ទម្លាប់​ខុស​ឆ្គង​​របស់​ពុទ្ធសាសនិក​ក្នុង​ការបញ្ជូន​​កុសល​​​ចំពោះ​​ជីដូនជីតា


ពុទ្ធសាសនិក​ខ្មែរ​យើង​មាន​ទម្លាប់​មួយ​ខុស​ឆ្គង​យក​តែ​មែនទែន ហើយ​មិន​បាន​ដឹង​ថា​ខ្លួន​ធ្វើ​ខុស​​ទាល់តែ​​សោះ ។ ហេតុ​នេះ ខ្ញុំ​នឹង​លើក​យក​បញ្ហា​នេះ​មក​បង្ហាញ​ដើម្បី​​ឲ្យ​កាន់​តែ​យល់​ច្បាស់​អំពី​ព្រះពុទ្ធសាសនា​របស់​ខ្លួន ។

ដែល​ខ្ញុំ​ថា​ជា​ទង្វើ​ខុស​​នោះ​​គឺ​ខុស​ក្នុង​ពេល​យក​គ្រឿង​បង្សុកូល​ទៅ​វត្ត ពុទ្ធបរិស័ទ​តែង​ឲ្យ​លោក​អាចារ្យ​វេរ​​ដើម្បី​បញ្ជូន​គ្រឿង​បង្សុកូល​ទៅ​ដូនតា​ញាតិ​មិត្ត​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក ។ មួយ​ទៀត​លោក​តែង​ប្រគេន​ចង្ហាន់​​ដល់​​ព្រះសង្ឃ​ ពេល​ព្រះអង្គ​សូធ្យ​ កុសលា​ធម្មា អកុសលា​ធម្មា… ដោយ​​មាន​ច្រូច​ទឹក​ផង ។ ទម្លាប់​នេះ​មិន​ថា​តែ​ពុទ្ធបរិស័ទ​ទេ​ដែល​ធ្វើ​ខុស លោក​អាចារ្យ​ក៏​ធ្វើ​ខុស​ដូចគ្នា​ដែរ ដែល​ខុស​ភាគ​ច្រើន​នោះ គឺ​មក​អំពី​លោក​អាចារ្យ​ជា​អ្នក​ណែនាំ​នោះ​ឯង ។

តាម​ទម្លាប់ ពេល​ឮ​សំឡេង​ធម៌​ ​កុសលាធម្មា ចាស់ៗ​ឈូឆរ​នាំ​គ្នា​ប្រគេន​ចង្ហាន់​ ខ្លះ​ច្រូច​ទឹក​ អ្នក​ខ្លះ​មិន​បាន​ច្រូច​ដោយ​​ផ្ទាល់​ក៏​ត្រូវ​កាន់​ដៃ ឬ​ប៉ះ​ជើង​ត​គ្នា​ជាមួយ​​អ្នក​ដែល​បាន​កាន់​ទឹក​ច្រូច​នោះ សន្មត​​ថា​បាន​ច្រូច​ដែរ ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​ជា​ការ​ត្រឹមត្រូវ​ទេ ដោយ​ត្រឹមត្រូវ​គឺ​គួរតែ​ត្រងត្រាប់​ស្ដាប់​ព្រះធម៌​​ដោយ​យក​ចិត្ត​ទុកដាក់ និង​ប្រកប​ដោយ​សទ្ធា​យ៉ាង​មុតមាំ​ចំពោះ​ព្រះធម៌​នោះ ។ ការ​ប្រគេន​ចង្ហាន់​ក្នុង​ពេល​ព្រះសង្ឃ​កំពុង​សូធ្យ ​ធ្វើ​ឲ្យ​គ្រប់​គ្នា​លែង​បាន​ស្ដាប់​ព្រះធម៌ ព្រះសង្ឃ​សូធ្យ​​តែ​ព្រះអង្គ​ឯង មិន​មាន​អ្នក​ស្ដាប់​ ហើយ​ព្រះសង្ឃ​​នោះ​ក៏​ត្រូវ​អាបត្តិ​ព្រោះ​សូធ្យ​ធម៌​អត់​អ្នក​ស្ដាប់​នោះ​ឯង ។

