ប្រាសាទបុរាណខ្មែរក្នុងប្រទេសលាវ ខែ កក្កដា 14, 2008
Posted by ទឹម បឿន in ប្រាសាទខ្មែរ.3 comments
លោក អេនឌី បានទៅដល់ប្រាសាទមួយដែលស្ថិតនៅក្នុងប្រទេសលាវសព្វថ្ងៃ ឈ្មោះថា ប្រាសាទ វត្តភូ ដែលជាប្រាសាទខ្មែរបុរាណ មានរចនាបទដូចនឹងប្រាសាទព្រះវិហារ កសាងក្នុងកំឡុងសតវត្សរ៍ទី១១ និងកសាងបន្តនៅសតវត្សរ៍ក្រោយមកទៀត។ ខាងក្រោមជារូបភាពដែលលោក អេនឌី បានផ្ដិតយកមក ហើយដាក់បង្ហាញនៅប្លក់របស់គាត់។
ផ្លូវចូលចម្ងាយ២៥០ម៉ែត្រ របងធ្វើពីថ្មភក់
ផ្នែកខាងកើត
ផែនទី ប្រាសាទបុរាណ វត្តភូ នៅផ្លូវចូលទៅប្រសាទ (ចម្ងាយ ១,៤គីឡូម៉ែត្រ)ប្រាសាទព្រះវិហារបានដាក់បញ្ជូលជាបេតិកភណ្ឌពិភពលោក ខែ កក្កដា 8, 2008
Posted by ទឹម បឿន in ប្រាសាទខ្មែរ, សារព័ត៌មាន.6 comments
ទ្រាំមិនដាក់ព័ត៌មានដ៏សែនរីករាយនេះមិនបាន ទោះជាគ្រប់ប្លក់បានដាក់រួចហើយក៏ដោយ។
ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលជាបេតិកភណ្ឌពិភពលោកហើយ ល្ងាចនេះនឹងមានប្រារព្ធពិធីអបអរដល់ជោគជ័យនេះ និងជាមោទនភាពបំផុតសម្រាប់ខ្មែរ។
សូមទៅចូលរួមអបអរទាំងអស់គ្នា។
ជយោប្រាសាទព្រះវិហារ!

អាជ្ញាធរខ្មែរបិទច្រកទ្វារព្រំដែននៅប្រាសាទព្រះវិហារបណ្តោះអាសន្ន ខែ មិថុនា 24, 2008
Posted by ទឹម បឿន in ប្រាសាទខ្មែរ, សារព័ត៌មាន.2 comments
ប្រជាពលរដ្ឋខ្មែរនៅតំបន់ប្រាសាទព្រះវិហារបានឲ្យដឹងថា អាជ្ញាធរខេត្តព្រះវិហារបានសម្រេចបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅប្រាសាទព្រះវិហារជាបណ្តោះអាសន្ន បន្ទាប់ពីមានសភាពការណ៍តឹងតែងដោយក្រុមប្រជាពលរដ្ឋថៃបានទៅធ្វើ បាតុកម្មនៅទីនោះ ប្រឆាំងរដ្ឋាភិបាលថៃថាបានកាត់ទឹកដីជិតប្រាសាទព្រះវិហារមកឲ្យ កម្ពុជា ។
Photo courtesy of Tharum Bun, http://tharum.info
អ្នកទេសចរដើរទស្សនាប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក ក្នុងឆ្នាំ២០០៦។
អនុប្រធានភូមិប្រាសាទនៅលើកំពូលភ្នំប្រាសាទព្រះវិហារ លោក ហម សុផា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ថាច្រកទ្វារព្រំដែនប្រាសាទព្រះវិហារត្រូវបានបិទតាំងពីវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីប្រជាពលរដ្ឋថៃមួយក្រុមដែលមានប៉ូលិសនិងកងទាហានឈុតខ្មៅ ចូលរួមដើរការពារផង បានមកធ្វើបាតុកម្មទាមទារ ។ ហើយកាលពីព្រឹកថ្ងៃច័ន្ទអភិបាលខេត្តព្រះវិហារ លោក ព្រាប តាន់ បានមកប្រកាសបិទជាផ្លូវការ ។
លោក ហម សុផា បានមានប្រសាសន៍ថា ៖ «បិទម៉ោង ៥:១៥ ។ ប្រជាពលរដ្ឋវា វាមានប៉ូលិសរបស់វាផង មានទាហានខ្មៅផង កងកម្លាំងវាមកទាំងអស់ប្រហែលជាជាង១០០នាក់ វាមកធ្វើបាតុកម្មហ្នឹង ។ ទប់ស្កាត់វាមិនឲ្យចូលមកតាមរបងហ្នឹង» ។
