jump to navigation

សិទ្ធិ​ស្រី​មួយ​ថ្ងៃ ខែ មីនា 6, 2009

Posted by ទឹម បឿន in កម្សាន្ត, កំណាព្យ, ទឹម បឿន.
14 comments

ស = ស្រី ឬ​ប្រពន្ធ, ប = ប្រុស ឬ​ប្ដី

ស. ណែៗ​លោក​ប្ដី ដឹង​ទេ​សិទ្ធិ​ស្រី មាន​នៅ​ថ្ងៃ​ណា?
ប. បង​ថី​មិន​ដឹង ប្រាំបី​មិនា ស្រី​ពេញ​លោកា
បាន​សិទ្ធិ​ស្មើ​ប្រុស។

ស. អូហូ!​លោក​ប្ដី ដឹង​ពី​សិទ្ធិ​ស្រី ចាំ​ថ្ងៃ​គ្មាន​ខុស
ឥឡូវ​ស្រីៗ មាន​សិទ្ធិ​ស្មើ​ប្រុស ខាង​បង​ប្រុសៗ
ត្រូវ​ឲ្យ​តម្លៃ។

ប. បង​ដឹង​ហើយ​អូន ថ្ងៃ​សិទ្ធិ​មាស​ស្ងួន ត្រឹម​តែ​មួយ​ថ្ងៃ
រឿង​អី​ថា​បង មិន​ឲ្យ​តម្លៃ ត្រឹមតែ​មួយ​ថ្ងៃ
បង​សុំ​ធានា។

ប. ផុត​ពី​ថ្ងៃ​ហ្នឹង អូន​ឯង​ត្រូវ​ប្រឹង ខំ​ធ្វើ​ការងារ
លាង​ចាន​បោកគក់ កុំ​ខ្ជិល​រួញរា ប្រាំបី​មិនា
ចាំ​បង​រ៉ាប់​ចុះ។

ស. ថា​ម៉េច​លោក​ប្ដី!! អូន​ប្រាប់​ថា​ស្រី សិទ្ធិ​ស្មើ​នឹង​ប្រុស
បង​ឯង​និយាយ ដូច​យល់​ន័យ​ខុស សិទ្ធិ​ស្រី​ស្មើ​​ប្រុស
មាន​តែ​មួយ​ថ្ងៃ??

ប. បង​យល់​ខុស​អ្ហី?? នៅ​ថ្ងៃ​ប្រាំបី បង​ឮ​គេ​ផ្សាយ
ផ្សាយ​ឡើង​កោកៗ ថា​ស្រី​ទាំង​ឡាយ នាំ​គ្នា​​សប្បាយ
ព្រោះ​ប្ដី​ជួយ​ការ។

ស. លោក​ប្ដី​សម្លាញ់ ធ្វើ​ឲ្យ​អូន​ក្នាញ់ នឹង​បង​ណាស់​ណា
សិទ្ធិ​ស្រី​មាន​តែ មួយ​ថ្ងៃ​ឬ​ចាស! បង​ចាំ​មើល​ណា
ចាំ​មើល​ចុះ​បង!!

កុំ​កាត់​ឱ្យ​សូន្យ ខែ មីនា 5, 2008

Posted by ទឹម បឿន in កំណាព្យ, ទឹម បឿន.
45 comments

ពាក្យ​ដែល​ប្អូន​ធ្លាប់​ស្ដី​ប្រាប់​បង
ពាក្យ​ធ្លាប់​សាសង​គ្រា​ដែល​ស្និទ្ធ
នៅ​តែ​ដក់​ជាប់​ក្នុង​ដួងចិត្ត
ស្រមោល​វរមិត្រ​តាម​គ្មាន​ឃ្លាត។

ប្អូន​អើយ​បង​សុំ​ប្អូន​​សិន​ចុះ
ទម្រាំ​អាច​ដោះ​ទុក្ខ​ចង្អៀត
សង្ឃឹម​ថ្ងៃ​ស្អែក​ថ្មី​មួយ​ទៀត
ស្រមោល​ចាក​ឃ្លាត​ទៅតាម​ប្អូន។

