សូមជួយបងស្រីខ្ញុំផង ខែ មករា 28, 2008
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ, សុខភាព.16 comments
អម្បាញ់មិញ ខ្ញុំទើបនឹងមកពីជូនបងស្រីទៅពេទ្យធ្មេញ។ គាត់ឈឺថ្គាមទាល់ ខ្ញុំសង្ឃឹមថាគាត់នឹងអាចដកថ្គាមទាល់នោះចេញបាន មួយសន្ទុះក្រោយពីពេលពិនិត្យក្រដាសលទ្ធផលឈាមរួច ពេទ្យគ្រវីក្បាល ហើយប្រាប់ថាមិនអាចដកបានទេ គាត់ឱ្យបងស្រីខ្ញុំប៉ូវឱ្យមានកម្លាំង ព្រោះគាត់ខ្សោយ និងឈាមក្រកក។ ខ្ញុំអាណិតបងស្រីចង់ខ្លោចចិត្ត ព្រោះតែគាត់ឈឺខ្លាំងទើបសម្រេចចិត្តថាទៅដកចេញ តែបែរជាដកមិនបានទៅវិញ មានតែនៅទ្រាំឈឺ លេបថ្នាំទម្រន់ខ្លះសិន ទម្រាំគាត់មានកម្លាំង និងសុខភាពល្អឡើងវិញ។ ឥឡូវខ្ញុំមិនឱ្យគាត់ទៅធ្វើការទេ ហើយឱ្យគាត់ខំញ៉ាំអីឱ្យមានកម្លាំង និងសុខភាពប្រសើរឡើងវិញ ទើបទៅជួបពេទ្យធ្មេញនោះម្ដងទៀត។ ខ្ញុំចង់ឱ្យគាត់ឆាប់មានកម្លាំង និងមានសុខភាពល្អឡើងវិញ តើខ្ញុំគួរជួយគាត់យ៉ាងម៉េចខ្លះ? មានអ្វីខ្លះដែលអាចប៉ូវបានលឿនជាងគេ?
ហេតុអីបានជាមនុស្សចាស់ដេកតិចជាងក្មេង ? ខែ កញ្ញា 13, 2007
Posted by ទឹម បឿន in ទូទៅ, សុខភាព.add a comment
មនុស្សម្នាក់ ៗ សុទ្ធតែត្រូវការដេក ប៉ុន្តែរយៈពេលដែលត្រូវដេកមិនដូចគ្នាទេ ។
មនុស្សធម្មតា ត្រូវការដេក ៨ ម៉ោងក្នុងមួយថ្ងៃ កូនក្មេងត្រូវដេកពី ១០ ទៅ ១២ ម៉ោង ចំណែកមនុស្សចាស់ ត្រូវការដេក ពី ៥ ទៅ ៦ ម៉ោងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ ។
ចូរពិនិត្យមើលទារក ដែលទើបនឹងកើតមកថ្មី ៗ វាដេកទាំងយប់ទាំងថ្ងៃ លើកលែងតែរយះពេលមួយភ្លេត ដែលវាត្រូវស្រែកយំឃ្លានប៉ុណ្ណោះ ក្រៅពីនោះ សុទ្ធតែជារយះពេលដេកយ៉ាងស្កប់ស្កល់ ។ តាមការពិនិត្យ ឃើញថា ទារកម្នាក់ ៗ ត្រូវដេក ២០ ម៉ោងយ៉ាងតិច ក្នុងរយះ ពេល ១ ថ្ងៃ ១ យប់ ។
បញ្ហាដេកនេះ មានសារៈសំខាន់នាស់ ចំពោះមនុស្សពិសេស ចំពោះទារក និង កូនក្មេងដែលកំពុងរីកចំរើន ។ បើក្មេងម្នាក់ ៗ អាចដេកឲ្យបានស្កប់ស្កល់ និង ឲ្យបានច្រើនពេលវេលា នោះសុខភាពរបស់វា នឹង បានបរិបូណ៌មិនខាន ។
ចំពោះយុវជនវិញ បញ្ហាដេកក៏មានសារៈសំខាន់ដែរ ព្រោះកាល់បើដេកស្កប់ស្កល់ពេញមួយយប់ហើយ សភាពហត់នឿយទាំងឡាយ ដែលបណ្ដាលមកពីការសិក្សា និង ការងារផ្សេង ៗ ត្រូវបានកំចាត់កំចាយអស់ ខួរក្បាលក៏ត្រូវស្ថិតក្នុងសភាពស្ពឹកដោយបានសម្រាក ។ ដូច្នេះ ព្រឹកថ្ងៃបន្ទាប់ គេនឹងមានកម្លាំងកំហែង ថ្លាខួរក្បាល អាចប្រកបការងារតទៅទៀត បានយ៉ាងធូរស្រួល ។
បើយ៉ាងដូច្នេះ ហេតុម្ដេចបានជាក្មេង ដេកច្រើនជាងយុវជន ហើយយុវជនដេកច្រើនជាងមនុស្សចាស់ ?
