វិបសាយ ខ្ញុំស្រឡាញ់ខ្មែរ ប្ដូររូបរាងថ្មី ខែ សីហា 4, 2009
Posted by ទឹម បឿន in វេបសាយ, សារព័ត៌មាន.10 comments
រូបភាពខាងក្រោមជារូបរាងថ្មីរបស់វិបសាយ ខ្ញុំស្រឡាញ់ខ្មែរ

ចំណែកខាងក្រោមជារូបរាងចាស់

ខ្ញុំស្រឡាញ់រូបរាងថ្មីជាងរូបរាងចាស់ ពិសេសឡូហ្គោថ្មី
ចំណុចគួរយកចិត្តទុកដាក់លើវិគីភីឌាខ្មែរ ខែ វិច្ឆិកា 26, 2008
Posted by ទឹម បឿន in វេបសាយ, សារព័ត៌មាន.11 comments
ទាក់ទងទៅនឹងអត្ថបទមុនដែលអ្នកអភិបាលវិគីភីឌាឈ្មោះកៀនស្វាយ និងគឹមស្រុនលុបអត្ថបទមួយចំនួននោះ ខ្ញុំក៏សូមអរគុណនឹងអ្នកទាំងពីរដែលបានមកបកស្រាយ។
ដំណើររឿងដែលខ្ញុំចង់រំឭក
ដំបូងឡើយពេលដែលខ្ញុំចូលទៅវិគីភីឌានិងបានដាក់អត្ថបទរបស់ខ្ញុំ ខ្ញុំបានជួបលោក Jose77 គាត់បានតែងតាំងខ្ញុំជា Sysop បានន័យថាជាអ្នកដែលមានសិទ្ធិកែប្រែមួយនៅវិគីភីឌាដែរ។ តែខ្ញុំក៏មិនបានដាក់អត្ថបទច្រើនដែរ ដោយគ្រាន់តែស្រាវជ្រាវឲ្យដឹងពីរបៀបសរសេរ និងកែទម្រង់ផ្សេងៗរបស់អត្ថបទនៅវិគីភីឌានោះ។ លុះក្រោយមក សុភ័ក្ត្រចូលរួមដែរ។ អត្ថបទមួយចំនួនបានដាក់ និងអត្ថបទមួយចំនួនកំពុងបកប្រែ។ ថ្ងៃមួយអត្ថបទអំពីនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានលុប។ ពេលនោះសុភ័ក្ត្រប្រាប់ខ្ញុំដែរ ហើយខ្ញុំក៏សង្គ្រោះអត្ថបទនោះមកវិញ។ ក្រោយមកដោយសាររវល់ផង ខ្ញុំមិនបានសួរនាំពីរឿងនេះទេ រហូតមកដល់ម៉ុន្មានថ្ងៃមុននេះ ពេលដែលខ្ញុំត្រូវការមើលអត្ថបទដែលសុភ័ក្ត្របកប្រែនោះ ខ្ញុំក៏បានឃើញអ្នកប្រើឈ្មោះ កៀនស្វាយ លុបនោះ។ គំនិតរបស់ខ្ញុំយល់ថា វិគីភីឌា អានាធិប្បតេយ្យណាស់ នរណាចង់លុបក៏បាន។ អ្នកណាចង់ដាក់ក៏បាន។ ដូច្នេះគួរតែលើកយកមកនិយាយដើម្បីឲ្យបានដឹង និងយល់ទាំងអស់គ្នា ដោយមិនសង្ឃឹមថាអាចមានដំណោះស្រាយណាមួយឡើយ។ ផ្ទុយទៅវិញ អ្នកលុប កៀនស្វាយ និង គឹមស្រ៊ុន បានមកបកស្រាយពីមូលហេតុ ដែលធ្វើឲ្យខ្ញុំដឹងថា អ្នកដែលចូលរួមជាអភិបាល និងបកប្រែគឺអ្នកទាំងនោះ។ នេះជារឿងល្អ ដែលយើងបានស្គាល់ និងស្ដាប់យោបល់អ្នកទាំងនោះ។
អ្វីដែលអ្នកប្រើ និងអ្នកអភិបាលវិគីភីឌាគួរចាប់អារម្មណ៍?