កុំ​បន្ទោស​បង​ណា​មាសម៉ុម
សូម​កុំ​បង្ខំ​កាត់​ឱ្យ​សូន្យ
បង​នៅ​អាល័យ​ភក្ត្រ​ស្រពោន
មេត្តា​ផង​ប្អូន​ដល់​ចិត្ត​បង។

(ទឹម បឿន, ភ្នំពេញ, ៥ មិនា ២០០៨)

សុំ​យំ​តែ​ម្ដង ខែ កុម្ភៈ 19, 2008

Posted by ទឹម បឿន in កំណាព្យ, ទឹម បឿន.
21 comments

ថ្ងៃ​នេះ​ខ្ញុំ​ទន់ ឱ្យ​ទឹក​ភ្នែក​ជន់ ហូរ​លិច​នេត្រា
ហូរ​ចុះ​ហូរ​លាង ជម្រះ​ទុក្ខា លាង​អនុស្សារ
ដែល​ដក់​ក្នុង​ចិត្ត។

សុំ​យំ​តែ​ម្ដង យំ​ព្រោះ​នួនល្អង ដែល​ខ្ញុំ​​ស្នេហ៍ស្និទ្ធ
យំ​លាង​រូប​ស្រី ចេញ​ពី​ជីវិត យំ​ឱ្យ​ឈប់​គិត
ឈប់​នឹក​ដល់​ស្រី។

បើ​យំ​បាត់​ខ្វល់ ខ្ញុំ​យំ​ឱ្យ​ដល់ ទៀប​ភ្លឺ​ម៉ោង​បី
ព្រឹក​ឡើង​ដឹង​ខ្លួន ពួន​យំ​ជា​ថ្មី យំ​ចុះ​នឹង​ស្រី
ស្អែក​ខ្ញុំ​ឈប់​ហើយ។

ស្អែក​ជា​មនុស្ស​ថ្មី ស្អែក​ខ្ញុំ​គ្មាន​ស្រី ក្នុង​ចិត្ត​ទៀត​ឡើយ
នាង​​​ជួប​អ្នក​ដែល ល្អ​នឹង​នាង​​ហើយ សូម​ឱ្យ​ត្រាណត្រើយ
ជួប​ក្ដី​សុខសាន្ត។

(ដោយ ទឹម បឿន ១៩ កុម្ភៈ ២០០៨)

បុណ្យ​សង្សារ​ឆ្នាំ​មុន ខែ កុម្ភៈ 14, 2008

Posted by ទឹម បឿន in កំណាព្យ, ទឹម បឿន.
54 comments

ដប់បួន​កុម្ភៈ គ្រប់គ្នា​ដឹង​ជាក់ ថ្ងៃ​បុណ្យ​សង្សារ
ឆ្នាំ​មុន​ស្មើ​នេះ ខ្ញុំ​នៅ​សាលា អង្គុយ​សិក្សា
ក្បែរ​អ្នក​ខ្ញុំ​ស្នេហ៍។

គ្រូ​ខំ​បង្រៀន ពន្យល់​មេរៀន មក​ជា​ហូរហែ
អាសូរ​តែ​ខ្ញុំ បាន​ជិត​ស្រី​ស្នេហ៍ មិន​បាន​ខ្វល់​ទេ
នឹង​មេរៀន​ថ្មី។

ចេញ​ពី​រៀន​ភ្លាម រត់​ស្ទើរ​ជ្រុះ​ឈាម សំដៅ​ផ្សារ​ថ្មី
ទិញ​ផ្កា​មួយ​ទង យក​ទៅ​ជូន​ស្រី ផ្កា​ស្រស់​ស្លឹក​ខ្ចី
គួរ​គាប់​ចិន្ដា។

ទិញ​ផ្កា​បាន​ឆាប់ រត់​យ៉ាង​ប្រញាប់ វិល​ទៅ​សាលា
ខ្លាច​មិត្ត​ភក្ដិ​ឃើញ គេ​បង្អាប់​ថា ទើប​ខ្ញុំ​យក​ផ្កា
លាក់​ក្នុង​ហោប៉ៅ។

