ចាប់ផ្ដើម​កាន់​យក​សីល ៥

Standard

ពេលនេះ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​​ដើម្បី​សមាទាន​សីល ៥ រួច​ជា​ស្រេច​ហើយ ។ ខ្ញុំ​​ចង់​កាន់​យក​និច្ចសីល​នេះ​ជា​បឋម និង​ឆ្ពោះ​​ទៅ​រក សីល ៨ ជា​បន្ត ។ បំណង​ដែល​ចង់​កាន់​នេះ មាន​យូរ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​នៅ​ស្ទាក់ស្ទើរ ព្រោះ​យល់​​ថា​ឋានៈ​ជា​ឃរាវាស​នេះ ត្រូវ​​ប្រកប​ទង្វើ​ផ្សេងៗ​ដើម្បី​ចិញ្ចឹម​ជីវិត​ដោយ​មិន​អាច​វៀរចាក​អំពើ​ហាម​ឃាត់ ៥ ប្រការ​ក្នុង​សីល ៥ នោះ​បាន​ឡើយ ​ម្យ៉ាង​យល់​ថា​ពុំ​ទាន់​ដល់​ពេល​សមគួរ​សម្រាប់​ខ្ញុំ​ ។ លុះ​ក្រោយ​ៗ​មក ខ្ញុំ​បាន​សម្រេច​ចិត្ត​ព្យាយាម​បន្តិច​ម្ដង ដោយ​​ឈប់​ប៉ះពាល់​ជាតិ​សុរា ហើយ​ខ្ញុំ​ក៏​ធ្វើ​បាន​ដោយ​គ្មាន​លំបាក, ជា​បន្ទាប់​ខ្ញុំ​តាំង​ចិត្ត​មាំ​​ថា​មិន​យក​ទ្រព្យ​របស់​គេ​ដោយ​គេ​មិន​បាន​ឲ្យ​ ក៏​មិន​មែន​ជា​ការលំបាក, ការមិន​សម្លាប់​សត្វ​ក៏​ខ្ញុំ​ព្យាយាម​តាំង​ចិត្ត​ធ្វើ​បាន​បន្តិច​ម្ដងៗ, ខ្ញុំ​មិន​ធ្វើ​អំពើ​ខុសឆ្គង​ចំពោះ​ប្រពន្ធ​កូន​អ្នក​ដទៃ និង​ព្យាយាម​មិន​និយាយ​កុហក​ជា​ដើម ។ ការតាំង​ចិត្ត​ជា​រឿយៗ​នេះ ខ្ញុំ​យល់​ថា សមាទាន​សីល ៥ មិន​មែន​ជា​ការលំបាក​ទេ ហើយ​ខ្ញុំ​អាច​ធ្វើ​បាន​ក្នុង​ជីវិត​ជា​ឃរាវាស​នេះ​ដោយ​មិន​ប៉ះពាល់​ដល់​ការប្រកប​របរ​ផ្សេងៗ​ប្រចាំ​ថ្ងៃ​ផង ។ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​នឹង​ត្រូវ​វៀរចាក​​នូវ​អំពើ​ ៥ ប្រការ​នេះ​ចាប់​ពី​ពេល​នេះ​តទៅ ។

ពាក្យ​សីល​នេះ បើ​និយាយ​ឲ្យ​ខ្លី គឺ​ជា​ទម្លាប់​ ឬ​ជា​ចរិត​ប្រក្រតី​ធម្មតា​របស់​មនុស្ស គឺ​គេ​ធ្វើ​ទម្លាប់​​មួយ​ប្រក្រតី​ទាំង​ថ្ងៃ​ទាំង​យប់​​ខ្លួនឯង​ដោយ​ទៀង​តែ​ម្ដង ។ ចរិត​ប្រក្រតី​របស់​គេ​ដូចជា​​មិន​សម្លាប់​សត្វ មិន​លួច​ប្រពន្ធ​កូន​គេ​ជា​ដើម ។ ការ​​ប្រព្រឹត្ត​​ចរិយា​នេះ​មិន​ថា​នៅ​ចំពោះ​មុខ​គេ ឬ​កំបាំង​មុខ​ពី​គេ​នោះ​ទេ​គេ​តែង​ធ្វើ​ជា​ប្រចាំ បើ​​គេ​ធ្វើ​ខុស​ក្នុង​ពេល​ណា​នោះ មានន័យ​ថា​មនុស្ស​នោះ​អស់​សីល គឺ​អស់​ទម្លាប់​ល្អ ឬ​ប្រកាន់​ទម្លាប់​ល្អ​ពុំ​បាន ។ ដូច្នេះ​លោក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សុខ ស្រឡាញ់​ចិត្ត​បរិសុទ្ធ គួរ​ចាប់ផ្ដើម​កាន់​យក​សីល​ពី​ពេល​នេះ​តទៅ កុំ​គិត​ចាំ​ដល់​ខ្លួន​ចាស់​ទើប​រក​សីល ព្រោះ​សីល​នេះ​អាច​ប្រព្រឹត្ត​បាន​ មិន​ប្រកាន់​ថា​ចាស់​ឬ​ក្មេង មាន​ក្រ ល្អ​អាក្រក់​ឡើយ ។

