jump to navigation

ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​ ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែ​ឧសភា 2012

Posted by ទឹម បឿន in អក្សរសាស្ត្រ.
8 comments

ពាក្យទោលជាស្រៈ ដែលឥតតួ ប្រកបហៅថា ពាក្យកំព្រា ដូចជា ក(កមនុស្សសត្វ), ង(ងស្ទើត), ល(លមើល), ស(សម្បុរស) ជាដើមនេះ អ្នកប្រាជ្ញជំនាន់មុនបានបង្កើតសញ្ញាថ្មីមួយហៅថា អឌ្ឍចន្ទ មានសណ្ឋានស្រដៀងចំណិតដូង ប៉ុន្តែផ្កាប់ () ប្រើដាក់ពីលើ ដូចជា ឈឺក៝, លើកដាក់លើក៝, ទូកង៝, ថាល៝មើល, រលឹបរល៝, កុកស៝ក៝, ដីស៝ កុំឲ្យច្រឡំក្នុងការអាន ប៉ុន្តែមិនបានជោគជ័យសញ្ញា អឌ្ឍចន្ទ នេះបាត់រូបទៅវិញ ។ បច្ចុប្បន្ន ស្មេរខាងកាសែត ទស្សនាវដ្ដី ឬខាងនិពន្ធផ្សេងៗមានការលំបាកក្នុងការសរសេរពាក្យកំព្រានេះក្នុងអត្ថបទរបស់ខ្លួន ព្រោះខ្លាចអ្នកអានច្រឡំ ស្មេរខ្លះបន្ថែមសញ្ញា (-) នៅខាងដើមពាក្យកំព្រានោះ ដើម្បីញែកពាក្យ ដូចជា បុរសម្នាក់ចង-ក សម្លាប់ខ្លួន ខ្លះសរសេរដកឃ្លា ប្រណាំងទូក ង នៅ… អ្នកខ្លះដែលមិនក្រវល់ក្រវាយច្រើន ក៏សរសេរជាប់គ្នាតាមធម្មតា ដូចជា គោសម្ដេចថាខ្មៅ ។ របៀបសរសេរដែលមិនទាន់ស្របគ្នាទាំងនេះ នៅបង្កការលំបាកចំពោះស្មេរ និង អ្នកអានខ្លះដែរ ។

ក្នុង និទានកថា របស់វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បញ្ជាក់ថា សញ្ញា អឌ្ឍចន្ទ ត្រូវបានលើកទុក ព្រោះវិនាសបាត់រូប បាត់ឈ្មោះ បើបង្កើតឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។

តាមពិតសញ្ញានេះ នៅមិនទាន់វិនាសបាត់សូន្យនៅឡើយទេ ដ្បិតសញ្ញានេះនៅមានលើក្ដារចុចរបស់យូនីកូដខ្មែរនៅឡើយ ។ ជាគំនិតរបស់ខ្ញុំ ប្រសិនបើយើងនាំគ្នាត្រឡប់មកប្រើសញ្ញា អឌ្ឍចន្ទ ឡើងវិញ ដោយពុំចាំបាច់ពិបាកក្នុងការបង្កើតសញ្ញាថ្មី វាជាការងាយស្រួល ព្រោះថាបើរង់ចាំទម្រាំអ្នកប្រាជ្ញណាមួយមានគំនិតក្នុងការបង្កើតថ្មីនោះ ក៏នឹងអាចរង់ចាំដល់រយៈពេលយូរ រាប់ជាច្រើនឆ្នាំតទៅមុខទៀតក៏មិនដឹង ។

ដើម្បីប្រើសញ្ញា អឌ្ឍចន្ទ ចុច Ctrl + Alt + w ឬចុច Alt ខាងស្ដាំ + w

ទម្លាប់​ខុស​ឆ្គង​​របស់​ពុទ្ធសាសនិក​ក្នុង​ការបញ្ជូន​​កុសល​​​ចំពោះ​​ជីដូនជីតា ថ្ងៃ ចន្ទ ទី 5 ខែធ្នូ 2011