ទៅ​ដល់​មាន​អី រត់​ហត់​ចង់​ក្ស័យ បែក​ញើស​ជោក​អាវ
ត្រជាក់​ដល់​ខោ ទាំង​ក្នុង​ទាំង​ក្រៅ លូក​ស្ទាប​ហោប៉ៅ
ផ្កា​បាក់​ខ្ទេច​អស់។

នឹក​ខឹង​ចង់​យំ រវល់​សន្ធំ ស្រមៃ​កៀន​កោះ
ភ្លេច​នឹក​ថា​ផ្កា ក្នុង​ហោប៉ៅ​ស្មោះ ផ្កា​ហ្នឹង​ខ្ទេច​អស់
បង់​បោះ​ឥត​ការ។

ខឹង​នោះ​សែន​ខឹង តែ​ខ្ញុំ​មិន​ដឹង នឹង​ធ្វើ​យ៉ាង​ណា
ខ្លាច​មិត្ត​ភក្តិ​ដឹង ថា​ខ្ញុំ​ទិញ​ផ្កា ទើប​ខំ​ទៅ​ផ្សារ
ទិញ​ផ្កា​ស្ងាត់ៗ។

មួហ្មង​ក្រៃ​លែង ឈរ​ស្ដាយ​ម្នាក់ឯង កន្លែង​បាំង​បាត់
ថ្លាថ្លែង​ខ្សឹបៗ អស់​បួន​ដប់​ម៉ាត់ ទើប​ដាច់​ចិត្ត​កាត់
ថា​លែង​ខ្មាស​គេ។

នៅ​មុខ​សាលា មាន​គេ​លក់​ផ្កា ក៏​មិន​តិច​ដែរ
ខ្ញុំ​ទៅ​ប្រញាប់ ឈរ​អើត​ក្រោយ​គេ មិត្ត​ខ្ញុំ​មិត្ត​គេ
នៅ​ក្បែរ​នោះ​ផង។

អៀន​មិន​តិច​ទេ ប៉ុន្តែ​ព្រោះ​ស្នេហ៍ ដែល​ខ្ញុំ​កួច​ប៉ង
«ខ្មាស​នៅ​មួយ​ដុំ ខ្ញុំ​សុំ​តែ​ម្ដង សម្រេច​បំណង
សឹម​អ្នក​មក​វិញ។»

មិត្ត​ខ្ញុំ​ម្នាក់​នោះ ខំ​ប្រឹង​ឈ្មុលឈ្មូស ប្រជ្រៀត​ចូល​ទិញ
ទិញ​បាន​គេ​ត្បុរ ចេញ​មក​ក្រៅ​វិញ ឃើញ​ខ្ញុំ​សើច​ស្ញេញ
ហក់​មក​គោះ​ស្មា។

«នែ​អា​សម្លាញ់ ម្ដេច​មិន​ប្រាប់​អញ ថា​មាន​សង្សារ
មក​ដល់​ពេល​នេះ ទើប​អញ​ដឹង​ការ លួច​មាន​សង្សារ
ពេល​ណា​ហ្នឹង​វ៉ើយ?»

ខ្ញុំ​នេះ​ឡើង​ខ្មេរ អៀន​អ្វី​ម្ល៉េះ​ទេ មិន​ដឹង​តប​ឆ្លើយ
ម្ដេច​ឯង​មក​សួរ អា​សម្លាញ់​អើយ អញ​មិន​ដឹង​ឆ្លើយ
ប្រាប់​ថា​ម្ដេច​ទេ។

ឃើញ​ខ្ញុំ​មិន​ស្ដី វា​ក៏​ធ្វើ​ហី ដើរ​ចេញ​លឿន​ខ្មេរ
សួរ​ខ្ញុំ​នាំ​ឱ្យ ខ្ញុំ​នេះ​ខ្មាស​គេ គ្រប់​គ្នា​ងាក​បែរ
មើល​មុខ​ខ្ញុំ​ព្រាត។

