កំណាព្យ៖ ទិវាសិទ្ធិស្រី ៨ មីនា ថ្ងៃពុធ ទី 9 ខែមីនា 2011
Posted by ទឹម បឿន in កំណាព្យ, ទឹម បឿន.5 comments
ប្រាំបីមីនា គឺជាទិវា របស់ស្ត្រី
ទទួលបានសិទ្ធិ សមភាពសេរី តួនាទីស្រី
រួមអភិវឌ្ឍ ។
គឺជាទីវា រំឭកដល់គ្រា ប្រជាពលរដ្ឋ
កើតកលវឹកវរ ឧស្សាហស្រុត អំពើអយុទ្ធ
កើតលើស្ត្រី ។
កើតការរើសអើង មិនលើកតម្កើង បិទសិទ្ធិសេរី
ប្រុសគាបសង្កត់ ធ្វើបាបស្ត្រី មិនឲ្យសូម្បី
សិទ្ធិជ្រើសតំណាង ។
គាបសង្កត់ពេក ស្ត្រីអាមេរិក តស៊ូប្រឆាំង
បានសិទ្ធិបោះឆ្នោត ជ្រើសរើសតំណាង ទាមទារបានទាំង
ប្រាក់បៀវត្សរ៍ខ្ពស់ ។
នៅឆ្នាំប្រាំបី(១) អស់ទាំងស្ត្រី ដែលធ្លាប់រងគ្រោះ
ប្រារព្ធទិវា រំឭកខួបនោះ ថ្ងៃរួចរងគ្រោះ
ទីម្ភៃប្រាំបី ។
តែក្រោយប្រជុំ ប្រទេសច្រើនសុំ រើសយកថ្ងៃថ្មី
ឲ្យធ្វើរួមគ្នា ដប់ប្រាំបួននៃ ធ្វើក្នុងឆ្នាំថ្មី
នៃខែមីនា ។
ដល់ឆ្នាំដប់បី ទិវាស្ត្រី ផ្លាស់ប្ដូរវេលា
បានប្ដូរមកថ្ងៃ ប្រាំបីមីនា ថ្ងៃនោះជាប់ជា
រហូតសព្វថ្ងៃ ។
ក្រោយមកអង្កការ សហប្រជា(២) ព្រមស្គាល់សេរី
និងដាក់ថ្ងៃនោះ ជាទិវាស្រី គ្រប់ជាតិលកលៃ
ចាត់ថ្ងៃសម្រាក ។
នៅកម្ពុជា ស្ថាប័ននានា សស្រាំសស្រាក់
ចូលរួមអបអរ តាំងបដារស្លាក លើកសិទ្ធិស្រីដាក់
ស្មើនឹងបុរស ៕
ដោយ ទឹម បឿន
៨ មីនា ២០១១, ១១,៤៥ អាធ្រាត្រ
————-
(១) ១៩០៨
(២) អង្កការសហប្រជាជាតិ [១៩៧៥]
តម្រាចូលឆ្នាំថ្មី ថ្ងៃ សៅរ៍ ទី 10 ខែមេសា 2010
Posted by ទឹម បឿន in កំណាព្យ, ទឹម បឿន.19 comments

ព្រហាមថ្ងៃពុធ ទីដប់បួនគត់ ក្នុងខែមេសា
ត្រូវបានកំណត់ តាមក្បួនហោរា កំណត់ចារថា
ពេលចូលឆ្នាំថ្មី ។
ឆ្នាំខាលទោស័ក ព្រលឹមត្រជាក់ ចូលដល់សិរី
នៅម៉ោងប្រាំពីរ សាមប្រាំមួយនៃ ជាពេលសួស្ដី
ដល់រដ្ឋប្រជា ។
មានទេពធីតា រូបល្អថ្លៃថ្លា ព្រះនាមមណ្ឌា
គឺជាបុត្រី កបិលព្រហ្មា ចូលមករក្សា
គ្រប់គ្រងដែនដី ។
គ្រងដោយអម្ពរ គឺអនដោយពណ៌ បវរល្អក្រៃ
នៅឯព្រះកាណ៍ បុប្ផាពណ្ណរាយ ចម្ប៉ាសព្វសាយ
គន្ធាពិសិដ្ឋ ។
