ហេតុអ្វីពេទ្យភាគច្រើនអត់មានសុជីវធម៌ ខែ វិច្ឆិកា 2, 2009
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ, ស្រុកខ្មែរ, អប់រំ.37 comments
មិនចម្លែកសម្រាប់អ្នកដែលធ្លាប់ចូលពេទ្យរដ្ឋ នៅពេលឃើញអាកប្បកិរិយាពេទ្យធ្វើមកលើអ្នកជំងឺ និងអ្នកថែអ្នកជំងឺដោយប្រើពាក្យគំរោះគំរើយ ស្ដីថាដូចសត្វធាតុ ។ ពេទ្យដែលខ្ញុំគិតថាជាប់ចំណាត់ថ្នាក់លេខមួយខាងនេះ ប្រហែលជាពេទ្យគន្ធបុប្ផា ដែលជាពេទ្យពិនិត្យ និងព្យាបាលរោគកុមារ ។ ខ្ញុំទើបតែចូលពេទ្យនោះជាលើកទីមួយ កាលពីប៉ុន្មានថ្ងៃមុន ពេលប្អូនជីដូនមួយខ្ញុំក្ដៅខ្លួនខ្លាំង ។ ពេលចូលទៅដល់ក្នុងមន្ទីរពេទ្យ គ្រូពេទ្យបីបួនអ្នក ប្រុសម្នាក់ស្រីពីរ ឬបីនាក់, ខ្ញុំមិនចាំ, ខ្ញុំមិនទាន់បាននិយាយអី ឬអង្គុយផង ឮពេទ្យនោះស្ដីឱ្យមីងចំណាស់ម្នាក់កំពុងបីកូននឹងដៃ ដែលទំនងចាស់ជាងពេទ្យនោះ ។ ពេទ្យនិយាយកំបុតកំបុយ “ ឮថាឱ្យចេញទៅក្រៅទេ!! ម៉េចនិយាយមិនស្ដាប់គ្នាទេអ្ហី?” មីងនោះខំអង្វររលីងរលោងទឹកភ្នែក ព្រោះគាត់បារម្ភពីកូនគាត់ ពេទ្យនោះនៅតែដេញគាត់ឱ្យចេញ មីងក៏បីកូនចេញរបៀបមិនអស់ចិត្ត ។ រួចពេទ្យនោះបែរមកសួរខ្ញុំ “ ឈឺអី?… អង្គុយកៅអីមក!!” និយាយរបៀបគំរាមសួរចម្លើយអ្នកទោសយ៉ាងម៉េចមិនដឹងទេ រួចឱ្យខ្ញុំដាក់ប្អូនអង្គុយលើកៅអី គេមើលតើអង្គុយបានឬអត់ រួចថា “ កូនហ្នឹងមិនអីទេ យកទៅវិញទៅ” ខ្ញុំក៏ថា “ វាក្ដៅឡើងចង់សន្លប់ ហូរឈាមតាមច្រមុះទៀតផង” ។ ពេទ្យថា “ ហូរឈាមតាមច្រមុះមិនអីទេ យកទៅវិញ ម៉ោង២ចាំចូលមកម្ដងទៀត!” ខ្ញុំក៏អង្វរថាឱ្យជួយពិនិត្យក្មេងបន្តិចទៅ ពេទ្យគេត្អូញ “ ធុញណាស់វ៉ី! មើល៍យកថ្នាំប៉ារាឱ្យលេបមួយចំហៀងទៅ ហើយឱ្យទៅក្រៅទៅ!” ពេទ្យប្រុសនោះ ក៏យកថ្នាំបោះនៅលើតុមុខខ្ញុំ និយាយថា “ ណេះ! យកទៅលេបទៅ! លេបមួយគ្រាប់ហ្នឹងហ្មងទៅ!” រួចពេទ្យៗគេនាំគ្នាសើចគ្នាគេ ហើយដើរទៅអង្គុយធ្វើមិនដឹង ។ ខ្ញុំចាប់ក្ដៅទ្រូងភ្លាម រួចក៏បីប្អូនដើរចេញមកក្រៅវិញ និងនាំទៅពេទ្យកុមារជាតិ ។ មិនស្មានថា ពេទ្យកុមារជាតិស្រួលជាងពេទ្យគន្ធបុប្ផាសោះ ខ្ញុំចំណាយលុយ ២០០០៛ ទិញសៀវភៅចូលពិនិត្យរោគ និងចំណាយ ៦០០០៛ លើថ្លៃបើកថ្នាំ និងមិនចាំបាច់រង់ចាំយូរទៀតផង តែសេវាក៏មិនល្អខ្លាំងណាស់ណាទេ តែចាត់ទុកថាប្រសើរជាងគន្ធបុប្ផាឆ្ងាយណាស់ ។