ដូច្នេះ​ការ​វេរ​ចង្ហាន់​តាម​អាចារ្យ ការ​ប្រគេន​ចង្ហាន់​ពេល​ព្រះសង្ឃ​កំពុង​សូធ្យ​នោះ​មិន​ត្រឹមត្រូវ ហើយ​មិន​បាន​​កុសល​​សោះ ។ ការធ្វើ​បុណ្យ​បាន​កុសល​​នោះ គឺ​ការ​ស្ដាប់​ធម៌​ដោយ​​សង្រួម,​ ដោយ​យក​ចិត្ត​ទុកដាក់ មិន​រំខាន​ដល់​ការសូធ្យ​ធម៌​របស់​ព្រះសង្ឃ មិន​រំខាន​ដល់​អ្នក​​ដទៃ​ក្នុង​ពេល​ព្រះសង្ឃ​សម្ដែង​ធម៌​ ។ ព្រោះ​អ្វី ? ព្រោះ​​​អាហារ​ដែល​ប្រគេន​ដល់​ព្រះសង្ឃ​មិន​អាច​ឲ្យ​អាហារ​ទាំង​នោះ​បាន​​ទៅ​ដល់​ដូនតា​ដោយ​អាហារ​ទាំង​​ដុំៗ​នោះ ឬ​បរិភោគ​អាហារ​ទាំង​នោះ​បាន​ឡើយ ។ ​យើង​បញ្ជូន​បាន​ត្រឹមតែ​កុសល​​ដែល​យើង​បាន​ធ្វើ​​ដោយ​អាហារ​ចំពោះ​ព្រះសង្ឃ និង​កុសល​ដែល​យើង​បាន​ត្រងត្រាប់​ស្ដាប់​នូវ​ព្រះធម៌​ប៉ុណ្ណោះ ។

ចុះ​អ្វី​ជា​​ប្រតិបត្តិ​​ត្រឹមត្រូវ ? គឺ​យើង​គួរ​ស្ដាប់​ធម៌​ដោយ​យក​ចិត្ត​ទុកដាក់​ ស្ដាប់​ចប់​សឹម​ក្រោក​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ ប្រគេន​រួច​ចាប់ផ្ដើម​ឧទ្ទិស​បុណ្យ​កុសល​​ដែល​យើង​បាន​ធ្វើ​​ដល់​ញាតិមិត្ត​ ដូនតា ទេព្ដា ​​ប្រេត អសុរកាយ​ និង​សត្វតិរច្ឆាន​ទាំងឡាយ, អ្នក​ទាំងឡាយ​នោះ​អនុមោទនា​យក​បុណ្យ​កុសល​ដែល​យើង​បាន​ធ្វើ​ដោយ​ពាក្យ​ថា​សាធុ​នោះ​​ហើយ ក៏​បាន​ទទួល​នូវ​ចំណែក​បុណ្យ​​ដែល​យើង​បាន​ធ្វើ​ទាំង​នោះ បុណ្យ​ទាំង​នោះ​ក៏​មិន​បាត់​បង់​អំពី​ខ្លួន​របស់​យើង​ ប៉ុន្តែ​ក៏​បាន​បុណ្យ​កុសល​ថែម​ទៀត​ព្រោះ​តែ​ចំណែក​បុណ្យ​ដែល​យើង​​បាន​ចែក​ឲ្យ​អ្នក​ទាំង​នោះ, នេះ​ទើប​ជា​ហេតុផល​ក្នុង​ព្រះពុទ្ធសាសនា ។

ហេតុនេះ​ហើយ យើង​ជា​ពុទ្ធសាសនិក ជា​អ្នក​ដែល​ជឿជាក់​លើ​ព្រះពុទ្ធសាសនា គួរ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គន្លង​ព្រះពុទ្ធសាសនា, គួរ​ស្គាល់​ព្រះពុទ្ធសាសនា​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ កុំ​ឡូកឡំ​ជាមួយ​សាសនា​ដទៃ​​ដែល​មិន​សម​​ហេតុផល នេះ​ទើប​ហៅ​ថា​ជា​ពុទ្ធសាសនិក​ពិត​ប្រាកដ ។

ខ្ញុំ​បាន​សូម​លើក​យក​ហេតុផល​ខ្លីៗ​ត្រឹម​ប៉ុណ្ណេះ បើ​ការយល់​របស់​ខ្ញុំ​នៅ​មាន​ការខ្វះខាត សូម​លោកអ្នក​ដែល​មាន​ប្រាជ្ញា​ជួយ​កែតម្រូវ​​និង​បំពេញ​ដើម្បី​ជា​ការរួម​ចំណែក​លើក​កម្ពស់​ដល់​ព្រះពុទ្ធ​សាសនា​ដ៏​ល្អ​ផូរផង់​​​​នេះ ឲ្យ​បាន​គងវង់​យូរ​អង្វែង​តទៅ​អើយ ។

About these ads

13 thoughts on “ទម្លាប់​ខុស​ឆ្គង​​របស់​ពុទ្ធសាសនិក​ក្នុង​ការបញ្ជូន​​កុសល​​​ចំពោះ​​ជីដូនជីតា

  1. តាមមតិ និងការដែលខ្ញុំធ្លាប់បានអានសៀវភៅ ក៏ដូច្នេះដែរ
    ពុទ្ធសាសនិកជនខ្មែរភាគច្រើន ធ្វើអី្វទៅតាមតែគ្នា និងគ្មានមូលដ្ឋាននៃការ យល់និងស្រាវជ្រាវអោយបានត្រឹមត្រូវ ដែលធ្វើអោយខូចនិងប៉ាស់ពាល់ ដល់ព្រះពុទ្ធសាសនាដ៏ល្អនេះ