នៅព្រះហស្តឆ្វេង ឈើច្រត់នោះឯង សែនល្អវិចិត្រ
ខាងស្ដាំទ្រង់ម្ជុល ដ៏ល្អប្រណិត នៅកសម្អិត
ដោយកែវពិទូរ្យ ។
យកគទ្រភៈ ជាពាហនៈ គង់ឆ្លងជម្ពូ
សោយទឹកដោះស្រស់ តាមការគន់គូរ មានមកជាយូរ
តាំងពីបុរាណ ។
នាំទេពធីតា ដង្ហែសិរសា ហោះឆ្ពោះទៅកាន់
ធម្មមាលី ទីព្រៃស្មសាន ក្នុងខែត្រហិមពាន្ត
ភ្នំព្រះសុមេរុ៍ ។
ហែរប្រទក្សិណ បានមួយជុំសិន ទើបនាំដង្ហែ
វិលមកទីដើម តាមពាក្យផ្ដាំផ្ដែ មហាព្រហ្មី
កាលនៅជន្មា ។
ក្បួនស្រេចកាលណា ទើបអស់ទេវតា ចូលស្រង់គង្គា
ក្នុងមហាស្រះ ដ៏ធំមហិមា ស្រង់ស្រេចកាលណា
រក្សាសិលប្រាំ ។
តម្រាបុរាណ ចារតាមលំអាន នៃបុណ្យចូលឆ្នាំ
ឲ្យអស់ប្រជា គោរពប្រចាំ ត្រូវកត់ចំណាំ
តដល់កូនចៅ ៕
ដោយ ទឹម បឿន
១០ មេសា ២០១០
អម្ពរ (ន) សំពត់
អន (គុ) ស្រគំ (ពណ៌)
កាណ៌ (ន) ត្រចៀក
ពិទូរ្យ (ន) ពេជ្រភ្នែកឆ្មារ
គទ្រភៈ (ន) សត្វលា
សិទ្ធិស្រីមួយថ្ងៃ ថ្ងៃ សុក្រ ទី 6 ខែមីនា 2009
Posted by ទឹម បឿន in កម្សាន្ត, កំណាព្យ, ទឹម បឿន.15 comments
ស = ស្រី ឬប្រពន្ធ, ប = ប្រុស ឬប្ដី
ស. ណែៗលោកប្ដី ដឹងទេសិទ្ធិស្រី មាននៅថ្ងៃណា?
ប. បងថីមិនដឹង ប្រាំបីមិនា ស្រីពេញលោកា
បានសិទ្ធិស្មើប្រុស។
ស. អូហូ!លោកប្ដី ដឹងពីសិទ្ធិស្រី ចាំថ្ងៃគ្មានខុស
ឥឡូវស្រីៗ មានសិទ្ធិស្មើប្រុស ខាងបងប្រុសៗ
ត្រូវឲ្យតម្លៃ។
ប. បងដឹងហើយអូន ថ្ងៃសិទ្ធិមាសស្ងួន ត្រឹមតែមួយថ្ងៃ
រឿងអីថាបង មិនឲ្យតម្លៃ ត្រឹមតែមួយថ្ងៃ
បងសុំធានា។
ប. ផុតពីថ្ងៃហ្នឹង អូនឯងត្រូវប្រឹង ខំធ្វើការងារ
លាងចានបោកគក់ កុំខ្ជិលរួញរា ប្រាំបីមិនា
ចាំបងរ៉ាប់ចុះ។
ស. ថាម៉េចលោកប្ដី!! អូនប្រាប់ថាស្រី សិទ្ធិស្មើនឹងប្រុស
បងឯងនិយាយ ដូចយល់ន័យខុស សិទ្ធិស្រីស្មើប្រុស
មានតែមួយថ្ងៃ??
ប. បងយល់ខុសអ្ហី?? នៅថ្ងៃប្រាំបី បងឮគេផ្សាយ
ផ្សាយឡើងកោកៗ ថាស្រីទាំងឡាយ នាំគ្នាសប្បាយ
ព្រោះប្ដីជួយការ។
ស. លោកប្ដីសម្លាញ់ ធ្វើឲ្យអូនក្នាញ់ នឹងបងណាស់ណា
សិទ្ធិស្រីមានតែ មួយថ្ងៃឬចាស! បងចាំមើលណា
ចាំមើលចុះបង!!