តើអាកប្បកិរិយាបែបពេទ្យនៅគន្ធបុប្ផាបណ្ដាលមកអំពីអ្វី? មកពីចរិតរបស់ពេទ្យទាំងនោះ ឬមកពីការនៅជាមួយអ្នកជំងឺរាល់ថ្ងៃ ធ្វើឱ្យគាត់មួម៉ៅ លែងចេះនិយាយពាក្យល្អ ចេះតែពាក្យជេរ ស្ដីបន្ទោស ។ តែទោះជាយ៉ាងណា ក៏ខ្ញុំនៅតែបន្ទោសដែរ ព្រោះអាកប្បកិរិយាហ្នឹងវាជ្រុលហួសហេតុពេក ធ្វើឱ្យខ្ញុំស្អប់មុខពេទ្យហ្នឹងមែនទែន ។ ឧបមាថា ចៃដន្យពេទ្យហ្នឹងជាបងប្អូនខ្ញុំ មកលេងផ្ទះខ្ញុំអី ខ្ញុំមិនខ្លាចនឹងតោងចានបាយចេញ និងដេញមិនឱ្យស៊ីបាយនោះទេ ព្រោះវាដូចជាឆ្អែតពេញទ្រូងណាស់ ថ្ងៃនោះ ។
ភាពជាអ្នកប្រតិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនា ខែ សីហា 10, 2009
Posted by ទឹម បឿន in ចំណេះដឹង, ជំនឿ សាសនា, អប់រំ.25 comments
កាលខ្ញុំរៀនថ្នាក់ទី៩ លោកគ្រូបង្រៀនមុខវិជ្ជាពលរដ្ឋវិទ្យា បានបង្រៀនឲ្យចេះសមាទាននិច្ចសីល តែមិនបានបង្ហាត់ឲ្យសូត្រពី ឧកាស អហំ ភន្តេ មកទេ គាត់បង្ហាត់ឲ្យរត់មាត់ តែនិច្ចសីលទាំង៥ មាន បាណាតិបាតា ជាដើម ។ ចាប់ពីពេលនោះមក ខ្ញុំចេះចាំ និងដឹងអំពីន័យសេចក្ដីមករហូត ។ ក្នុងគ្រានោះ លោកគ្រូបានបញ្ចុះបញ្ចូលទឹកចិត្តសិស្សទាំងឡាយឲ្យចង់ចេះចង់ដឹង និងស្រឡាញ់ព្រះធម៌ គ្រប់គ្នាខំរៀនសូត្ររត់មាត់នូវនិច្ចសីលទាំង៥ ដែលនិយមហៅថាសីល៥ដោយសេចក្ដីជ្រះថ្លា ។
រហូតមកដល់ពេលនេះ បើទោះជាខ្ញុំមិនបានបួសជាសាមណេរ ហាត់រៀនព្រះធម៌ តែខ្ញុំនៅតែស្រឡាញ់រាប់អានចង់ចេះចង់ដឹង ពិសេសគោរពពុទ្ធោវាទអស់ពីដួងចិត្ត ។
និច្ចសីល ឬសិល៥ មាន៖ (ច្រើនទៀត…)
ក្មេងអាយុ១៣ឆ្នាំ ក្លាយជាឪពុកគេ ខែ កុម្ភៈ 13, 2009
Posted by ទឹម បឿន in ប្លែកៗ, សារព័ត៌មាន, អប់រំ, ឯកសារ.36 comments