Posted by ទឹម បឿន in ជំនឿ សាសនា, ពុទ្ធសាសនា.
13 comments

ពុទ្ធសាសនិក​ខ្មែរ​យើង​មាន​ទម្លាប់​មួយ​ខុស​ឆ្គង​យក​តែ​មែនទែន ហើយ​មិន​បាន​ដឹង​ថា​ខ្លួន​ធ្វើ​ខុស​​ទាល់តែ​​សោះ ។ ហេតុ​នេះ ខ្ញុំ​នឹង​លើក​យក​បញ្ហា​នេះ​មក​បង្ហាញ​ដើម្បី​​ឲ្យ​កាន់​តែ​យល់​ច្បាស់​អំពី​ព្រះពុទ្ធសាសនា​របស់​ខ្លួន ។

ដែល​ខ្ញុំ​ថា​ជា​ទង្វើ​ខុស​​នោះ​​គឺ​ខុស​ក្នុង​ពេល​យក​គ្រឿង​បង្សុកូល​ទៅ​វត្ត ពុទ្ធបរិស័ទ​តែង​ឲ្យ​លោក​អាចារ្យ​វេរ​​ដើម្បី​បញ្ជូន​គ្រឿង​បង្សុកូល​ទៅ​ដូនតា​ញាតិ​មិត្ត​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក ។ មួយ​ទៀត​លោក​តែង​ប្រគេន​ចង្ហាន់​​ដល់​​ព្រះសង្ឃ​ ពេល​ព្រះអង្គ​សូធ្យ​ កុសលា​ធម្មា អកុសលា​ធម្មា… ដោយ​​មាន​ច្រូច​ទឹក​ផង ។ ទម្លាប់​នេះ​មិន​ថា​តែ​ពុទ្ធបរិស័ទ​ទេ​ដែល​ធ្វើ​ខុស លោក​អាចារ្យ​ក៏​ធ្វើ​ខុស​ដូចគ្នា​ដែរ ដែល​ខុស​ភាគ​ច្រើន​នោះ គឺ​មក​អំពី​លោក​អាចារ្យ​ជា​អ្នក​ណែនាំ​នោះ​ឯង ។

តាម​ទម្លាប់ ពេល​ឮ​សំឡេង​ធម៌​ ​កុសលាធម្មា ចាស់ៗ​ឈូឆរ​នាំ​គ្នា​ប្រគេន​ចង្ហាន់​ ខ្លះ​ច្រូច​ទឹក​ អ្នក​ខ្លះ​មិន​បាន​ច្រូច​ដោយ​​ផ្ទាល់​ក៏​ត្រូវ​កាន់​ដៃ ឬ​ប៉ះ​ជើង​ត​គ្នា​ជាមួយ​​អ្នក​ដែល​បាន​កាន់​ទឹក​ច្រូច​នោះ សន្មត​​ថា​បាន​ច្រូច​ដែរ ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​ការ​ត្រឹមត្រូវ​ទេ ដោយ​ត្រឹមត្រូវ​គឺ​គួរតែ​ត្រងត្រាប់​ស្ដាប់​ព្រះធម៌​​ដោយ​យក​ចិត្ត​ទុកដាក់ និង​ប្រកប​ដោយ​សទ្ធា​យ៉ាង​មុតមាំ​ចំពោះ​ព្រះធម៌​នោះ ។ ការ​ប្រគេន​ចង្ហាន់​ក្នុង​ពេល​ព្រះសង្ឃ​កំពុង​សូធ្យ ​ធ្វើ​ឲ្យ​គ្រប់​គ្នា​លែង​បាន​ស្ដាប់​ព្រះធម៌ ព្រះសង្ឃ​សូធ្យ​​តែ​ព្រះអង្គ​ឯង មិន​មាន​អ្នក​ស្ដាប់​ ហើយ​ព្រះសង្ឃ​​នោះ​ក៏​ត្រូវ​អាបត្តិ​ព្រោះ​សូធ្យ​ធម៌​អត់​អ្នក​ស្ដាប់​នោះ​ឯង ។