តាមការស្រាវជ្រាវបានឲ្យដឹងថា សម្ព័ន្ធនៃសរសៃវិញ្ញាណ របស់កូនក្មេង មានភាពមិននឹងនរ គឺវាងាយនឹងរំជួយ ងាយនឹងស្ពឹក កូនក្មេងឆាប់អស់កម្លាំង ហត់នឿយ ហើយក៏ឆាប់រំភើប ដូចនេះ កូនក្មេងត្រូវការដេកច្រើនណាស់ ។
ចំណែកយុវជន ធម្មតាដេកតែ ៨ ម៉ោងក៏ឃើញថាគ្រប់គ្រាន់ហើយ ។ ព្រោះការប្រើកម្លាំងកាយ និង កម្លាំងប្រាជ្ញាដ៏ច្រើនមហិមា បានធ្វើឲ្យយុវជនហត់នឿយ អស់កម្លាំង តែការសម្រាក ៨ ម៉ោងនេះ ក៏ល្មមនឹងធ្វើឲ្យយុវជន កំចាត់ការហត់នឿយបាន ព្រមទាំងអាចការពារ គោលិកាវិញ្ញាណក្នុងស្រទាប់ខួរក្បាល មិនឲ្យខូចខាតផង ។
តែចំពោះមនុស្សចាស់វិញ ដោយសារពលកម្មមិនសូវមានច្រើន ហើយគោលិកាវិញ្ញាណទាំងឡាយ ក៏មិនសូវរំជើបរំជួលខ្លាំង ដូចយុវជន អាស្រ័យហេតុនេះ បានជាមនុស្សចាស់ មិនសូវត្រូវការដេកសម្រាកច្រើនម៉ោងពេក ។
ការស្រាវជ្រាវរបស់ លោក ប្រាក់ ជា
អាហារពេលព្រឹក ជាអាហារសំខាន់បំផុត ខែ មិថុនា 30, 2007
Posted by ទឹម បឿន in សុខភាព.2 comments
ដោយ ទឹម បឿន
ខួរក្បាលរបស់មនុស្សធ្វើការដោយពឹងផ្អែកទៅលើ ក្លុយកូស(ជាតិស្ករដែលបានមកពីការធ្វើសំយោគមេតាប៉ូលីសនៃអាហារ) ដែលសំខាន់សម្រាប់សកម្មភាពផ្សេងៗដូចជា និយាយ គិត ដើរ អាន ចាប់វត្ថុផ្សេងៗ ជាដើម ។ មេតាប៉ូលីសអាចប្រព្រឹត្តិទៅលុះណាតែមានជាតិអាហារនៅក្នុងក្រពះរបស់លោកអ្នក ។
បើលោកអ្នកព្យាយាមបង្អត់អាហារពេលព្រឹក ហើយរង់ចាំរហូតដល់ថ្ងៃត្រង់ នោះលោកអ្នកកំពុងបង្អត់ប្រព័ន្ធសរីរាង្គរបស់លោកអ្នកក្នុងរយះពេលជាង១០ម៉ោង ហើយលោកអ្នកកំពុងបង្ខំឲ្យខួរក្បាលរបស់លោកអ្នកធ្វើការដោយគ្មានអ្វីទ្រទ្រង់សោះ ។ ការបង្អត់អាហារដល់ខួរក្បាលរបស់លោកអ្នក នឹងធ្វើឲ្យខួរក្បាលរបស់លោកអ្នកចុះខ្សោយក្នុងការគិត ការដោះស្រាយ ការចងចាំ ការរំលឹកឡើងវិញ ។ល។ អ្នកខ្លះយល់ច្រលំថា ការបង្អត់អាហារពេលព្រឹក នឹងធ្វើឲ្យគេអាចសម្រកទំងន់ តាមពិតវាកាន់តែធ្វើឲ្យកើនទំងន់ទៅវិញទេ ដោយវានឹងធ្វើឲ្យងាប់កោសិការខួរក្បាលមួយចំនួន នៅពេលដែលយើងព្យាយាមបញ្ជារវា ហើយជាតិខ្លាញ់នឹងកាន់តែកើននៅក្នុងរាង្គកាយរបស់លោកអ្នក ដែលមិនធ្វើឲ្យលោកអ្នកស្រកទំងន់ឡើយ ។
ហេតុនេះហើយ អាហារពេលព្រឹក ជាអាហារសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ។
ប្រយោជន៍នៃដំណេកពេលថ្ងៃ ខែ មិថុនា 30, 2007
Posted by ទឹម បឿន in សុខភាព.2 comments
ដកស្រង់ពីសៀភៅ “ គួរយល់ដឹង សុខភាព & ជីវិត”
