jump to navigation

មនុស្ស​នៅ​តែ​សម្រុក​ចូល​មើល​រឿង នេសាទ​ក្រពើ ខែ វិច្ឆិកា 3, 2009

Posted by ទឹម បឿន in ខ្សែ​ភាពយន្ត, ទាក់ទង​នឹង​ខ្ញុំ.
3 comments

ពួកម៉ាក​បបួល​ទៅ​មើល​រឿង​នេសាទ​ក្រពើ ដំបូង​គិត​ថា​មិន​ទៅ​ទេ ព្រោះ​ធ្លាប់​មើល​ម្ដង​រួច​ទៅ​ហើយ ក្រោយ​មក​ក៏​ប្ដូរ​ចិត្ត​ចង់​ទៅ​មើល​វិញ តែ​ពួកម៉ាក​គេ​ទិញ​សំបុត្រ​ពីរ សម្រាប់​គេ និង​សង្សារ​គេ​រួច​ទៅ​ហើយ ។ ខ្ញុំ​គិត​ថា ដល់​ម៉ោង​ចូល​មើល​ចាំ​ទិញ​សំបុត្រ​ក៏​បាន តែ​លុះ​ដល់​ម៉ោង សំបុត្រ​សម្រាប់​ម៉ោង ២​រសៀល​លក់​អស់ អត់​មាន​សល់​ទេ ។ ខ្ញុំ​មិន​ដឹង​ទៅ​ណា ក៏​ទៅ​ចូល​មើល​រឿង ភូមិ​ខ្មោច នៅ​រោងកុន​លុច្ស ។ រឿង​នោះ ខ្ញុំ​មិន​ដឹង​ថា​ជា​រឿង​របស់​ប្រទេស​ណា​ទេ តែ​ទំនង​ដូច​ហ្វីលីព្ពីន ក៏​មិន​ដឹង ។ រឿង​ភូមិ​ខ្មោច​នោះ គួរ​ឱ្យ​ធុញ​ណាស់ ពី​ដើម​ដល់​ចប់ ចេញ​តែ​ខ្មោច មិន​ដឹង​ខ្មោច​មួយ​ណា​ប្រាកដ ប្រហែល​១០​វិ​នាទី​លេច​ខ្មោច​ម្ដង ភ្លេង​ឆុងឆាំងៗ​ សាច់​រឿង​ដូច​គ្មាន​អី​ពិសេស​សោះ ។ងាក​មក​រឿង​នេសាទ​ក្រពើ​នេះ​វិញ រហូត​មក​ដល់​ឥឡូវ ដូច​ជា​បី​បួន​ឆ្នាំ​ហើយ ប្រជាប្រិយភាព​នៅ​តែ​មិន​បាត់ មនុស្ស​នៅ​តែ​ដណ្ដើម​គ្នា​ទិញ​សំបុត្រ​ចូល​មើល គួរ​ឱ្យ​កោត​សរសើរ​មែន ។ បើ​ធៀប​រឿង​ផ្សេងៗ​របស់​ខ្មែរ​ក្នុង​សម័យ​ក្រោយ​នេះ កម្រ​មាន​រឿង​ណា​ទទួល​បាន​ជោគជ័យ​ដូច​រឿង​នេះ​ណាស់ ។

ទៅ​អនាគត បើ​ហង្សមាស​នៅ​បន្ត​ថត​ភាពយន្ត​ខ្មែរ​ត​ទៅ​ទៀត ពិត​ជា​អាច​ជួយ​លើក​ស្ទួយ​វិស័យ​​ភាពយន្ត​ខ្មែរ​មួយ​កម្រិត​ដែរ ។ ជា​ពិសេស អាច​ជា​គំរូ​ដល់​ផលិតកម្ម​ផ្សេងៗ​ឱ្យ​ខិតខំ​ផលិត​ភាពយន្ត​របស់​ខ្លួន​បាន​កាន់តែ​ប្រសើរ​ពុំ​ខាន​ឡើយ ។