មនុស្ស​ដែល​ឡើង​ឋានៈ​ពី​ទាប​ទៅ​ខ្ពស់

Standard

ជា​ប្រក្រតី មនុស្ស​ដែល​ឡើង​ពី​ឋានៈ​ទាប​មក​ឋានៈ​ខ្ពស់​ដោយ​គ្រោះ​ជា​របស់​អ្នក​ដទៃ មិន​មែន​ជា​ការតស៊ូ​របស់​ខ្លួន ច្រើន​ហ៊ឹកហ៊ាក់​ហ៊ឺហា ច្រើន​ចាយ​ធំ និង​ចូលចិត្ត​អួត​ភ្នែក​ត្រចៀក​អ្នក​ដទៃ ។

ហេតុ​អ្វី​ការទទួលទាន​សុរា​​​មាន​បាប

Standard

ការទទួលទាន​សុរា ហេតុ​អ្វី​ថា​មាន​បាប សុរា​នោះ​ទទួលទាន​ទៅ ជា​ថ្នាំ​កែ​រោគ​ក៏​មាន ជា​គុណ​ឲ្យ​ទទួល​ទាន​បាយ​បាន​ក៏​មាន ?

ការផឹក​សុរា​ បាន​ជា​ថា​បាប, ព្រះ​បរមគ្រូ​ទ្រង់​ហាម​ពុំ​ឲ្យ​សេព​សុរា​នោះ ព្រោះ​ជា​របស់​នាំ​ឲ្យ​ស្រវឹង នាំ​ឲ្យ​ខូចចិត្ត ដ្បិត​មនុស្ស​យើង​សព្វថ្ងៃ​នេះ​មាន​ស្រវឹង​នៅ​ពេញ​ខ្លួន​ហើយ ។ សេចក្ដី​ស្រវឹង​នេះ លោភោ គឺ​សេចក្ដី​ជាប់​ជំពាក់ ឬ ចំណង់​ចង់​បាន នេះ​ជា​ស្រវឹង​ប្រការ ១ ទោសោ គឺ​សេចក្ដី​ក្រោធ​ខឹង នេះ​ស្រវឹង​ប្រការ ១ មោហោ គឺ​សេចក្ដី​ល្ងង់​វង្វេង​ពុំ​ស្គាល់​ខុសត្រូវ នេះ​ជា​ស្រវឹង​ប្រការ ១ ។ ស្រវឹង​ទាំងអស់​នេះ តែង​មាន​នៅ​សម្រាប់​រូប​មក​ហើយ ៗ មក​ថែម​ផឹក​ទឹក​ស្រវឹង​ចូល​ទៅ​ទៀត ស្រវឹង​ថ្មី​ក៏​នាំ​ស្រវឹង​ចាស់​ឲ្យ​មាន​កម្លាំង​ក្លាហាន​ឡើង គឺ​ខ្លួន​អ្នក​​លោភ ក៏​នាំ​ឲ្យ​លោភ​ខ្លាំង​ឡើង ខ្លួន​អ្នក​ទោសៈ ឬ មោហៈ​មានៈ​ទិដ្ឋិ ក៏​នាំ​ឲ្យ​ចម្រើន​ទោសៈ​មោហៈ​មានះ​ទិដ្ឋិ​ខ្លាំងក្លា​ឡើង​ ។ មួយ​ទៀត ពាក្យ​ជា​អាថ៌កំបាំង ឬ កេរ្តិ៍​ខ្មាស​ជា​របស់​មិន​គួរ​នាំ​ចេញ​សម្ដែង​ប្រាប់​គេ​នោះ ក៏​អាច​នាំ​ចេញ​បង្ហាញ​គេ​បាន​ទាំងអស់ ។ មួយ​ទៀត​នាំ​ឲ្យ​កើត​ជម្លោះ​ប្រកែក ជួន​ក៏​ត្រូវ​ព្រះ​រាជអាជ្ញា បង់​ទ្រព្យធន​ទៅ​ផ្សេងៗ ។ មួយ​ទៀត ទោស​សុរា​នេះ នាំ​ឲ្យ​កើត​រោគ​ឆាប់​ងងឹត​ភ្នែក ឆាប់​ជរា​គ្រាំគ្រា​ទ្រោម​ទ្រុឌ ទោស​យ៉ាង​នេះ​ឯង បាន​ថា​មាន​បាប​ក្នុង​លោក​នេះ​មួយ​ទៀត ។ ប្រាក់​ដែល​ទៅ​ទិញ​សុរា​នោះ​ក្នុង​មួយ​ឆ្នាំៗ បើ​ជា​ប្រមូល​ទុក គង់​បាន​នៅ​ច្រើន ទុក​ទិញ​បាយ​ត្រី​ចំណី​ឯទៀត​ចែក​កូន​ប្រពន្ធ​អាស្រ័យ​ជាជាង ។

(សៀវភៅ គតិលោក)

