្ងៃ​ក្រោយ… (ប្រលោម​លោក)

  1. khmerlyric ថ្ងៃចន្ទ ទី 18 ខែមិថុនា 2007 / 12:15 ល្ងាច

    អត្ថបទ​រប៉ាត់​រប៉ាយ អត់​រៀបរយ​សោះ ពេល​ past វា​មក​ដាក់​នៅ​ទី​នេះ ។ ទំនេរ​បន្តិច ខ្ញុំ​នឹង​រៀប​ចំ​វា​វិញ ។

    សូម​អភ័យ​ទោស​ផង ។

  2. duongchan ថ្ងៃចន្ទ ទី 18 ខែមិថុនា 2007 / 3:01 ល្ងាច

    បឿនហ្អា​ធ្វើបានល្អណាស់តើ។​ចាំចន្ទជូយសំរួលកន្លែងខ្លះ។
    សហការណ៍រីករាយ🙂

  3. khmerlyric ថ្ងៃចន្ទ ទី 18 ខែមិថុនា 2007 / 4:24 ល្ងាច

    ហេហេហេ, អរគុណ​ចន្ទ ។ សហការណ៍​រីករាយ!

  4. naraths ថ្ងៃចន្ទ ទី 18 ខែមិថុនា 2007 / 5:19 ល្ងាច

    good job!

  5. Mr. V ថ្ងៃចន្ទ ទី 18 ខែមិថុនា 2007 / 5:21 ល្ងាច

    សុំ​ពេល​ម៉ា​សន្ទុះអាន​សិន, តែ​មុន​ដំបូង​ត្រូវ​សួរ​បឿន​ថា បាន​Font ខ្មែរ​​បូរាណ​នោះ​ពីណាមក? សុំ​ Share ឲ្យ​ខ្ញុំ​ផង​បាន​ទេ? អរគុណ​ច្រើ​ន បឿន​ពិត​ជា​ចិត្ត​ល្អ​មែន! ខ្ញុំ​ចាំ​ទទួល​ណា!

  6. Mr. V ថ្ងៃចន្ទ ទី 18 ខែមិថុនា 2007 / 6:12 ល្ងាច

    មនុស្ស​យើង​គ្មាន​អ្នក​ណា​ម្នាក់ចង់​ទទួល​បាន​នូវ​វិប្បដិសារី​បែប​នេះ​ទេ តែ​ប្រហែល​ជា​ព្រហ្មលិខិត​ លេង​សើច​ជា​មួយ​ពួក​គេ​ហើយ! វា​ប្រើ​សើ​ហើយ​ដែល​នាង​បាន​ទទួល​ពាក្យ​ថា​ស្រឡាញ់​ក្រោយ​ពេល​ដែល​គេ​បាន​ចាក​ចេញ​ទៅ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់ ប្រសើរ​ជាង​​បាន​ឮ​ពាក្យ​ថា “ស្រឡាញ់​” ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ តែ​ពាក្យ​នោះ​ថា​មិន​មែន​ជា​ពាក្យ​ពិត​ទៅ​វិញ ជា​ពាក្យ​ដែល​គេ​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​ ។
    Love = Illusion!

  7. khmerlyric ថ្ងៃចន្ទ ទី 18 ខែមិថុនា 2007 / 7:01 ល្ងាច

    គេ​មិន​ទាន់​ថា​ឲ្យ​ផង ថា​ចិត្ត​ល្អ​ទៅ​ហើយ ។ អ៊‍ីចឹង​បើ​មិន​ឲ្យ​ក៏​មិន​កើត​ដែរ ហក​នេះ យក​ទៅ​!

    ខ្ញុំ​ដាក់​ឲ្យ​ដោនឡូត​យូរ​ណាស់​ហើយ​នឹង​ណា​!

  8. kunthy ថ្ងៃចន្ទ ទី 18 ខែមិថុនា 2007 / 8:10 ល្ងាច

    ធ្វើបានល្អណាស់បឿន។ បកប្រែអាចយល់បាន!!