ខ្ញុំមិនដឹងថា វប្បធម៌បើកចំហចំពោះការរួមភេទនៃពួកបច្ឆិមប្រទេស ជាវប្បធម៌ល្អ ឬជាវប្បធម៌ដែលអ្នកខ្លះហៅថាឆ្កួតនោះឬក៏អត់ទេ។ នៅតាមសាលា គេមានកម្មវិធីបង្រៀនអំពីស៊ិចដល់សិស្សដែលមានអាយុចាប់ពី១២ ១៣ឆ្នាំឡើងទៅ។ បើតាមខ្ញុំដឹងពីអ្នកដែលកើត និងរៀននៅប្រទេសលោកខាងលិច កម្មវិធីបង្រៀននោះ គេមានបង្រៀនទាំងរបៀបរួមរក្ស និងរបៀបការពារខ្លួន។ តាមការយល់ឃើញរបស់ខ្ញុំ ការបង្រៀនដូច្នេះហើយ ដែលធ្វើឲ្យយុវវ័យលែងមានភាពអៀនខ្មាសអស់ ហើយការរួមភេទកើតមានឡើងដូចជារឿងធម្មតាប្រចាំថ្ងៃរបស់ពួកគេទៅហើយ។ ពេលខ្លះ មានសិស្សស្រី មានផ្ទៃពោះខណៈដែលគេសិក្សាមិនទាន់ចប់ ហើយសាលាបានបញ្ឈប់ការសិក្សារបស់សិស្សនោះ។ តាមពិតនេះជារឿងអយុត្តិធម៌ចំពោះនាង ដែលកំហុសនេះ សាលាក៏ជាអ្នករួមចំណែក និងគួរតែទទួលខុសត្រូវផងដែរ។
រឿងមួយទៀត ដែលកាន់តែឆ្កួតរបស់រដ្ឋាភិបាលអូស្ត្រាលី។ កាលពី៥ ៦ខែមុននេះ គេចង់បើកកម្មវិធីបង្រៀនអំពីស៊ិចដល់ក្មេងៗចាប់ពីអាយុ៣ ៤ឆ្នាំឡើងទៅ ដើម្បីឲ្យពួកគេចេះយល់ដឹងអំពីរឿងនេះ និងចេះការពារខ្លួនគេ។ ប៉ុន្តែសំណាងល្អ ឪពុកម្ដាយទាំងឡាយមិនបោះឆ្នោតឲ្យច្បាប់នេះជាប់ និងមានការរិះគន់គ្រប់សំណាក់ឪពុកម្ដាយ ច្បាប់នោះក៏រំសាយចោលទៅវិញទៅ។
ដោយឡែក ថ្ងៃនេះ មានព័ត៌មានអំពីក្មេងប្រុសអាយុ ១៣ឆ្នាំបានក្លាយជាឪពុករបស់ក្មេងស្រី មេស៊ី(Maisie) ដែលទើបនឹងកើតបាន៤ថ្ងៃ ក្រោយពីគេ និងសង្សារបានរួមភេទម្ដង និងមិនបានការពារ។
នេះជាកំហុសរបស់ក្មេងប្រុសនោះ និងសង្សាររបស់គេដែលធ្វេសប្រហែស តែខ្ញុំក៏ថាវាជាកំហុសសង្គមមួយផ្នែកដែរ ដែលមានវប្បធម៌បើកទូលាយចំពោះការរួមភេទ និងថែមទាំងបង្រៀនអំពីស៊ិចនៅតាមសាលាផងនោះ។
រឿងនេះ ថ្វីត្បិតតែជារឿងដែលគួរឲ្យអាណិត តែក៏ជាមេរៀនមួយដល់ពួកលោកខាងលិចនោះ និងក្មេងៗឯទៀតៗ ឲ្យមានការប្រុងប្រយ័ត្ននៅពេលគេរួមភេទ និងឲ្យពួកនោះដឹងថា ការបង្រៀនពីស៊ិចនៅតាមសាលា ពិតជាមិនទទួលបានលទ្ធផលល្អឡើយ។
យ៉ាងណាមិញ វប្បធម៌ឆ្កួតលីលានេះ ក៏បានចូលមកក្នុងប្រទេសកម្ពុជាខ្លាំងក្លាគួរសមដែរ ជាពិសេសការបញ្ចេញសេរីភាពខាងស៊ិច។ គេអាចមើលឃើញវប្បធម៌នេះយ៉ាងច្បាស់តាមរយៈទង្វើរបស់យុវវ័យបច្ចុប្បន្ន និងមួយទៀត ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់នៅពេលថ្មីៗនេះ គឺដូចអ្វីដែលរាហ៊ូបានគូររូបអប្សរាស៊ិចស៊ី ដែលបង្ហាញនូវភាពស្រើបស្រាល បែរជាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងថែមទាំងយល់ថា នេះជាវប្បធម៌របស់ខ្មែរតាំងពីបុរាណមកទៅវិញ។ តែបើតាមខ្ញុំយល់ នេះជាវប្បធម៌របស់យុវវ័យបច្ចុប្បន្នទៅវិញទេ ហើយជាវប្បធម៌បែបសេរីខាងស៊ិច ឬសេរីក្នុងការបង្ហាញពីអារម្មណ៍ពិតរបស់គេ។ នេះបញ្ជាក់ថា វប្បធម៌ស៊ិចនៅកម្ពុជាកំពុងវិវឌ្ឍទៅរកភាពសេរី និងយុវវ័យលែងសូវមានភាពអៀនខ្មាសដូចពីមុនទៀតហើយ។
ងាកមករឿងក្មេងប្រុស អាល់ហ្វី (Alfie Patten) រស់នៅ អ៊ីសត៍ប៊ន ប្រទេសអង់គ្លេសនេះវិញ អាយុទើបតែ១៣ឆ្នាំ តែក្លាយទៅជាឪពុករបស់គេទៅហើយ វាពិតជាពិបាកស្រមៃណាស់ ថាក្មេងម្នាក់នេះធ្វើឪពុករបស់គេដោយរបៀបណា រកលុយមកផ្គត់ផ្គង់គ្រួសារដូចម្ដេច ស្របពេលដែលគ្រួសាររបស់គេ និងគ្រួសារសង្សារគេសុទ្ធតែខ្វះខាតដូចគ្នានោះ។
ក្នុងបទសម្ភាសអាល់ហ្វីរបស់កាសែត The Sun អាល់ហ្វីនៅមិនទាន់ដឹងថាអ្វីដែលគេហៅថាឪពុកនៅឡើយ និងមិនដឹងពីអារម្មណ៍របស់គេនៅពេលក្លាយជាឪពុកផង គេសង្ឃឹមថា ប៉ាម៉ាក់របស់គេនឹងជួយគេ។ ចំណែកម្ដាយរបស់សង្សារអាល់ហ្វី(ឆានថែលល៍ – Chantelle) ដែលមានកូនប្រាំនាក់ក្នុងបន្ទុកស្រាប់ និងជាម្ដាយដែលស្រឡាញ់កូន បានប្រាប់ ឌឺ សាន់ ថាគាត់នឹងជួយកូនរបស់គាត់ ថ្វីបើជីវភាពមិនធូរធារក្ដី។ អាចចាត់ទុកថា នេះជារឿងល្អសម្រាប់គ្រួសារថ្មីរបស់អាល់ហ្វី និងឆានថែលល៍ ដែលឪពុកម្ដាយរបស់ពួកគេទទួលស្គាល់។
បើទោះជាយ៉ាងណា រឿងនេះបានកើតឡើងមកលើអាល់ហ្វី និងឆានថែលល៍ទៅហើយ មានតែជូនពរពួកគេឲ្យមានសុភមង្គល រស់នៅជាមួយគ្នាបានយូរអង្វែងរហូតទៅ និងសុំឲ្យបានពិភពលោកផ្ដល់ជំនួយដល់គ្រួសាររបស់ពួកគេតែប៉ុណ្ណឹង។
តាមកាសែតឌឺសាន់ រឿងស្រដៀងគ្នានេះក៏ធ្លាប់កើតមានចំពោះក្មេងប្រុសអាយុ១២ឆ្នាំ កាលពីឆ្នាំ១៩៩៨ ជាមួយនឹងសង្សារអាយុ១៥ឆ្នាំ តែគេទាំងពីក៏ចែកផ្លូវគ្នាក្រោយពីនោះ៦ខែ។
អាល់ហ្វី និងកូនស្រីអាយុ៤ថ្ងៃ
អាល់ហ្វី, ឆានថែលល៍(សង្សារ) និងមេស៊ី(កូនស្រី)
សូមមើលព័ត៌មានលម្អិតនៅ http://www.thesun.co.uk/sol/homepage/news/article2233878.ece