ឧបាទានក្ខន្ធ ៥ ជា​មេ​ទុក្ខ

Standard

នេះ​ជា​អត្ថបទ​ដែល​ខ្ញុំ​យក​មក​ពី ទីនេះ ​ប្រហែល​ជា​សរសេរ​ដោយ ថោងនីដាមុនី និយាយ​អំពី ឧបាទានក្ខន្ធ ៥​ ជា​មេ​ទុក្ខ ដែល​មាន​និយាយ​ក្នុង​ព្រះ​ត្រៃបិដក​ក្បាល​ទី ១៧ ទំព័រ ២៨៧ និង​ក្នុង​ក្បាល​ទី ២១ ទំព័រ ៧១ ត្រង់​ប្រស្នា​ដំបូក​​ហុយ​ផ្សែង​ពេល​យប់ ឆេះ​ពេល​ថ្ងៃ ។ ខ្ញុំ​លើក​មក​នេះ ព្រោះ​ក្នុង​អត្ថបទ​នេះ​មាន​ឧទាហរណ៍​ងាយ​ចូលចិត្ត​​​(យល់)បាន ។

ទោស​នៃ​ការប្រកាន់​គឺ​នាំ​មក​នូវ​ទុក្ខ ។ វេលា​ដែល​រូប និង​ចិត្ត​ចាប់ផ្ដើម​រីកចម្រើន​ឡើង ហើយ​ទំនាក់ទំនង​រវាង​បញ្ច​វិញ្ញាណ​បាន​ដំណើរការ​ចិត្ត ឬ​មនោ​វិញ្ញាណ​នេះ​ក៏​ចាប់ផ្ដើម​សិក្សា​រៀនសូត្រ​ពី​អ្វី​ៗ​ជុំវិញ​ខ្លួន​តាមរយៈ​បញ្ច​វិញ្ញាណ​ដោយ​ផស្សៈ (ការប៉ះ​ខ្ទប់​រវាង​អារម្មណ៍ និង​វិញ្ញាណ) ធ្វើ​ឲ្យ​វេទនា​ការសោយ​អារម្មណ៍​ជា​សុខ ជា​ទុក្ខ និង​មិន​សុខ មិន​ទុក្ខ​កើត​ឡើង ។ ការញៀន​ញ៉ាម​ក្នុង​ការសោយ​សុខ​វេទនា និង​សោមនស្សវេទនា​ដែល​ជា​អានិសង្ស​របស់​ខន្ធ ៥ ធ្វើ​ឲ្យ​វិញ្ញាណ​ចាប់​ប្រកាន់​ទៅ​តែម្ដង ថា​អ្វី​ៗ​ត្រូវតែ​ជា​របស់​ខ្លួន ហើយ​បដិសេធ​ចំពោះ​អ្វី​ដែល​មិន​គាប់​អធ្យាស្រ័យ​ថា​មិន​មែន​ជា​របស់​ខ្លួន​អ៊‍ីចឹង​ទៅ ។ ការទាមទារ ការប្រាថ្នា​បាន​ដល់​តណ្ហា​ក៏​កើត​ឡើង, ការមានៈ​ប្រកាន់ (ឧបាទានក្ខន្ធ) ហួងហែង​ថា​ជា​ខ្លួន អ្វីៗ​ជា​របស់​ខ្លួន​នោះ​ជា​អញ​នោះ ជា​របស់​អញ មាន​ខ្លួន​នៅ​ក្នុង​ខ្លួន រូបវេទនា សញ្ញា សង្ខារ វិញ្ញាណ ជា​របស់​ខ្លួន មាន​ខ្លួន​នៅ​ក្រៅ​ខន្ធ ៥ ប្រព្រឹត្ត​ទៅ​តាម​អំណាច​របស់​ខ្លួន​ក្នុង​ភព ៣ វិបល្លាសទិដ្ឋិ​ក៏​ចម្រើន​ឡើង រមែង​មាន​ភព មាន​ជាតិ ជរា ព្យាធិ មរណៈ​តទៅ​ជា​អង្វែង​មិន​មាន​ទី​បំផុត ។ តណ្ហា​នាំ​ឲ្យ​មិន​ចេះ​ពេញចិត្ត​ចំពោះ​អ្វីៗ​ដែល​ខ្លួន​មាន ដូច​គីង្គក់​ក្រោម​ពាង​ក្នុង​វត្ត​លោក ពេល​បាន​ឃើញ​លោក​និមន្ត​មក​ពី​បិណ្ឌបាត​វិញ ក៏​នឹក​គិត​ថា បើ​អញ​បាន​ក្លាយ​ជា​លោក មិន​ដឹង​ជា​ស្រួល​យ៉ាង​ណា ព្រោះ​បាន​អាហារ​ស្រាប់ ។ លុះ​លោក​ឆាន់​រួច​នៅ​សល់​បាយ ក៏​បាច​ឲ្យ​មាន់ គីង្គក់​ក៏​នឹក​ថា អុញ ! មាន​នេះ​សុខ​ស្រួល​ជាង​លោក​ហ្ន ! រំពេច​នោះ​មាន​ឆ្កែ​មក​ដេញ​មាន់​ដណ្ដើម​យក​អាហារ គីង្គក់​ក៏​នឹក​ច្រណែន​នឹង​ឆ្កែ ចង់​ក្លាយ​ជា​ឆ្កែ ក៏​ស្រាប់តែ​មាន​ក្មេង​វត្ត​ស្ទុះ​មក​ចាប់​ដំបង​សំពង​ឆ្កែ​ឲ្យ​រត់​គេច​ចេញ​ទៅ, គីង្គក់​ចង់​ក្លាយ​ជា​ក្មេង​វត្ត​ទៀត ។ ពេល​នោះ​មាន​រុយ​ក្បាល​ខៀវ​ហើរ​មក​ចោះ​ដំបៅ​ជើង​ក្មេង​វត្ត, ក្មេង​នោះ​បាន​ទន្ទ្រាំ​ជើង​រត់​ចេញ​ទៅ ។ គីង្គក់​ក៏​នឹក​អស្ចារ្យ​នឹង​សត្វ​រុយ​នោះ​ជា​ខ្លាំង ។ កំពុង​តែ​ស្លុង​ចិត្ត​ក្នុង​ការគិត ស្រាប់តែ​រុយ​នោះ​ហើរ​មក​ទុំ​លើ​ច្រមុះ​ខ្លួន គីង្គក់​ក៏​ត្របាក់​លេប​វប់ ហើយ​លាន់​មាត់​ពេល​ថា ហ្អា ! លើ​លោក​នេះ​តើ​មាន​អ្វី​ឲ្យ​សំខាន់​ជាង​ខ្លួន​ឯង​ទៀត​ទៅ ? ត្រូវ​ចេះ​ព្រម ចេះ​ល្មម​ចេះ​ពេញចិត្ត​ចំពោះ​អ្វីៗ​ដែល​ខ្លួន​មាន, ចេះ​សន្ដោស​តាម​មាន តាម​បាន កុំ​ចេះ​តែ​ចង់​គ្មាន​ថ្ងៃ​គ្រប់, បើ​យក​អ្វី​ទៅ​មិន​បាន​ពី​លោក​នេះ​ទៅ​ដដែល អ៊‍ីចឹង​មានតែ​កុំ​ប្រឹង​ពេក ធ្វើ​ចិត្ត​ឲ្យ​ក្លាយ​ជា​អធិរាជ​ពី​ឥឡូវ​នេះ​ឲ្យ​ហើយ​ទៅ, កុំ​ធ្វើ​ជា​អ្នក​ក្រ​រហាម ធ្វើ​អ្វី​ទៀត ។ ព្រះ​បរមគ្រូ​ត្រាស់​ពន្យល់​ថា បញ្ញត្តិ និង​បរមត្ថ​ដាច់ខាត​ត្រូវតែ​អាស្រ័យ​គ្នា បំបែក​ឲ្យ​ដាច់​ពី​គ្នា​មិន​បាន​ឡើយ គ្មាន​បញ្ញត្តិ បរមត្ថ​ក៏​មិន​មាន តែ​បញ្ញត្តិ​គ្មាន​បរមត្ថ​ក៏​ជីវិត​រក​សុខ​មិន​ឃើញ​បញ្ញត្តិ និង​បរមត្ថ​ត្រូវតែ​ជា​ទ្វេបាទ​ខ្វះ​ណា​មួយ​មិន​បាន​ឡើយ ។ មានតែ​បញ្ញត្តិ​នាំ​ឲ្យ​តណ្ហា​ឧបាទាន​ចម្រើន​ឡើង ទុក្ខ​ក៏​ចម្រើន​ឡើង, មើល​សត្វ​សុនខ​ចុះ ដែល​វា​មិន​ចេះ​ប្រកាន់ ចង់​គេ​វាយ​ក្បាល​ក៏​មិន​គុំកួន ទុក​ចង់​គេ​ខ្ជាក់​ឲ្យ​ស៊ី​ក៏​ស៊ី​បាន​យ៉ាង​សុខ​ស្រួល ព្រោះ​តែ​មិន​ប្រកាន់ តែ​យើង​ជា​មនុស្ស​មិន​មែន​ចង់​ឲ្យ​ធ្វើ​ដូច្នោះ​ទេ គឺ​គ្រាន់តែ​កុំ​ឲ្យ​វា​ពេក​ទៅ​បាន​ហើយ ។ យើង​បាន​ជួប​ម្ដាយ​អ្នក​ដទៃ​ស្លាប់ តែ​យើង​យំ​មិន​ចេញ ព្រោះ​តែ​មិន​ប្រកាន់​ថា​ជា​ម្ដាយ​របស់​យើង ៗ ឃើញ​គេ​ជ្រុះ​បាត់​ចិញ្ចៀន​ពេជ្រ តែ​យើង​មិន​សោកស្ដាយ​ព្រោះ​មិន​ប្រកាន់​ថា​ជា​របស់​ខ្លួន ។ យើង​មិន​ប្រកាន់​ថា​រូប​ជា​របស់​ខ្លួន​លុះ​ដល់​ពេល​រូប​ចាប់​គ្រាំគ្រា​ដល់​នូវ​សភាព​មិន​ទៀត​ក៏​យើង​មិន​សូវ​មាន​ទុក្ខ ភ្នែក​ត្រចៀក ច្រមុះ អណ្ដាត កាយ កាល​បើ​ដល់​នូវ​សភាព​ពិការ ខ្វិន​ខ្វង់ ក៏​យើង​មិន​សូវ​ព្រួយ​ខ្វល់​ថែម​ទាំង​ញញឹម​ចំពោះ​សភាវៈ​លក្ខណៈ​នេះ​ទៀត​ផង ។