១. ការបកប្រែ និងដាក់អត្ថបទ
សូមប្រយ័ត្នចំពោះអក្ខរាវិរុទ្ធ និងពាក្យដែលត្រូវប្រើ ដោយផ្ទៀងផ្ទាត់នឹងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រោះឃើញមានការធ្វេសប្រហែសនឹងអក្ខរាវិរុទ្ធ និងការប្រើពាក្យច្រើនដែរ។
សរសេរឲ្យមានលក្ខណៈត្រឹមត្រូវតាមស្តងដារយូនីកូដខ្មែរ។ របៀបសរសេរ ត្រូវកាត់មួយពាក្យៗដោយប្រើ Space bar និងដកឃ្លាប្រយោគឲ្យបានត្រឹមត្រូវដោយប្រើ Shift + Space bar ដើម្បីឲ្យអក្សរបង្ហាញស្អាត និងងាយស្រួលក្នុងការរកអត្ថបទនោះ។ បច្ចប្បន្ន អត្ថបទដែលដាក់រួចជាច្រើនមិនប្រើវិធីនេះ សំខាន់បំផុតចំណងជើង។ ចំណែកការវាយអក្សរ ត្រូវវាយតាមលំដាប់នៃការប្រកបរបស់ខ្មែរឲ្យបានត្រឹមត្រូវ ដូចជាពាក្យ បញ្ជ្រៀត សរសេរ និងប្រកប ប និងញ ជើងជ ជើងរ ដាក់ស្រៈអៀ និងត កុំសរសេរជើងរ មុនជើងជ ជាដើម។
២. ការកែប្រែ ឬលុប
ត្រូវរៀបចំគោលការណ៍ឲ្យបានច្បាស់លាស់ និងជូនដំណឹងដល់សមាជិកឲ្យបានដឹង។
សូមកុំផ្អែកលើតែការបោះឆ្នោតតែមួយមុខ ចំពោះការលុបអត្ថបទនោះ។ ត្រូវមើលលើប្រយោជន៍របស់វា អត្ថន័យ ឬខ្លឹមសារ ដើម្បីវាយតម្លៃថាគួរលុប ឬមិនលុប។ ករណីត្រូវលុប ត្រូវជូនដំណឹង និងផ្ដល់សិទ្ធិឲ្យម្ចាស់អត្ថបទពិភាក្សាជាមួយយើង ថាតើគាត់គួរកែប្រែ ឬយើងត្រូវទទួលយករបស់គាត់។
ថ្វីបើអ្នកអភិបាល និងសមាជិកទាំងឡាយមានកន្លែងពិភាក្សាគ្រប់គ្នាក៏ពិតមែន តែសមាជិកខ្លះ ដូចជាអ្នកចូលថ្មី មិនដឹងថាអ្នកណាជាអភិបាល ឬទាក់ទងអ្នកណា ពេលជួបបញ្ហា ឬអត្ថបទត្រូវគេលុបបាត់។ ត្រង់នេះ ពេលខ្លះ អ្នកដែលដាក់អត្ថបទនោះ ដាក់រួចហើយ មិនបានចូលទៅមើលអត្ថបទរបស់ខ្លួនក្នុងរយៈពេលយូរ។ ករណីនេះ ក៏គួរមានដំណោះស្រាយផងដែរ។
ត្រូវមានវិធីដោះស្រាយប្រសិនបើអ្នកប្រើអាណាមិកណាមកលុបអត្ថបទ។ បើមានអ្នកខូចខិលណាមកដើរលុប ១០, ២០អត្ថបទលេង អភិបាលត្រូវដោះស្រាយយ៉ាងណា? សង្គ្រោះមកវិញឬមានវិធីផ្សេងសម្រាប់ទប់ស្កាត់។
ខាងលើជាករណីមួយចំនួនដែលខ្ញុំជួបប្រទះនៅវិគីភីឌាខ្មែរ។ ឥឡូវយើងដឹងថាអ្នកណាជាអ្នកអភិបាលនៅវិគីភីឌា ដែលអាចទាក់ទងពេលមានបញ្ហា និងជាអ្នកដែលមើលគ្រប់គ្រងអត្ថបទដែលដាក់រួច។