ហេតុអ្វី​ពេទ្យ​ភាគច្រើន​អត់​មាន​សុជីវធម៌ ខែ វិច្ឆិកា 2, 2009

Posted by ទឹម បឿន in ទាក់ទង​នឹង​ខ្ញុំ, ស្រុក​ខ្មែរ, អប់រំ.
37 comments

មិន​ចម្លែក​សម្រាប់​អ្នក​ដែល​ធ្លាប់​ចូល​ពេទ្យ​រដ្ឋ នៅ​ពេល​ឃើញ​អាកប្បកិរិយា​ពេទ្យ​ធ្វើ​មក​លើ​អ្នក​ជំងឺ និង​អ្នក​ថែ​អ្នក​ជំងឺ​ដោយ​ប្រើ​ពាក្យ​គំរោះគំរើយ ស្ដី​ថា​ដូច​សត្វ​ធាតុ ។ ពេទ្យ​ដែល​ខ្ញុំ​គិត​ថា​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ខាង​នេះ ប្រហែល​ជា​ពេទ្យ​គន្ធបុប្ផា ដែល​ជា​ពេទ្យ​ពិនិត្យ និង​ព្យាបាល​រោគ​កុមារ ។ ខ្ញុំ​ទើបតែ​ចូល​ពេទ្យ​នោះ​​ជា​លើក​ទីមួយ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ពេល​ប្អូន​ជីដូនមួយ​ខ្ញុំ​ក្ដៅ​ខ្លួន​ខ្លាំង ។ ពេល​ចូល​ទៅ​ដល់​ក្នុង​មន្ទីរពេទ្យ គ្រូពេទ្យ​បីបួន​អ្នក ប្រុស​ម្នាក់​ស្រី​ពីរ ឬ​បី​នាក់​, ខ្ញុំ​មិន​ចាំ, ខ្ញុំ​មិន​ទាន់​បាន​និយាយ​អី ឬ​អង្គុយ​ផង ឮ​ពេទ្យ​នោះ​ស្ដី​ឱ្យ​មីង​ចំណាស់​ម្នាក់​កំពុង​បី​កូន​នឹង​ដៃ ដែល​ទំនង​ចាស់​ជាង​ពេទ្យ​នោះ ។ ពេទ្យ​និយាយ​កំបុតកំបុយ “ ឮ​​ថា​ឱ្យ​ចេញ​ទៅ​ក្រៅ​ទេ!! ម៉េច​និយាយ​មិន​ស្ដាប់​គ្នា​ទេ​អ្ហី?” មីង​នោះ​ខំ​អង្វរ​រលីងរលោង​ទឹកភ្នែក​ ព្រោះ​គាត់​បារម្ភ​ពី​កូន​គាត់ ពេទ្យ​នោះ​នៅ​តែ​ដេញ​គាត់​ឱ្យ​ចេញ មីង​ក៏​បី​កូន​ចេញ​របៀប​មិន​អស់​ចិត្ត ។ រួច​ពេទ្យ​នោះ​បែរ​មក​សួរ​ខ្ញុំ “ ឈឺ​អី?… អង្គុយ​កៅអី​មក!!” និយាយ​របៀប​គំរាម​សួរ​ចម្លើយ​អ្នក​ទោស​យ៉ាងម៉េច​មិន​ដឹង​ទេ រួច​ឱ្យ​ខ្ញុំ​ដាក់​ប្អូន​អង្គុយ​លើ​កៅអី គេ​មើល​តើ​អង្គុយ​បាន​ឬ​អត់ រួច​​ថា “ កូន​ហ្នឹង​មិន​អី​ទេ យក​ទៅ​វិញ​ទៅ” ខ្ញុំ​ក៏​ថា “ វា​ក្ដៅ​ឡើង​ចង់​សន្លប់ ហូរ​ឈាម​តាម​ច្រមុះ​ទៀត​ផង” ។ ពេទ្យ​ថា “ ហូរ​ឈាម​តាម​ច្រមុះ​មិន​អី​ទេ យក​ទៅ​វិញ ម៉ោង​២​ចាំ​ចូល​មក​ម្ដង​ទៀត!” ខ្ញុំ​ក៏​អង្វរ​ថា​ឱ្យ​ជួយ​ពិនិត្យ​ក្មេង​បន្តិច​ទៅ ពេទ្យ​គេ​ត្អូញ “ ធុញ​ណាស់​វ៉ី! មើល៍​យក​ថ្នាំ​ប៉ារា​ឱ្យ​លេប​មួយ​ចំហៀង​ទៅ ហើយ​ឱ្យ​ទៅ​ក្រៅ​ទៅ!” ពេទ្យ​ប្រុស​នោះ ក៏​យក​ថ្នាំ​​បោះ​​នៅ​លើ​តុ​មុខ​​ខ្ញុំ និយាយ​ថា “ ណេះ! យក​ទៅ​លេប​ទៅ! លេប​មួយ​គ្រាប់​ហ្នឹង​ហ្មង​ទៅ!” រួច​ពេទ្យ​ៗ​គេ​នាំ​គ្នា​សើច​គ្នា​គេ ហើយ​​ដើរ​ទៅ​អង្គុយ​ធ្វើ​មិន​ដឹង ។ ខ្ញុំ​ចាប់ក្ដៅ​ទ្រូង​ភ្លាម រួច​ក៏​បី​ប្អូន​ដើរ​ចេញ​មក​ក្រៅ​វិញ និង​នាំ​ទៅ​ពេទ្យ​កុមារជាតិ ។ មិន​ស្មាន​ថា ពេទ្យ​កុមារជាតិ​ស្រួល​ជាង​ពេទ្យ​គន្ធបុប្ផា​សោះ ខ្ញុំ​ចំណាយ​លុយ ២០០០៛ ទិញ​សៀវភៅ​ចូល​ពិនិត្យ​រោគ និង​ចំណាយ ៦០០០៛ លើ​ថ្លៃ​បើក​ថ្នាំ និង​​មិន​ចាំបាច់​រង់ចាំ​យូរ​​ទៀត​ផង តែ​សេវា​ក៏​មិន​ល្អ​ខ្លាំង​ណាស់ណា​ទេ តែ​ចាត់ទុក​ថា​ប្រសើរ​ជាង​គន្ធបុប្ផា​ឆ្ងាយ​ណាស់ ។

