ចាប់ផ្ដើមកាន់យកសីល ៥ ថ្ងៃព្រហស្បតិ៍ ទី 17 ខែវិច្ឆិកា 2011
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ, អប់រំ.3 comments
ពេលនេះខ្ញុំបានត្រៀមខ្លួនដើម្បីសមាទានសីល ៥ រួចជាស្រេចហើយ ។ ខ្ញុំចង់កាន់យកនិច្ចសីលនេះជាបឋម និងឆ្ពោះទៅរក សីល ៨ ជាបន្ត ។ បំណងដែលចង់កាន់នេះ មានយូរមកហើយ ប៉ុន្តែខ្ញុំនៅស្ទាក់ស្ទើរ ព្រោះយល់ថាឋានៈជាឃរាវាសនេះ ត្រូវប្រកបទង្វើផ្សេងៗដើម្បីចិញ្ចឹមជីវិតដោយមិនអាចវៀរចាកអំពើហាមឃាត់ ៥ ប្រការក្នុងសីល ៥ នោះបានឡើយ ម្យ៉ាងយល់ថាពុំទាន់ដល់ពេលសមគួរសម្រាប់ខ្ញុំ ។ លុះក្រោយៗមក ខ្ញុំបានសម្រេចចិត្តព្យាយាមបន្តិចម្ដង ដោយឈប់ប៉ះពាល់ជាតិសុរា ហើយខ្ញុំក៏ធ្វើបានដោយគ្មានលំបាក, ជាបន្ទាប់ខ្ញុំតាំងចិត្តមាំថាមិនយកទ្រព្យរបស់គេដោយគេមិនបានឲ្យ ក៏មិនមែនជាការលំបាក, ការមិនសម្លាប់សត្វក៏ខ្ញុំព្យាយាមតាំងចិត្តធ្វើបានបន្តិចម្ដងៗ, ខ្ញុំមិនធ្វើអំពើខុសឆ្គងចំពោះប្រពន្ធកូនអ្នកដទៃ និងព្យាយាមមិននិយាយកុហកជាដើម ។ ការតាំងចិត្តជារឿយៗនេះ ខ្ញុំយល់ថា សមាទានសីល ៥ មិនមែនជាការលំបាកទេ ហើយខ្ញុំអាចធ្វើបានក្នុងជីវិតជាឃរាវាសនេះដោយមិនប៉ះពាល់ដល់ការប្រកបរបរផ្សេងៗប្រចាំថ្ងៃផង ។ ដូច្នេះខ្ញុំក៏សម្រេចចិត្តថានឹងត្រូវវៀរចាកនូវអំពើ ៥ ប្រការនេះចាប់ពីពេលនេះតទៅ ។
ពាក្យសីលនេះ បើនិយាយឲ្យខ្លី គឺជាទម្លាប់ ឬជាចរិតប្រក្រតីធម្មតារបស់មនុស្ស គឺគេធ្វើទម្លាប់មួយប្រក្រតីទាំងថ្ងៃទាំងយប់ខ្លួនឯងដោយទៀងតែម្ដង ។ ចរិតប្រក្រតីរបស់គេដូចជាមិនសម្លាប់សត្វ មិនលួចប្រពន្ធកូនគេជាដើម ។ ការប្រព្រឹត្តចរិយានេះមិនថានៅចំពោះមុខគេ ឬកំបាំងមុខពីគេនោះទេគេតែងធ្វើជាប្រចាំ បើគេធ្វើខុសក្នុងពេលណានោះ មានន័យថាមនុស្សនោះអស់សីល គឺអស់ទម្លាប់ល្អ ឬប្រកាន់ទម្លាប់ល្អពុំបាន ។ ដូច្នេះលោកអ្នកដែលស្រឡាញ់សេចក្ដីសុខ ស្រឡាញ់ចិត្តបរិសុទ្ធ គួរចាប់ផ្ដើមកាន់យកសីលពីពេលនេះតទៅ កុំគិតចាំដល់ខ្លួនចាស់ទើបរកសីល ព្រោះសីលនេះអាចប្រព្រឹត្តបាន មិនប្រកាន់ថាចាស់ឬក្មេង មានក្រ ល្អអាក្រក់ឡើយ ។