ត្របកភ្នែកប្រែជាធ្ងន់ក្រោយពេលបរិភោគបាយថ្ងៃត្រង់រួច? អ្នកជម្នះមិនព្រមធ្មេចមួយស្រឡេតមែនទេ? ជាប្រការមិនធម្មតាសម្រាប់យើង ព្រោះតាមកម្មវិធីចិត្តសាស្ត្រ តម្រូវឲ្យយើងសម្រាកពីការងារនៅចន្លោះម៉ោង ១៣ និង១៥ ដែលជាពេលខួរក្បាលត្រូវការសម្រាក ។ ដូច្នេះយើងគួរយកតម្រាប់តាមប្រជាជនអេស្ប៉ាញ ឬក្រិច ដោយដេកសម្រាកពេលថ្ងៃ និងបានសម្រាកយ៉ាងពិតប្រាកដ ។ ជាពិសេសដំណេកពេលថ្ងៃ អាចជួយកំណត់ព្រំដែនសម្ពាធសរសៃឈាមក្រហម និងជួយឲ្យដំណើរនៃជីវសាស្ត្រប្រព្រឹត្តទៅយ៉ាងទៀតទាត់ ព្រោះថាការសម្រាកពេលថ្ងៃចំនួន ៣០នាទីជារៀងរាល់ថ្ងៃ អាចកាត់បន្ថយបញ្ហាជំងឺបេះដូង ទាក់ទងនឹងសរសៃឈាមបានដល់ទៅ ៣០% ។
តាមការសិក្សាស្រាវជ្រាវរបស់ពួកអាមេរិច និងអ៊ឺរ៉ុប ដំណេកពេលថ្ងៃអាចឲ្យយើងកើនកម្លាំង ពី៤ ទៅ៥ដង ដោយថ្វើឲ្យសាច់ដុំ និងខួរក្បាលបាត់អស់កម្លាំង ។
អាការៈឈឺក្បាល ខែ កុម្ភៈ 19, 2007
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ, សុខភាព.3 comments
សួស្ដី ប្រិយមិត្តរបស់ សម្រាប់ខ្មែរជាទីមេត្រី,
ពីម្សិលម៉ិញគឺជាថ្ងៃអាទិត្យ ខ្ញុំនៅកន្លែងធ្វើការរបស់ខ្ញុំ ហើយអង្គុយធ្វើការងារដែលធ្វើមិនទាន់រួចកាលពីថ្ងៃសៅរ៍ ។ ពេលបញ្ចប់ការងារខ្ញុំបានរៀបចំ បណ្ដាញកំណត់ហេតុរបស់ខ្ញុំ ។ ហើយអង្គុយធ្វើការងារផ្សេងៗទៀតយ៉ាងជក់ចិត្តរហូតភ្លេចបាយភ្លេចទឹក ។
នៅពេលព្រឹកខ្ញុំផឹកទឹកអស់ កន្លះលីត្រ ហើយក៏បន្តការងារទៀត រហូតដល់ល្ងាច ម៉ោង៨” ៣០នាទី ទើបខ្ញុំទៅរកបាយញ៉ាំ ហើយបានដាក់ទឹកអស់ពីរកែវ ។ ខ្ញុំត្រឡប់ទៅផ្ទះ ហើយក៏ប្រាស់ខ្លួនដេកលក់ដោយមិនដឹងខ្លួន ទាំងអត់ងូតទឹក ។ ហេហេហេ! ពិតជាខ្ជិលណាស់ខ្ញុំ !
លុះក្រោកឡើង ម៉ោងជាង៤ ទៀបភ្លឺ ខ្ញុំបានចាក់ចម្រៀងស្ដាប់រហូតដល់ម៉ោង៦កន្លះទើបងូតទឹក ។ ពេលងូតទឹករួច ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ឈឺក្បាល ។ ខ្ញុំអត់ទាន់ដឹងថាមកពីអីទេ ។ ក្នុងពោះខ្ញុំដូចជាក្ដៅៗ នឹកឃើញចង់ផឹកទឹក ។ ខ្ញុំក៏យកទឹកមកផឹក… អូហ៍! ទឹកជ្រាបចូលដូចជាដឹងថាទឹកហូរចូលដោយរបៀបណា គឺភាពត្រជាក់របស់ទឹក បានជ្រាបចូលទៅក្នុងក្រពះរបស់ខ្ញុំ ។ ពេលនោះខ្ញុំដឹងថា ខ្ញុំពិតជាខ្វះជាតិទឹកហើយ ។ ហើយខ្ញុំក៏ដឹងថា អាការៈឈឺក្បាលរបស់ខ្ញុំគឺដោយសារខ្ញុំអត់ផឹកទឹក ។ ខ្ញុំល្ហិតល្ហៃ ឈឺចាប់ឆ្អឹងឆ្អែង និងរោយក និង ចុកចាប់ចុងចិញ្ចើមជាដើម ។
លោកអ្នកដឹងទេការខ្វះជាតិទឹក ប្រកដជាធ្វើឲ្យយើងមានអាការៈឈឺក្បាល គឺដូចដែលខ្ញុំរៀបរាប់ខាងលើអ៊ីចឹង ។ ហេតុដូចនេះ សូមលោកអ្នកពិសារទឹកឲ្យបានច្រើន ។
ដោយបំណងល្អពីខ្ញុំបាទ,
ទឹម បឿន