គ្រប់គ្នា នរណាក៏ចង់ឲ្យជាតិ ឲ្យអក្សរសាស្ត្ររីកចម្រើន ក៏ដូចជាចង់ឲ្យមានឯកសារសម្បូរបែបសម្រាប់ស្រាវជ្រាវ។ ប្រសិនបើវិគីភីឌី ជាឃ្លាំងឯកសារ ហើយគេទុកចិត្តថាគេក៏អាចទុកដាក់ឯកសារមានប្រយោជន៍សម្រាប់អ្នកដ៏ទៃដែរនោះ គ្រប់គ្នានឹងចំណាយពេលរបស់គេធ្វើការងារមានប្រយោជន៍នេះមិនខាន។ ចំណែកខ្ញុំនៅតែបន្តដាក់អត្ថបទផ្សេងៗទៀតតាមដែលអាចធ្វើទៅបាន។
យ៉ាងណាក៏សុំអរគុណដល់អភិបាលទាំង៥នាក់ដែលចំណាយពេលលើការងារនេះ និងអរគុណដល់គឹមស្រ៊ុន ដែលបានសង្គ្រោះអត្ថបទដែលសុភ័ក្ត្រដាក់មកវិញ ហើយខ្ញុំក៏សង្ឃឹមថា សុភ័ក្ត្រនឹងជួយដល់ការងារនេះបន្តទៀត។
** អត្ថបទមុន និងអត្ថបទនេះ ខ្ញុំសរសេរពាក្យពីរខុសគ្នាដែលសំដៅន័យតែមួយ។ អត្ថបទមុនខ្ញុំសរសេរ វិគីផេឌ្យា និងអត្ថបទនេះ ខ្ញុំសរសេរ វិគីភីឌា។ ពាក្យទាំងពីរនេះ នៅមិនទាន់ប្រើជាផ្លូវការនៅឡើយ ប៉ុន្តែ វិគីភីឌា ត្រូវបានប្រើជាឈ្មោះនៅលើវិបសាយ វិគីភីឌានេះរួចទៅហើយ។ អាចនឹងមានការផ្លាស់ប្ដូរការសរសេរនៅពេលក្រោយទៀតតាមអក្សរណាដែលគេប្រើច្រើន។
អត្ថបទទាក់ទង៖
វិគីផេឌ្យាខ្មែរមិនសេរីដូចដែលអ្នកគិត
សុវត្ថិភាពឯកសារ ខែ វិច្ឆិកា 25, 2008
Posted by ទឹម បឿន in កម្មវិធី, វេបសាយ.add a comment
កន្លងមក ខ្ញុំជឿថាលោកអ្នកមិនសូវខ្វាយខ្វល់រឿងបាត់ឯកសារប៉ុន្មានទេ ព្រោះវាកម្រណាស់ដែលហាតឌីសកុំព្យូទ័រខូចហើយបាត់ឯកសារទាំងអស់នោះ។ តែពេលខ្លះក៏លោកអ្នកក៏អាចជួបបញ្ហានេះដោយចៃដន្យផងដែរ។ ដូចមិត្រខ្ញុំម្នាក់បាត់បង់ឯកសារទាំងអស់ ដោយសារហាតឌីសខូចរហូតសង្គ្រោះលែងបាន។ ដូច្នេះលោកអ្នកក៏គួរយកចិត្តទុកដាក់ដែរ ប្រសិនបើឯកសាររបស់លោកអ្នកជាឯកសារសំខាន់។
ថ្មីៗនេះ ខ្ញុំបានឃើញវិបសាយមួយដែលអាចទុកចិត្តបានក្នុងការជួយយើងរក្សាទុកឯកសារ។ ដោយសារវិបសាយនេះមានកម្មវិធីដែលអាចដំឡើងលើវិនដូស៍ និងចាត់ចែងឯកសារលើវិនដូស៍ផ្ទាល់ដោយមិនបាច់ចូលទៅអាប់ឡូតតាមវិបសាយ វាពិតជាងាយស្រួលណាស់។