  9. Mr. V ថ្ងៃចន្ទ ទី 18 ខែមិថុនា 2007 / 8:13 ល្ងាច

    ស្ទីល​សុំ​មិន​ឲ្យ​គេ​បដិសេធ, hahha!
    តាម​ពិត​មក​ពី​ខ្ញុំ​ដឹង​​ថា​បឿន​ចិត្ត​ល្អ ហើយ​ប្រកដ​ក្នុង​ចិត្ត​១០០% ថា​បាន ទើប​ហ៊ាន​អរគុណ​មុន​ហ្នឹង​ណា!

  10. khmerlyric ថ្ងៃចន្ទ ទី 18 ខែមិថុនា 2007 / 11:21 ល្ងាច

    អរគុណ​បង​ធី​!

    ពី​ណា​មិន​ដឹង​ថា​ខ្ញុំ​ចិត្ត​ល្អ​ ហាហាហា, បង​វី​និយាយ​ត្រូវ!! ខ្ញុំ​ចិត្ត​ល្អ​តាំង​ពី​ដើម​ ។ ឲ្យ​តែ​ឆ្លាត​អ៊‍ីចឹង ពេល​ក្រោយ​លែង​ឲ្យ​ម៉ង ហេហេហេ ។

  11. Bandith ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 10:43 ព្រឹក

    ហ្នឹងហើយបឿនចិត្តល្អមែនពួកម៉ាក តែទាស់តែជោរតិច ហាហាហាហាហាហាហ…..

  12. khmerlyric ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 11:40 ព្រឹក

    តាបិឌិត​ឯង មិន​បាច់​ម៉ោក​ក៏​បាន​ដែរ បើ​ម៉ោ​អត់​សរសើរ​គ្នា​តិច​សោះ​ចឹង ហាហាហា

    កុំ​ប្រឹង​សើច​ពេក ប្រយ័ត្ន​ដាច់​ខ្យល់ ចេត​រយ!!!!

  13. khmerlyric ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 11:42 ព្រឹក

    អ្នក​ទាំង​អស់​គ្នា សូម​រង់​ចាំ​អាន version ថ្មី​របស់​រឿង​នេះ ។ បឿន-ចន្ទ version!! ហាហាហា, សង្ស័យ​តែ​ជិត​រួច​ហើយ​មើល៍​ទៅ!!!

  14. Mr. V ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 1:06 ល្ងាច

    រឿង​ថ្មី​តែង​ដោយ​បឿន​-ច័ន្ទ ឬ​​ ក៏​សាច់​រឿង​ពិត បឿន-ច័ន្ទ? lolzzz

  15. khmerlyric ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 1:23 ល្ងាច

    ល្បង​វី​ប៉ុណ្ណឹង​ក៏​អត់​យល់​ដែរ​? ចាំ​ចន្ទ​ធ្វើ​រួច ចាំ​ដាក់​ឲ្យ​អាន ។ ទ្រាំ​ចាំ​បន្តិច​​ទៀត​ទៅ ណា​ល្បង​!! ហាហាហា…

  16. duongchan ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 2:28 ល្ងាច

    ស្អែកជិតរួចហើយ!!!បើអត់ទាំងមានពេលធ្វើវាផងហ្នឹង។

  17. Bandith ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 4:53 ល្ងាច

    ស្អែកម៉ោសរសើរហើយ…ម៉ោផាទេបាទ។ ទើបតែ Print រឿងទាំងពីរជាភាសាខ្មែរ​និងអាំងគ្លេសមើល អំបាញ់ម៉ិញ តែមិនទាន់អស់ទេ។ អីគេមានអា Version បឿន-ច័ន្ទទៀត?? មើល៍វាអស្ចារ្យយ៉ាងណាដាក់ម៉ោ