ដូច្នេះ​ការ​វេរ​ចង្ហាន់​តាម​អាចារ្យ ការ​ប្រគេន​ចង្ហាន់​ពេល​ព្រះសង្ឃ​កំពុង​សូធ្យ​នោះ​មិន​ត្រឹមត្រូវ ហើយ​មិន​បាន​​កុសល​​សោះ ។ ការធ្វើ​បុណ្យ​បាន​កុសល​​នោះ គឺ​ការ​ស្ដាប់​ធម៌​ដោយ​​សង្រួម,​ ដោយ​យក​ចិត្ត​ទុកដាក់ មិន​រំខាន​ដល់​ការសូធ្យ​ធម៌​របស់​ព្រះសង្ឃ មិន​រំខាន​ដល់​អ្នក​​ដទៃ​ក្នុង​ពេល​ព្រះសង្ឃ​សម្ដែង​ធម៌​ ។ ព្រោះ​អ្វី ? ព្រោះ​​​អាហារ​ដែល​ប្រគេន​ដល់​ព្រះសង្ឃ​មិន​អាច​ឲ្យ​អាហារ​ទាំង​នោះ​បាន​​ទៅ​ដល់​ដូនតា​ដោយ​អាហារ​ទាំង​​ដុំៗ​នោះ ឬ​បរិភោគ​អាហារ​ទាំង​នោះ​បាន​ឡើយ ។ ​យើង​បញ្ជូន​បាន​ត្រឹមតែ​កុសល​​ដែល​យើង​បាន​ធ្វើ​​ដោយ​អាហារ​ចំពោះ​ព្រះសង្ឃ និង​កុសល​ដែល​យើង​បាន​ត្រងត្រាប់​ស្ដាប់​នូវ​ព្រះធម៌​ប៉ុណ្ណោះ ។

ចុះ​អ្វី​ជា​​ប្រតិបត្តិ​​ត្រឹមត្រូវ ? គឺ​យើង​គួរ​ស្ដាប់​ធម៌​ដោយ​យក​ចិត្ត​ទុកដាក់​ ស្ដាប់​ចប់​សឹម​ក្រោក​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ ប្រគេន​រួច​ចាប់ផ្ដើម​ឧទ្ទិស​បុណ្យ​កុសល​​ដែល​យើង​បាន​ធ្វើ​​ដល់​ញាតិមិត្ត​ ដូនតា ទេព្ដា ​​ប្រេត អសុរកាយ​ និង​សត្វតិរច្ឆាន​ទាំងឡាយ, អ្នក​ទាំងឡាយ​នោះ​អនុមោទនា​យក​បុណ្យ​កុសល​ដែល​យើង​បាន​ធ្វើ​ដោយ​ពាក្យ​ថា​សាធុ​នោះ​​ហើយ ក៏​បាន​ទទួល​នូវ​ចំណែក​បុណ្យ​​ដែល​យើង​បាន​ធ្វើ​ទាំង​នោះ បុណ្យ​ទាំង​នោះ​ក៏​មិន​បាត់​បង់​អំពី​ខ្លួន​របស់​យើង​ ប៉ុន្តែ​ក៏​បាន​បុណ្យ​កុសល​ថែម​ទៀត​ព្រោះ​តែ​ចំណែក​បុណ្យ​ដែល​យើង​​បាន​ចែក​ឲ្យ​អ្នក​ទាំង​នោះ, នេះ​ទើប​ជា​ហេតុផល​ក្នុង​ព្រះពុទ្ធសាសនា ។