ហេតុអ្វីវិទ្យុលែងចាក់បរាភវសូត្រអ៊ីចឹង ថ្ងៃ សៅរ៍ ទី 17 ខែកញ្ញា 2011
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ.4 comments
ថ្ងៃនេះខ្ញុំក្រោកតាំងពីម៉ោង ៥ ចាំស្ដាប់បរាភវសូត្រ, ចុចរាវប៉ុស្តិ៍វិទ្យុចុះឡើងៗរហូតដល់ម៉ោង ៧ព្រឹក ប៉ុន្តែមិនមានប៉ុស្តិ៍វិទ្យុណាចាក់សោះ ឬគេឈប់ចាក់ផ្សាយ បរាភវសូត្រ ? បើលោកអ្នកដឹងប៉ុស្តិ៍ណាចាក់ផ្សាយ សូមជួយប្រាប់ខ្ញុំផង ។
ទិញសំបុត្រឡានត្រូវដឹង ថ្ងៃ សៅរ៍ ទី 20 ខែសីហា 2011
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ, ស្រុកខ្មែរ.12 comments
ទិញសំបុត្ររថយន្តក្រុងរួច ត្រូវយកទៅកឹប ដើម្បីទទួលបានលុយមួយចំនួនមកវិញ គឺជារឿងដែលខ្ញុំមិនធ្លាប់ដឹង ។
ដោយព្រឹកមិញនេះ ខ្ញុំបានទៅទិញសំបុត្រទៅខែត្រព្រះស៊ីហនុចំនួនពីរ, សំបុត្រមួយថ្លៃ ១៨០០០៛, ខ្ញុំយល់ថាថ្លៃពេកទើបទូរស័ព្ទសួរប្រពន្ធខ្ញុំ ព្រេាះគាត់ពូកែខាងដឹងរឿងថ្លៃទាំងនេាះ ។ ប្រពន្ធខ្ញុំប្រាប់ថាថ្លៃប្រហែល ១៥០០០៛ ខ្ញុំក៏ត្រឡប់ទៅសួរអ្នកលក់សំបុត្រវិញ, អ្នកលក់នេាះនិយាយបែបខ្មេាះៗ ប្រាប់ថា “គេលក់តែថ្លៃប៉ុណ្ណឹង” រួចខ្ញុំសួរម្ដងទៀតទើបគេប្រាប់ថា “មិនទៅកឹប ហើយយកលុយវិញទៅ!” ។ ខ្ញុំស្ទើរហួសចិត្តនឹងសម្ដីរបស់អ្នកលក់សំបុត្រដែរ ប៉ុន្តែចេះតែនៅធ្វើមុខក្រាស់ទៅ ក្រែងបានលុយខ្លះមកវិញ ។ រួចខ្ញុំក៏ទៅកឹបសំបុត្រ គេហុចលុយ ២០០០៛ សម្រាប់សំបុត្រមួយមកវិញ គឺបាន ៤០០០៛ ខ្ញុំក៏ប្រាប់ថា ២០០០៛ ទៀត គេក៏ដកលុយថែមឲ្យ ។ ចុងក្រោយខ្ញុំចំណាយអស់ ១៥០០០៛ សម្រាប់សំបុត្រមួយ ។
ទេាះជាដឹងថាយ៉ាងនេះក៏ដោយ ខ្ញុំនៅតែសង្ស័យ មិនយល់អំពីដំណើរការរបស់គេ… ។
ប្ដូរទៅមើលកុនរឿង Captain America ថ្ងៃ សុក្រ ទី 5 ខែសីហា 2011
Posted by ទឹម បឿន in ខ្សែភាពយន្ត, ទាក់ទងនឹងខ្ញុំ.3 comments
គម្រោងមើលកុនរឿង អ៊ូសៀ នៅរោងភាពយន្ត The Cineplex ត្រូវបានប្ដូរទៅមើល Captain America វិញ ព្រោះជាកុន 3D ។ នេះជាលើកទីមួយដែលខ្ញុំចូលមើលកុន 3D ។ រឿងនេះល្អមើលណាស់, ឈុតឆាកខ្លះ អង្គុយប្រឹងតាមឡើងរឹងខ្លួន ត្រង់កន្លែង Roggers គប់ខែលមកចំអេក្រង់ អ្នកមើលស្រែក និងគេចស្ទើរគ្រប់គ្នា ។ នេះជាសាច់រឿងសង្ខេប ។
