ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧នេះ ខ្ញុំបានចូលរួមធ្វើជាគណកម្មការរៀបចំការបោះឆ្នោតមួយរូបដែរ ដែលធ្វើការនៅ គកប និងគករ ។ ខ្ញុំមានឋានៈជាអនុប្រធានការិយាល័យបោះឆ្នោត ដែលជាលើកទីមួយរបស់ខ្ញុំសម្រាប់ការងារនេះ ។
ខ្ញុំពិតជាពេញចិត្តនឹងការងារនេះណាស់ ដែលមានទាំងសភាពសប្បាយរីករាយ នឿយហត់ និងក្ដៅ តែទោះជាយ៉ាងណា ខ្ញុំបានបំពេញការងាររបស់ខ្ញុំយ៉ាងល្អបំផុត ។ ខ្ញុំបានខិតខំអស់ពីកំលាំងកាយចិត្ត រួមទាំងក្រុមការងាររបស់ខ្ញុំ សុទ្ធតែធ្វើការបានល្អ និងយកចិត្តទុកដាក់ចំពោះតួនាទីរបស់គេរៀងៗខ្លួន ។ ជាលទ្ធផល ការិយាយល័យរបស់យើង ទទួលសន្លឹកឆ្នោតមិនបានការតែពីរសន្លឹក គឺជាសន្លឹកដែលមិនគូសអ្វីទាំងអស់ សន្លឹកឆ្នោតខូចចំនួន៤សន្លឹក ដោយសារតែការចោះលើសន្លឹកឆ្នោតរបស់ គជប ធ្វើឲ្យសន្លឹកឆ្នោតជាប់គ្នា ។ ហើយរឿងដែលពិសេសនោះ ការិយាល័យរបស់យើងខ្ញុំ មិនមានបញ្ហាមិនប្រក្រតីកើតឡើងឡើយ ទាំងពេលបោះ និងពេលរាប់សន្លឹកឆ្នោត ។
នៅមានរឿងខ្លះទៀត ដែលធ្វើឲ្យខ្ញុំពេញសប្បាយរីករាយ និងពេញចិត្តនឹងការងារនេះ ព្រោះខ្ញុំបានជួបមនុស្សជាច្រើន ដែលមានចរិត និងលក្ខណៈខុសៗគ្នា ។ មានអ្នកខ្លះមិនដឹងថាគូសយ៉ាងម៉េច ហើយគាត់មានប្រសាសន៍ថា មួយជីវិតរបស់គាត់ មិនដែលកាន់ប៊ិចទេអាក្មួយអើយ! មានលោកយាយម្នាក់នោះ គាត់កាន់សន្លឹកឆ្នោត ដែលខ្ញុំបានណែនាំគាត់រួចនោះចូលទៅបន្ទប់សម្ងាត់ មួយសន្ទុះ គាត់ក៏ត្រឡប់មកសួរវិញ “គូសគណបក្សដែលស្អប់មែនទេ ?” ហើយខ្ញុំក៏ណែនាំគាត់ (នេះដោយសារតែកំហុសរបស់ខ្ញុំ ដែលមិនបានប្រាប់គាត់ពេលគាត់កាន់សន្លឹកឆ្នោតទៅ តែបន្ទោសខ្ញុំក៏ពុំសមដែរ ព្រោះខ្ញុំនិយាយឡើងស្អកករទៅហើយ ) ។ មានបុរស់ក្មេងម្នាក់ទៀត អាយុប្រហែលជាង២០ឆ្នាំ ពេលមកបោះឆ្នោត ផ្ទៀងរកឈ្មោះមិនឃើញ ដោយសារខ្លួនមិនបានទៅចុះឈ្មោះនឹងគេ ។ ពេលប្រាប់គេថាអត់មានឈ្មោះ ហើយគេមិនបានបោះទេ គេក៏បញ្ចេញអាកប្បកិរិយាភ័យស្លន់ស្លោរ ហើយសួរមកកាន់ក្រុមការងារយើង “អត់បានបោះអ៊ីចឹង បានន័យថាខ្ញុំមិនមែនជាប្រជាពលរដ្ឋទេមែនទេ ?” (តាមខ្ញុំមើលទឹកមុខរបស់គេ គេមិនមែននិយាយលេងទេ) ក្រុមការងារយើងប្រាប់ទៅគេ ថាមិនអីទេ មិនមែនមានន័យដូចច្នោះទេ ហើយគេធ្វើភ្នែកលីងឡង់ រួចសួរ ចុះបើអត់បានបោះអ៊ីចឹង តើបោះឆ្នោតឆ្នាំក្រោយ គាត់អាចបោះបានទេ ? ពេលប្រាប់គាត់ថាបាន គាត់រាងអរ ហើយក៏ដើរចេញទៅ ។ នៅមានសភាពសប្បាយរីករាយច្រើនណាស់… ។
ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយនឹងបានចូលរួមទៀតទៅចុះ ។
ល្អណាស់! តែមានបានបោះឆ្នោតសំរាប់ខ្លួនឯងដែរទេ?
ទាស់តែខ្ញុំអត់បានបោះ ហេហេហេ! ព្រោះខ្ញុំត្រូវទៅបោះនៅឯស្រុក ហើយជាប់ធ្វើការនៅទីនេះទៅហើយ ទើបមិនអាចទៅបោះបាន ។ ឆ្នាំក្រោយ ខ្ញុំធ្វើកាតបោះឆ្នោតនៅភ្នំពេញហើយ ទើបបានបោះនឹងគេ ។ ឆ្នាំក្រោយប្រហែលជាវណ្ណា បានត្រឡប់មកស្រុកខ្មែរវិញ ហើយបានចូលរួមបោះឆ្នោតនឹងគេហើយ មើល៍ទៅ! ?