តើ​អាកប្បកិរិយា​បែប​ពេទ្យ​នៅ​គន្ធបុប្ផា​បណ្ដាល​មក​អំពី​អ្វី? មក​ពី​ចរិត​របស់​ពេទ្យ​​ទាំង​នោះ ឬ​មក​ពី​ការនៅ​ជាមួយ​អ្នក​ជំងឺ​រាល់ថ្ងៃ ធ្វើ​ឱ្យ​គាត់​មួម៉ៅ លែង​ចេះ​និយាយ​ពាក្យ​ល្អ ចេះតែ​ពាក្យ​ជេរ ស្ដី​បន្ទោស ។ តែ​ទោះ​ជា​យ៉ាងណា ក៏​ខ្ញុំ​នៅ​តែ​បន្ទោស​ដែរ ព្រោះ​អាកប្បកិរិយា​ហ្នឹង​វា​ជ្រុល​ហួសហេតុ​ពេក ធ្វើ​ឱ្យ​ខ្ញុំ​ស្អប់​មុខ​ពេទ្យ​ហ្នឹង​មែនទែន ។ ឧបមា​ថា ចៃដន្យ​ពេទ្យ​ហ្នឹង​ជា​បងប្អូន​ខ្ញុំ មក​លេង​ផ្ទះ​ខ្ញុំ​អី ខ្ញុំ​មិន​ខ្លាច​នឹង​តោង​ចាន​​បាយ​ចេញ និង​ដេញ​មិន​ឱ្យ​ស៊ី​បាយ​នោះ​ទេ ព្រោះ​វា​ដូច​ជា​ឆ្អែត​ពេញ​ទ្រូង​ណាស់ ថ្ងៃ​នោះ ។