ហេតុនេះ​ហើយ យើង​ជា​ពុទ្ធសាសនិក ជា​អ្នក​ដែល​ជឿជាក់​លើ​ព្រះពុទ្ធសាសនា គួរ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គន្លង​ព្រះពុទ្ធសាសនា, គួរ​ស្គាល់​ព្រះពុទ្ធសាសនា​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ កុំ​ឡូកឡំ​ជាមួយ​សាសនា​ដទៃ​​ដែល​មិន​សម​​ហេតុផល នេះ​ទើប​ហៅ​ថា​ជា​ពុទ្ធសាសនិក​ពិត​ប្រាកដ ។

ខ្ញុំ​បាន​សូម​លើក​យក​ហេតុផល​ខ្លីៗ​ត្រឹម​ប៉ុណ្ណេះ បើ​ការយល់​របស់​ខ្ញុំ​នៅ​មាន​ការខ្វះខាត សូម​លោកអ្នក​ដែល​មាន​ប្រាជ្ញា​ជួយ​កែតម្រូវ​​និង​បំពេញ​ដើម្បី​ជា​ការរួម​ចំណែក​លើក​កម្ពស់​ដល់​ព្រះពុទ្ធ​សាសនា​ដ៏​ល្អ​ផូរផង់​​​​នេះ ឲ្យ​បាន​គងវង់​យូរ​អង្វែង​តទៅ​អើយ ។

និយាយ​អំពី​រឿង “ចង្កៀង​និទាន​រឿង​ខ្មោច”… ថ្ងៃ អង្គារ ទី 29 ខែវិច្ឆិកា 2011

Posted by ទឹម បឿន in សៀវភៅ.
14 comments

ប្រលោមលោក​រឿង “ចង្កៀង​និទាន​រឿង​ខ្មោច” ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់ សុខ ចាន់ផល មាន​អ្នក​ខ្លះ​​ដំណាល​​ថា​ជា​រឿង​ខ្មោច ប៉ុន្តែ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច ជា​រឿង​បែប​កំប្លែង ចំណែក​ខ្ញុំ​យល់​ថា​​ជា​រឿង​របស់​មនុស្ស រឿង​រាប់​អំពី​តថភាព​របស់​មនុស្ស គ្រាន់តែ​យក​រឿង​ខ្មោច​មក​ប្រៀបធៀប ។ ប្រភេទ​រឿង​ប្រៀបធៀប​បែប​នេះ​ខ្ញុំ​ចូលចិត្ត​អាន​ជាង​គេ ព្រោះ​អាច​ឲ្យ​យើង​ដែល​ជា​អ្នក​អាន​បាន​ចូលរួម​គិត​ពិចារណា​​​ជាមួយ​នឹង​អ្នក​​​និពន្ធ និង​មាន​សេរីភាព​ក្នុង​ការប្រៀបធៀប ។ តើ​សាច់រឿង​នោះ​​ប្រៀបធៀប​ដូចម្ដេច ? សូម​អាន​សាច់រឿង​សង្ខេប​ខាង​ក្រោម ។

ដំណើរការ​ចាប់​ផ្ដើម ​និយាយ​អំពី​​ការប្រឡង​និទាន​រឿង​ខ្មោច ដែល​មាន​ទីតាំង​នៅ​គុក​ទួល​ស្លែង ។ មាន​តួអង្គ​ពីរ​នាក់​បាន​ចុះ​ឈ្មោះ​ចូលរួម,  គណៈមេប្រយោគ​ម្នាក់​ក្នុង​ចំណោម​នោះ តម្រូវ​ឲ្យ​អ្នក​ស្ដាប់​ទាំងអស់​ជួយ​ផ្ដល់​ពិន្ទុ ព្រោះ​បេក្ខជន​ម្នាក់​ត្រូវ​ជា​កូន​គណៈកម្មាធិការ បើ​ឲ្យ​មេប្រយោគ​ដាក់​ពិន្ទុ ក្រែង​ថា​មិន​សុក្រឹត ។

បេក្ខជន​ទី​មួយ ដែល​ត្រូវ​ជា​កូន​របស់​គណៈកម្មាធិការ​ឡើង​និទាន​រឿង​របស់​គេ​មុន រឿង​នោះ​និយាយ​អំពី​ទេសចរណ៍​ឋាន​នរក គឺ​ជា​ទេសចរណ៍​ក្នុង​ការយល់សប្ដិ​របស់​គេ ហើយ​ក៏​បញ្ចប់​រឿង​នោះ​ដោយ​គ្មាន​ន័យ ធ្វើ​ឲ្យ​អ្នកស្ដាប់​ខក​ចិត្ត​នឹង​បេក្ខជន​នោះ​យ៉ាង​ខ្លាំង ។

បេក្ខជន​ទី​ពីរ​ឡើង​និយាយ​រឿង ខ្មោច​នាង​ណាត ។ រឿង​នេះ​និយាយ​អំពី​នាង​ណាត​ស្លាប់ និង​ការខ្លាច​ខ្មោច​នាង​ណាត​របស់​បុរស​ម្នាក់​តែ​ប៉ុណ្ណឹង សាច់​រឿង​បន្ត​និយាយ​តែ​អំពី​កូន​របស់​ខ្មោច​នាង​ណា​ប្រកប​ជីវិត​ជា​ធម្មតា ។ បេក្ខជន​នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដូច​គ្នា ព្រោះ​ពួក​គេ​ខំ​ចំណាយ​លុយ​អស់ ២០០០៛ ដើម្បី​ទិញ​សំបុត្រ​ចូល​​ស្ដាប់​រឿង​ខ្មោច តែ​អ្នក​ឡើង​និទាន​នេះ មិន​និទាន​​អំពី​រឿង​ខ្មោច​ឲ្យ​ព្រឺព្រួច​ភ័យ​ខ្លាច​សោះ ។

បេក្ខជន​​​ចុះ​​ឈ្មោះ​ពីរ​នាក់​នេះ​និទាន​ចប់ ​គណៈកម្មាធិការ​ឡើង​ប្រកាស​ក្រែង​មាន​បេក្ខជន​ដទៃ​ទៀត​ចង់​ឡើង​ប្រកួត​ដែរ ។ ពេល​នោះ​គណៈកម្មាធិការ​ស្រី​បាន​ឡើង​​អំពាវនាវ​​លើក​ទឹកចិត្ត​ដល់​ខាង​ស្ត្រីៗ​​បាន​ឡើង​និទាន ព្រោះ​ថា​មាន​តែ​បេក្ខជន​ប្រុសៗ ​និទាន​រឿង​ខ្មោច​មិន​ចំ​រឿង​ខ្មោច ឲ្យ​ខាង​ស្រី​នោះ​ក្លាហាន​ឡើង​និទាន​ម្ដង​មើល៍ ។ គណៈកម្មាធិការ​នោះ​ជក់​និយាយ​រហូត​អ្នក​ស្ដាប់​ធុញ​គ្រប់​គ្នា ក្រោយ​ពី​និយាយ​ចប់ ស្រាប់តែ​មាន​នារី​ម្នាក់​​មិន​ដឹង​មក​ពី​ណា​ឡើង​មក​លើ​វេទិកា ក្នុង​សំលៀកបំពាក់​ពណ៌​ខ្មៅ សក់​កាត់​ស្មើ​កញ្ចឹង​ក ។ គ្រាន់តែ​ឃើញ​ភ្លាម​អ្នក​ស្ដាប់ ទាំង​គណៈកម្មាធិការ​ព្រឺ​រោម​គ្រប់​គ្នា និង​សរសើរ​ថា​នេះ​បាន​ចំ​ជា​អ្នក​និទាន​រឿង​ខ្មោច​មែន ។ នារី​នោះ​ឈ្មោះ ភីន (ខ្ញុំ​សង្ស័យ​ថា​អ្នក​និពន្ធ​យក​ឈ្មោះ​ប្រពន្ធ​ខ្ញុំ) ។

នាង​បាន​និទាន​រឿងរ៉ាវ​របស់​នាង​លំបាក​វេទនា​នៅ​សម័យ​ខ្មែរ​ក្រហម ។ ការនិយាយ​ហ្នឹង​រៀបរាប់​តែ​អំពី​រឿង​ខ្លួនឯង​យ៉ាង​នេះ​យ៉ាង​នោះ មិន​ឃើញ​មាន​រឿង​ខ្មោច​​លង​នៅ​ក្នុង​សាច់រឿង​សោះ រហូត​អ្នក​ស្ដាប់​គ្រប់គ្នា​ទ្រាំ​លែង​បាន ក៏​ស្រែក​កាត់​ការនិទាន​របស់​នាង ។ នាង​ភីន ប្រាប់​ថា នាង​ឡើង​មក​និទាន​រឿង​ខ្មោច ដែល​និទាន​រឿង​របស់​នាង​លំបាក​យ៉ាង​ណា​ខ្លះ​កាល​ជំនាន់​ខ្មែរ​ក្រហម​នោះ ព្រោះ​នាង​ជា​ខ្មោច​ដែល​ដែល​ស្លាប់​ក្នុង​ជំនាន់​នោះ ហ្នឹង​ឯង ។ គ្រាន់តែ​ឮ​ថា​ជា​ខ្មោច​ពិត​ដូច្នេះ អ្នក​ស្ដាប់​ក៏​ភ័យ​រត់​ចែក​ជើង​គ្នា ទាំង​បេក្ខជន​ពីរ​រូប​នោះ​ផង នៅ​សល់​តែ​គណៈកម្មាធិការ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ គឺ​តា​ចក់​ដែល​ជា​ឪពុក​របស់​បេក្ខជន​​ប្រុស​ម្នាក់​នោះ​ដែល​នៅ​ចាំ​ហុច​រង្វាន់​ដល់​នាង​ភីន ដែល​ទទួល​បាន​ជយលាភី រួច​ហើយ​ក៏​សន្លប់​នៅ​នឹង​កន្លែង​នោះ​អស់​ទៅ ។

ឃើញ​សាច់រឿង​ប៉ុណ្ណេះ លោក​អ្នក​អាន​អាច​កាត់យល់​បាន​ហើយ​ថា​រឿង​នេះ​​ជា​រឿង​ដែល​អ្នក​និពន្ធ​ចង់​និយាយ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​នោះ​ឯង ។

ក្នុង​សៀវភៅ​រឿង “ចង្កៀង​និទាន​រឿង​ខ្មោច​” នោះ មាន​រឿង​ខ្លី​ផ្សេងៗ​ជា​ច្រើន​ទៀត, ក្នុង​នោះ រឿង “ឋានសួគ៌​លោកិយ” ក៏​ជា​រឿង​ល្អ​​ ដែល​បង្ហាញ​អំពី​សច្ចភាព និង​សេចក្ដី​សុខ​របស់​មនុស្សលោក​ពេល​គោរព​ប្រតិបត្តិ​តាម​​ព្រះពុទ្ធសាសនា ។

ពុទ្ធសាសនិក​គួរ​ឈប់​អុជ​ធូប ថ្ងៃ សុក្រ ទី 18 ខែវិច្ឆិកា 2011

Posted by ទឹម បឿន in ជំនឿ សាសនា, ពុទ្ធសាសនា, សាសនា.
60 comments

ជាទូទៅ នៅ​តាម​ផ្ទះ​របស់​ពុទ្ធសាសនិក, នៅ​តាម​ទី​វត្តអារាម ឬ​កន្លែង​សក្ការ​​ផ្សេងៗ គេ​តែងតែ​​ធ្វើ​ការអុជ​​ធូប​សំបូងសង្រូង​សុំ​សេចក្ដី​សុខ, សុំ​ឲ្យ​រកស៊ី​មាន​បាន ឬ​សុំ​ឲ្យ​សម្រេច​កិច្ចការ​ដែល​គេ​ប៉ង​ប្រាថ្នា​អំពី​​​ព្រះ ឬ​ទេព្ដា ឬ​អ្នក​តា ជាដើម ។ បើ​តាម​ពិត​ ការ​អុជ​ធូប​សំបូងសង្រូង​នេះ មិន​មែន​ជា​ការបដិបត្តិ​ត្រឹមត្រូវ​ជា​ពុទ្ធសាសនិក​នោះ​ទេ ។ ព្រះពុទ្ធ​មិន​បាន​បង្គាប់​ឲ្យ​ពុទ្ធសាសនិក​អុជ​ធូប និង​សំបូងសង្រូង​សុំ​ពរ​ពី​ព្រះ ឬ​ទេព្ដា​ណា​ក្រៅ​អំពី​ខ្លួនឯង​ជួយ​ខ្លួន​ឯង​ឡើយ ពីព្រោះ​​ព្រះពុទ្ធ​បាន​រក​ឃើញ​ថា មនុស្ស​យើង​​មិន​មែន​ព្រះ​ឯ​ណា​ជា​អ្នក​បង្កើត​ទេ គឺ​ជា​ធម្មជាតិ និង​កម្ម​របស់​ខ្លួន​ដែល​នាំ​ឲ្យ​កើត, គ្មាន​ទេព្ដា ឬ​ព្រះ​ឯណា​កំណត់​វាសនា​ក្រៅ​អំពី​ខ្លួន និង​កម្ម​របស់​ខ្លួន ហើយ​ក៏​គ្មាន​នរណា​មក​ជួយ​យើង​ក្រៅ​អំពី​ខ្លួន​ឯង​ជួយ​ខ្លួន​​ឯង ។ ដូច្នេះ​ការសំបូងសង្រូង​សុំ​ឲ្យ​ព្រះ​ជួយ​យ៉ាង​ណា​ក៏​ជា​ការ​ឥត​ប្រយោជន៍ ។

ទំនៀម​អុជធូប​សំបូងសង្រូង​នេះ ជា​ការបដិបត្តិ​តាម​​ព្រហ្មញ្ញសាសនា ដែល​ពី​ដំបូង​គេ​ប្រើ​ភ្លើង​ដើម្បី​បូជា​ដល់​​ព្រះ គឺ​បញ្ជូន​គ្រឿង​បូជា​របស់​ពួក​គេ​ទៅ​តាម​ផ្សែង​ភ្លើង ព្រោះ​មាន​តែ​ផ្សែង​ភ្លើង​នេះ​ទេ​ដែល​អាច​​ហោះ​​ហើរ​ទៅ​ដល់​ឋាន​សួគ៌ លុះ​ក្រោយៗ​មក​គេ​​ប្រើ​ត្រឹម​​​ផ្សែង​ធូប​ជា​តំណាង​វិញ​ ។ លុះ​យើង​ត្រឡប់​មក​កាន់​យក​ព្រះពុទ្ធសាសនា​ហើយ ក៏​នៅ​ជាប់​ទំនៀមទម្លាប់​នេះ​រហូត​ដល់​សព្វថ្ងៃ ។

ការអុជធូប​នេះ មិន​មែន​ជា​​ការខុស​ធ្ងន់​ទេ ប៉ុន្តែ​វា​ជា​ការអត់​ប្រយោជន៍​ដែល​យើង​ត្រូវ​ចំណាយ​ថវិកា​ទិញ​ធូប ហើយ​​​អុជ​បង្ហុយ​ផ្សែង​ពេញ​ផ្ទះ ឬ​វត្ត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​ពេល​ខ្លះ​ក៏​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើង​​ដោយសារ​ភ្លើង​ធូប​ផង​ក៏​មាន ។ យើង​គួរ​គិត​ថា​​មនុស្ស​យើង​មិន​ចូលចិត្ត​ផ្សែង​ធូប​នេះ​ផង ចុះ​មាន​ព្រះ ឬ​ទេព្ដា​ឯណា​មក​ចូលចិត្ត​ផ្សែង​​ធូប​នេះ បើ​ព្រះពុទ្ធ​ក៏​ជា​មនុស្ស​ដូច​គ្នា​នឹង​យើង​ដែរ ។

ដូច្នេះ​យើង​ជា​ពុទ្ធសាសនិក​ដែល​មាន​បញ្ញា គួរ​សិក្សា​ពុទ្ធោវាទ​​ឲ្យ​បាន​ច្បាស់លាស់ និង​ប្រតិបត្តិ​តាម​ការប្រៀនប្រដៅ​​ឲ្យ​បាន​ទៀងទាត់​ត្រឹមត្រូវ ដោយ​ខំ​បដិបត្តិ​ចិត្ត​ឲ្យ​បរិសុទ្ធ​ជា​ជាង​ការ​លុត​ជង្គង់​បន់ស្រន់​សុំ​ឲ្យ​គេ​ជួយ ។ ​ការបដិបត្តិ​ផ្លូវ​ចិត្ត​ទើប​ជា​ការបដិបត្តិ​តាម​ពុទ្ធោវាទ ។ ចំពោះ​ការបូជា​​​​ព្រះ យើង​អាច​បូជា​ដោយ​​​ផ្កា ឬ​អុជ​ទៀន​បំភ្លឺ​ជា​ដើម ពុំ​ចាំបាច់​ប្រើ​ធូប​ក៏​បាន​ដែរ ។

យើង​អាន​ពាក្យ សេចក្ដី ពុំ​ត្រឹមត្រូវ ថ្ងៃ អង្គារ ទី 15 ខែវិច្ឆិកា 2011

Posted by ទឹម បឿន in អក្សរសាស្ត្រ.
4 comments

ពាក្យ សេចក្ដី ដែល​មានន័យ ដំណើរ; ហេតុ, ការណ៍; គតិ; លំអាន; ផ្ទៃ​រឿង; គ្វាម​; ដំណើរ​ពាក្យ ដូច្នេះ យើង​​ទម្លាប់​​តែ​អាន​ថា សិច-ក្ដី ជា​យូរ​មក​ហើយ ប៉ុន្តែ​បើ​​តាម​ខ្ញុំ​យល់ គឺ​ត្រូវ​អាន​ថា សាច់-ក្ដី ដូច្នេះ​វិញ ទើប​ត្រឹមត្រូវ ? សំឡេង​អាន​ សាច់-ក្ដី នេះ ខ្ញុំ​ច្រើន​បាន​ឮ​ក្នុង​ចម្រៀង​របស់​លោកតា ស៊ិន ស៊ីសាមុត ប្រហែល​ក្នុង​សម័យ​នោះ គេ​នៅ​អាន ឬ និយាយ​ថា សាច់-ក្ដី នៅ​ឡើយ ក្រោយ​មក ការប្រកប ស-េ-ច នេះ​ក៏​លែង​ចេញ​សំឡេង សាច់ ប៉ុន្តែ​ចេញ​សំឡេង សិច វិញ ? ក្នុង ​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ក៏​​បាន​បញ្ជាក់​អំពី​សំឡេង​​អាន​​នេះ​ផង​ដែរ ដែល​បង្គាប់​ឲ្យ​អាន​ថា សាច់-ក្ដី ​ ដូច​គ្នា ។ ដូច្នេះ ខ្ញុំ​ជឿ​ថា ពាក្យ សេចក្ដី នេះ យើង​ត្រូវ​អាន​ថា សាច់-ក្ដី ទើប​ត្រឹមត្រូវ​ ។

តាមដាន

Get every new post delivered to your Inbox.

Join 227 other followers

%d bloggers like this: