ចាំ​ចន្ទ​រះ


១. យប់​ជ្រៅ​ណាស់​ហើយ ដួង​ចិត្ត​​គ្មាន​ស្បើយ កាន់​​តែ​សង្វេគ

រង់​ចាំ​ដួង​ចន្ទ ចាំ​ស្ទើរ​ផ្សា​ភ្នែក នៅ​ចាំ​មិន​ដេក

សង្ឃឹម​ច័ន្ទ​រះ ។

២. ! ចន្ទ​អើយ​ចន្ទ ឬ​អ្នក​ប្រកាន់ កើត​ចិត្ត​មានះ

មិន​ចង់​ជួប​មុខ ឬ​អ្នក​ចង់​ឈ្នះ ខ្ញុំ​ចាំ​អ្នក​​រះ

ដូច​គ្រា​មុន​ណា

 

១៥ មករា ២០០៧ ម៉ោង ១២“​៥១
ដោយៈ ទឹម​ បឿន

14 thoughts on “ចាំ​ចន្ទ​រះ

  1. naraths ថ្ងៃសុក្រ ទី 16 ខែ​មីនា 2007 / 7:48 ព្រឹក

    ហេតុអ្វីបង្ខំ យប់នេះភ្លៀងធំ ខ្ញុំរះម្ដេចកើត! ណាមួយមរ៍បាំង មិនមែនខាងខ្នើត ខ្ញុំរះម្ដេចកើត ទម្រាំខ្នើតថ្មី ។
    ឧិ! បឿនកំសត់​ក្នុងភាពប្រាស់ព្រាត់ នាយប់រាត្រី បើមានឧិកាស ចន្ទរះជាថ្មី មិនឲ្យកវី ឯកាចម្បែង ។

  2. Boeun ថ្ងៃសុក្រ ទី 16 ខែ​មីនា 2007 / 9:45 ព្រឹក

    អូហ៍​,​ដូច្នោះ​ទេ ខ្ញុំ​ស្មាន​ច័ន្ទ​ប្រែ ចោល​ស្នេហ៍​ខ្ញុំ​ហើយ
    រាល់​ពេល​រាត្រី សាសង​កៀក​កើយ ធ្វើ​ម្ដេច​ឲ្យ​ស្បើយ
    ពេល​បាត់​រូប​អ្នក ។
    យប់​នេះ​ភ្លៀង​ធំ យប់​នេះ​បាត់​ម៉ុំម ទ្រូង​ខ្ញុំ​អួល​អាក់
    កើត​ភាព​ឯកា វាចារ​មិន​លាក់ សុំ​ទោស​ណា​អ្នក
    កុំ​ប្រកាន់​ខ្ញុំ ។
    រនោច​ឃ្វាង​ខែ ឱ្យ​ខ្ញុំ​​ប្រួល​ប្រែ វង្វេង​បាត់​ម៉ុម
    ឱ​,​ខ្នើត​សម្លាញ់ ខ្ញុំ​សូម​បង្ខំ ឆាប់​មក​-ឲ្យ​ម៉ុម
    ជួប​ខ្ញុំ​ជា​ថ្មី ។
    អរគុណ​ណារដ្ឋ ពេល​ខ្ញុំ​ប្រាស់​ព្រាត់ នា​យប់​រាត្រី
    បាន​អ្នក​ជួយ​ខ្ញុំ រួច​ចាកទុក្ខ​ភ័យ ថ្ងៃ​ក្រោយ​មាន​អ្វី
    ខ្ញុំ​ជួយ​អ្នក​វិញ ។

  3. naraths ថ្ងៃសុក្រ ទី 16 ខែ​មីនា 2007 / 10:28 ព្រឹក

    មិនអីទេបឿនភឿនសម្លាញ់
    ឥឡូវចម្រាញ់កំណាព្យស្នេហា
    ចូលទៅអានទៅក្រែងខុសត្រង់ណា
    រួចពិចារណានៅប្លក់ផស់ខ្ញុំ ។
    ខ្ញុំចេះតែងកាព្យកំណាព្យវោហាស៍
    ឯអ្នកវិញណាមិនចាញ់អាត្មាឡើយ
    ចេះតបចេះតែងបានសំបើមហើយ
    អ្នកកវីអើយពូកែសារស៍ព្ទ ។
    បានតបប៉ុណ្ណេះសូមស្លេះបរិយាយ
    មិននៅរ៉ាប់រ៉ាយព្រោះខ្ញុំប្រញ៉ាប់
    ដល់ម៉ោងបាយហើយលាមិត្តចំណាប់
    ចំអែតពោះឆាប់ៗ ល្ងាចនេះប្រលងហ្វាយណល…