  18. naraths ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 7:42 ល្ងាច

    ខ្ញុំ​អាន​មិន​សូវ​ចូល​តួ​ផង​ ។ ព្យាយាម​បញ្ចូល​ដែរ​នៅ​តែ​មិន​ចូល​ ល្អ​មើល​តែ​អា​ឈុត​ចុង​ក្រោយ​ទេ ព្រាត់​ប្រាស់​គ្នា​បែប​ហ្នឹង​វា​ដូច​ជា​ងាយ​ពេក ។ (មិន​សូវ​កំសត់​ទេ) ។ …

    font បូរាណ​ខាង​លើ​ហ្នឹង​ កាល​ពី​មិន​ទាន់​មាន​ Unicode ខ្មែរ វា​មាន​រួច​ស្រេច​ទោ​ហើយ​ គឺ ឈ្មោះ​Fontអប្សរា តែ​ខ្ញុំ​មិន​ដែល​បាន​ប្រើ​សោះ ព្រោះ​មិន​ដឹង​ជា​ទៅ​រក​ឯណា​… ហើយ​ឥឡូវ​នេះ​ខ្ញុំ​ដឹង​កន្លែង​ដែល​ទៅ​យក​វា​ហើយ​ ។

    version ក្រោយ​ហ្នឹង​ពី​ណា​ដើរ​តួ​… ? តិច​ល… កុំ​ប្រាប់​ថា​ចន្ទ និង​បឿន​ ជា​តួ​អង្គ​ណា៎! shuhh…. បើ​ស្ទីល​អាន​រឿង​របស់​ខ្ញុំ​វិញ គឺ Copyសាច់​រឿង​ទាំង​អស់ចូល​ក្នុង Word រួប​ហើយ​បំលែង​ទៅ​ជា​ PDF ទើប​អាន​ស្រួល​ ។ បើ​ឲ្យ​អាន​ផ្ទាល់​ក្នុង Blog ពិបាក​អាន​ណាស់😀

  19. khmerlyric ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 7:56 ល្ងាច

    ប្រហែល​ជា​មក​ពី​ខ្ញុំ​ប្រែ​មិន​ល្អ​ទេ​ដឹង​? បើ​ខ្ញុំ​ឯណេះ​អាន​ចូល​តួ​ចង់​ងាប់!! វឺសិន បឿន-ចន្ទ សហការរីករាយ មិន​ដឹង​ពេល​ណា​រួច​ទេ ពីរ​បី​ថ្ងៃ​ទៀត​ក៏​មិន​ដឹង ។ ដល់​តែ​សួរ​ចន្ទ​បាន​ដឹង ។

  20. naraths ថ្ងៃអង្គារ ទី 19 ខែមិថុនា 2007 / 9:02 ល្ងាច

    ចឹង​ចាំ​មើល​វ៉ឺសិន​លើក​ក្រោយ ខ្លាច​ចូល​តួ​ខ្លះ…

  21. khmerlyric ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែមិថុនា 2007 / 1:21 ល្ងាច

    សួស្ដី​បងប្អូន​ទាំង​អស់,
    version ថ្មី​បាន​មក​ដល់​ហើ់យ សូម​អញ្ញើញ​អ្នក​ទាំង​អស់​គ្នា​ត្រឡប់​ទៅ​អាន​ម្ដង​ទៀត ។ ដោយសារ​តែ​ការសហការរីករាយ​របស់ចន្ទ បាន​ធ្វើ​ឲ្យ​ version ថ្មី​នេះ​កើត​ឡើង ។ ខ្ញុំ​សង្ឃឹម​ថា​បង​ប្អូន​នឹង​រីករាយ​ជាមួយ​ version ថ្មី​នេះ ។

    អរគុណ​អ្នក​ទាំង​អស់​គ្នា ។ ប្រសិន​បើ​មាន​សប្បុរសជន​ណា​ចង់​ឧបត្ថម ​សូម​អ៊ីម៉េល​មក​ខ្ញុំ​ ឬ​ទៅ​ដួងចន្ទ ពួក​ខ្ញុំ​នឹង​រីករាយ​ទទួល​ជានិច្ច ១០០​ដុល្លារ​ក្ដី ១០០០​ដុល្លារ​ក្ដី តាម​សទ្ធារ​​ជ្រះថ្លា​របស់​បង​ប្អូន ។ ខ្ញុំ​សូម​អរគុណ​ទុក​ជា​មុន​ បាទ ។ lolzzz ។

    សូម​រីករាយ​ជាមួយ version ថ្មី​នេះ​បាទ​!!!