I’m not alone any more ខែ តុលា 28, 2009

Posted by ទឹម បឿន in ទាក់ទង​នឹង​ខ្ញុំ, រូប​ និង​គំនូរ.
26 comments

កាល​មក​ភ្នំពេញ​ដំបូង រស់នៅ​ម្នាក់ឯង មាន​អារម្មណ៍​ថា​កណ្ដោច​កណ្ដែង​ណាស់ ឥឡូវ​ខ្ញុំ​ជួល​បន្ទប់​​ធំ​បន្តិច មាន​​បង មាន​​ម៉ែ​មក​នៅ​ជាមួយ មាន​អារម្មណ៍​ថា​កក់ក្ដៅ​បន្តិច ហើយ​លែង​សូវ​ខ្វល់​ច្រើន មក​ដល់​ផ្ទះ​មាន​អារម្មណ៍​ថា​​សប្បាយ ទៅ​ធ្វើការ​ក៏​សប្បាយ​ជាង​មុន ។ ​បងប្អូន​មក​លេង​ម្ដងៗ កាន់តែ​សប្បាយ​ចិត្ត​ទៅ​ទៀត ឥឡូវ​អ៊ី​​ក៏​មក​នៅ​ជាមួយ មាន​ប្អូន​ជីដូន​មួយ​គ្រាន់​ប្រលែង ថែម​ទាំង​​មាន​បងប្អូន​សុំ​មក​នៅ​ជាមួយ​ពីរបី​នាក់​ទៀត អ៊ូអរ​សម្បើម​ណាស់ ។ ទាស់​តែ​បន្ទប់​ចង្អៀត​បន្តិច ។

DSC01150ប្អូន​ជីដូន​មួយ​ខ្ញុំ (ចាន្នី និង​បញ្ញា)

ក្រុមហ៊ុន​រើស​បុគ្គលិក​ផ្នែក គណនេយ្យ និង បម្រើ​អតិថិជន ខែ តុលា 22, 2009

Posted by ទឹម បឿន in សារព័ត៌មាន.
2 comments

ក្រុមហ៊ុន​ដែល​ខ្ញុំ​ធ្វើការ ត្រូវការ​បុគ្គលិក​ផ្នែកគណនេយ្យ និង​ផ្នែក​បម្រើ​អតិថិជន បើ​ចាប់អារម្មណ៍ សូម​ផ្ញើ​ស៊ីវី​មក​​លោក អ៊ុន ភាច pheachun@angkorrealestate.com ។

សូម​មើល​ព័ត៌មាន​ការងារ​ខាងក្រោម៖ (ច្រើនទៀត…)

ជួប​ជជែក​ជាមួយ​អ្នក​កាសែត​ជនជាតិ​ហូឡង់ ខែ តុលា 17, 2009

Posted by ទឹម បឿន in ទាក់ទង​នឹង​ខ្ញុំ.
6 comments
geraldine molema

Geraldine Molema, Dutch journalist

អ្នក​កាសែត​ជនជាតិ​ហូឡង់ ឈ្មោះ Geraldine Molema មក​ស្រុក​ខ្មែរ​រយៈពេល​មួយ​អាទិត្យ ដែល​នឹង​ត្រឡប់​ទៅ​នៅ​ល្ងាច​​ថ្ងៃ​សៅរ៍​នេះ ។ ខ្ញុំ​បាន​ទៅ​ជួប​គាត់​នៅ​ហាង​កាហ្វេ ធី​អែន​ស៊ី ប៉ាស្ទ័រ កាល​ពី​​ម៉ោង​៦​ល្ងាច ។ ពេល​ទៅ​ដល់ ខ្ញុំ​ឃើញ​គាត់​អង្គុយ​ចាំ​ខ្ញុំ តែ​ខ្ញុំ​មិន​ដឹង​ថា​ជា​គាត់​ទេ ដំបូង ខ្ញុំ​នឹក​ថា​​ឈ្មោះ​នេះ​​ជា​ប្រុស​ទេ ខ្ញុំ​ក៏​ទៅ​អង្គុយ​ចាំ​គាត់​ជិត​២០​នាទី ។ ខ្ញុំ​ចេះ​តែ​សំឡឹង​មើល មិន​ឃើញ​ប្រុស​បរទេស​ណា​ចម្លែក​សោះ តែ​ឃើញ​គាត់​ងាក​ចុះ ងាក​ឡើង ខ្ញុំ​ក៏​ចាប់​ភ្លឹក​ថា​ជា​គាត់ ។