ឧបាទាន​ជា​អនុស័យ​មួយ​ប្រភេទ​ដែល​លះ​បាន​ដោយ​វបស្សនា និង​មាន​សមាធិ​ជា​ទម្រ មាន​សីល​ជា​គ្រឹះ​របស់​ទម្រ ។ ហេតុនេះ សូម​សហធម្មិក​មេតា​គន់គិត​ពិចារណា​តាម​ការគួរ ។

សូម​អនុមោទនា !

តើ​ការសម្លាប់​ខ្លួន អាច​រួច​ផុត​ពី​ទុក្ខ​ដែរ​ឬ​ទេ?

Standard

នៅ​ពេល​ដែល​មាន​ទុក្ខ​​ធរមាន មនុស្ស​ភាគច្រើន​ចេះតែ​រក​កល​ចង់​សម្លាប់​ខ្លួនឯង ដើម្បី​រួចចាក​ផុត​ទុក្ខ​ទាំង​នោះ ។ តើ​ការសម្លាប់​ខ្លួនឯង​នេះ​នឹង​រួច​ចាក​ផុត​ទុក្ខ​ដែរ​ឬ​​យ៉ាង​ណា? សូម​មើល​ហេតុផល​ដែល​សាមណៈ រេវតៈ ពន្យល់​ដល់​កុលធីតា​ដែល​ប្រាថ្នា​ផ្ដាច់​ជីវិត​របស់​ខ្លួន​នៅ​ល្អាង​ជ្រោះ សូករខីណា ពី​សៀវភៅ រឿង “បុប្ផាវត្តី” របស់​ព្រះ​ធម្ម ឃោសៈ ដើម្បី​បាន​ជា​សតិ​បញ្ញា​ដូច​តទៅ ៖

ក្នុង​គ្រា​ដែល​សាមណៈ រេវតៈ ចេញ​ពី​ព្រះ​វេឡុវនារាម មក​សំណាក់​នៅ​ល្អាង សូករខីណា ខណៈ​ដែល​កំពុង​ស្នាក់​នៅ​លើ​ទីលាន​ថ្ម​ជិត​មាត់​ល្អាង​នៅ​វេលា​រសៀល មាន​ស្ត្រី​ក្រមុំ​ម្នាក់​ដើរ​ឡើង​ភ្នំ​មក​ពី​ឆ្ងាយ​តែ​ម្នាក់​ឯង លុះ​ឡើង​មក​ដល់​ទីលាន​ថ្ម​ក្រោម​ម្លប់​ដើម​គគី នាង​អង្គុយ​សម្រាក​យក​ខ្នង​ផ្អែក​ដើម​ឈើ​ធំ ហើយ​ក៏​លាត​ជើង​ចេញ​ទៅ​មុខ​តាម​សប្បាយ ។ នាង​ជា​ស្រី​ក្រមុំ​ស្អាត​ម្នាក់ លក្ខណៈ​ពណ៌​សម្បុរ និង គ្រឿង​តែង​កាយ ស​ឲ្យ​ឃើញ​ថា នាង​មិនមែន​ជា​មនុស្ស​ជាន់​ទាប​ឡើយ ។ វេលា​នោះ នាង​មិន​បាន​ឃើញ​សាមណៈ រេវតៈ ទេ ចំណែក​សាមណៈ រេវតៈ ក្លែង​ធ្វើ​ជា​មិន​ឃើញ​នាង ដោយ​បែរ​មុខ​មើល​ទៅ​ទី​ដទៃ, មួយ​ស្របក់​កន្លង​ទៅ ទើប​សាមណៈ​ត្រឡប់​មើល​នាង​ម្ដង​ទៀត, គ្រា​នោះ សាមណៈ​ប្លែក​ចិត្ត ព្រោះ​ឃើញ​នាង​កំពុង​យំ​គួរ​ឲ្យ​អាណិត​បំផុត, ស្ដែង​ឲ្យ​ឃើញ​ថា នាង​កំពុង​មាន​សេចក្ដី​ទុក្ខ​ក្រៀមក្រំ ។ តាម​ប្រក្រតី សាមណៈ​ រេវតៈ ជា​មនុស្ស​មាន​ចិត្ត​ពេញ​ទៅ​ដោយ​មេត្តា​ករុណា កាល​ឃើញ​អ្នក​ណា​មាន​ទុក្ខ មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ទើប​ចូល​ទៅ​ប្រាស្រ័យ​សាកសួរ​រឿងរ៉ាវ​ផ្សេងៗ កាល​បាន​ដឹង​រឿងរ៉ាវ​របស់​គេ​ច្បាស់​ហើយ ក៏​រក​ផ្លូវ​ជួយ​សង្គ្រោះ​ដោយ​វត្ថុ​ខ្លះ ដោយ​ធម្មៈ​ខ្លះ​តាម​សមគួរ​ដល់​ករណី ។

ខណៈ​នោះ សាមណៈ​ក៏​គ្រហែម​តិចៗ ដើម្បី​ជា​សញ្ញា​ប្រាប់​ឲ្យ​ស្រី​ក្រមុំ​នោះ​ដឹង​ថា​ក្នុង​បរិវេណ​នេះ មិន​មែន​មាន​តែ​នាង​ម្នាក់​ឯង​ទេ, នាង​បែរ​មុខ​ភ្លែត​មក​រក​សាមណៈ ព្រម​ទាំង​យក​ជាយ​សំពត់​ជូត​ទឹកភ្នែក ។ ខណៈ​ដែល​នាង​កំពុង​ស្រឡាំងកាំង​នោះ សាមណៈ​ក៏​ដើរ​ចុះ​ទៅ​ឈរ​រយៈ​ឆ្ងាយ​ពី​នាង​ប្រមាណ ៣​ព្យាម ហើយ​ក៏​សួរ​ថា “ម្នាល​កុលធីតា! នាង​ទៅ​ធ្វើ​ធុរៈ​សំខាន់​អ្វី​នៅ​ឯណា​ឬ ទើប​ខំ​ព្យាយាម​ឡើង​ភ្នំ​មក​ម្នាក់​ឯង​ដូច្នេះ ?” ។

នាង​មិន​តប​សំណួរ​របស់​សាមណៈ តែ​ត្រឡប់​ជា​យំ​សស្រិកសស្រាក់​ឮ​ខ្លាំង​ឡើង ។ សាមណៈ​ក៏​និយាយ​ថា “កុលធីតា​អើយ ! នាង​ប្រហែល​កំពុង​ធ្លាក់​នៅ​ក្នុង​អន្លង់​ទុក្ខ​អ្វី​ម្យ៉ាង​ប្រាកដ ដែល​ជា​ហេតុ​ឲ្យ​នាង​អាច​កាត់​ចិត្ត​ប្រុង​នឹង​សម្លាប់​ខ្លួនឯង​ក៏​បាន” ។

“ត្រូវ​ហើយ ! ខ្ញុំ​កំពុង​នឹង​ឡើង​ទៅ​លោត​ជ្រោះ​សម្លាប់​ខ្លួន​ឯង” ស្រី​ក្រមុំ​តប​ដោយ​មើល​មក​សាមណៈ​ដោយ​សេចក្ដី​ប្លែក​ក្នុង​ចិត្ត ដែល​និយាយ​ដៅ​ចិត្ត​នាង​ត្រូវ ។ “ព្រោះ​ខ្ញុំ​មិន​អាច​នៅ​ធន់​នឹង​សេចក្ដី​ទុក្ខ​សោក​ធរមាន​របស់​ជីវិត​នេះ​បាន” ។

“ទុក្ខ​របស់​នាង​ប្រហែល​ជា​ធំ​ណាស់ ! មើល​និយាយ​ឲ្យ​អាត្មា​ស្ដាប់​ផង រឿងរ៉ាវ​វា​យ៉ាង​ណា ? អាត្មា​មាន​ចិត្ត​អាណិត​នឹង​ឃើញ​ចិត្ត​នាង​សោកសៅ​ដូច្នេះ​ណាស់” ។

ស្រី​ក្រមុំ​បាន​បរិយាយ​រឿងរ៉ាវ​របស់​នាង​ឲ្យ​សាមណៈ​ស្ដាប់​ទាំង​ទឹកភ្នែក​ថា “ទុក្ខ​របស់​​នាង​​ធំ​ណាស់ ! កើត​ពី​សេចក្ដី​អស់​សង្ឃឹម​ក្នុង​រឿង​ស្នេហា​មុន​នេះ មិន​យូរ​ប៉ុន្មាន​មាតាបិតា​របស់​នាង​បាន​បង្គាប់​ឲ្យ​រៀប​វិវាហ៍​មង្គល​ជាមួយ​នឹង​ព្រាហ្ម​ចាស់ អ្នក​មាន​សម្បត្តិ​ម្នាក់ តែ​នាង​មិន​ព្រម ទើប​គេច​រត់​ទៅ​រក​កំលោះ​ម្នាក់​ដែល​ស្រឡាញ់​នាង តែ​កំលោះ​នោះ​បាន​រៀប​វិវាហ៍​មង្គល​ជាមួយ​ស្រី​ដទៃ​ទៅ​ហើយ មុន​ពេល​ដែល​នាង​ទៅ​រក​គេ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ, នាង​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ឡើយ ព្រោះ​ខូច​ចិត្ត ទើប​ដើរ​ពនេចរ​ប្រៀប​ដូច​មនុស្ស​ប្រាសចាក​សតិ ៣ ថ្ងៃ មក​ហើយ កាល​មិន​អាច​ធន់​ទុក្ខ​ធរមាន​បាន ក៏​កាត់ចិត្ត​មក​លោត​ទម្លាក់​ខ្លួន​ទៅ​ក្នុង​ជ្រោះ​ភ្នំ​ឲ្យ​វា​ស្លាប់​ទៅ​ល្អ​ជាង​ការរស់នៅ​មាន​សភាព​យ៉ាង​នេះ ។

“រឿងរ៉ាវ​របស់​នាង​ជា​រឿង​គួរ​ឲ្យ​ខ្លោច​ចិត្ត​ណាស់” សាមណៈ​ពោល​នៅ​ពេល​ដែល​បាន​ស្ដាប់​រឿង​របស់​នាង​ចប់​ហើយ “អ្នកណា​ក៏​ដោយ បើ​ធ្លាក់​នៅ​ក្នុង​សភាព​យ៉ាង​ដូច​នាង​នេះ​ហើយ ក៏​គង់​នឹង​កាត់​ចិត្ត​ប្រព្រឹត្ត​ដូច​នាង​ជា​មិន​ខាន, ទុក្ខ​ផ្លូវ​កាយ​ជា​របស់​ល្មម​នឹង​ទ្រាំ​ធន់​បាន, តែ​ទុក្ខ​ផ្លូវ​ចិត្ត​ធន់​បាន​ដោយ​លំបាក​ណាស់ ។ វិធី​កែទុក្ខ​ផ្លូវ​ចិត្ត​នេះ​មាន ២ យ៉ាង​ប៉ុណ្ណោះ គឺ​ស្លាប់​ឲ្យ​ហើយ​តែ​ម្ដង​ទៅ និង​អត់​ធន់​ដរាប​ទាល់តែ​ទុក្ខ​រលត់​អស់​ទៅ ។ មនុស្ស​ជា​ច្រើន​បាន​រើស​យក​វិធី​សម្លាប់​ខ្លួន​ឯង, ឯការ​ដែល​រើស​យក​វិធី​អត់​ធន់ ក៏​មាន​មិន​តិច​ណាស់ ដូច្នេះ​នាង​នឹង​រើស​យក​វិធី​ណា ?” ។ អាន​បន្ត

ហេតុអ្វី​ពេទ្យ​ភាគច្រើន​អត់​មាន​សុជីវធម៌

Standard

មិន​ចម្លែក​សម្រាប់​អ្នក​ដែល​ធ្លាប់​ចូល​ពេទ្យ​រដ្ឋ នៅ​ពេល​ឃើញ​អាកប្បកិរិយា​ពេទ្យ​ធ្វើ​មក​លើ​អ្នក​ជំងឺ និង​អ្នក​ថែ​អ្នក​ជំងឺ​ដោយ​ប្រើ​ពាក្យ​គំរោះគំរើយ ស្ដី​ថា​ដូច​សត្វ​ធាតុ ។ ពេទ្យ​ដែល​ខ្ញុំ​គិត​ថា​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ខាង​នេះ ប្រហែល​ជា​ពេទ្យ​គន្ធបុប្ផា ដែល​ជា​ពេទ្យ​ពិនិត្យ និង​ព្យាបាល​រោគ​កុមារ ។ ខ្ញុំ​ទើបតែ​ចូល​ពេទ្យ​នោះ​​ជា​លើក​ទីមួយ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ពេល​ប្អូន​ជីដូនមួយ​ខ្ញុំ​ក្ដៅ​ខ្លួន​ខ្លាំង ។ ពេល​ចូល​ទៅ​ដល់​ក្នុង​មន្ទីរពេទ្យ គ្រូពេទ្យ​បីបួន​អ្នក ប្រុស​ម្នាក់​ស្រី​ពីរ ឬ​បី​នាក់​, ខ្ញុំ​មិន​ចាំ, ខ្ញុំ​មិន​ទាន់​បាន​និយាយ​អី ឬ​អង្គុយ​ផង ឮ​ពេទ្យ​នោះ​ស្ដី​ឱ្យ​មីង​ចំណាស់​ម្នាក់​កំពុង​បី​កូន​នឹង​ដៃ ដែល​ទំនង​ចាស់​ជាង​ពេទ្យ​នោះ ។ ពេទ្យ​និយាយ​កំបុតកំបុយ “ឮ​​ថា​ឱ្យ​ចេញ​ទៅ​ក្រៅ​ទេ!! ម៉េច​និយាយ​មិន​ស្ដាប់​គ្នា​ទេ​អ្ហី?” មីង​នោះ​ខំ​អង្វរ​រលីងរលោង​ទឹកភ្នែក​ ព្រោះ​គាត់​បារម្ភ​ពី​កូន​គាត់ ពេទ្យ​នោះ​នៅ​តែ​ដេញ​គាត់​ឱ្យ​ចេញ មីង​ក៏​បី​កូន​ចេញ​របៀប​មិន​អស់​ចិត្ត ។ រួច​ពេទ្យ​នោះ​បែរ​មក​សួរ​ខ្ញុំ “ឈឺ​អី?… អង្គុយ​កៅអី​មក!!” និយាយ​របៀប​គំរាម​សួរ​ចម្លើយ​អ្នក​ទោស​យ៉ាងម៉េច​មិន​ដឹង​ទេ រួច​ឱ្យ​ខ្ញុំ​ដាក់​ប្អូន​អង្គុយ​លើ​កៅអី គេ​មើល​តើ​អង្គុយ​បាន​ឬ​អត់ រួច​​ថា “កូន​ហ្នឹង​មិន​អី​ទេ យក​ទៅ​វិញ​ទៅ” ខ្ញុំ​ក៏​ថា “វា​ក្ដៅ​ឡើង​ចង់​សន្លប់ ហូរ​ឈាម​តាម​ច្រមុះ​ទៀត​ផង” ។ ពេទ្យ​ថា “ហូរ​ឈាម​តាម​ច្រមុះ​មិន​អី​ទេ យក​ទៅ​វិញ ម៉ោង​២​ចាំ​ចូល​មក​ម្ដង​ទៀត!” ខ្ញុំ​ក៏​អង្វរ​ថា​ឱ្យ​ជួយ​ពិនិត្យ​ក្មេង​បន្តិច​ទៅ ពេទ្យ​គេ​ត្អូញ “ធុញ​ណាស់​វ៉ី! មើល៍​យក​ថ្នាំ​ប៉ារា​ឱ្យ​លេប​មួយ​ចំហៀង​ទៅ ហើយ​ឱ្យ​ទៅ​ក្រៅ​ទៅ!” ពេទ្យ​ប្រុស​នោះ ក៏​យក​ថ្នាំ​​បោះ​​នៅ​លើ​តុ​មុខ​​ខ្ញុំ និយាយ​ថា “ណេះ! យក​ទៅ​លេប​ទៅ! លេប​មួយ​គ្រាប់​ហ្នឹង​ហ្មង​ទៅ!” រួច​ពេទ្យ​ៗ​គេ​នាំ​គ្នា​សើច​គ្នា​គេ ហើយ​​ដើរ​ទៅ​អង្គុយ​ធ្វើ​មិន​ដឹង ។ ខ្ញុំ​ចាប់ក្ដៅ​ទ្រូង​ភ្លាម រួច​ក៏​បី​ប្អូន​ដើរ​ចេញ​មក​ក្រៅ​វិញ និង​នាំ​ទៅ​ពេទ្យ​កុមារជាតិ ។ មិន​ស្មាន​ថា ពេទ្យ​កុមារជាតិ​ស្រួល​ជាង​ពេទ្យ​គន្ធបុប្ផា​សោះ ខ្ញុំ​ចំណាយ​លុយ ២០០០៛ ទិញ​សៀវភៅ​ចូល​ពិនិត្យ​រោគ និង​ចំណាយ ៦០០០៛ លើ​ថ្លៃ​បើក​ថ្នាំ និង​​មិន​ចាំបាច់​រង់ចាំ​យូរ​​ទៀត​ផង តែ​សេវា​ក៏​មិន​ល្អ​ខ្លាំង​ណាស់ណា​ទេ តែ​ចាត់ទុក​ថា​ប្រសើរ​ជាង​គន្ធបុប្ផា​ឆ្ងាយ​ណាស់ ។

តើ​អាកប្បកិរិយា​បែប​ពេទ្យ​នៅ​គន្ធបុប្ផា​បណ្ដាល​មក​អំពី​អ្វី? មក​ពី​ចរិត​របស់​ពេទ្យ​​ទាំង​នោះ ឬ​មក​ពី​ការនៅ​ជាមួយ​អ្នក​ជំងឺ​រាល់ថ្ងៃ ធ្វើ​ឱ្យ​គាត់​មួម៉ៅ លែង​ចេះ​និយាយ​ពាក្យ​ល្អ ចេះតែ​ពាក្យ​ជេរ ស្ដី​បន្ទោស ។ តែ​ទោះ​ជា​យ៉ាងណា ក៏​ខ្ញុំ​នៅ​តែ​បន្ទោស​ដែរ ព្រោះ​អាកប្បកិរិយា​ហ្នឹង​វា​ជ្រុល​ហួសហេតុ​ពេក ធ្វើ​ឱ្យ​ខ្ញុំ​ស្អប់​មុខ​ពេទ្យ​ហ្នឹង​មែនទែន ។ ឧបមា​ថា ចៃដន្យ​ពេទ្យ​ហ្នឹង​ជា​បងប្អូន​ខ្ញុំ មក​លេង​ផ្ទះ​ខ្ញុំ​អី ខ្ញុំ​មិន​ខ្លាច​នឹង​តោង​ចាន​​បាយ​ចេញ និង​ដេញ​មិន​ឱ្យ​ស៊ី​បាយ​នោះ​ទេ ព្រោះ​វា​ដូច​ជា​ឆ្អែត​ពេញ​ទ្រូង​ណាស់ ថ្ងៃ​នោះ ។