  22. kunthy ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែមិថុនា 2007 / 6:49 ល្ងាច

    អូហ៍​ ឥឡូវដល់ថ្នាក់រៃអង្គាសតាមប្លក់ហើយអេហ័បឿន!!! សង្ស័យចង់ឆាប់បានលុយបង្រ្គប់ទៅដណ្តឹងកូនគេទេដឹងហ្អេ???

  23. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែមិថុនា 2007 / 8:01 ល្ងាច

    ស្មាន​តែ​មាន​ ផាតធូ តាម​ពិត​គ្រាន់​តែ​កែ​សម្រួល​សោះ! តែ​ពិត​ជា​ស្រួល​អាន​ជាង​មុន​ version នេះ។

  24. duongchan ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែមិថុនា 2007 / 10:57 ល្ងាច

    បងគន្ធី ថាអោយបឿនចំៗចឹង អត់ខ្លាចគ្នាអៀនទេអី??

    អរគុណណារដ្ធ​ បើមានពេល អានម្ដងទៀតមើល ក្រែងលោចូលតួខ្លះ។
    បឿនខំកែសម្រួលខ្លាំងណាស់ណា….

  25. khmerlyric ថ្ងៃសុក្រ ទី 22 ខែមិថុនា 2007 / 12:55 ល្ងាច

    បង​ធីៈ បង​គន្ធី​ចេះ​តែ​ថា​ហើយ! តែ​កូន​គេ​ឥឡូវ​ថ្លៃ​ៗ​ដល់​ហើយ ហេហេហេ ។ និយាយ​លេង​ទេ តាម​ពិត​វា​អ៊‍ីចឹង​មែន ។ បង​​គន្ធី​ប្រាកដ​ជា​ជួយ​ឧបត្ថម​ខ្លះ​មិន​ខាន​ទេ ១.០០០​ដុល្លារ ១០.០០០​ដុល្លារ ក៏​បាន​ដែរ​បង ។ ខ្ញុំ​សូម​អរគុណ​ទុក​ជា​មុន lolz

    ការដ្ឋៈ version ថ្មី​នេះ វា​ស្រួល​អាន​ជាង​មុន​ហើយ ណារដ្ឋ​! ព្រោះ​គន្ធី​ជា​អ្នក​បញ្ជូល​តួ ។ សង្ឃឹម​ថា​ណារដ្ឋ​នឹង​អាន​​ស្នាដៃ​ចន្ទ​ម្ដង​ទៀត ។

    ដួងចន្ទៈ ខ្ញុំ​មិន​អៀន​ទេ​ចន្ទ ការពិត​ នៅ​តែ​ជា​ការពិត មិន​ដឹង​អៀន​ធ្វើ​ស្អី​ទេ​? lol តែ​លុយ​បាន​មក យើង​ចែក​គ្នា​ម្នាក់​ពាក់​កណ្ដាល​ណា​!