ទិញ​ផ្កា​នោះ​បាន ខ្ញុំ​រៀប​ចំ​ប្រាណ រៀប​ឫក​មារយាទ
ប្រញាប់​ទៅ​វឹង គ្មាន​ចាំ​អី​ទៀត ស្រាប់​គេ​មើល​ព្រាត
ឃើញ​ខ្ញុំ​កាន់​ផ្កា។

ខ្ញុំ​អៀន​នោះ​អៀន ដើរ​ទៅ​មិន​ហ៊ាន ងើប​មើល​អ្នក​ណា
ស្រាប់​តែ​ភ្ញាក់​ព្រើត នឹង​ពាក្យ​វាចា «ជូន​ផ្កា​អ្នក​ណា
ប្រាប់​បាន​ទេ​បង?»

ខ្ញុំ​បុក​ពោះ​ភឹប វិះ​នឹង​ដួល​គ្រឹប កន្លែង​នោះ​ម្ដង
ឃើញ​ស្រី​ញញឹម ស្ដាប់​ឮ​ហៅ​បង ខ្ញុំ​អរ​កន្លង
តែ​ភ័យ​ចង់​ស្លាប់។

ខំ​ញញឹម​ជួយ ឱ្យ​បាន​ជំនួយ មុន​នឹង​សាសព្ទ
ភ័យ​ផង​អរ​ផង លុះ​ភ្លេច​ស្ដី​ប្រាប់ ញញឹម​ដូច​ស្លាប់
អត់​មាន​វាចា។

ស្រី​ឆាប់​ស្ដី​វឹង «មិន​ព្រម​ឱ្យ​ដឹង ក៏​អត់​ចុះ​ណា
កំណាញ់​ខ្លាំង​ម្ល៉េះ គ្រាន់​តែ​សង្សារ ខ្ញុំ​ក៏​មាន​ការ
សុំ​ទៅ​សិន​ហើយ។»

ខ្ញុំ​ឈរ​គាំង​ធ្មឹង ស្រី​ចេញ​ទៅ​វឹង អស់​ពេល​បាន​ឆ្លើយ
ផ្កា​នៅ​នឹង​ដៃ ជិត​នាង​បង្កើយ ហុច​ទៅ​ក៏​ហើយ
អស់​ខ្វល់​ចិន្ដា។

តែ​នេះ​វា​ថី នៅ​គាំង​សម្ដី គាំង​ទាំង​កាយា
ពេល​នាង​ទៅ​បាត់ ទើប​ស្លុង​ចិន្ដា នឹក​ស្ដាយ​ម្ល៉េះ​ណា
សង្ខារ​ស្ទើរ​ក្ស័យ។

នៅ​ឈរ​ភ្លាំង​ភ្លឹក អស់​យូរ​សន្ធឹក ទើប​នឹក​ជា​ថ្មី
ខ្ញុំ​ត្រូវ​ទៅ​តាម ឱ្យ​បាន​ជួប​ស្រី ម្ដង​នេះ​លែង​ភ័យ
ត្រូវ​តែ​ក្លាហាន។

ស្ទុះ​រត់​ទៅ​វឹង ឈរ​ឈប់​សម្លឹង រក​មើល​កល្យាណ
តែ​មិន​ឃើញ​នាង រឹត​ខ្វល់​ក្នុង​ប្រាណ ងាក​ទៅ​សព្វ​ឋាន
មិន​ឃើញ​សោះ​ណា។

ខ្ញុំ​ច្បាស់​អស់​ផ្លូវ ពេល​នេះ​នាង​ទៅ មិន​នៅ​សាលា
មិន​គួរ​សោះ​ឡើយ ធ្វើ​ឱ្យ​ខក​ការ ទើប​វិល​វិញ​រ៉ា
ទាំង​ចិត្ត​ទោម្នេញ។

ចូល​ក្នុង​សាលា មើល​ទៅ​អ្នក​ណា ក៏​សើច​ស្ញាញ​ស្ញេញ
ញញឹម​ញញែម គ្រប់​ទី​ពាស​ពេញ ឯ​ខ្ញុំ​នេះ​វិញ
ស្ទើរ​ប្រេះ​ឱរា។