  4. Boeun ថ្ងៃសុក្រ ទី 16 ខែ​មីនា 2007 / 12:03 ល្ងាច

    អូខេ,​សម្លាញ់​ ចាំ​ខ្ញុំ​ទៅ
    ឲ្យ​កែ​​ខុស​ត្រូវ​ ​មិន​ចំណាប់
    បើ​ឲ្យ​ខ្ញុំ​អាន​ ឬ​ឲ្យ​ស្ដាប់
    នោះ​ទើប​ចំណាប់​ ចំ​ជំនាញ ។

    ព្រោះ​ខ្ញុំ​​មិន​សូវ​ចេះ​កាព្យ​ឃ្លោង
    ពាក្យ​ពេចន៍​​ខ្លះ​​ឆ្គង ចេះ​តែ​ទាញ
    ដាក់​មក​ផ្សំ​ន័យ គ្មាន​ជំនាញ
    តែ​ខំ​រក​ទាញ ឲ្យ​បាន​ឃ្លា ។

    អូហ៍,​មិត្ត​សម្លាញ់​បាន​ហា​ស្ដី
    ពោល​ពាក្យ​កវី​ មក​ឲ្យ​គ្នា
    ស្ដាប់​រអៀស​ខ្លួន មិន​សម​ជា
    ព្រោះ​អី​រូប​គ្នា​ទើប​ នឹង​រៀន ។

    ចេះ​បាន​តិច​តួច មិន​ដូច​មិត្ត
    ខំ​ប្រឹង​ប្រៀន​ប្រិត គ្មាន​មេរៀន
    តែង​ឲ្យ​​”​បុត្រា​ខ្មែរ​“​​តិច​តៀន
    គាត់​ជួយ​បង្រៀន ត្រង់​ចន្លោះ ។

    អេ​! ​​នៅ​ប្លក់​គាត់​ កាព្យ​ច្រើន​ណាស់
    កំណាព្យ​ថ្មី​ចាស់ រាប់​មិន​អស់
    ប៊ុន​ឈឿន កិច​សែ ពិត​គ្មាន​ទាស់
    ផស់​គាត់​វិញ​ណស់​ រិត​​អស្ចារ្យ ។

    អូហ៍, សម្លាញ់​អាប់ រ៉ាយ​រ៉ាប់​ឆ្ងាយ
    ក៏​ដល់​ម៉ោង​បាយ​ដែរ​ហើយ​ណា
    បាយ​រួច​សឹម​មើល កាព្យ​ស្នេហា
    ចម្រាញ់​យ៉ាង​ណា នៅ​ប្លក់​មិត្ត ។

  5. naraths ថ្ងៃសៅរ៍ ទី 17 ខែ​មីនា 2007 / 10:23 ព្រឹក

    អូ!ឥឡូវមិនថាពាក្យរាយ
    មិត្តចេះទំលាយពាក្យកាព្យពីពោះ
    អានពីរបីរ៉ាវហាក់សែនពិរោះ
    ក្នុងនោះបង្កប់ខ្លឹមសារលែបខាយ ។
    ខ្ញុំក៏ដូច្នោះមិនដែលធ្លាប់រៀន
    ជាក្បួនដែលឃ្លានខ្ញុំចង់ចេះឆ្ងាយ
    យូរៗតែងមួយគ្រាន់អានសប្បាយ
    មិនគិតវែងឆ្ាយថាខ្លួនកវី ។
    តែមិត្តគួរយល់ពីពាក្យកវី
    គឺអ្នកចេះផ្ដល់ឃ្លាអូសបន្លាយ
    ឲ្យមានអត្ថន័យនិងមានតម្លៃ
    ទោះតិចច្រើនក្ដីជាអ្នកនិពន្ធ ។
    បានហើយចាំស្អែកខ្ញុំមកជួបទៀត
    រកពេលឆ្លាស់ឆ្លៀតមិនមែនបន្ទាន់
    ថ្ងៃនេះខ្ញុំនឹងបង្ហើយការងារប៉ុនភ្នំ
    គណនេយ្យសែនធ្ងន់គ្រូទារ Assignment….