Geraldine ចាប់​ផ្ដើម​សួរ​ពី​ការងារ​ខ្ញុំ ខ្ញុំ​​ឆ្លើយ​ហូរហែរ​រហូត​ដល់​ការបង្កើត​ប្លក​ ។ គាត់​ក៏​ចាប់ផ្ដើម​សួរ​ពី​ដំណើរ​ដើមទង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​បង្កើត​ប្លក ។ មាន​ពេល​ខ្លះ គាត់​ភ្ញាក់​ផ្អើល និង​យល់​ថា​ចម្លែក ដូច​ជា​ពេល​ដែល​ខ្ញុំ​ប្រាប់​គាត់​ថា មុន​ខ្ញុំ​ចូលរៀន​មហាវិទ្យាល័យ ខ្ញុំ​មិន​ដែលស្គាល់​ស្អី​ជា​កុំព្យូទ័រ គាត់​ភ្ញាក់ផ្អើល​នឹង​តម្លៃ​ប្រើ​អ៊ីនធើណិត​ក្នុង​ស្រុក​ខ្មែរ​ដែល​ថ្លៃ​ជាង​នៅ​ហូឡង់ ថ្លៃ​ម្ហូប​អាហារ និង​ទំនិញ​ផ្សេងៗ ថ្លៃ​ធ្វើ​ដំណើរ ថ្លៃ​កុំព្យូទ័រ​ក្នុង​ស្រុក​ខ្មែរ ដែល​មិន​ស្រប​ទៅ​នឹង​ប្រាក់ខែ ។ ខ្ញុំ​ប្រាប់​គាត់​អំពី​ការវិវឌ្ឍ​នៃ​ប្លក និង​អ្នក​ប្លក​ដែល​កើនឡើង​រាប់​មិន​អស់ អំពី​បច្ចេកវិទ្យា អំពី​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​នៃ​​បច្ចេកវិទ្យា​ក្នុង​ស្រុក​ខ្មែរ​ និង​អ្ន​ក​ប្រើ​អ៊ីនធើណិត​កើត​លើស​ពី​ប៉ុន្មាន​ឆ្នាំ​មុន ។ រឿង​ដែល​គាត់​ចម្លែក​ចិត្ត​មួយ​ទៀត គឺ​នៅ​ពេល​ដែល​គាត់​ដឹង​ថា ម្ដាយ​ខ្ញុំ​មិន​ស្គាល់​កុំព្យូទ័រ និង​អ៊ីនធើណិត ។

បើ​តាម​ដែល​គាត់​ប្រាប់​ខ្ញុំ គាត់​ចាប់អារម្មណ៍​ស្រុក​ខ្មែរ​ជា​ខ្លាំង ។ គាត់​យល់​ថា មនុស្ស​នៅ​ស្រុក​ខ្មែរ រួសរាយ រាក់ទាក់ ទីក្រុង​គួរ​ឱ្យ​ចង់​រស់​នៅ ព្រោះ​គាត់​មិន​ចូលចិត្តអគារ​ខ្ពស់ៗ​ដូច​នៅ​កូឡាឡាំពួរ ហើយ​គាត់​ចង់​មក​លេង​ស្រុក​ខ្មែរ​ម្ដងទៀត​នៅ​ពេល​អនាគត ។

គាត់​ជា​មនុស្ស​រួសរាយ និង​ពូកែ​និយាយ ។  មក​ស្រុក​ខ្មែរ គាត់​បាន​ជួប​បង បេ ចន្ត្រា ហើយ​បង​ចន្ត្រា​ណែនាំ​ខ្ញុំ​ ទើប​ខ្ញុំ​និង​គាត់​បានជួប​គ្នា ។