jump to navigation

សូម​ជួយ​បង​ស្រី​ខ្ញុំ​ផង ថ្ងៃ ចន្ទ ទី 28 ខែមករា 2008

Posted by ទឹម បឿន in ទាក់ទង​នឹង​ខ្ញុំ, សុខភាព.
16 comments

អម្បាញ់មិញ ខ្ញុំ​ទើប​នឹង​មក​ពី​ជូន​បង​ស្រី​ទៅ​ពេទ្យ​ធ្មេញ។ គាត់​ឈឺ​ថ្គាម​ទាល់ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​អាច​ដក​ថ្គាម​ទាល់​នោះ​ចេញ​បាន មួយ​សន្ទុះ​ក្រោយ​ពី​ពេល​ពិនិត្យ​ក្រដាស​លទ្ធផល​ឈាម​រួច ពេទ្យ​គ្រវី​ក្បាល ហើយ​ប្រាប់​ថា​មិន​អាច​ដក​បាន​ទេ គាត់​ឱ្យ​បង​ស្រី​ខ្ញុំ​ប៉ូវ​ឱ្យ​មាន​កម្លាំង ព្រោះ​គាត់​ខ្សោយ និង​ឈាម​ក្រ​កក។ ខ្ញុំ​អាណិត​បង​ស្រី​ចង់​ខ្លោច​ចិត្ត ព្រោះ​តែ​គាត់​ឈឺ​ខ្លាំង​ទើប​សម្រេច​ចិត្ត​ថា​ទៅ​ដក​ចេញ តែ​បែរ​ជា​ដក​មិន​បាន​ទៅ​វិញ មាន​តែ​នៅ​ទ្រាំ​ឈឺ លេប​ថ្នាំ​ទម្រន់​ខ្លះ​សិន ទម្រាំ​គាត់​មាន​កម្លាំង និង​សុខភាព​ល្អ​ឡើង​វិញ។ ឥឡូវ​ខ្ញុំ​មិន​ឱ្យ​គាត់​ទៅ​ធ្វើការ​ទេ ហើយ​ឱ្យ​គាត់​ខំ​ញ៉ាំ​អី​ឱ្យ​មាន​កម្លាំង និង​សុខភាព​ប្រសើរ​ឡើង​វិញ ទើប​ទៅ​ជួប​ពេទ្យ​ធ្មេញ​នោះ​ម្ដង​ទៀត។ ខ្ញុំ​ចង់​ឱ្យ​គាត់​ឆាប់​មាន​កម្លាំង និង​មាន​សុខភាព​ល្អ​ឡើង​វិញ តើ​ខ្ញុំ​គួរ​ជួយ​គាត់​យ៉ាង​ម៉េច​ខ្លះ? មាន​អ្វី​ខ្លះ​ដែល​អាច​ប៉ូវ​បាន​លឿន​ជាង​គេ?

ហេតុ​អី​បាន​ជា​មនុស្ស​ចាស់​ដេក​តិច​ជាង​ក្មេង ? ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែកញ្ញា 2007

Posted by ទឹម បឿន in ទូទៅ, សុខភាព.
add a comment

មនុស្ស​ម្នាក់ ៗ សុទ្ធ​តែ​ត្រូវ​ការ​ដេក ប៉ុន្តែ​រយៈ​ពេល​ដែល​ត្រូវ​ដេក​មិន​ដូច​គ្នា​ទេ ។

មនុស្ស​ធម្មតា ត្រូវ​ការ​ដេក ៨​ ម៉ោង​ក្នុង​មួយ​ថ្ងៃ កូន​ក្មេង​ត្រូវ​ដេក​ពី ១០ ទៅ ១២ ​ម៉ោង ចំណែក​មនុស្ស​ចាស់ ត្រូវ​ការ​ដេក ពី ៥ ទៅ ៦ ម៉ោង​ក្នុង​មួយ​ថ្ងៃ គឺ​គ្រប់​គ្រាន់​ហើយ ។