  6. Boeun ថ្ងៃសៅរ៍ ទី 17 ខែ​មីនា 2007 / 12:20 ល្ងាច

    —-( បទ​ពាក្យ​៨​ )—-

    សម្លាញ់​កុំ​គិត​ ថា​ខ្ញុំ​លេបខាយ
    ខ្ញុំ​សូម​បក​ស្រាយ ចេញ​ពី​ដួង​ចិត្ត
    រ៉ាយ​រ៉ាប់​កាព្យ​នោះ មិន​ចំអក​មិត្ត
    តែ​ជា​ពាក្យ​ពិត​ សម្រាប់​ខ្លួន​ខ្ញុំ ។

    ដោយ​សារ​មិន​យល់ អត្ថន័យ​កវី
    ទើប​គិត​វែង​ឆ្ងាយ ធ្វើ​ឲ្យ​ច្រឡំ
    យល់​ថា​កវី ពូកែ​ហាន​ហំ
    ចំណែក​រូប​ខ្ញុំ មិន​ទាន់​ចេះ​អី ។

    —-( បទ​ពាក្យ​៧ )—-

    ឥឡូវមើល​​វ-ចនានុក្រម
    និង​​អាន​រួម​ផ្សំ មិត្ត​តប​ថ្មី
    បាន​យល់​ន័យ​ពាក្យ ដឹង​សេចក្ដី
    ឥឡូវ​មាន​ឆ្អី​ ! ខ្ញុំ​អ្នក​ខុស🙂 ។

    ពាក្យ​ថា​កវី ន័យ​ដូច​ហំ
    វចនានុក្រម ដែល​បាន​ចុះ
    សង្ឃរាជ​ជួន​ណាត ល្បី​សាយ​សុះ
    ថា​កវី​នោះ អ្នក​តែង​កាព្យ ។

    ឲ្យ​តែ​ចេះ​តែង ថ្លែង​វាចារ
    ថ្ងែង​ធ្វើ​យ៉ាង​ណា​ ឲ្យ​ចំណាប់
    រក​ពាក្យ​សម​សួន ជួន​សម​ស្ដាប់
    ចង​ជា​កំណាព្យ ហៅ​កវី ។

    ន័យ​មួយ​ទៀត​ ឆ្លៀត​ប្រាប់​ទៅ​ចុះ
    ទំនង​មិន​ខុស​ ទេ​ពិសី
    គេ​ថា​អ្នក​ប្រាជ្ញ ខាង​សំដី
    ក៏​ជា​កវី​ ដែរ​ “​ណា​រដ្ឋ​” ។

    អរគុណ​យ៉ាង​ធំ ខំ​ឆ្លៀត​​ចូល
    ទោះ​ខ្លួន​រវល់ ក៏​មិន​មាត់
    ធ្វើ​កិច្ច​ការ​គ្រូ សិន​ទៅ “​រដ្ឋ​”
    ប្រយ័ត្ន​គ្រូ​ផ្ទាត់​ អាអូន​តូច😀 ។

  7. naraths ថ្ងៃសៅរ៍ ទី 17 ខែ​មីនា 2007 / 6:07 ល្ងាច

    កវីចេញថ្មីកវី ទឹមបឿន
    តបស្ដីយ៉ាងលឿនមកខ្ញុំវិញ
    អានចំហមាត់អម្បាញ់ម៉ិញ
    ពេលមិត្តបញ្ចេញសម្ដីប្រាប់គ្នា ។

    ជាពាក្យពិរោះជាពាក្យមានន័យ
    ដឹងឮអ្វីៗសំខាន់គ្រប់ឃ្លា
    ចំណេះទូទៅយើងខំម្នីម្នា
    ស្ទុះស្ទារប្រញ៉ាប់ប្រាប់កវីខ្ញុំ ។

    ឃើញបឿនឥឡូវចេះកំណាព្យច្រើន
    នេះបែបចម្រើនទាំងដុំៗ
    តែងទុកៗក្នុងសៀវភៅធំ
    ចំណែកឯខ្ញុំទើបបានដប់ប្លាយ ។

