ហេតុអ្វីពេទ្យភាគច្រើនអត់មានសុជីវធម៌ ខែ វិច្ឆិកា 2, 2009
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ, ស្រុកខ្មែរ, អប់រំ.37 comments
មិនចម្លែកសម្រាប់អ្នកដែលធ្លាប់ចូលពេទ្យរដ្ឋ នៅពេលឃើញអាកប្បកិរិយាពេទ្យធ្វើមកលើអ្នកជំងឺ និងអ្នកថែអ្នកជំងឺដោយប្រើពាក្យគំរោះគំរើយ ស្ដីថាដូចសត្វធាតុ ។ ពេទ្យដែលខ្ញុំគិតថាជាប់ចំណាត់ថ្នាក់លេខមួយខាងនេះ ប្រហែលជាពេទ្យគន្ធបុប្ផា ដែលជាពេទ្យពិនិត្យ និងព្យាបាលរោគកុមារ ។ ខ្ញុំទើបតែចូលពេទ្យនោះជាលើកទីមួយ កាលពីប៉ុន្មានថ្ងៃមុន ពេលប្អូនជីដូនមួយខ្ញុំក្ដៅខ្លួនខ្លាំង ។ ពេលចូលទៅដល់ក្នុងមន្ទីរពេទ្យ គ្រូពេទ្យបីបួនអ្នក ប្រុសម្នាក់ស្រីពីរ ឬបីនាក់, ខ្ញុំមិនចាំ, ខ្ញុំមិនទាន់បាននិយាយអី ឬអង្គុយផង ឮពេទ្យនោះស្ដីឱ្យមីងចំណាស់ម្នាក់កំពុងបីកូននឹងដៃ ដែលទំនងចាស់ជាងពេទ្យនោះ ។ ពេទ្យនិយាយកំបុតកំបុយ “ ឮថាឱ្យចេញទៅក្រៅទេ!! ម៉េចនិយាយមិនស្ដាប់គ្នាទេអ្ហី?” មីងនោះខំអង្វររលីងរលោងទឹកភ្នែក ព្រោះគាត់បារម្ភពីកូនគាត់ ពេទ្យនោះនៅតែដេញគាត់ឱ្យចេញ មីងក៏បីកូនចេញរបៀបមិនអស់ចិត្ត ។ រួចពេទ្យនោះបែរមកសួរខ្ញុំ “ ឈឺអី?… អង្គុយកៅអីមក!!” និយាយរបៀបគំរាមសួរចម្លើយអ្នកទោសយ៉ាងម៉េចមិនដឹងទេ រួចឱ្យខ្ញុំដាក់ប្អូនអង្គុយលើកៅអី គេមើលតើអង្គុយបានឬអត់ រួចថា “ កូនហ្នឹងមិនអីទេ យកទៅវិញទៅ” ខ្ញុំក៏ថា “ វាក្ដៅឡើងចង់សន្លប់ ហូរឈាមតាមច្រមុះទៀតផង” ។ ពេទ្យថា “ ហូរឈាមតាមច្រមុះមិនអីទេ យកទៅវិញ ម៉ោង២ចាំចូលមកម្ដងទៀត!” ខ្ញុំក៏អង្វរថាឱ្យជួយពិនិត្យក្មេងបន្តិចទៅ ពេទ្យគេត្អូញ “ ធុញណាស់វ៉ី! មើល៍យកថ្នាំប៉ារាឱ្យលេបមួយចំហៀងទៅ ហើយឱ្យទៅក្រៅទៅ!” ពេទ្យប្រុសនោះ ក៏យកថ្នាំបោះនៅលើតុមុខខ្ញុំ និយាយថា “ ណេះ! យកទៅលេបទៅ! លេបមួយគ្រាប់ហ្នឹងហ្មងទៅ!” រួចពេទ្យៗគេនាំគ្នាសើចគ្នាគេ ហើយដើរទៅអង្គុយធ្វើមិនដឹង ។ ខ្ញុំចាប់ក្ដៅទ្រូងភ្លាម រួចក៏បីប្អូនដើរចេញមកក្រៅវិញ និងនាំទៅពេទ្យកុមារជាតិ ។ មិនស្មានថា ពេទ្យកុមារជាតិស្រួលជាងពេទ្យគន្ធបុប្ផាសោះ ខ្ញុំចំណាយលុយ ២០០០៛ ទិញសៀវភៅចូលពិនិត្យរោគ និងចំណាយ ៦០០០៛ លើថ្លៃបើកថ្នាំ និងមិនចាំបាច់រង់ចាំយូរទៀតផង តែសេវាក៏មិនល្អខ្លាំងណាស់ណាទេ តែចាត់ទុកថាប្រសើរជាងគន្ធបុប្ផាឆ្ងាយណាស់ ។