  26. naraths ថ្ងៃសៅរ៍ ទី 23 ខែមិថុនា 2007 / 11:03 ព្រឹក

    អរគុណ​ណាស់! ការ​ពិត​ទៅ​ខ្ញុំ​អាន​ចូល​តួ​តាំង​ពី​​លើក​មុន​ម៉្លេះ តែ​ពេល​ដែល​ខ្ញុំ​អាន​ចេះ​តែ​បែក​អារម្មណ៍​ដល់​ណា​ណណី … ទើប​ធ្វើ​ឲ្យ​ដាច់​សាច់​រឿង​ខ្លះ !
    ខ្ញុំ​បាន​ឃើញ​ទិដ្ឋភាព មនុស្ស​ដើរ​តាម​ដង​ផ្លូវ​​ដែល​ពោរពេញ​ទៅ​ដោយ ព្រិល​ទឹក​កក មនុស្ស​ដើរ​ចេញ​ពី មន្ទីរ​ពេទ្យ -ផ្ទះពីរ​ដែល​នៅ ជិត​គ្នា- ក្មេងៗ​ប្រឡែង​គ្នា-​មនុស្ស​អង្គុយ​​នៅ​មុខ​កុំព្យូទ័រ … ជា​ច្រើន​ទៀត ។ ដឹង​ទេ​នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​រឿង​អ្វី​មួយ​ចប់​ ប្រៀបបាន​នឹង​ខ្ញុំ​បាន​មើល​កុន​មួយ​រឿង​ដូច្នោះ​ដែរ ។ ខ្ញុំ​ចូល​ចិត្ត​និមិត្ត​ឃើញ​ទិដ្ឋភាព​ផ្ទៃ​រឿង​ទាំង​អស់ ..។ នេះ​ជា​ហេតុ​ដែល​ខ្ញុំ​ចូល​ចិត្ត​អាន​ប្រលោមលោក​ និង​មើល​កុន វា​មាន​តម្លៃ​ស្មើ​​គ្នា​សម្រាប់​ខ្ញុំ​ ។

    លុយ​ដែល​រៃ​អង្គាស​បាន​ ! សូម​ប៉ាវ​ខ្ញុំ​ផង​…

    PS: និយាយ​ពី​ឈ្មោះ «គន្ធី» ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​នារី​ម្នាក់ កាល​ស្គាល់​គ្នា​លើក​ដំបូង​​ពេល​ដែល​ប្រលង​បាក់ឌុប ក្នុង​បន្ទប់​ប្រលង​ជាមួយ​គ្នា ឆ្នាំ​២០០៥ ។ នាង​ជា​គណនេយ្យករ ខាង​ប្រមូល​លុយ​ដើម្បី​ស៊កគ្រូ🙂 ។

  27. khmerlyric ថ្ងៃសៅរ៍ ទី 23 ខែមិថុនា 2007 / 11:14 ព្រឹក

    ខ្ញុំ​រីករាយ​ណាស់​ ដែល​ណារដ្ឋ​ពេញ​ចិត្ត​នឹង​អាន​វា ហើយ​សង្ឃឹម​ថា ដួង​ចន្ទ​ក៏​រីករាយ​ដែរ ព្រោះ​ជា​ស្នាដៃ​របស់​គេ ។ បើ​ណារដ្ឋ​ចាប់​អារម្មណ៍​យ៉ាង​នេះ​ទៅ​ហើយ លុយ​ដែល​គេ​ឧបត្ថម​មក ខ្ញុំ​នឹង​ប៉ាវ​ណារដ្ឋ​មួយ​ពេល ។ ឥឡូវ​សង្ឃឹម​តែ​បង​គន្ធី​ទេ មិន​ដឹង​ជា​ដើរ​ប្រមូល​លុយ​បាន​ប៉ុន្មាន​ហើយ​ទេ​?

  28. naraths ថ្ងៃសៅរ៍ ទី 23 ខែមិថុនា 2007 / 11:34 ព្រឹក

    សំនូមពរ​សុំឲ្យ​ ដួង​ចន្ទ រក​ឈ្មោះ​អ្នក​និពន្ធ​រឿង​នេះ​មក​ដាក់​ផង​ទៅ ឬ​ក៏​អាច​ប្រាប់​ថា​រឿង​នេះ មាន​ប្រភព​មក​ពី​ណា…

    នេះ​ជា​ការ​គួរ​សម​មួយ​ នៅ​ពេល​ដែល​យើង​យក​របស់​គេ​មក​ប្រកាស!

    បំណង​ល្អ​ពី​សាលា​ខណ្ឌ​ចំការ​មន! !

  29. khmerlyric ថ្ងៃសៅរ៍ ទី 23 ខែមិថុនា 2007 / 2:25 ល្ងាច

    ល្អ​ម្យ៉ាង​ដែរ បើ​យើង​អាច​ដឹង​ពី​អ្នក​និពន្ធ ។ មិន​ដឹង​ថា ចន្ទ​អាច​ដឹង​ឬ​អត់​ទេ តែ​បើ​តាម​ចន្ទ​និយាយ​​ទំនង​ជា​ប្រភព​មក​ពី​ចិន​តៃបិ ។

  30. B.OEU.N ថ្ងៃអាទិត្យ ទី 24 ខែមិថុនា 2007 / 11:51 ព្រឹក

    រឿង​នេះ ដួងចន្ទ​បាន​មក​ពី​មិត្ត​ភ័ក្ត្រ​របស់​នាង ដែល​មិន​ដឹង​ថា​ចំណង​ជើង​យ៉ាង​ម៉េច​ផង​ទេ ទើប​នាង​ដាក់​ចំណង​ជើង​ដោយ​ខ្លួន​ឯង ។

  31. B. Suvannaphume ថ្ងៃពុធ ទី 4 ខែកក្កដា 2007 / 7:13 ល្ងាច

    Impressive story🙂 Who is the author of this story?

  32. duongchan ថ្ងៃពុធ ទី 4 ខែកក្កដា 2007 / 8:33 ល្ងាច

    ចន្ទបានពីមិត្តភ័ក្តមកដែរទេ…..តាមមើលទៅរឿងនេះទំនងជារឿងពិត
    ដែលអ្នកនាង Hwei ទាមទារអោយយើងត្រេះរិះពិចារណាឲបានដិតដល់
    ដើម្បីជៀសវៀងនូវលទ្ធផលអាក្រក់ដូចដែលនាងទទួលបាន….គឺការឈឈចាប់អស់
    មួយជិវិតនោះឯង។

  33. sakal ថ្ងៃ​ព្រហស្បតិ៍ ទី 12 ខែកក្កដា 2007 / 8:36 ព្រឹក

    ឱ្យតែរឿងដែលតួអង្គព្រាត់ប្រាសគ្នាបែបហ្នឹងខ្ញុំចូលចិត្តខ្លាំងណាស់។ តែចំពោះខ្ញុំវិញអត់ចូលចិត្តព្រាត់ប្រាស់ដូចក្នុងរឿងប្រលោមលោកទេ !

    ហេស ហេស !

  34. nimol ថ្ងៃសុក្រ ទី 6 ខែមិថុនា 2008 / 5:42 ល្ងាច

    សួស្ដី​លោក​បឿន! ខ្ញុំ​បាន​រក​ឈ្មោះ​លោក​ក្នុង​Wikipedia ។ ទើប​នាំ​ខ្ញុំ​មក​កាន់​ចំ​Post នេះ។ រឿង​នេះ​នរណា​តែង​ទៅ?

  35. Boeun ថ្ងៃសៅរ៍ ទី 7 ខែមិថុនា 2008 / 8:41 ព្រឹក

    សួស្ដី​ និមល រឿង​នេះ​មិន​ឃើញ​មាន​ដាក់​ឈ្មោះ​អ្នក​និពន្ធ​ទេ។

  36. វិចិត្រ ថ្ងៃអង្គារ ទី 1 ខែកក្កដា 2008 / 3:15 ល្ងាច

    ខ្ញុំ​ធ្លាប់​អាន​អត្ថបទ​មួយ គេ​និយាយ​ថា ប្រើ​ វិប្បដិសារី បែ​​ប​នេះ​មិន​ត្រឹម​ត្រូវ​ទេ។
    វិប្បដិសារី មានន័យថា អ្នក​ស្តាយ​ក្រោយ។
    គេ​ថា​ប្រើ​ វិប្បដិសារៈ ទើប​ត្រឹម​ត្រូវ​ជាង។

    តែ​ខ្ញុំ​មិន​ប្រាកដ​ទេ។
    សូម​ជួយ​ផ្ទៀង​ផ្ទាត់​ផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s