ស្អាតទេ? ខែ មេសា 23, 2009
Posted by ទឹម បឿន in របាំ, រូប និងគំនូរ.52 comments

របាំគោះត្រឡោក (បុណ្យចូលឆ្នាំថ្មី ២៥៥៣, ផ្ទះខ្មែរ, បារាំង)
រូបថត៖ ចិន្ត ច័ន្ទរតនា
របាំកែវមុន្នីមេខលា ខែ មីនា 12, 2007
Posted by ទឹម បឿន in របាំ.add a comment
ខ្ញុំនឹងដាក់ពត៌មានបន្ថែមពីរបាំនេះ នៅពេលក្រោយ ។
អប្សរា និង ប្រវត្តិរបាំអប្សរា ខែ កុម្ភៈ 17, 2007
Posted by ទឹម បឿន in របាំ.9 comments
ពាក្យ អប្សរ ដែលពាក្យសំស្រ្កឹត ថា អប្សរស៑ ឬ អប្សរា បាលី គឺ អច្ឆរា ជាស្រីមានសម្បុរថ្លាស្រស់, ផូរផង់ឬស្រីមានមុខថ្លាស្រស់បំព្រង ។ តាមសេចក្ដីតំណាលក្នុងគម្ពីព្រាហ្មណ៍ថា ស្រ្តីសួគ៌ពួកមួយដែលផុសឡើងពីទឹក ក្នុងកាលដែលកូរយកទឹកអម្ឫត នៅសមុទ្រទឹកដោះ ។ បានសេចក្ដីថា ក្នុងចលនាកូរមានលេចចេញពីផ្ទៃសមុទ្រនូវសត្វចម្លែកអស្ចារ្យជាច្រើនជាបន្តបន្ទាប់ ដែលក្នុងខណៈនោះក៏មានចេញនូវតួនាងទេពអប្សរជាច្រើន ពត់ពេនខ្លួនរាំនៅលើអាកាស ។ ប៉ុន្តែតាមការពិតមិនមែនដូចច្នោះទេ, ដែលហៅ ថា អប្សរ ឬ អប្សរា នោះដោយសេចក្ដីថា “ ស្រីសួគ៌មានសម្បុរភ្លឺថ្លាផូរផង់ឬស្រីសួគ៌ឆើតឆោម” ។
ក្នុងការប្រើប្រាស់ពាក្យនេះ ខ្មែរប្រើក្លាយជា អក្សរ ក៏មាន ដូចជាពាក្យ ស្រីអក្សរ, ស្រីទេពអក្សរបវរកញ្ញា ជាដើម ។ យើងគួរតែកុំប្រើ ហើយត្រូវប្រើ អប្សរ ឬ អប្សរា, អច្ឆរា វិញ ។

រូបនាងត្រូវបានបុព្វបុរសខ្មែរឆ្លាក់លើសិលានៃប្រាសាទជាច្រើន ពិសេសប្រាសាទអង្គរវត្ត ដែលមានរូបនាងរាបពាន់ក្នុងសណ្ឋានខុសប្លែកពីគ្នា ។ នាងអប្សរាក៏រាំនូវរបាំផ្សេងៗដែរ ដូចជា របាំទេពមនោរម្យ និង របាំមុនីមេខលាជាដើម ។

របាំអប្សរាត្រូវបានបង្កើតឡើងដោយ សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ ជាព្រះអនុជនៃព្រះករុណាព្រះបាទនរោត្ដម សុរាម្រឹត ។ ព្រះនាយិការមានគំនិតបង្កើតរបាំនេះឡើង គឺដើម្បីចូលរួមសម្ដែងក្នុងកម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែ ដែលតែងតែប្រព្រឹត្តទៅនៅរាល់ដំណាច់ឆ្នាំសិក្សាម្ដងៗ ។ ព្រះអង្គបានបង្ហាត់របាំនេះដំបូងនៅក្នុងឆ្នាំ ១៩៥៨ ដែលរាំជាតួឯកដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម វិជ្ជរា ជាព្រះរាជបុត្រីនៃព្រះករុណាព្រះបាទនរោត្ដម សុរាម្រឹត ។ ឆ្នាំបន្ទាប់រាំដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម សុជាតិវត្តីយា ជាព្រះរាជបុត្រីនៃព្រះករុណាព្រះបាទ នរោត្ដម សីហនុ ដែលបង្ហាត់ដោយអ្នកគ្រូ ជា សមី ។
ការរាំនៅសម័យនោះមានលំនាំប្រហាក់ប្រហែលរបាំ ភួងនារី ដោយ ម៉ម ឆាវរី បានដកពាក្យខ្លះនៅក្នុងរឿង អ៊ីណាវ បុស្បា ដោយអន្លើ សាកា និង រ៉ាត ។ ការដាក់ក្បាច់ និង ការរើសភ្លេងមកបំពេញ អ្នកគ្រូ ជា សាមី ជាអ្នករៀបចំ ។ ច្រៀងកំដរដោយ អ្នកគ្រូ ជា ខាន់ និង អ្នកគ្រូ ឯម ធាយ ដែលយកតាមលំនាំបទ ដើមឈឹង ។
របាំអប្សរាបានឈានទៅដល់ចំណុចកំពូល ល្អឥតខ្ចោះ និងបានចេញរាំជាដំបូងនៅខេត្តសៀមរាប (អង្គរ) ដើម្បីថតជាខ្សែភាពយន្តដោយលោក ម៉ាកសែល កាមីស៍ ក្នុងកំឡុងឆ្នាំ ១៩៦១ ឬ ១៩៦២ ។នៅឆ្នាំ ១៩៦៣ ចេញទៅសម្ដែងនៅប្រទេសបារាំង ។ នៅឆ្នាំ១៩៦៤ ចេញទៅសម្ដែងនៅ សិង្ហបុរី ក្នុងពិធីសម្ពោធមហោស្របសិល្បះ ទូទាំងសាកល ដែលបានទទួលជោគជ័យ និងមានការគាំទ្រ និង កោតសរសើរពីសំណាក់ទស្សនិកជនយ៉ាងខ្លាំង ។ តួឯករាំដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផាទេវី ដែលព្រះអង្គជាតួឯកដំបូងគេបង្អស់នៃរបាំ ។ តួសម្ដែងជាបន្តបន្ទាប់មានដូចជា ៖
- អ្នកស្រី សេង ស្រីមុំ
- អ្នកស្រី វ័ន សាវៃ
- អ្នកស្រី ឌុក ថាច
- អ្នកស្រី វ័ន សាវង្ស
- អ្នកស្រី យឹម ទេវី
- អ្នកស្រី ម៉ម កណិការ
- អ្នកស្រី អ៊ុក ផល្លា
- កញ្ញា សុខ សុខឿន ៕
ឯកសារយោងៈ សៀវភៅ របាំអប្សរា របស់អ្នកគ្រូ កែវ ណារុំ និង អ្នកគ្រូ ព្រំ ស៊ីសាផាន្ឋា និងវចនានុក្រមសម្ដេចសង្ឃរាជ ជួនណាត ។