    មិនទាន់បញ្ចេញព្រោះគ្មានពេល
    កំណាព្យខ្ញុំនោះខ្លាចរសាយ
    ដាក់ចេញម្ដងមួយគ្រាន់មិត្តបរិយាយ
    បើដាក់ច្រើននៃគ្មានអ្នកអាន ។

  8. Boeun ថ្ងៃអាទិត្យ ទី 18 ខែ​មីនា 2007 / 9:04 ព្រឹក

    អរគុណ​សម្លាញ់ បាន​បូរបាច់
    តប​មក​ប៉ាច់​ៗ សរសើរ​ខ្ញុំ
    ចំណេះ​ទូទៅ ត្រូវ​តែ​ខំ
    ទាំង​អ្នក​ទាំង​ខ្ញុំ​ កុំ​ប្រហែស ។

    កំណាព្យ​ខ្ញុំ​មាន តិច​តួច​នៃ
    ខំ​ប្រឹង​ឃ្មាត​ឃ្មៃ ព្រោះ​ចង់​ចេះ
    កាល​ខែ​ដប់​ពីរ ដូច​មិន​ផេះ
    ព្រោះ​គ្មាន​តម្រិះ រៀប​កាព្យ​ឃ្លោង ។

    ពេល​ខ្លះ​សប្បាយ​ ពេល​ខ្លះ​ទុក្ខ
    ពេល​ខ្លះ​អប្សុក ខ្លួន​ធីង​ធូង
    មិន​ដឹង​ធ្វើ​អី ទើប​ចាប់​តោង
    កំណាព្យ​ឃ្លា​ឃ្លោង ថ្លា​ថ្លែង​ស៍ព្ទ ។

    គាប់​ជួន​ជា​ពេល ​”​បុត្រា​ខ្មែរ​”​
    រៀប​រាប់​ហូរ​ហែរ បរបាច់​ប្រាប់
    ខិត​ខំ​ប្រឹង​អាន ឬ​ប្រឹង​ស្ដាប់
    ទើប​ខ្ញុំ​ប្រញាប់​ខំ​ឃ្មាត​ខ្មី ។

    ខំ​រៀន​ខំ​​អាន មើល​សំនេរ
    រៀន​សាក​សរសេរ ឲ្យ​ចំ​ន័យ
    គ្រា​នោះ​សរសេរ បាន​ពីរ​បី
    “​បុត្រា​ខ្មែរ​”​លៃ​លក​ជួយ​កែរ ។

    ឥឡូវ​បាន​ប្រហែល​ជិត​ដប់
    ដូច​”​រដ្ឋ​”​រៀប​រាប់ ថា​សំនេរ
    ដាក់​សៀវភៅ​ធំ​អី​ គ្មាន​ទេ
    ទើប​រៀន​សរសេរ មក​ថ្មី​ៗ ។

    ត្រឹម​ប៉ុណ្ណឹង​ចុះ ព្រោះ​ប្រញាប់
    ឆៀង​ចូល​ថា​​ឆាប់ មិន​តប​អី
    តែ​ឃើញ​ណារដ្ឋ តប​ថ្មី​ៗ
    ទើប​មិន​សំចៃ​ឆ្លើយ​តប​វិញ ។

  9. naraths ថ្ងៃអាទិត្យ ទី 18 ខែ​មីនា 2007 / 2:35 ល្ងាច

    តបចុះៗមិត្តកុំទុក
    មិនមែនព្រាងទុកសុទ្ធពាក្យថ្មី
    ថាចុះថាឡើង មិនដឹងស្អី តស្អី
    ទោះមិត្តឃ្មាតខ្មី និយាយដដែលៗ ។

    នាំគ្នាបើកចូលទំព័រថ្មី
    ពិភាក្សាស្ដី កាព្យកេរតំណែល
    ខ្ញុំនឹងដាក់ទៀត នោះប្រហែល
    មិនឲ្យដដែល គឺ «មន្តស្នេហ៍ភ្នែកតូច»…