កុំកាត់ឱ្យសូន្យ ថ្ងៃពុធ ទី 5 ខែមីនា 2008
Posted by ទឹម បឿន in កំណាព្យ, ទឹម បឿន.45 comments
ពាក្យដែលប្អូនធ្លាប់ស្ដីប្រាប់បង
ពាក្យធ្លាប់សាសងគ្រាដែលស្និទ្ធ
នៅតែដក់ជាប់ក្នុងដួងចិត្ត
ស្រមោលវរមិត្រតាមគ្មានឃ្លាត។
ប្អូនអើយបងសុំប្អូនសិនចុះ
ទម្រាំអាចដោះទុក្ខចង្អៀត
សង្ឃឹមថ្ងៃស្អែកថ្មីមួយទៀត
ស្រមោលចាកឃ្លាតទៅតាមប្អូន។
កុំបន្ទោសបងណាមាសម៉ុម
សូមកុំបង្ខំកាត់ឱ្យសូន្យ
បងនៅអាល័យភក្ត្រស្រពោន
មេត្តាផងប្អូនដល់ចិត្តបង។
(ទឹម បឿន, ភ្នំពេញ, ៥ មិនា ២០០៨)
បុណ្យសង្សារឆ្នាំមុន ថ្ងៃព្រហស្បតិ៍ ទី 14 ខែកុម្ភៈ 2008
Posted by ទឹម បឿន in កំណាព្យ, ទឹម បឿន.55 comments
ដប់បួនកុម្ភៈ គ្រប់គ្នាដឹងជាក់ ថ្ងៃបុណ្យសង្សារ
ឆ្នាំមុនស្មើនេះ ខ្ញុំនៅសាលា អង្គុយសិក្សា
ក្បែរអ្នកខ្ញុំស្នេហ៍។
គ្រូខំបង្រៀន ពន្យល់មេរៀន មកជាហូរហែ
អាសូរតែខ្ញុំ បានជិតស្រីស្នេហ៍ មិនបានខ្វល់ទេ
នឹងមេរៀនថ្មី។
ចេញពីរៀនភ្លាម រត់ស្ទើរជ្រុះឈាម សំដៅផ្សារថ្មី
ទិញផ្កាមួយទង យកទៅជូនស្រី ផ្កាស្រស់ស្លឹកខ្ចី
គួរគាប់ចិន្ដា។
ទិញផ្កាបានឆាប់ រត់យ៉ាងប្រញាប់ វិលទៅសាលា
ខ្លាចមិត្តភក្ដិឃើញ គេបង្អាប់ថា ទើបខ្ញុំយកផ្កា
លាក់ក្នុងហោប៉ៅ។
ទៅដល់មានអី រត់ហត់ចង់ក្ស័យ បែកញើសជោកអាវ
ត្រជាក់ដល់ខោ ទាំងក្នុងទាំងក្រៅ លូកស្ទាបហោប៉ៅ
ផ្កាបាក់ខ្ទេចអស់។
នឹកខឹងចង់យំ រវល់សន្ធំ ស្រមៃកៀនកោះ
ភ្លេចនឹកថាផ្កា ក្នុងហោប៉ៅស្មោះ ផ្កាហ្នឹងខ្ទេចអស់
បង់បោះឥតការ។
ខឹងនោះសែនខឹង តែខ្ញុំមិនដឹង នឹងធ្វើយ៉ាងណា
ខ្លាចមិត្តភក្តិដឹង ថាខ្ញុំទិញផ្កា ទើបខំទៅផ្សារ
ទិញផ្កាស្ងាត់ៗ។
មួហ្មងក្រៃលែង ឈរស្ដាយម្នាក់ឯង កន្លែងបាំងបាត់
ថ្លាថ្លែងខ្សឹបៗ អស់បួនដប់ម៉ាត់ ទើបដាច់ចិត្តកាត់
ថាលែងខ្មាសគេ។
នៅមុខសាលា មានគេលក់ផ្កា ក៏មិនតិចដែរ
ខ្ញុំទៅប្រញាប់ ឈរអើតក្រោយគេ មិត្តខ្ញុំមិត្តគេ
នៅក្បែរនោះផង។
អៀនមិនតិចទេ ប៉ុន្តែព្រោះស្នេហ៍ ដែលខ្ញុំកួចប៉ង
«ខ្មាសនៅមួយដុំ ខ្ញុំសុំតែម្ដង សម្រេចបំណង
សឹមអ្នកមកវិញ។»
មិត្តខ្ញុំម្នាក់នោះ ខំប្រឹងឈ្មុលឈ្មូស ប្រជ្រៀតចូលទិញ
ទិញបានគេត្បុរ ចេញមកក្រៅវិញ ឃើញខ្ញុំសើចស្ញេញ
ហក់មកគោះស្មា។
«នែអាសម្លាញ់ ម្ដេចមិនប្រាប់អញ ថាមានសង្សារ
មកដល់ពេលនេះ ទើបអញដឹងការ លួចមានសង្សារ
ពេលណាហ្នឹងវ៉ើយ?»