តើអាកប្បកិរិយាបែបពេទ្យនៅគន្ធបុប្ផាបណ្ដាលមកអំពីអ្វី? មកពីចរិតរបស់ពេទ្យទាំងនោះ ឬមកពីការនៅជាមួយអ្នកជំងឺរាល់ថ្ងៃ ធ្វើឱ្យគាត់មួម៉ៅ លែងចេះនិយាយពាក្យល្អ ចេះតែពាក្យជេរ ស្ដីបន្ទោស ។ តែទោះជាយ៉ាងណា ក៏ខ្ញុំនៅតែបន្ទោសដែរ ព្រោះអាកប្បកិរិយាហ្នឹងវាជ្រុលហួសហេតុពេក ធ្វើឱ្យខ្ញុំស្អប់មុខពេទ្យហ្នឹងមែនទែន ។ ឧបមាថា ចៃដន្យពេទ្យហ្នឹងជាបងប្អូនខ្ញុំ មកលេងផ្ទះខ្ញុំអី ខ្ញុំមិនខ្លាចនឹងតោងចានបាយចេញ និងដេញមិនឱ្យស៊ីបាយនោះទេ ព្រោះវាដូចជាឆ្អែតពេញទ្រូងណាស់ ថ្ងៃនោះ ។
តួអក្សរ ស ប្រកបនឹងវគ្គន្តក្ខរៈឃោសៈ និងអវគ្គឃោសៈ ខែ សីហា 13, 2009
Posted by ទឹម បឿន in ចំណេះដឹង, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ.18 comments
ដើម្បីស្រាយចម្ងល់របស់ តាស៊ីក្លូ ចំពោះពាក្យ សេវា ដែលថាគួរអាន សេវ៉ា ឬ សេ-វា សូមពិនិត្យការបកស្រាយខាងក្រោម៖
តួអក្សរ ស ប្រកបជាមួយ វគ្គន្តក្ខរៈឃោសៈ ឬចុងវគ្គឃោសៈ មាន ង, ញ, ន, ម និងអវគ្គឃោសៈ មាន យ, រ, ល, វ បើមានប្រកបជាមួយស្រៈ អា ត្រូវប្ដូរសំឡេងតួអក្សរទាំងនេះទៅជា អឃោសៈ គឺ ង ទៅ ង៉, ញ ទៅ ញ៉, ន ទៅ ន៉ឬណ , ម ទៅ ម៉, យ ទៅ យ៉, រ ទៅ រ៉, ល ទៅ ល៉ឬឡ, វ ទៅ វ៉ វិញ ។
ឧទាហរណ៍៖ ស្ងាប(អ.ថ. -ង៉ាប), ស៊ីញេ(អ.ថ. -ញ៉េ), សាសនា(អ.ថ. -ន៉ា), សមាគម(អ.ថ. -ម៉ា-), សំយាប(អ.ថ. -យ៉ាប), សុរា(អ.ថ. -រ៉ា), សាលា(អ.ថ. -ល៉ា), សាវា(អ.ថ. -វ៉ា) ។ល។
ក្រៅពីនោះ វគ្គន្តក្ខរៈឃោសៈ គ, ឃ, ជ, ឈ, ឌ, ឍ, ទ, ធ, ព, ភ ត្រូវរក្សាសំឡេងឃោសៈដូចដើម ។
ឧទាហរណ៍៖ សួគ៌ា, សុជាត, សទាផល, សាធារណៈ, សម្ពាយ, សភាព… ។
ភាពជាអ្នកប្រតិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនា ខែ សីហា 10, 2009
Posted by ទឹម បឿន in ចំណេះដឹង, ជំនឿ សាសនា, អប់រំ.25 comments
