នាល្ងាចថ្ងៃមួយមានតៃកុងឡាន និងព្រូឡានមួយក្រុមបានជួបជុំគ្នាហើយទិញផ្លែស្វាយជាច្រើនមកញ៉ាំ ដែលពួកគាត់មិនបានគិតថានឹងមានរោគរាគឡើយ ។
លុះម៉ោងប្រមាណជា ៤ភ្លឺ តៃកុងឡានម្នាក់និងព្រូឡានពីរនាក់ ដែលជាអ្នកបានចូលរួមញ៉ាំស្វាយកាលពីល្ងាច បានរូតរះហៅម៉ូយឡាន ហើយចេញដំណើរសំដៅមកក្រុងភ្នំពេញ លុះមកដល់ទឹកដីព្រំប្រទល់រវាងខេត្តបាត់ដំបង និង ខេត្តពោធិ៍សាត់ ដែលជាទីវាលស្ងាត់ពុំសូវមានភូមិប្រជាជនឡើយ គឺមានតែព្រៃដុះសង្ខាងផ្លូវប៉ុណ្ណោះ ។ ចំពោះដំបន់នេះផងដែរ គឺជាតំបន់ដែលសំបូរទៅដោយចោរប្លន់ ស្រាប់តែពេលនោះពូតៃកុងឡានឈឺពោះយ៉ាងខ្លាំងរហូតដល់ទ្រាំពុំបានក៏សំរេចចិត្តឈប់ឡាន ហើយរត់សំដៅទៅក្នុងព្រៃដោយពុំបានប្រាប់ទៅអ្នកជិះ ឬព្រូឡានឡើយ ។ រំពេចនោះព្រូឡាន និង អ្នកជិះឃើញពូតៃកុងឡានរត់យ៉ាងលឿនចូលទៅក្នុងព្រៃ នឹកស្មានតែចោរប្លន់ ក៏នាំគ្នាចុះពីឡានយ៉ាងរហ័សរត់តាមក្រោយពូតៃកុងឡាន ពេលនោះផងដែរ ពូតៃកុងឡានក្រឡេកមើលក្រោយ ឃើញមនុស្សយ៉ាងច្រើនរត់តាមគាត់ហើយគាត់នឹកស្មានថាមានចោរប្លន់ហើយបានជាគេនាំគ្នារត់បែបនេះ ហើយគាត់ក៏រឹតតែរត់បន្ថែមទៀតដោយពុំបានសួរហេតុផលឡើយ ដោយភ្លេចទាំងឈឺពោះទៀតផង រហូតដល់ហត់រត់លែងរួចរៀងៗខ្លួន ក៏ឈប់ហើយសួរថា “មានរឿងអីបានជារត់យ៉ាងនេះ?” “ពេលឃើញពូតៃកុងឡានរត់ក៏រត់ទៅ” ។ ពេលនោះពូតៃកុងឡានហួសចិត្តហើយឆ្លើយថា “អត់ទេ… ខ្ញុំឈឺពោះក៏រត់មកបត់ជើងតែប៉ុណ្ណោះ ៕
ដកស្រង់ពី ទស្សនាវដ្ដី ទីក្រុងទូរស័ព្ទ ឆ្នាំទី១ លេខទី៣ ខែសីហា ឆ្នាំ២០០៥