ប្រើសញ្ញា “អឌ្ឍចន្ទ” នឹងពាក្យកំព្រា ថ្ងៃព្រហស្បតិ៍ ទី 10 ខែឧសភា 2012
Posted by ទឹម បឿន in អក្សរសាស្ត្រ.8 comments
ពាក្យទោលជាស្រៈ អ ដែលឥតតួ រ ប្រកបហៅថា ពាក្យកំព្រា ដូចជា ក(កមនុស្សសត្វ), ង(ងស្ទើត), ល(លមើល), ស(សម្បុរស) ជាដើមនេះ អ្នកប្រាជ្ញជំនាន់មុនបានបង្កើតសញ្ញាថ្មីមួយហៅថា អឌ្ឍចន្ទ មានសណ្ឋានស្រដៀងចំណិតដូង ប៉ុន្តែផ្កាប់ (៝) ប្រើដាក់ពីលើ ដូចជា ឈឺក៝, លើកដាក់លើក៝, ទូកង៝, ថាល៝មើល, រលឹបរល៝, កុកស៝ក៝, ដីស៝ កុំឲ្យច្រឡំក្នុងការអាន ប៉ុន្តែមិនបានជោគជ័យសញ្ញា អឌ្ឍចន្ទ នេះបាត់រូបទៅវិញ ។ បច្ចុប្បន្ន ស្មេរខាងកាសែត ទស្សនាវដ្ដី ឬខាងនិពន្ធផ្សេងៗមានការលំបាកក្នុងការសរសេរពាក្យកំព្រានេះក្នុងអត្ថបទរបស់ខ្លួន ព្រោះខ្លាចអ្នកអានច្រឡំ ស្មេរខ្លះបន្ថែមសញ្ញា (-) នៅខាងដើមពាក្យកំព្រានោះ ដើម្បីញែកពាក្យ ដូចជា បុរសម្នាក់ចង-ក សម្លាប់ខ្លួន ខ្លះសរសេរដកឃ្លា ប្រណាំងទូក ង នៅ… អ្នកខ្លះដែលមិនក្រវល់ក្រវាយច្រើន ក៏សរសេរជាប់គ្នាតាមធម្មតា ដូចជា គោសម្ដេចថាខ្មៅ ។ របៀបសរសេរដែលមិនទាន់ស្របគ្នាទាំងនេះ នៅបង្កការលំបាកចំពោះស្មេរ និង អ្នកអានខ្លះដែរ ។
ក្នុង និទានកថា របស់វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បញ្ជាក់ថា សញ្ញា អឌ្ឍចន្ទ ត្រូវបានលើកទុក ព្រោះវិនាសបាត់រូប បាត់ឈ្មោះ បើបង្កើតឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។
តាមពិតសញ្ញានេះ នៅមិនទាន់វិនាសបាត់សូន្យនៅឡើយទេ ដ្បិតសញ្ញានេះនៅមានលើក្ដារចុចរបស់យូនីកូដខ្មែរនៅឡើយ ។ ជាគំនិតរបស់ខ្ញុំ ប្រសិនបើយើងនាំគ្នាត្រឡប់មកប្រើសញ្ញា អឌ្ឍចន្ទ ឡើងវិញ ដោយពុំចាំបាច់ពិបាកក្នុងការបង្កើតសញ្ញាថ្មី វាជាការងាយស្រួល ព្រោះថាបើរង់ចាំទម្រាំអ្នកប្រាជ្ញណាមួយមានគំនិតក្នុងការបង្កើតថ្មីនោះ ក៏នឹងអាចរង់ចាំដល់រយៈពេលយូរ រាប់ជាច្រើនឆ្នាំតទៅមុខទៀតក៏មិនដឹង ។
ដើម្បីប្រើសញ្ញា អឌ្ឍចន្ទ ចុច Ctrl + Alt + w ឬចុច Alt ខាងស្ដាំ + w ។
យើងអានពាក្យ សេចក្ដី ពុំត្រឹមត្រូវ ថ្ងៃ អង្គារ ទី 15 ខែវិច្ឆិកា 2011
Posted by ទឹម បឿន in អក្សរសាស្ត្រ.4 comments