  10. Boeun ថ្ងៃអាទិត្យ ទី 18 ខែ​មីនា 2007 / 5:40 ល្ងាច

    បាន​មើល​រួច​ហើយ ភ្នែក​តូច​នោះ
    ថែម​ទាំង​ទំលុះ​អាថ៌កំបាំង
    បក​អាក្រាត​ខ្លួន​ឯង​ម៉ា​ក្ដាំង
    ឆ្មា​ស៊ី​ត្រី​អាំង ប៉ុណ្ណឹង​ឯង ។

    ឲ្យ​តែ​ហ៊ាន​សៀត​ស្នៀត​ប្រហែស
    អ្នក​សៀត​មិន​ចេះ មិន​ប្រយែង
    ដាក់​ចោល​ឲ្យ​ឆ្មា​ដឹង​កន្លែង
    មិន​ចាំ​បាច់​ថ្លែង គង់​យក​ឆី ។

  11. naraths ថ្ងៃអាទិត្យ ទី 18 ខែ​មីនា 2007 / 6:02 ល្ងាច

    ឆីចុះត្រឹមត្រីអាំងប៉ុណ្ណឹង
    ឆ្មាអ្នកមិនដឹងត្រីអាំងស្អុយ
    កន្លែងឆ្មាដឹងកន្លែងស៊យ
    ឆ្មាអ្នក​ថ្លោះធ្លោយត្រី Expire ….

  12. Boeun ថ្ងៃអាទិត្យ ទី 18 ខែ​មីនា 2007 / 6:13 ល្ងាច

    ត្រី​ឈ្ងុយ​យ៉ាង​ហ្នឹង​ម្ដេច​ថា​ស្អុយ
    ថា​ខ្ញុំ​ថ្លោះ​ធ្លោយ​ត្រី​ Expire
    ត្រី​នោះ​មាន​ជាតិ ឆ្ងាញ់​សឹង​អី
    កំណាព្យ​មាន​ន័យ មិន​សម​ស៊យ ។

    ចូល​ទៅ​អាន​ខ្វោក ក៏​ដឹង​ខ្វាច់
    ខំ​អាន​ប៉ាច់​ៗ គ្រប់​ជ្រុង​ជ្រោយ
    អាន​រួច​បន្ថែម​មតិ​ឲ្យ
    ពិត​មិន​សម​ស៊យ ដូច​មិត្ត​ស្ដី ។

  13. naraths ថ្ងៃចន្ទ ទី 19 ខែ​មីនា 2007 / 6:25 ល្ងាច

    ស្ដីថាលេងទេ កុំទៅភ័យនោះ
    ទោះខ្ញុំទម្លុះ រឿងអ្វីៗ
    ឌឺដងសប្បាយ កុំបាច់ព្រួយ
    ត្រីមិនរលួយ ទេព្រលឹង​។

    ខ្វោកខ្វាកខ្វាច់ខ្វៀន រៀនរហ័ស
    មិត្តពិតជាក់ច្បាស់ រឿងចឹងៗ
    ពីដួងចិត្តពិត ភ្នែកសម្លឹង
    រំពឹងពុះពារ ស៊ីរំពាត់ ។

    ត្រឹមលួចគួចគិត ចិត្តអត្មា
    គិតច្រើនសោកា ថាប្រវត្តិ
    ឯងនេះមិនខ្មេះ ចេះទូទាត់
    រឿងស្គមរឿងធាត់ គត់ម្ដេចម្ដា ….

  14. Boeun ថ្ងៃអង្គារ ទី 20 ខែ​មីនា 2007 / 11:47 ព្រឹក

    ហ្នឹង​ហើយ​កវី​ ស្ដី​អ៊ីចឹង
    លេប​ខាយ​ដង​​ដឹង ថ្លឹង​អត្ថន័យ
    បញ្ឆិត​បញ្ឆៀង​ ដាក់​គ្រប់​អ្វី
    ប៉ុន្តែ​សេចក្ដី​នៅ​នឹង​មុខ ។

    ធ្វើ​ម្ដេច​ឲ្យ​ខឹង ឲ្យ​ភិត​ភ័យ
    បើ​ដឹង​សេចក្ដី​ ដឹង​ទំនុក
    ដឹង​ពី​កិច្ច​កល ដែល​រៀប​ទុក
    កុំ​ឲ្យ​អប្សុក ស្ដី​ចុះ​មិត្ត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s