មិនអាចទំនាក់ទំនងសុំការអធិប្បាយពីអភិបាលខេត្តព្រះវិហារ លោក ព្រាប តាន់ ស្ដីពីបញ្ហានោះបានទេកាលពីព្រឹកថ្ងៃច័ន្ទ ។
ចំណែកនាយខុទ្ទកាល័យរបស់សាលាខេត្តព្រះវិហារ លោក សុង ប៊ុនលាង បានមានប្រសាសន៍ថាអភិបាលខេត្តព្រះវិហារ កំពុងធ្វើដំណើរទៅកាន់តំបន់ប្រាសាទ ឯព័ត៌មានផ្សេងៗលោកពុំទាន់ជម្រាបបានទេ ។
លោក សុង ប៊ុនលាង បានឲ្យដឹងថា ៖ «ឯកឧត្ដមអភិបាលខេត្តលោកចុះទៅហើយ ប៉ុន្តែខ្ញុំអត់ទាន់ច្បាស់ ខាងខ្ញុំអត់ទាន់ហ៊ានរាយការណ៍ឲ្យខាងប្អូនទេ» ។
អាជ្ញាធរខ្មែរនៅលើខ្នងភ្នំដងរែកប្រាសាទព្រះវិហារបាននិយាយថា ការបិទច្រកប្រាសាទមិនឲ្យភ្ញៀវថៃនិងខែ្មរចេញចូល វានឹងមានផលវិបាកដល់អ្នកភូមិខ្មែរប្រមាណ៣១០គ្រួសារដែលរស់នៅ តំបន់នោះប្រឈមមុខទៅនឹងការខ្វះស្បៀងនិងម្ហូបអាហារ ។
ក្រុមអ្នកភូមិខ្មែរនៅលើខ្នងភ្នំបាននិយាយថា ស្បៀងនិងម្ហូបអាហារដែលពួកគេទទួលទានប្រចាំថ្ងៃគឺយកមកពីប្រទេស ថៃ ហើយបើបិទច្រកពួកគេនឹងដាច់ស្បៀងនៅពេលខាងមុខ ៖ «ចៅហ្វាយ ខេត្តចុះមកដល់មុនហ្នឹងបន្តិចហ្នឹង ប្រកាសបិទហើយចាក់សោហើយ ។ ពេលអត់បានមកពីថៃអត់មានអីហូបទេ អត់ទាំងអស់ ហើយមកពីខ្មែរយើងវិញ យកមកលក់ក៏អត់ទាន់មាន» ។
ទោះយ៉ាងណាពេញមួយថ្ងៃច័ន្ទមិនអាចទំនាក់ទំនងសុំការបំភ្លឺបញ្ហា ដែលប្រជាពលរដ្ឋថៃទៅធ្វើបាតុកម្មនៅច្រកទ្វារប្រាសាទព្រះវិហារពី លោក ចក្រឈូករិនថៃអៈថាំ ជាមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាបានទេដោយបុគ្គលិកស្ថានទូតបាន ប្រាប់ថាលោកមិននៅក្នុងការិយាល័យ ។
តាមប្រជាពលរដ្ឋខ្មែរនៅលើខ្នងភ្នំដងរែកឲ្យដឹងថា ច្រកទ្វារប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់បន្ទាប់ពីអាជ្ញាធរ ខ្មែរបានយកសោមកចាក់បិទទ្វារព្រំដែន ។
សូមរំឭកថាកាលពីថ្ងៃទី១៨ ខែមិថុនាកន្លងមក នៅទីក្រុងបាងកកប្រទេសថៃ មនុស្សប្រមាណ៥ពាន់នាក់ដែលដឹកនាំដោយក្រុមសម្ព័ន្ធប្រជាជនសម្រាប់ លិទ្ធិប្រជាធិបតេយ្យ បានធ្វើបាតុកម្មដោយចោទប្រកាន់លោកណុបផាដុនប៉ាតាម៉ា រដ្ឋមន្ត្រីការបរទេសថៃថាបានឲ្យទឹកដីតំបន់ប្រាសាទព្រះវិហារមក កម្ពុជាជាថ្នូរទៅនឹងសម្បទានអាជីវកម្ម ដោយបើកផ្លូវឲ្យកម្ពុជាបានបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោកដោយគ្មានឧបសគ្គ ៕
គណៈកម្មាធិការព្រឹទ្ធសភាថៃជំទាស់នឹងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកតាមផែនទីថ្មី ខែ មិថុនា 21, 2008
Posted by ទឹម បឿន in ប្រាសាទខ្មែរ, សារព័ត៌មាន, ស្រុកខ្មែរ.22 comments
ទៀតហើយ ល្បងថៃយើង!