ពាក្យ សេចក្ដី ដែលមានន័យ ដំណើរ; ហេតុ, ការណ៍; គតិ; លំអាន; ផ្ទៃរឿង; គ្វាម; ដំណើរពាក្យ ដូច្នេះ យើងទម្លាប់តែអានថា សិច-ក្ដី ជាយូរមកហើយ ប៉ុន្តែបើតាមខ្ញុំយល់ គឺត្រូវអានថា សាច់-ក្ដី ដូច្នេះវិញ ទើបត្រឹមត្រូវ ? សំឡេងអាន សាច់-ក្ដី នេះ ខ្ញុំច្រើនបានឮក្នុងចម្រៀងរបស់លោកតា ស៊ិន ស៊ីសាមុត ប្រហែលក្នុងសម័យនោះ គេនៅអាន ឬ និយាយថា សាច់-ក្ដី នៅឡើយ ក្រោយមក ការប្រកប ស-េ-ច នេះក៏លែងចេញសំឡេង សាច់ ប៉ុន្តែចេញសំឡេង សិច វិញ ? ក្នុង វចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ក៏បានបញ្ជាក់អំពីសំឡេងអាននេះផងដែរ ដែលបង្គាប់ឲ្យអានថា សាច់-ក្ដី ដូចគ្នា ។ ដូច្នេះ ខ្ញុំជឿថា ពាក្យ សេចក្ដី នេះ យើងត្រូវអានថា សាច់-ក្ដី ទើបត្រឹមត្រូវ ។
ទំនាញសូរក្នុងវេយ្យាករណ៍ខ្មែរ ត្រូវបានបកស្រាយថាមិនត្រឹមត្រូវ ថ្ងៃ សៅរ៍ ទី 7 ខែឧសភា 2011
Posted by ទឹម បឿន in អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ.25 comments
ក្នុងភាសាខ្មែរ លំឱនសព្ទ ត្រូវបានគេកំណត់ជាក្បួនដើម្បីឲ្យងាយស្រួលក្នុងការអានពាក្យ ដូចជាពាក្យ “សេវា” គេត្រូវអានថា “សេ-វ៉ា” ដ្បិត “ស” សព្ទជា អឃោសៈ ដូច្នេះ “វ” ដែលជាសព្ទ ឃោសៈ ក៏ត្រូវលំឱនទៅជា វ៉ តាមតួ “ស” ដែរ ។ ក្បួននេះគេកំណត់ថា បើសព្ទដើម អឃោសៈ ហើយសព្ទបន្ទាប់ជាឃោសៈ ឬអឃោសៈក្ដី ត្រូវប្ដូរជាសព្ទ អឃោសៈ ។ ប្រសិនបើសព្ទដើមជាឃោសៈ សព្ទបន្ទាប់ក៏ត្រូវលំឱនសព្ទទៅជាឃោសៈដែរ ។
អឃោសៈ + ឃោសៈ > អឃោសៈ
ឃោសៈ + អឃោសៈ >ឃោសៈ
ប៉ុន្តែ សៀវភៅវេយ្យាករណ៍ខ្មែររបស់លោក ធន់ ហ៊ិន ដែលទើបបោះពុម្ពផ្សាយថ្មីៗនេះ បានអះអាងថា អំណះអំណាងនេះមិនអាចយកមកធ្វើជាឱភាសកម្ម ដើម្បីជាក្បួនសម្រាប់អនុវត្តតាមនោះទេ ដោយហេតុថាមានពាក្យជាច្រើនដែលមិនឆ្លើយតបឲ្យស្របទៅនឹងរូបមន្តនោះ ។ លោកបានលើកឧទាហរណ៍ពាក្យជាច្រើនមកបង្ហាញដែលសព្ទបន្ទាប់មិនលំឱនតាមសព្ទដើម ដូចជាពាក្យ ណែនាំ, ឯករាជ្យ, អន្លើ, ស្មារលា, ការី (គ្រៀងស្ល), អនិច្ចា , មហា, វិទ្យាល័យ ។ល។
នៅមានអំណះអំណាងជាច្រើនទៀត ដែលអតីតសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិភាសាបារាំងលោក ធន់ ហ៊ិន បានលើកនៅក្នុងសៀវភៅរបស់គាត់ ។
សម្ដេចព្រះសង្ឃរាជ ជួន ណាត មានបន្ទូលក្នុងនាទីបទសម្ភាសន៍អក្សរសាស្ត្រខ្មែរថា ក្នុងភាសាខ្មែរមិនទៀងទេ ត្រង់ឃោសៈ អឃោសៈនេះ គឺខ្មែរប្រើហ្នឹង តាមទម្លាប់ទេ ។ ដូចពាក្យ អយុត្តិធម៌ អានថា “អៈ-យុត្តិ-ធម៌” មិនអាន “អៈ-យ៉ុត្តិ-ធម៌” ទេ ។
ខ្ញុំមិនអាចរកអំណះអំណាងពីសៀវភៅផ្សេងពីនេះមកបញ្ជាក់បន្ថែម ប៉ុន្តែខ្ញុំជឿថា ការលើកឡើងនេះពិតសមហេតុផល ។
ពាក្យព្យាង្គរាយ ធ្វើកម្លាយចេញព្យាង្គតម្រួត ថ្ងៃ សុក្រ ទី 21 ខែមករា 2011
Posted by ទឹម បឿន in អក្ខរាវិរុទ្ធ, អក្សរសាស្ត្រ.13 comments
កាលពីថ្ងៃអាទិត្យ ខ្ញុំបានស្ដាប់វិទ្យុ FM 102 MHz ក្នុងកម្មវិធីអក្សរសាស្ត្រខ្មែរ ។ សំណួរមួយដែលសួរទាក់ទងនឹងព្យាង្គរាយ ពេលធ្វើកម្លាយចេញជាព្យាង្គតម្រួត ដូចជាពាក្យ កើត > ខ្នើត ។ ខ្ញុំឃើញវាគ្មិនបកស្រាយមិនចេញ ហើយខ្ញុំបម្រុងទូរស័ព្ទចូល តែកម្មវិធីចប់បាត់ទៅ ខ្ញុំសម្រេចលើកយករបៀបចំណាំមកប្រកាសទីនេះម្ដងទៀត ដ្បិតខ្ញុំធ្លាប់ប្រកាសម្ដងរួចមកហើយ តែមិនមានអ្នកបានអានច្រើននោះទេ ។
របៀបចំណាំ គឺគេមើលលើទម្រង់ផ្នត់ និង ផ្នត់របស់វា បើកាលណាស្ថិតក្នុងទម្រង់ផ្នត់ និង ផ្នត់ដូចខាងក្រោម ពេលកម្លាយត្រូវសរសេរព្យាង្គតម្រួតជានិច្ច ។
- ផ្នត់ដើមទម្រង់ |ព-| មាន |ក-|, |ច-|, |ត-|, |ប-|, |ស-|, |ល-|, |ម-|
- ផ្នត់ដើមទម្រង់ |ពសព-| មាន |ក’ង-|, |ច’ង-|, |ដ’ង-|, |ប’ង-|, |ព’ង-|, |រ’ង-|, |ល’ង-|, |ស’ង-|, |អ’ង-|, |ក’ន-|, |ច’ន-|, |ដ’ណ-|, |ប’ន-|, |ព’ន-|, |ស’ន-|, |អ’ន-|, |ក’ញ-|, |ប’ញ-|, |ព’ញ-|, |ស’ញ-|, |ក’ម-|, |រ’ណ-|, |ជ’ញ-|, |ច’ម-|, |ជ’ម-|, |ដ’ម-|, |ប’ម-|, |ល’ម-|, |រ’ម-|, |ស’ម-|, |អ’ម-|
- ផ្នត់ជែកទម្រង់ |-ព-| មាន |-ន-|, |-ម-|, |-ប-|
ឧទាហរណ៍៖
បាំង > ក្បាំង, ប + អាំ + ង > ក + ប + អាំ + ង ។ គឺគេសម្រួលតួអក្សរដែលដូចគ្នាទាំងសងខាង ពេលសម្រួលរួច នៅសល់អក្សរ ក នៅខាងដើម គេសរសេរ |ក-| ហៅថាផ្នត់ដើម ឬបុព្វបទ វាស្ថិតក្នុងទម្រង់ |ព-| ។ ដូច្នេះពាក្យ ក្បាំង ត្រូវសរសេរត្រួតវិញ គេមិនអាចសរសេរ កបាំង ទេ ។
គួរអានផងដែរ
ស្គាល់អំពី ស័ក ថ្ងៃព្រហស្បតិ៍ ទី 20 ខែមករា 2011
Posted by ទឹម បឿន in ចំណេះដឹង, ទំនៀមទម្លាប់, អក្សរសាស្ត្រ.Tags: ឆ្នាំ, ស័ក
15 comments
ស័ក គឺការរាប់ឆ្នាំចាប់ពីស័កទី ១ ដល់ស័កទី ១០ ដែលខ្មែរយើងប្រើសម្រាប់រាប់ស័ករបស់ឆ្នាំ ដូចជា ឆ្នាំជូត សំរិទ្ធិស័ក ជាដើម ។ ស័កនេះ បើរាប់ពីស័កទី ១ ទៅ គឺរាប់ថា ឯកស័ក, ទោស័ក, ត្រីស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក ។
ឆ្នាំ ខាលនេះ ស្ថិតក្នុងស័កទី ២ គឺ ទោស័ក បើឆ្នាំបន្ទាប់ទៀត គឺរាប់ថា ឆ្នាំថោះ ត្រីស័ក ហើយរាប់រៀងរហូតដល់ សំរឹទ្ធិស័ក គឺក្នុងឆ្នាំច ព.ស. ២៥៦២ និង គ.ស. ២០១៩-២០២០ ។ ឆ្នាំបន្ទាប់ពីនោះមក ចូលដល់ឆ្នាំកុរ គេចាប់រាប់ពីស័កទី ១ មកវិញ គឺឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ។
អត្ថបទខ្លីនេះ សង្ឃឹមថា លោកអ្នកនឹងបានស្គាល់អំពីការរាប់ស័កឆ្នាំរបស់ខ្មែរ ។ សូមមើលពាក្យនេះបន្ថែមនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ។
———-
ថ្ងៃទី ១ រោច ខែ បុស្ស ព.ស. ២៥៥៤ ឆ្នាំ ខាលទោស័ក