ចូរ​ពិនិត្យ​មើល​ទារក ដែល​ទើប​នឹង​កើត​មក​ថ្មី ៗ វា​ដេក​ទាំង​យប់​ទាំង​ថ្ងៃ លើក​លែង​តែ​រយះ​ពេល​មួយ​ភ្លេត ដែល​វា​ត្រូវ​ស្រែក​យំ​ឃ្លាន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ សុទ្ធ​តែ​ជា​រយះ​ពេល​ដេក​យ៉ាង​ស្កប់ស្កល់ ។ តាម​ការ​ពិនិត្យ ឃើញ​ថា​ ទារក​ម្នាក់​ ៗ ត្រូវ​ដេក ២០ ម៉ោង​យ៉ាង​តិច ក្នុង​រយះ ពេល​ ១ ថ្ងៃ ១ យប់ ។

បញ្ហា​ដេក​នេះ មាន​សារៈ​សំខាន់​នាស់ ចំពោះ​មនុស្ស​ពិសេស ចំពោះ​ទារក និង កូន​ក្មេង​ដែល​កំពុង​រីក​ចំរើន ។ បើ​ក្មេង​ម្នាក់ ៗ អាច​ដេក​ឲ្យ​បាន​ស្កប់ស្កល់ និង ឲ្យ​បាន​ច្រើន​ពេល​វេលា ​នោះ​សុខភាព​របស់​វា នឹង បាន​បរិបូណ៌​មិន​ខាន ។

ចំពោះ​យុវជន​វិញ បញ្ហា​ដេក​ក៏​មាន​សារៈ​សំខាន់​ដែរ ព្រោះ​កាល់​បើ​ដេក​ស្កប់ស្កល់​ពេញ​មួយ​យប់​ហើយ សភាព​ហត់​នឿយ​ទាំង​ឡាយ ដែល​បណ្ដាល​មក​ពី​ការ​សិក្សា និង ការងារ​ផ្សេង ៗ ត្រូវ​បាន​កំចាត់​កំចាយ​អស់ ខួរ​ក្បាល​ក៏​ត្រូវ​ស្ថិត​ក្នុង​សភាព​ស្ពឹក​ដោយ​បាន​សម្រាក ។ ដូច្នេះ ព្រឹក​ថ្ងៃ​បន្ទាប់ គេ​នឹង​មាន​កម្លាំង​កំហែង ថ្លា​ខួរ​ក្បាល អាច​ប្រកប​ការងារ​ត​ទៅ​ទៀត បាន​យ៉ាង​ធូរ​ស្រួល ។

បើ​យ៉ាង​ដូច្នេះ ហេតុ​ម្ដេច​បាន​ជា​ក្មេង ដេក​ច្រើន​ជាង​យុវជន ហើយ​យុវជន​ដេក​ច្រើន​ជាង​មនុស្ស​ចាស់ ?

តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា សម្ព័ន្ធ​នៃ​សរសៃ​វិញ្ញាណ របស់​កូន​ក្មេង មាន​ភាព​មិន​នឹង​នរ គឺ​វា​ងាយ​នឹង​រំជួយ ងាយ​នឹង​ស្ពឹក កូន​ក្មេង​ឆាប់​អស់​កម្លាំង ហត់​នឿយ ហើយ​ក៏​ឆាប់​រំភើប ដូច​នេះ កូន​ក្មេង​ត្រូវ​ការ​ដេក​ច្រើន​ណាស់ ។

ចំណែក​យុវជន​ ធម្មតា​ដេក​តែ ៨ ម៉ោងក៏​ឃើញ​ថា​គ្រប់​គ្រាន់​ហើយ ។ ព្រោះ​ការ​ប្រើ​កម្លាំង​កាយ និង កម្លាំង​ប្រាជ្ញា​ដ៏​ច្រើន​មហិមា បាន​ធ្វើ​ឲ្យ​យុវជន​ហត់​នឿយ អស់​កម្លាំង តែ​ការ​សម្រាក​ ៨ ម៉ោង​នេះ​ ក៏​ល្មម​នឹង​ធ្វើ​ឲ្យ​យុវជន កំចាត់​ការ​ហត់​នឿយ​បាន ព្រម​ទាំ​ងអាច​ការពារ គោលិកា​វិញ្ញាណ​ក្នុង​ស្រទាប់​ខួរ​ក្បាល មិន​ឲ្យ​ខូចខាត​ផង ។