ដំណើររឿងកើតឡើងក្នុងកំឡុងសង្គ្រាមលោកលើកទីពីរចូលដល់អាមេរិក ឆ្នាំ ១៩៤២ ។ Steve Rogers មានកាយសម្បទាស្គម មិនសមក្នុងកិច្ចការជួរកងទ័ព ក៏ស្ម័គ្រប្រគល់ខ្លួនឲ្យគម្រោងស្រាវជ្រាវសម្ងាត់ពិសេសកែប្រែរូបកាយរបស់គាត់ឲ្យមាំមួន ។ វេជ្ជបណ្ឌិតស្រាវជ្រាវនេះ ត្រូវបានបាញ់សម្លាប់ភ្លាមៗក្នុងពេលនោះដោយភ្នាក់ងាររបស់មេដឹកនាំដេប៉ាតឺម៉ង់ស្រាវជ្រាវសម្ងាត់ អ៊ីដ្រា (HYDRA) របស់ណាស៊ីអាល្លឺម៉ង់ ដែលមានក្បាលក្រហម ហើយ Rogers ត្រូវបានគេប្រើឲ្យធ្វើជាអ្នកឃោសនាក្នុងគ្រាដំបូងៗនោះ ។ លុះពួកម៉ាករបស់គាត់ត្រូវការឲ្យគាត់ជួយ គាត់បានធ្វើដំណើរផ្សងគ្រោះថ្នាក់ និងត្រឡប់មកវិញជាមួយភាពជោគជ័យ ដែលធ្វើឲ្យគាត់ក្លាយជាមេបញ្ជាការអាមេរិក ធ្វើសង្គ្រាមប្រឆាំងនឹង Schmidt, ប្រធានដេប៉ាតឺម៉ង់ស្រាវជ្រាវសម្ងាត់ អ៊ីដ្រា ដែលមានក្បាលក្រហមនោះ ។

ទៅមើលកុនរឿង អ៊ូសៀ ល្ងាចនេះ ថ្ងៃព្រហស្បតិ៍ ទី 4 ខែសីហា 2011
Posted by ទឹម បឿន in ខ្សែភាពយន្ត, ទាក់ទងនឹងខ្ញុំ.11 comments
បន្ទាប់ពីមានរោងភាពយន្តខ្នាតអន្តរជាតិ The Legend បានបើកដំណើរការប្រហែលមួយខែកន្លងមក, រោងភាពយន្តខ្នាតអន្តរជាតិមួយទៀតឈ្មោះ The Cineplex ក៏ចាប់ផ្ដើមបើកបញ្ចាំងផងដែរ គឺបើកសម្ពោធនៅល្ងាចថ្ងៃទី ៤ សីហា នេះ ។ រឿងដែលដាក់បញ្ចាំងដំបូង មានរឿង អ៊ូសៀ (Wuxia) និងរឿង Captain America ។
ខ្ញុំពីរនាក់ប្រពន្ធបានគ្រោងទៅមើលរឿង អ៊ូសៀ នៅម៉ោង ៩,៣០ នាទី ល្ងាចនេះ ដែលមានទីតាំងនៅផ្សារទំនើប សុរិយា ជាន់ទី ៥ ។
សាច់រឿងសង្ខេប
Liu Jin Xi (Donnie Yen) ឬយើងហៅថា កុំកុំ ជាម្ចាស់ហាងកំណាត់សំពត់ រស់នៅជាមួយប្រពន្ធ (Tang Wei) រួមទាំងកូនពីរនាក់ ។ ថ្ងៃមួយ មានចោរចូលមកប្លន់ហាងលក់កំណាត់សំពត់របស់គាត់, ដើម្បីការពារហាង គាត់សម្លាប់ចោរពីរនាក់ ។ អ្នកស៊ើបអង្កេត (Takeshi Kaneshiro) ចុះមកតាមដានរឿងនេះ និងមានព្រឹត្តិការណ៍ប្រយុទ្ធគ្នាយ៉ាងកក្រើកភូមិដើម្បីវែកមុខឃាតក… ។
Facebook: facebook.com/SabayCineplex