កំពុង​ទុក្ខ​ធំ ក្នុង​ទ្រូង​ក្ដៅ​ងំ ស្ទើរ​ដាច់​សង្ខារ
ស្រាប់​តែ​ងាក​ទៅ ឃើញ​ស្រី​ជីវា ឈរ​ក្បែរ​គុម្ព​ផ្កា
ញញឹម​ផ្អៀង​ផ្អង។

ខ្ញុំ​អរ​ឡើង​ពើត រត់​ទៅ​លឿន​ស្លើត សំដៅ​នួនល្អង
ពេញ​ដោយ​សង្ឃឹម ញញឹម​ទៅ​ផង ដល់​នឹង​ប្រាប់​ម្ដង
ថា​បង​ស្រឡាញ់។

ទៅ​ដល់​ឈប់​ញ៉ាច់ ឃើញ​ផ្កា​មួយ​បាច់ នៅ​ដៃ​សម្លាញ់
គេ​ហុច​ឱ្យ​នាង ប្រាប់​ក្ដី​ស្រឡាញ់ នាង​ឆ្លើយ​តប​វិញ
ថា​អូន​ក៏​ស្ម័គ្រ។

(ដោយ ទឹម បឿន ១៤ កុម្ភៈ ២០០៨)

គ្មាន​ទេ​ពាក្យ​ស្នេហ៍ ខែ មករា 31, 2008

Posted by ទឹម បឿន in កំណាព្យ, ទឹម បឿន.
17 comments

(ប) អូន​អើយ​ប្រាប់​បង​បាន​ដែរ​ទេ
ថា​ចិត្ត​ស្រី​ស្នេហ៍​គិត​យ៉ាង​ណា
តើ​ព្រម​យក​បង​ធ្វើ​សង្សារ
ឬ​យល់​យ៉ាង​ណា​ប្រាប់​មក​ស្រី។

(ស) ពេល​នេះ​អូន​ក៏​ចង់​ប្រាប់​បង
ឱ្យ​បាន​ដឹង​ម្ដង​អស់​សង្ស័យ
កុំ​ឱ្យ​ខាត​ពេល​ទៅ​វែង​ឆ្ងាយ
ប្រាប់​តាម​សេចក្ដី​នៃ​ដួងចិត្ត។

(ស) ចិត្ត​អូន​គ្មាន​ទេ​ពាក្យ​ស្នេហា
គ្មាន​ពាក្យ​សង្សារ​ឱ្យ​បង​គិត
បង​ជា​បង​ប្រុស​ដែល​ប្អូន​ស្និទ្ធ
មិន​ដែល​ហ៊ាន​គិត​លើស​ហ្នឹង​ណា។

(ប) ពិត​មែន​ឬ​អូន? កុំ​ថា​លេង
ប្រើ​ពាក្យ​​សំដែង​សាក​ស្នេហា
បង​ពិត​ស្មោះស្ម័គ្រ​មិន​សាវា
ពិសោធន៍​ចិន្ដា​ដល់​ណា​ថ្លៃ។

(ប) ស្នេហ៍​បង​​ស្ម័គ្រ​​ស្មោះ​លើ​អូន​ពិត
មិន​មែន​ប្រឌិត​ឬ​បំភ្លៃ
ចាំ​បាច់​ពិសោធន៍​យូរ​ធ្វើ​អ្វី
យល់​ចិត្ត​សូម​ស្រី​ប្រាប់​ត្រង់​ចុះ។

(ស) បង​អើយ​អូន​មិន​បាន​ថា​លេង
មិន​បាន​សំដែង​ដាក់​បង​ប្រុស
សូម​បង​កុំ​គិត​យល់​ផ្លូវ​ខុស
បង​ជា​បង​ប្រុស អូន ប្អូន​ស្រី។

(ប) អូន​បង? ម្ដេច​អូន​ប្រាប់​ដូច្នោះ
ឬ​បង​ធ្វើ​ខុស​ទាស់​រឿង​អ្វី
បើ​បង​ខុស​មែន​សូម​អូន​ស្ដី
ឱ្យ​ដឹង​សេចក្ដី​ពី​កំហុស។