កាសែតថៃបានរាយការណ៍នៅថ្ងៃសុក្រនេះថា គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាថៃ នឹងដាក់សំណើជាផ្លូវការទៅអង្គការយូណេស្កូ (UNESCO) ដើម្បីពន្យារការដាក់បញ្ចូលប្រាសាទព្រះវិហារទៅជាបេតិកភណ្ឌពិភពលោក ។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាថៃ លោកស្រី ពីគុលកែវ គ្រីរីកស៍ ត្រូវបានកាសែតស្រង់សម្ដីថា ក្រសួងការបរទេសធ្វើការខ្វះតម្លាភាពក្នុងការចរចាជាមួយសមភាគី កម្ពុជាលើបញ្ហាប្រាសាទព្រះវិហារ ។
រដ្ឋមន្រ្តីការបរទេសថៃ លោក ណុបផៈដុន បាតាម៉ា បដិសេធការលើកឡើងនោះដោយពន្យល់ថា តុលាការអន្តរជាតិនៅទីក្រុងឡាអេបានកាត់សេចក្តីប្រគល់ប្រាសាទ ព្រះវិហារឲ្យទៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៦២មក និងថាការសម្រេចឲ្យកម្ពុជាប្រើផែនទីថ្មីក្នុងការដាក់បញ្ចូល ប្រាសាទព្រះវិហារទៅក្នុងការការពាររបស់អង្គការយូណេស្កូ នឹងមិនធ្វើឲ្យថៃបាត់បង់ទឹកដីនោះទេ ។
លោក ណុបផៈដុន បាតាម៉ា បានមានប្រសាសន៍ថា ៖ “ ជោគជ័យរបស់ក្រសួងការបរទេសគឺថា វាបានបញ្ឈប់កម្ពុជាពីការដាក់បញ្ជូលដីរបស់ថៃទៅក្នុងសំណើទៅ អង្គការពិភពលោក វាជាការចាំបាច់ណាស់ តែខ្ញុំគិតថាជនជាតិថៃទាំងអស់ត្រូវយល់ហើយវាត្រូវបានកត់ត្រាជា ឯកសារនិងមិនអាចបំភ្លេចបានទេ” ។
ទោះជាយ៉ាងនេះក្តីសមាជិកសភាគណបក្សប្រឆាំងនៃប្រទេសកម្ពុជានិង សកម្មជនឃ្លាំមើលបញ្ហាព្រំដែនកម្ពុជាបានបង្ហាញទស្សនៈថា ការប្រើផែនទីថ្មីរបស់កម្ពុជានៅតំបន់ប្រាសាទព្រះវិហារ ដើម្បីដាក់បញ្ចូលប្រាសាទនេះជាមរតកពិភពលោក គឺជាការខាតបង់សម្រាប់កម្ពុជាទៅវិញទេ ។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា លោក សុន ឆ័យ បានមានប្រសាសន៍ថា ៖ «បញ្ជាក់ ថារឿងប្រាសាទព្រះវិហារហ្នឹងជាប្រាសាទរបស់ខ្មែរទាំងស្រុងហើយ អត់មានរឿងអីត្រូវព្រួយបារម្ភ អត់មានរឿងអីត្រូវថៃមកលើកបញ្ហាប្រាសាទទេ ហើយការដាក់ជាបេតិកភណ្ឌអន្តរជាតិនោះ ត្រូវតែយើងសិក្សាជាមួយភាគី UNESCO តែមួយមុខដើម្បីឲ្យដឹងថា វាមានមូលហេតុអីបានថៃមានសិទ្ធិមកតវ៉ានៅពេលដែលប្រទេសកម្ពុជាយក ប្រាសាទរបស់ខ្លួនទៅដាក់ជាសម្បត្តិរបស់ពិភពលោកនេះ វាអត់មានហេតុផលទាល់តែសោះ» ។
ប៉ុន្តែលោកថាអ្វីដែលលោកព្រួយបារម្ភគឺការសម្រេចគូរផែនទីថ្មី ផ្ញើទៅឲ្យភាគីថៃ ដោយទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាក្នុងស្ថានភាពលាក់លាមមិនបានឲ្យ រដ្ឋសភាដឹង និងមានចរិតបង្កប់នូវផលប្រយោជន៍ឯកជនច្រើនជាងប្រយោជន៍ជាតិ ។
ប្រធានគណៈកម្មាធិការជាតិកិច្ចការការពារព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ធ្លាប់បានប្រាប់វិទ្យុអាស៊ីសេរីជុំវិញផែនទីថ្មីនៃប្រាសាទសម្រាប់ ការដាក់បញ្ចូលជាមរតកពិភពលោកយ៉ាងដូច្នេះ ៖ «នៅក្នុងឱកាសដែល កម្ពុជាដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក យើងអត់យកបញ្ហាព្រំដែនមកនិយាយទេ គេអត់និយាយទេ វេទិកាអង្គការUNESCO ជាវេទិកាវប្បធម៌ គេអត់និយាយរឿងព្រំដែនទេ» ៕
ប្រាសាទតាមាន់របស់ខ្មែរ ត្រូវថៃកាន់កាប់ ខែ ធ្នូ 8, 2007
Posted by ទឹម បឿន in ប្រាសាទខ្មែរ, សារព័ត៌មាន.14 comments
រឿងរាវដ៏គួរឲ្យឈឺចាប់មួយដែលខ្មែរយើងទទួលពីថៃ តែរដ្ឋាភិបាលបែរជាមិនយកចិត្តទុកដាក់ទៅវិញ ។ សូមអានអត្ថបទសង្ខេបពីវិទ្យុអាស៊ីសេរី ដែលទាក់ទងនឹងបញ្ហានេះដូចតទៅ ៖
ប្រាសាទតាមាន់នៅស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ត្រូវបានថៃគ្រប់គ្រងតាំងពី ៣ ឆ្នាំមុនមកម្ល៉េះ ។ ថៃបានធ្វើថ្នល់កៅស៊ូចូលមកប្រាសាទ និង បានបើកឱ្យភ្ញៀវទេសចរចូលមកកម្សាន្តតាមច្រកថៃ ចំណែកពលរដ្ឋខ្មែរវិញ ត្រូវគេបើកឱ្យចូលមើលប្រាសាទនេះមួយឆ្នាំម្ដងនៅពេលចូលឆ្នាំថ្មី ក្រៅពីនោះ ខ្មែរមិនអាចចូលទៅដល់ប្រាសាទនោះបានទេ ។ អ្នកប្រវត្តិសាស្ត្រខ្មែរ លោកមីសែល ត្រាណេ បញ្ជាក់ថា ប្រាសាទតាមាន់ ជាប្រាសាទបុរាណខ្មែរ ដែលសាងសង់នាកំឡុងសតវត្សរ៍ទី ១១ និង ១២ ប៉ុន្តែ លោកមិនហ៊ានអះអាងបន្តទៀតឡើយ ថាតើបច្ចុប្បន្នវានៅក្នុងទឹកដីខ្មែរដដែល ឬក៏យ៉ាងណា ។ អ្នកស្រុក និង អាជ្ញាធរមូលដ្ឋានបានអះអាងថា តំបន់ប្រាសាទតាមាន់ កំពុងត្រូវអាជ្ញាធរថៃកាន់កាប់រយៈពេល ៣ ឆ្នាំមកនេះ ប៉ុន្តែ មេបញ្ជាការរងយោធភូមិភាគទី ៤ ដែលទទួលភារៈការពារព្រំដែននៃតំបន់នេះ បានឱ្យដឹងថា ប្រាសាទតាមាន់បានក្លាយជាតំបន់ស គឺមិនទាន់ជារបស់ថៃនោះទេ បើទោះបីជាថៃបានធ្វើផ្លូវកៅស៊ូមកដល់ប្រាសាទ និង បើកឱ្យភ្ញៀវចូលមកទស្សនាក៏ដោយ ដែលនេះគឺអាស្រ័យទៅលើរដ្ឋាភិបាលជាអ្នកសម្រេច គាត់នៅក្រោមគេ បានត្រឹមតែល្បាតមើលតែប៉ុណ្ណោះ ។ អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ លោកខៀវ កាញារឹទ្ធបញ្ជាក់ថា ប្រាសាទតាមាន់ជារបស់ខ្មែរ ហើយរឿងនេះ កំពុងស្ថិតនៅក្នុងភាពប្រទាញប្រទង់ ការបោះព្រំដែន យើងធ្វើកន្លែងណាដែលស្រួលសិន បោះបង្គោលកន្លែងណាដែលវាស្រួលសិន កន្លែងណាដែលយើងនិយាយថាជាកន្លែងព្រំកំពូលបែងចែកជាពីរ យើងនិយាយកន្លែងឱ្យអស់សិន កន្លែងពិបាកទុកក្រោយ អាហ្នឹងដូចករណីយើងជាមួយនឹងវៀតណាមផងដែរ ។ អ៊ីចឹង កន្លែងណាដែលយើងដាក់យើងគូសឱ្យហើយ កន្លែងណាឯទៀតយើងជជែកគ្នា បើយើងជជែកមិនដាច់ទេ យើងទៅតុលាការអន្តរជាតិស្អីអ៊ីចឹងទៅ ។
http://www.rfa.org/khmer/audio/2007/12/06/h1205kp1.mp3
ប្រភព វិទ្យអាស៊ីសេរី