វីដេអូ បទសម្ភាសន៍របស់កាសែតឌឺសាន់
ហេតុអ្វីអ្នកខ្លះរៀនពូកែ អ្នកខ្លះមិនពូកែ? ខែ វិច្ឆិកា 13, 2008
Posted by ទឹម បឿន in អប់រំ.12 comments
កោសិកាខួរក្បាលមនុស្សមានចំនួន ១០កោដិ។ ប្រសិនបើវាធ្វើការរួមគ្នា វាច្បាស់ជាលឿនជាងល្បឿនរបស់កុំព្យូទ័រសព្វថ្ងៃរាប់លានដងឯណោះ។
បើដូច្នេះ ហេតុអ្វីបានជាមានអ្នកខ្លះរៀនពូកែ អ្នកខ្លះរៀនមិនពូកែទៅវិញ?
រូបខាងក្រោមនឹងដោះស្រាយចម្ងល់របស់លោកអ្នក។

រូបភាពពីលោកគ្រូ លឹម លីហេង, គ្រូ រូបភាពឌីជីថល (ន័រតុន)
លោកអ្នកឃើញហើយថារូបនេះបញ្ជាក់ពីអ្វីខ្លះ។ ដូច្នេះការសិក្សាគឺទាក់ទងគ្នានឹងកត្តាទាំង៦នេះគឺ គ្រូ សិស្ស ឯកសារ បរិស្ថានសាលា ស្ថានភាពគ្រួសារ ឬបរិស្ថានក្នុងគ្រួសារ និងបរិស្ថានក្នុងបន្ទប់រៀន។
The Blind Girl (Love Story) ខែ ឧសភា 16, 2008
Posted by ទឹម បឿន in ប្រលោមលោក, អប់រំ.19 comments
ម៉ី បានចែករឿងនេះ ឃើញថាហាក់ដូចជារឿងអប់រំមួយល្អដែរ ទើបខ្ញុំយកមកចែកជូនគ្រាន់អានពិចារណាលេង។
There was a blind girl who hated herself just because she was blind. She hated everyone, except her loving boyfriend. He was always there for her. She said that if she could only see the world, she would marry her boyfriend.
One day, someone donated a pair of eyes to her and then she could see everything, including her boyfriend. Her boyfriend asked her, “ now that you can see the world, will you marry me?” The girl was shocked when she saw that her boyfriend was blind too, and refused to marry him.
Her boyfriend walked away in tears, and later wrote a letter to her saying. “ JUST TAKE CARE OF MY EYES PLEASE.”
វិចាររបស់រឿង ៖ This is how humans change when their status changes. Only few remember what life was before, and who has always been there in the most paiful situations.