(ប) ឬ​អូន​អន់​ចិត្ត​នឹង​ពាក្យ​បង
ដែល​ស្ដី​សាសង ប្រាប់​មក​ចុះ
បង​ពិត​មិន​បាន​ដឹង​ខ្លួន​ខុស
ព្រោះ​សាសង​នោះ​សាក​ចិត្ត​ស្រី។

(ស) ខ្ញុំ​មិន​ចង់​ប្រាប់​អ្វី​ច្រើន​ទេ
ដឹង​ត្រឹម​មិន​ស្នេហ៍​ចប់​សេចក្ដី
បើ​បង​ព្រម​រាប់​ជា​ប្អូន​ស្រី
សូម​កុំ​គិត​អ្វី​រឿង​ស្នេហា។

(ប) ធ្វើ​ចិត្ត​មិន​បាន​ទេ​ពន្លក
ពេល​កន្លង​មក​គិត​យ៉ាងណា
ធ្លាប់​ថើប​អង្អែល​កាយ​ជីវា
ម្ដេច​អូន​ឆ្លើយ​ថា​មិន​ស្នេហ៍ស្និទ្ធ។

(ស) សូម​កុំ​រំឭក​ទៀត​ឱ្យ​សោះ
មិន​ធ្វើ​បង​ប្រុស ខ្ញុំ​ឈប់​គិត
បើ​នៅ​តែ​រឹង​ធ្វើ​តាម​ចិត្ត
ក្នុង​មួយ​ជីវិត​យើង​ឈប់​ស្ដី។

(ប) ម្ដេច​ធ្វើ​ដូច្នេះ​ដាក់​មក​បង
ឬ​ស្រស់​នួនល្អង​មាន​អ្នក​ថ្មី
បោះបង់​បង​ចោល​កាត់​និស្ស័យ
បើ​មែន​គ្មាន​អ្វី​នឹង​តវ៉ា។

(ស) ខ្ញុំ​ធ្លាប់​ប្រាប់​បង​រួច​ម្ដង​ហើយ
តែ​បង​កន្តើយ​មិន​ស្ដាប់​ការ
នៅ​តែ​ចចេស​តាម​ស្នេហា
ខ្ញុំ​ប្រាប់​ហើយ​ណា​កុំ​បន្ទោស។

(ស) ចរិត​ដូច​បង​ប្រាប់​ចុះ​ណា
ខ្ញុំ​មិន​ប្រាថ្នា​ឱ្យ​កើត​ទោស
ឃើញ​ភ្លាម​ស្នេហ៍​ភ្លែត​មិន​ដឹង​ខុស
ប្រាប់​ម្ដង​ទៀត​ចុះ​ថា​ខ្ញុំ​ស្អប់។

(ស) បើ​បង​មិន​ព្រម​ធ្វើ​បង​ប្រុស
នៅ​តែ​គិត​ខុស​មិន​ចេះ​ចប់
មួយ​ជីវិត​នេះ​ឈប់​មក​រាប់
ខ្ញុំ​សូម​បញ្ចប់​ត្រឹម​ហ្នឹង​ចុះ។

(ប) បានៗ​បង​ព្រម​តាម​ចិត្ត​ស្រី
គ្រប់​រឿង​អ្វីៗ​បង​យល់​ខុស
ឱ្យ​បង​សុំទោស​ប្អូន​ស្រី​ចុះ
បង​ជា​បង​ប្រុស​ណា​ប្អូន​ណា។

(ស) ល្អ​ណាស់​បង​ប្រុស​គិត​បែប​ហ្នឹង
កុំ​គិត​តានតឹង​រឿង​ស្នេហា
ប្រាប់​ត្រង់​ពេល​នេះ​គ្មាន​អ្នក​ណា
តែ​រឿង​ស្នេហា​ប្អូន​ឈប់​គិត៕

(ដោយ ទឹម បឿន ៣១ មករា ២០០៨)