ឯកសារដែលលោកអ្នកចង់ទុកនៅលើវិបសាយនោះ លោកអ្នកគ្រាន់តែថតវាយកដាក់ក្នុងហ្វូលឌឺដែលកម្មវិធីនោះបង្កើតស្រាប់លើកុំព្យូទ័រ ដូចប្រើលើវិនដូស៍អ៊ិចផ្លរឺធម្មតា។ មិនតែប៉ុណ្ណោះ លោកអ្នកអាចឲ្យគេដោនឡូតឯកសារនោះបានទៀតផង ដោយគ្រាន់តែចុចប៊ូតុងខាងស្ដាំរបស់ម៉ៅស៍ និងចម្លងតំណសម្រាប់ឲ្យគេដោនឡូតបាន។ ត្រង់នេះជាចំណាប់អារម្មណ៍របស់ខ្ញុំណាស់។ ពេលខ្លះខ្ញុំចង់ដាក់ឯកសារឲ្យគេដោនឡូត វាជាវិធីងាយ និងឆាប់រហ័ស។
លក្ខណៈពិសេសដែលគួរឲ្យទុកចិត្តបាននោះ គឺនៅពេលដែលយើងថតឯកសារដាក់ចូលទៅ វានឹងធ្វើការខ្ចប់ (encrypt) ដើម្បីសុវត្ថិភាពស្រាប់។

ទោះជាកុំព្យូទ័ររបស់លោកអ្នកខូច ឬលោកអ្នកនៅទីណាក៏ដោយ លោកអ្នកក៏អាចចូលទៅកាន់វិបសាយនោះយកឯកសារមកប្រើបានដែរ។
ដោនឡូត និងសាកល្បងពីវិបសាយ getdropbox.com
មើលទីតាំងការិយាល័យបោះឆ្នោតរបស់អ្នកតាមអ៊ីនធឺណិត ខែ មិថុនា 24, 2008
Posted by ទឹម បឿន in វេបសាយ, សារព័ត៌មាន.5 comments
បងប្អូនដែលនៅឆ្ងាយៗពីស្រុកភូមិ ឬឆ្ងាយពីទីតាំងការិយាល័យបោះឆ្នោត មិនបាច់ចំណាយពេលទៅរកមើលទីតាំងនៅតាមការិយាល័យបោះឆ្នោតក៏បាន។ សូមចូលមើលនៅវិបសាយ បញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០០៨ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។


ដាក់ plug-in វចនានុក្រមខ្មែររបស់ Sealang.net ជាមួយហ្វៃអឺហ្វក់ ខែ មិថុនា 21, 2008
Posted by ទឹម បឿន in កុំព្យូទ័រ, បច្ចេកទេស, វេបសាយ.9 comments
Sealang.net ជាវិបសាយដែលផ្ដល់ជូននូវវចនានុក្រមលើអ៊ិនធឺណិតដ៏ល្អមួយ មានភាសាខ្មែរ ថៃ ឡាវ ភូមា និងគម្រោងដាក់ភាសាផ្សេងៗទៀត ដូចជា វៀតណាម មន ជាដើម។
ពេលខ្លះខ្ញុំត្រូវការមើលអក្ខរាវិរុទ្ធ ឬអត្ថន័យរបស់ពាក្យនៃភាសាខ្មែរ ខ្ញុំតែងតែចូលទៅវិបសាយនេះ ព្រោះវាប្រៀបដូចជាវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត និងមានទាំងបន្ថែមវចនានុក្រម ខ្មែរ-អង់គ្លេសទៀតផង។ ប៉ុន្តែដើម្បីឲ្យកាន់តែងាយស្រួលពេលដែលយើងចង់រកពាក្យ ឬមើលពាក្យ យើងអាចបន្ថែមកម្មវិធីជំនួយរបស់វា ដែលមាននៅ ទីនេះ ។ វិធីបញ្ជូល សូមមើលទំព័រ Click Sealang Screenshot ។