តែ​ចំពោះ​មនុស្ស​ចាស់​វិញ ដោយ​សារ​ពលកម្ម​មិន​សូវ​មាន​ច្រើន ហើយ​គោលិកា​វិញ្ញាណ​ទាំង​ឡាយ ក៏​មិន​សូវ​រំជើប​រំជួល​ខ្លាំង ដូច​យុវជន អាស្រ័យ​ហេតុ​នេះ បាន​ជា​មនុស្ស​ចាស់ មិន​សូវ​ត្រូវ​ការ​ដេក​សម្រាក​ច្រើន​ម៉ោង​ពេក ។

ការ​ស្រាវជ្រាវ​របស់ លោក ប្រាក់ ជា

អាហារពេលព្រឹក ជាអាហារសំខាន់បំផុត ថ្ងៃ សៅរ៍ ទី 30 ខែមិថុនា 2007

Posted by ទឹម បឿន in សុខភាព.
2 comments

ដោយ ទឹម បឿន 

            ខួរ​ក្បាល​របស់​មនុស្ស​ធ្វើការ​ដោយ​ពឹង​ផ្អែក​ទៅ​លើ ក្លុយកូស(ជាតិ​ស្ករ​ដែល​បាន​មក​ពី​ការ​ធ្វើ​សំយោគ​មេតា​ប៉ូលីស​នៃ​អាហារ) ដែល​សំខាន់​សម្រាប់​សកម្មភាព​ផ្សេង​ៗ​ដូច​ជា ​​និយាយ គិត ដើរ អាន ចាប់​វត្ថុ​ផ្សេង​ៗ ជា​ដើម ។ មេតាប៉ូលីស​អាច​ប្រព្រឹត្តិ​ទៅ​លុះណា​តែ​មាន​ជាតិ​អាហារ​នៅ​ក្នុង​ក្រពះ​របស់​លោក​អ្នក ។

            បើ​លោក​អ្នក​ព្យាយាម​បង្អត់​អាហារ​ពេល​ព្រឹក ហើយ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ត្រង់ នោះ​លោក​អ្នក​កំពុង​បង្អត់​ប្រព័ន្ធ​សរីរាង្គ​របស់​​លោក​អ្នក​ក្នុង​រយះ​ពេល​ជាង​១០​ម៉ោង ហើយ​លោក​អ្នក​កំពុង​បង្ខំ​ឲ្យ​ខួរ​ក្បាល​របស់​លោក​អ្នក​​ធ្វើ​ការ​ដោយ​គ្មាន​អ្វី​ទ្រទ្រង់​សោះ​​ ។ ការ​បង្អត់​អាហារ​​ដល់​​ខួរក្បាល​របស់​លោក​អ្នក នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​លោក​អ្នក​ចុះ​ខ្សោយ​​ក្នុង​ការ​គិត ការ​ដោះស្រាយ ការ​ចងចាំ ការ​រំលឹក​ឡើង​វិញ ។ល។ អ្នក​ខ្លះ​យល់​ច្រលំ​​ថា ការ​បង្អត់​អាហារ​ពេល​ព្រឹក នឹង​ធ្វើ​ឲ្យ​គេ​អាច​សម្រក​ទំងន់ តាម​ពិត​វា​កាន់​តែ​ធ្វើ​ឲ្យ​កើន​ទំងន់​ទៅ​វិញ​ទេ ដោយ​វា​នឹង​ធ្វើ​ឲ្យ​ងាប់​កោសិការ​ខួរក្បាល​មួយ​ចំនួន នៅ​ពេល​ដែល​យើង​ព្យាយាម​បញ្ជារ​វា ហើយ​ជាតិ​ខ្លាញ់​នឹង​កាន់​តែ​កើន​នៅ​ក្នុង​រាង្គកាយ​របស់​លោក​អ្នក ដែលមិន​ធ្វើ​ឲ្យ​លោក​អ្នក​ស្រក​ទំងន់​ឡើយ ។ 

            ហេតុ​នេះ​ហើយ អាហារ​ពេល​ព្រឹក ជា​អាហារ​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប ។

ប្រយោជន៍នៃដំណេកពេលថ្ងៃ ថ្ងៃ សៅរ៍ ទី 30 ខែមិថុនា 2007

Posted by ទឹម បឿន in សុខភាព.
2 comments

ដក​ស្រង់​ពី​សៀភៅ “គួរ​យល់​ដឹង សុខភាព & ជីវិត”

            ត្របក​ភ្នែក​ប្រែ​ជា​​ធ្ងន់​ក្រោយ​ពេល​បរិភោគ​បាយ​ថ្ងៃ​ត្រង់​រួច​? អ្នក​ជម្នះ​មិន​ព្រម​ធ្មេច​មួយ​ស្រឡេត​មែន​ទេ​? ​ជា​ប្រការ​មិន​ធម្មតា​សម្រាប់​យើង​ ព្រោះ​តាម​កម្មវិធី​ចិត្ត​សាស្ត្រ តម្រូវ​ឲ្យ​យើង​សម្រាក​ពី​ការ​ងារ​នៅ​ចន្លោះ​ម៉ោង ១៣ និង​១៥ ដែល​ជា​ពេល​ខួរ​ក្បាល​ត្រូវ​ការ​សម្រាក ។ ដូច្នេះ​យើង​គួរ​យក​តម្រាប់​តាម​ប្រជាជន​អេស្ប៉ាញ ឬ​ក្រិច ដោយ​ដេក​សម្រាក​ពេល​ថ្ងៃ និង​បាន​សម្រាក​យ៉ាង​ពិត​ប្រាកដ ។ ជា​ពិសេស​ដំណេក​ពេល​ថ្ងៃ អាច​ជួយ​កំណត់​ព្រំដែន​សម្ពាធ​សរសៃ​ឈាម​ក្រហម និង​ជួយ​ឲ្យ​ដំណើរ​នៃ​ជីវសាស្ត្រ​ប្រព្រឹត្ត​ទៅ​យ៉ាង​ទៀត​ទាត់ ព្រោះ​ថា​ការ​សម្រាក​ពេល​ថ្ងៃ​ចំនួន ៣០​នាទី​ជារៀង​រាល់​ថ្ងៃ អាច​កាត់​បន្ថយ​បញ្ហា​ជំងឺ​បេះដូង ទាក់ទង​នឹង​សរសៃ​ឈាម​បាន​ដល់​ទៅ ៣០% ។

             តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ពួក​អាមេរិច និង​អ៊ឺរ៉ុប ដំណេក​ពេល​ថ្ងៃ​អាច​ឲ្យ​យើង​កើន​កម្លាំង ពី​៤​ ទៅ​៥​ដង ដោយ​ថ្វើ​ឲ្យ​សាច់​ដុំ និង​ខួរ​ក្បាល​បាត់​អស់​កម្លាំង ។