កាលខ្ញុំរៀនថ្នាក់ទី៩ លោកគ្រូបង្រៀនមុខវិជ្ជាពលរដ្ឋវិទ្យា បានបង្រៀនឲ្យចេះសមាទាននិច្ចសីល តែមិនបានបង្ហាត់ឲ្យសូត្រពី ឧកាស អហំ ភន្តេ មកទេ គាត់បង្ហាត់ឲ្យរត់មាត់ តែនិច្ចសីលទាំង៥ មាន បាណាតិបាតា ជាដើម ។ ចាប់ពីពេលនោះមក ខ្ញុំចេះចាំ និងដឹងអំពីន័យសេចក្ដីមករហូត ។ ក្នុងគ្រានោះ លោកគ្រូបានបញ្ចុះបញ្ចូលទឹកចិត្តសិស្សទាំងឡាយឲ្យចង់ចេះចង់ដឹង និងស្រឡាញ់ព្រះធម៌ គ្រប់គ្នាខំរៀនសូត្ររត់មាត់នូវនិច្ចសីលទាំង៥ ដែលនិយមហៅថាសីល៥ដោយសេចក្ដីជ្រះថ្លា ។
រហូតមកដល់ពេលនេះ បើទោះជាខ្ញុំមិនបានបួសជាសាមណេរ ហាត់រៀនព្រះធម៌ តែខ្ញុំនៅតែស្រឡាញ់រាប់អានចង់ចេះចង់ដឹង ពិសេសគោរពពុទ្ធោវាទអស់ពីដួងចិត្ត ។
និច្ចសីល ឬសិល៥ មាន៖ (ច្រើនទៀត…)
ការប្រើខុសចំពោះពាក្យ អើយ និងពាក្យ អឺយ ខែ សីហា 7, 2009
Posted by ទឹម បឿន in ចំណេះដឹង, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ.3 comments
មិនថាខ្ញុំ ឬអ្នកឯទៀតនោះទេ ភាគច្រើនភាន់ច្រឡំក្នុងការប្រើពាក្យ អើយ និង អឺយ ដោយច្រើនប្រើ អើយ ជំនួសពាក្យ អឺយទៅវិញ ។
ពាក្យទាំងពីរនេះអានផ្សេងគ្នា ពាក្យអើយអានថាអ្ហើយ ចំណែកពាក្យអឺយអានថាអឺយដូច្នេះ ។ ពាក្យអើយនៅពេលដែលប្រើភ្ជាប់ជាមួយពាក្យណាមួយខាងដើមគេតែងអានភ្ជាប់ ដូចពាក្យ បងអើយ អានថាបងអ្ហើយ ឬបងង៉ើយ តែបើពាក្យខាងដើមបញ្ចប់ដោយស្រះ ដូចជាពាក្យតាអើយ មិនត្រូវអានតារ៉ើយទេ គឺអានបានតែតាអ្ហើយប៉ុណ្ណោះ ។ គួរមើលសេចក្ដីពន្យល់តាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួន ណាត ខាងក្រោម ។ (ច្រើនទៀត…)
ញាតិ៧សន្ដាន ខែ កក្កដា 31, 2009
Posted by ទឹម បឿន in ចំណេះដឹង.1 comment so far
លោកអ្នកប្រាកដជាដឹងន័យពាក្យ ញាតិ ជាអ្វីហើយ ប៉ុន្តែប្រហែលអ្នកខ្លះមិនយល់ថាញាតិ៧សន្ដានយ៉ាងណាច្បាស់នៅឡើយ ។
ញាតិជាជនដែលរួមខ្សែលោហិតនឹងគ្នា ខាងមាតាឬខាងបិតា ។ ញាតិចែកចេញជាជួរ មាន៧ជួរ ដែលហៅថាញាតិ៧សន្ដាន ។ គេរាប់ថ្នាក់ខាងលើបីជាន់ គឺថ្នាក់មាតាបិតា១, ថ្នាក់ជីដូនជីតា ១, ថ្នាក់យាយទួតតាទួត ១, ថ្នាក់ខាងក្រោមបីជាន់ទៀត គឺថ្នាក់កូន ១, ថ្នាក់ចៅ ១ និងថ្នាក់ចៅទួត១ រួមនឹងថ្នាក់យើងមួយទៀត ត្រូវជាប្រាំពីរថ្នាក់ ។
ជនដែលត្រូវជាសាច់ថ្លៃ គេចាត់ទុកថាជាញាតិដោយសារ ឬញាតិពន្ធ ។