ខ្ញុំនេះឡើងខ្មេរ អៀនអ្វីម្ល៉េះទេ មិនដឹងតបឆ្លើយ
ម្ដេចឯងមកសួរ អាសម្លាញ់អើយ អញមិនដឹងឆ្លើយ
ប្រាប់ថាម្ដេចទេ។
ឃើញខ្ញុំមិនស្ដី វាក៏ធ្វើហី ដើរចេញលឿនខ្មេរ
សួរខ្ញុំនាំឱ្យ ខ្ញុំនេះខ្មាសគេ គ្រប់គ្នាងាកបែរ
មើលមុខខ្ញុំព្រាត។
ទិញផ្កានោះបាន ខ្ញុំរៀបចំប្រាណ រៀបឫកមារយាទ
ប្រញាប់ទៅវឹង គ្មានចាំអីទៀត ស្រាប់គេមើលព្រាត
ឃើញខ្ញុំកាន់ផ្កា។
ខ្ញុំអៀននោះអៀន ដើរទៅមិនហ៊ាន ងើបមើលអ្នកណា
ស្រាប់តែភ្ញាក់ព្រើត នឹងពាក្យវាចា «ជូនផ្កាអ្នកណា
ប្រាប់បានទេបង?»
ខ្ញុំបុកពោះភឹប វិះនឹងដួលគ្រឹប កន្លែងនោះម្ដង
ឃើញស្រីញញឹម ស្ដាប់ឮហៅបង ខ្ញុំអរកន្លង
តែភ័យចង់ស្លាប់។
ខំញញឹមជួយ ឱ្យបានជំនួយ មុននឹងសាសព្ទ
ភ័យផងអរផង លុះភ្លេចស្ដីប្រាប់ ញញឹមដូចស្លាប់
អត់មានវាចា។
ស្រីឆាប់ស្ដីវឹង «មិនព្រមឱ្យដឹង ក៏អត់ចុះណា
កំណាញ់ខ្លាំងម្ល៉េះ គ្រាន់តែសង្សារ ខ្ញុំក៏មានការ
សុំទៅសិនហើយ។»
ខ្ញុំឈរគាំងធ្មឹង ស្រីចេញទៅវឹង អស់ពេលបានឆ្លើយ
ផ្កានៅនឹងដៃ ជិតនាងបង្កើយ ហុចទៅក៏ហើយ
អស់ខ្វល់ចិន្ដា។
តែនេះវាថី នៅគាំងសម្ដី គាំងទាំងកាយា
ពេលនាងទៅបាត់ ទើបស្លុងចិន្ដា នឹកស្ដាយម្ល៉េះណា
សង្ខារស្ទើរក្ស័យ។
នៅឈរភ្លាំងភ្លឹក អស់យូរសន្ធឹក ទើបនឹកជាថ្មី
ខ្ញុំត្រូវទៅតាម ឱ្យបានជួបស្រី ម្ដងនេះលែងភ័យ
ត្រូវតែក្លាហាន។
ស្ទុះរត់ទៅវឹង ឈរឈប់សម្លឹង រកមើលកល្យាណ
តែមិនឃើញនាង រឹតខ្វល់ក្នុងប្រាណ ងាកទៅសព្វឋាន
មិនឃើញសោះណា។
ខ្ញុំច្បាស់អស់ផ្លូវ ពេលនេះនាងទៅ មិននៅសាលា
មិនគួរសោះឡើយ ធ្វើឱ្យខកការ ទើបវិលវិញរ៉ា
ទាំងចិត្តទោម្នេញ។
ចូលក្នុងសាលា មើលទៅអ្នកណា ក៏សើចស្ញាញស្ញេញ
ញញឹមញញែម គ្រប់ទីពាសពេញ ឯខ្ញុំនេះវិញ
ស្ទើរប្រេះឱរា។
កំពុងទុក្ខធំ ក្នុងទ្រូងក្ដៅងំ ស្ទើរដាច់សង្ខារ
ស្រាប់តែងាកទៅ ឃើញស្រីជីវា ឈរក្បែរគុម្ពផ្កា
ញញឹមផ្អៀងផ្អង។
ខ្ញុំអរឡើងពើត រត់ទៅលឿនស្លើត សំដៅនួនល្អង
ពេញដោយសង្ឃឹម ញញឹមទៅផង ដល់នឹងប្រាប់ម្ដង
ថាបងស្រឡាញ់។
ទៅដល់ឈប់ញ៉ាច់ ឃើញផ្កាមួយបាច់ នៅដៃសម្លាញ់
គេហុចឱ្យនាង ប្រាប់ក្ដីស្រឡាញ់ នាងឆ្លើយតបវិញ
ថាអូនក៏ស្ម័គ្រ។
(ដោយ ទឹម បឿន ១៤ កុម្ភៈ ២០០៨)