អាការៈ​ឈឺ​ក្បាល ថ្ងៃ ចន្ទ ទី 19 ខែ​កុម្ភៈ 2007

Posted by ទឹម បឿន in ទាក់ទង​នឹង​ខ្ញុំ, សុខភាព.
4 comments

សួស្ដី​ ប្រិយ​មិត្ត​របស់ សម្រាប់​ខ្មែរ​ជា​ទី​មេត្រី​,

ពី​ម្សិល​ម៉ិញ​គឺ​ជា​ថ្ងៃ​អាទិត្យ ខ្ញុំ​​នៅ​​​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ ហើយ​អង្គុយ​ធ្វើ​ការងារ​ដែល​ធ្វើ​មិន​ទាន់​រួចកាល​ពី​ថ្ងៃ​សៅរ៍ ។ ពេល​បញ្ចប់​ការងារ​ខ្ញុំ​បាន​​រៀប​ចំ បណ្ដាញ​កំណត់​ហេតុ​របស់​ខ្ញុំ ។ ហើយ​អង្គុយ​ធ្វើ​ការងារ​ផ្សេង​ៗ​ទៀត​យ៉ាង​ជក់​ចិត្ត​រហូត​ភ្លេច​បាយ​ភ្លេច​ទឹក ។

នៅ​ពេល​ព្រឹក​ខ្ញុំ​ផឹក​ទឹក​អស់ កន្លះ​លីត្រ ហើយ​ក៏​បន្ត​ការងារ​ទៀត រហូត​ដល់​ល្ងាច​ ម៉ោង​៨​”​៣០​នាទី ទើប​ខ្ញុំ​ទៅរក​បាយ​ញ៉ាំ ហើយ​បាន​ដាក់​ទឹក​អស់​ពីរ​កែវ ។ ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ ហើយ​ក៏​ប្រាស់​ខ្លួន​ដេក​លក់​ដោយ​មិន​ដឹង​ខ្លួន ទាំង​អត់​ងូត​ទឹក ។ ហេហេហេ​! ពិត​ជា​ខ្ជិល​ណាស់​ខ្ញុំ !

លុះ​ក្រោក​ឡើង ម៉ោង​ជាង​៤ ទៀប​ភ្លឺ ខ្ញុំ​បាន​ចាក់​ចម្រៀង​ស្ដាប់​រហូត​ដល់​ម៉ោង​៦​កន្លះ​ទើប​ងូត​ទឹក ។ ពេល​ងូត​ទឹក​រួច​ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ឈឺ​ក្បាល ។ ខ្ញុំ​អត់​ទាន់​ដឹង​ថា​មក​ពី​អី​ទេ ។ ក្នុង​ពោះ​ខ្ញុំ​ដូច​ជា​ក្ដៅ​ៗ នឹក​ឃើញ​ចង់​ផឹក​ទឹក ។ ខ្ញុំ​ក៏​យក​ទឹក​មក​ផឹក​… អូហ៍​! ទឹក​ជ្រាប​ចូល​ដូច​ជា​ដឹង​ថា​ទឹក​ហូរ​ចូល​ដោយ​របៀប​ណា គឺ​ភាព​ត្រជាក់​របស់​ទឹក បាន​ជ្រាប​ចូល​ទៅ​ក្នុង​ក្រពះ​របស់​ខ្ញុំ ។ ពេល​នោះ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ពិត​ជា​ខ្វះ​ជាតិ​ទឹក​ហើយ ។ ហើយ​ខ្ញុំ​ក៏​ដឹង​ថា អាការៈ​ឈឺ​ក្បាល​របស់​ខ្ញុំ​គឺ​ដោយ​សារ​ខ្ញុំ​អត់​ផឹក​ទឹក ។ ខ្ញុំ​ល្ហិត​ល្ហៃ ឈឺ​ចាប់​ឆ្អឹង​ឆ្អែង និង​រោយ​ក និង ចុក​ចាប់​ចុង​ចិញ្ចើម​ជា​ដើម ។

លោក​អ្នក​ដឹង​ទេការ​ខ្វះ​ជាតិ​ទឹក ប្រកដ​ជា​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ឈឺ​ក្បាល គឺ​ដូច​ដែល​ខ្ញុំ​រៀប​រាប់​ខាង​លើ​អ៊ីចឹង ។ ហេតុ​ដូច​នេះ​ សូម​លោក​អ្នក​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន ។

ដោយ​បំណង​ល្អ​ពី​ខ្ញុំ​បាទ,

ទឹម​ បឿន

តាមដាន

Get every new post delivered to your Inbox.

Join 241 other followers

%d bloggers like this: