អប្សរា និង​ ប្រវត្តិ​របាំ​អប្សរា

Standard

ពាក្យ អប្សរ​​​ ដែល​ពាក្យ​សំស្រ្កឹត ថា អប្សរស៑ ឬ អប្សរា បាលី​ គឺ អច្ឆរា ជា​ស្រី​មានសម្បុរ​ថ្លា​ស្រស់, ផូរផង់​ឬ​ស្រី​មាន​មុខ​ថ្លា​ស្រស់​បំព្រង ។ តាម​សេចក្ដី​តំណាល​ក្នុង​គម្ពី​ព្រាហ្មណ៍​ថា ស្រ្តី​សួគ៌​ពួក​មួយ​ដែល​ផុស​ឡើង​ពី​ទឹក ក្នុង​កាល​ដែល​កូរ​យក​ទឹក​អម្ឫត នៅ​សមុទ្រ​ទឹក​ដោះ ។ បាន​សេចក្ដី​ថា ក្នុង​ចលនា​កូរ​មាន​លេច​ចេញ​​ពី​ផ្ទៃ​សមុទ្រ​នូវ​​សត្វ​ចម្លែក​អស្ចារ្យ​ជា​ច្រើន​ជា​បន្ត​បន្ទាប់ ដែល​ក្នុង​ខណៈ​នោះ​ក៏​មាន​ចេញ​នូវ​តួ​នាង​ទេព​អប្សរ​ជា​ច្រើន ពត់​ពេន​ខ្លួន​រាំ​នៅ​លើ​អាកាស ។ ប៉ុន្តែ​តាម​ការពិត​មិន​មែន​ដូច​ច្នោះ​ទេ, ដែល​ហៅ ថា​ អប្សរ ឬ អប្សរា នោះ​ដោយ​សេចក្ដី​ថា ស្រី​សួគ៌​មាន​សម្បុរ​ភ្លឺ​ថ្លាផូរផង់​ឬ​ស្រី​សួគ៌​ឆើត​ឆោម

ក្នុង​ការ​ប្រើ​ប្រាស់​ពាក្យ​នេះ ខ្មែរ​ប្រើ​ក្លាយ​ជា អក្សរ ក៏​មាន ដូច​ជា​ពាក្យ ស្រី​អក្សរ, ស្រី​ទេព​អក្សរ​បវរ​កញ្ញា ជា​ដើម ។ យើង​គួរ​តែ​កុំ​ប្រើ​ ហើយ​ត្រូវ​ប្រើ អប្សរ ឬ អប្សរា, អច្ឆរា វិញ ។

រូប​នាង​ត្រូវ​បាន​បុព្វ​បុរស​ខ្មែរ​ឆ្លាក់​លើ​សិលា​នៃ​ប្រាសាទ​ជា​ច្រើន ពិសេស​ប្រាសាទ​អង្គរ​វត្ត ដែល​មាន​រូប​នាង​រាបពាន់​ក្នុង​សណ្ឋាន​ខុស​ប្លែក​ពី​គ្នា ។ នាង​អប្សរា​ក៏​រាំ​នូវ​របាំ​ផ្សេង​ៗ​ដែរ ដូច​ជា របាំ​ទេព​មនោ​រម្យ និង របាំ​មុនី​មេខលា​ជា​ដើម ។

របាំ​អប្សរា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ សម្ដេច​ព្រះរាជ​កនិដ្ឋា​ នរោត្ដម រស្មី​សោភ័ណ ជា​ព្រះ​អនុជ​នៃ​ព្រះ​ករុណា​ព្រះ​បាទ​នរោត្ដម សុរាម្រឹត ។ ព្រះ​នាយិការ​​មាន​គំនិត​បង្កើត​របាំ​នេះ​ឡើង គឺ​ដើម្បី​ចូល​រួម​​សម្ដែង​ក្នុង​កម្ម​វិធី​ប្រគល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ពូកែ ដែល​តែង​តែប្រព្រឹត្ត​ទៅ​នៅ​រាល់​​ដំណាច់​ឆ្នាំ​សិក្សា​ម្ដង​ៗ ។ ព្រះ​អង្គ​បាន​បង្ហាត់​របាំ​នេះ​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៥៨ ដែល​រាំ​ជា​តួ​ឯក​ដោយ ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម វិជ្ជរា ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា​ព្រះ​បាទ​នរោត្ដម សុរាម្រឹត ។ ឆ្នាំ​បន្ទាប់​រាំ​ដោយ ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម សុជាតិ​វត្តីយា ជា​ព្រះរាជបុត្រី​នៃ​ព្រះករុណា​ព្រះ​បាទ នរោត្ដម សីហនុ ដែល​បង្ហាត់​ដោយ​អ្នកគ្រូ ជា សមី ។

ការ​រាំ​នៅ​សម័យ​នោះ​មាន​លំនាំ​ប្រហាក់​ប្រហែល​របាំ ភួង​នារី ដោយ​ ម៉ម ឆាវរី បាន​ដក​ពាក្យ​ខ្លះ​នៅ​ក្នុង​រឿង អ៊ីណាវ បុស្បា ដោយ​អន្លើ សាកា និង រ៉ាត ។ ការ​ដាក់​ក្បាច់​ និង ការ​រើស​ភ្លេង​មក​បំពេញ អ្នក​គ្រូ​ ជា​ សាមី​ ជា​អ្នក​រៀប​ចំ ។ ច្រៀង​កំដរ​ដោយ អ្នក​គ្រូ ជា ខាន់ និង អ្នក​គ្រូ ឯម ធាយ ដែល​យក​តាម​លំនាំ​បទ ដើមឈឹង

របាំ​អប្សរា​បាន​ឈាន​ទៅ​ដល់​ចំណុច​កំពូល ល្អ​ឥត​ខ្ចោះ និង​បាន​ចេញ​រាំ​ជា​ដំបូង​នៅ​ខេត្ត​សៀម​រាប (អង្គរ) ដើម្បី​ថត​ជា​ខ្សែ​ភាពយន្ត​​ដោយ​លោក ម៉ាកសែល កាមីស៍ ក្នុង​កំឡុង​ឆ្នាំ ១៩៦១ ១៩៦២ ។នៅ​ឆ្នាំ ១៩៦៣ ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​បារាំង ។ នៅ​ឆ្នាំ១៩៦៤ ចេញ​ទៅ​សម្ដែង​នៅ សិង្ហបុរី ក្នុង​ពិធី​សម្ពោធ​មហោស្រប​សិល្បះ ទូទាំង​សាកល ដែល​បាន​ទទួល​ជោគជ័យ និង​មាន​ការ​គាំទ្រ​ និង កោត​សរសើរ​ពី​សំណាក់​ទស្សនិក​ជន​យ៉ាង​ខ្លាំង ។ តួឯក​រាំ​ដោយ ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម បុប្ផាទេវី ដែល​ព្រះ​អង្គ​ជា​តួ​ឯក​ដំបូង​គេ​បង្អស់នៃ​របាំ ។ តួ​សម្ដែង​ជា​បន្ត​បន្ទាប់​មាន​ដូច​ជា

  • អ្នក​ស្រី សេង ស្រីមុំ
  • អ្នក​ស្រី វ័ន សាវៃ
  • អ្នក​ស្រី ឌុក ថាច
  • អ្នក​ស្រី វ័ន សាវង្ស
  • អ្នក​ស្រី យឹម ទេវី
  • អ្នក​ស្រី ម៉ម កណិការ
  • អ្នក​ស្រី អ៊ុក ផល្លា
  • កញ្ញា សុខ សុខឿន ៕

ឯកសារ​យោងៈ ​សៀវភៅ របាំ​អប្សរា របស់​អ្នក​គ្រូ កែវ ណារុំ និង អ្នក​គ្រូ ព្រំ ស៊ី​សា​ផាន្ឋា និង​វចនា​នុក្រម​សម្ដេច​សង្ឃរាជ ជួន​ណាត ។