ខ្ញុំគួរសរសេរ របាយការ ឬ របាយការណ៍? ខែ វិច្ឆិកា 7, 2009
Posted by ទឹម បឿន in អក្ខរាវិរុទ្ធ.35 comments
យូរៗទៅ រកនឹកសរសេរពាក្យខ្មែរលែងត្រូវ មិនដឹងថាគេសរសេរពាក្យ របាយការណ៍ យ៉ាងនេះត្រូវឬខុស បើសំដៅលើរបាយនៃការងារប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ ឬប្រចាំឆ្នាំ ។
តាមពិតទៅ ពាក្យនេះ នរណាក៏សរសេរ របាយការណ៍ដែរ តែបើគិតទៅដូចពុំត្រូវ ។ តាមន័យពាក្យ ការ និងពាក្យ ការណ៍ ខ្ញុំយល់ថា របាយការ ដូចជាត្រឹមត្រូវសម្រាប់ការរាយការងារដែលបានធ្វើក្នុងក្រុមហ៊ុន ។ ពាក្យ ការណ៍ គេប្រើដូចជា រាយការណ៍ ឬសរសេររបាយការណ៍ដូច្នេះដែរ តែសំដៅទៅលើហេតុការណ៍ ឬព្រឹត្តិការណ៍ដែលគេយកមករាយ ឬប្រាប់អ្នកផ្សេងទៀត ពាក្យ របាយការ ដែលសរសេរដូច្នេះ គឺសម្រាប់រៀបរាយអំពីការងារ ឬកិច្ចដែលបានបំពេញ ។
ខ្ញុំមិនដឹងថាការចែកដូច្នេះ ត្រូវឬខុសនោះទេ ព្រោះគំនិតខ្ញុំមិនទូលាយនឹងអាចចែកពាក្យនេះឱ្យច្បាស់លាស់បាន ។ ព្រោះត្រូវយកពាក្យនេះមកប្រើ តើគួរសរសេរ របាយការណ៍ ឬរបាយការយ៉ាងនេះវិញ ?
Theme បើប្រែថា ម៉ូដ គួរទេ? ខែ កញ្ញា 1, 2009
Posted by ទឹម បឿន in អក្ខរាវិរុទ្ធ.46 comments
ក្រុមខ្មែរ អូអេស ប្រែពាក្យ theme (ស៊ិម) ថា ស្បែក រួចទៅហើយ តែមិនទាន់មានគេយកមកប្រើច្រើននៅឡើយ ព្រោះគេនៅយល់ថាពិបាកស្ដាប់ ឬមិនសម ខ្ញុំក៏នឹកឃើញដល់ពាក្យ ម៉ូដ ជាពាក្យបរទេសដែលយកមកប្រើជាពាក្យខ្មែរ ដូចជាម៉ូដសម្លៀកបំពាក់ ម៉ូដឡាន ម៉ូដម៉ូតូ ជាដើម បើយើងយកពាក្យនេះមកប្រើជំនួសពាក្យ ស្បែក ប្រហែលជាស៊ីនឹងន័យពាក្យ theme ជាង ដូចជាថា ម៉ូដប្លក ម៉ូដវិបសាយ ។ ខ្ញុំកំពុងធ្វើម៉ូដវិបសាយថ្មី ។ ម៉ូដវិបសាយនេះនៅមិនសូវល្អាត បើថែមរូបនៅខាងលើនោះ ទៈបានស្អាតជាង ។ ខ្ញុំកំពុងរកម៉ូដប្លក់វើតព្រេស្សថ្មីសម្រាប់ដាក់ប្លក់ខ្ញុំ ។
នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ ប្រហែលជាអាចបានជាគំនិតសម្រាប់រកពាក្យថ្មីប្រើឱ្យត្រូវនឹងពាក្យ theme ដែលអ្នកខ្លះប្រែថា រូបរាង ឬ ទ្រង់ទ្រាយ នោះ ។
តួអក្សរ ស ប្រកបនឹងវគ្គន្តក្ខរៈឃោសៈ និងអវគ្គឃោសៈ ខែ សីហា 13, 2009
Posted by ទឹម បឿន in ចំណេះដឹង, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ.18 comments
ដើម្បីស្រាយចម្ងល់របស់ តាស៊ីក្លូ ចំពោះពាក្យ សេវា ដែលថាគួរអាន សេវ៉ា ឬ សេ-វា សូមពិនិត្យការបកស្រាយខាងក្រោម៖
តួអក្សរ ស ប្រកបជាមួយ វគ្គន្តក្ខរៈឃោសៈ ឬចុងវគ្គឃោសៈ មាន ង, ញ, ន, ម និងអវគ្គឃោសៈ មាន យ, រ, ល, វ បើមានប្រកបជាមួយស្រៈ អា ត្រូវប្ដូរសំឡេងតួអក្សរទាំងនេះទៅជា អឃោសៈ គឺ ង ទៅ ង៉, ញ ទៅ ញ៉, ន ទៅ ន៉ឬណ , ម ទៅ ម៉, យ ទៅ យ៉, រ ទៅ រ៉, ល ទៅ ល៉ឬឡ, វ ទៅ វ៉ វិញ ។
ឧទាហរណ៍៖ ស្ងាប(អ.ថ. -ង៉ាប), ស៊ីញេ(អ.ថ. -ញ៉េ), សាសនា(អ.ថ. -ន៉ា), សមាគម(អ.ថ. -ម៉ា-), សំយាប(អ.ថ. -យ៉ាប), សុរា(អ.ថ. -រ៉ា), សាលា(អ.ថ. -ល៉ា), សាវា(អ.ថ. -វ៉ា) ។ល។
ក្រៅពីនោះ វគ្គន្តក្ខរៈឃោសៈ គ, ឃ, ជ, ឈ, ឌ, ឍ, ទ, ធ, ព, ភ ត្រូវរក្សាសំឡេងឃោសៈដូចដើម ។
ឧទាហរណ៍៖ សួគ៌ា, សុជាត, សទាផល, សាធារណៈ, សម្ពាយ, សភាព… ។
ការប្រើខុសចំពោះពាក្យ អើយ និងពាក្យ អឺយ ខែ សីហា 7, 2009
Posted by ទឹម បឿន in ចំណេះដឹង, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ.3 comments
មិនថាខ្ញុំ ឬអ្នកឯទៀតនោះទេ ភាគច្រើនភាន់ច្រឡំក្នុងការប្រើពាក្យ អើយ និង អឺយ ដោយច្រើនប្រើ អើយ ជំនួសពាក្យ អឺយទៅវិញ ។
ពាក្យទាំងពីរនេះអានផ្សេងគ្នា ពាក្យអើយអានថាអ្ហើយ ចំណែកពាក្យអឺយអានថាអឺយដូច្នេះ ។ ពាក្យអើយនៅពេលដែលប្រើភ្ជាប់ជាមួយពាក្យណាមួយខាងដើមគេតែងអានភ្ជាប់ ដូចពាក្យ បងអើយ អានថាបងអ្ហើយ ឬបងង៉ើយ តែបើពាក្យខាងដើមបញ្ចប់ដោយស្រះ ដូចជាពាក្យតាអើយ មិនត្រូវអានតារ៉ើយទេ គឺអានបានតែតាអ្ហើយប៉ុណ្ណោះ ។ គួរមើលសេចក្ដីពន្យល់តាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួន ណាត ខាងក្រោម ។ (ច្រើនទៀត…)
ពាក្យខ្មែរមួយចំនួនដែលមិនសូវមានប្រើ ខែ មេសា 30, 2009
Posted by ទឹម បឿន in ខ្មែរ, អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ.23 comments
ខាងក្រោមជាពាក្យខ្មែរមួយចំនួនដែលខ្ញុំបានឃើញនៅសៀវភៅ វេយ្យាករណ៍ខ្មែរ របស់លោកគ្រូ ឈុន លិះ។ ពាក្យទាំងនេះ ត្រូវបានយកមកប្រើមួយចំនួន និងពាក្យមួយចំនួនបានកប់បាត់អត់មានអ្នកស្គាល់។ ឧទាហរណ៍ពាក្យ កសិករ មានន័យថា អ្នកធ្វើស្រែចម្ការ, កម្មករ អ្នកធ្វើការដោយកម្លាំង, កិន្នរ ឈ្មោះសត្វបក្សី, កុមារ ក្មេងប្រុស… ជាពាក្យដែលគេយកមកប្រើញឹកញាប់ ចំណែកពាក្យមួយចំនួនទៀតដែលគេមិនមានពាក្យមួយសម្រាប់ប្រើ គេច្រើនប្រើពាក្យផ្សំទៅវិញ ក្នុងនោះមាន អ្នក+កិរិយាសព្ទ(+នាម) ឬ ជាង+នាម ដែលមានដូចជា ជាងថ្នាំ ជាងឈឺ អ្នកជំងឺ អ្នករៀន ។ល។ សូមមើលពាក្យទាំងនេះខាងក្រោម៖
- កុម្ភការ – ជាងធ្វើក្អមឆ្នាំង
- កំណោរ – ជាងកោរសក់
- ចិត្តករ – ជាងគំនូរ
- ចំបួរ, ចម្បួរ – ចំបួរខាងម្ដាយ
- ឆាយាធរ – ព្រះចន្ទ
- ជលធរ – មេឃ
- ជូតការក៍ – អ្នកលេងល្បែងស៊ីសង
- ជំបួរ – ជួរវង្សត្រកូលខាងប្រុស
- ទេពនិករ – ពពួកទេវតា
- និសាករ – ព្រះចន្ទ
- និសាចរ – អ្នកត្រាច់ចរក្នុងពេលវេលាយប់
- បរិពារ, បរិវារ – អ្នកហែហម
- បារគូ – អ្នកដល់ត្រើយនៃវិជ្ជា
- ពាឌីរ – កូនឈ្នួល (ច្រើនទៀត…)