  2. ព្រោះ​តែ​ការ​ធ្វើ​តាម​គ្នា​ គ្មាន​ក្បូន​ច្បាប់​បែប​នេះ​ហើយ បាន​ជា​យើង​មិន​សូវមាន​ការ​ឆ្នៃ​ប្រឌិត​នឹង ធ្វើ​បាន​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត់​របស់​គេ។

  3. អត្ថបទខាងពិតជាត្រឹមត្រូវ។ តែចំណុចដែលគួរពិចារណាគឺថា
    ១. តើត្រូវធ្វើដូចម្តេចដើម្បីអោយពុទ្ធបរិស័ទយល់
    ២. តើព្រះសង្ឃត្រូវសូត្រធម៌ជាសម្រាយឬក៏ជាបាលី ដើម្បីអោយបានយល់
    ៣. អាចារ្យធ្វើពិធិតាមតែការនឹកឃើញ ឬប្រកាន់តែតាមគំនិតខ្លូនឯង
    ៤. គ្មានក្បូនខ្នាត់ច្បាស់លាស់
    ៥. ពុទ្ធបរិស័ទខ្ចិលរៀ​ន ខ្ចិលអាន និងខ្ចិលស្រាវជ្រាវ ចូលចិត្តស្ដាប់គេ ​ ​និយាយជាងការស្វែងរកការពិតខ្លួនឯង។
    ៦. អាចារ្យខ្វះចំណេះដឹងខាងពុទ្ធសាសនា អោយបានទូលំទូលាយ
    ៧. បើចង់អោយពុទ្ធបរិស័ទស្ដាប់ធម៌ដោយគោរព លុះត្រាតែពុទ្ធបរិស័ទ ទាំងនោះ យល់ ថាតើធម៌នោះនិយាយអំពីអី មានន័យដូចម្ដេច សម្រាប់ធ្វើអី។ ឧទាហរណ៏ ព្រះសង្ឃសូធ្យ កុសលា អកុសលា ជាដើម មិនដឹងជា គេយល់ដែរឬអត់។ សរុបមក អាចារ្យជាអ្នកទទួលខុសត្រូវ និងដឹក នាំពុទ្ធបរិស័ទជាងព្រះសង្ឃ ព្រោះក្នុងពិធីបុណ្យម្ដងៗ អាចារ្យ និយាយច្រើនជាងព្រះសង្ឃ។ ពុទ្ធបរិស័ទត្រូវខំប្រឹងស្វែងយល់ដោយខ្លូន ឯង។

  4. ខ្ញុំ​យល់ស្រប​នឹង​មតិ​បង​សុផល ។ ខ្ញុំ​យល់​ថា ប្រសិន​បើ​ព្រះសង្ឃ​ទេសនា​សម្ដែង​អំពី​រឿង​នេះ និង​បង្គាប់​ឲ្យ​ពុទ្ធបរិស័ទ​ទាំងឡាយ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ គង់​នឹង​មាន​ការកែប្រែ​ទៅ​រក​ការប្រតិបត្តិ​ត្រឹមត្រូវ​វិញ​មិន​ខាន ជា​ពិសេស ព្រះសង្ឃ​ត្រូវ​ណែនាំ​អាចារ្យ​ឲ្យ​បាន​យល់​អំពី​បញ្ហា​ទាំងនេះ ។

  5. ខ្ញុំក៏គិតដូចបង ផល ដែរ ប៉ុន្តែខ្មែរយើងមានជំនឿបែបខុសរួចទៅហើយ បើយើងជាអ្នកយល់ដឹងគ្រប់រូប ឬព្រះសង្ឃសំដែងធម៌ទេសនា ហ៊ាន និយាយឬហ៊ានសំដែងនូវចំណុចអស់ទាំងនោះ ច្បាស់ជាពុទ្ធបរិស័យមួយ ចំនួនដែលជាអ្នកជឿខុសនោះ ថាអីចេះ អីចុះ ឬអាចថាពួកយើងគ្មាន សាសនាក៏ថាបានដែរ។ គិតទៅៗយ៉ាប់ណាស់ខ្មែរ មានតែមិឆ្ឆាទិដ្ឋិ ជាប់ខ្លួណរហូតដែម្តង ។

  6. ខ្ញុំ​មិន​សូវ​ជា​បាន​ទៅ​វត្ត ឫ​ទៅ​ធ្វើ​បុណ្យ​ទេ ដូច្នេះ​ក៏​មិន​សូវ​បាន​ដឹង​ដែរ។ តែ​ថា​ទៅ ការ​ធ្វើ​ខុស​ទាំង​នោះ​មិន​អាច​បន្ទោស​គាត់ (ពុទ្ធ​សាសនិក អាចារ្យ ឫ​ព្រះសង្ឃ​បាន​ទេ)។ ពួក​គាត់​ក៏​មិន​មាន​ឯកសារ​ច្បាស់​លាស់​ណា​មួយ​សម្រាប់​ជា​ឯក​សារ​យោង​នោះ​ដែរ។ អ្វីៗ​គឺ​ធ្វើ​តាម​ការ​មើល​ឃើញ ស្តាប់​លឺ តៗ​គ្នា។ ខ្មែរ​យើង មិន​សូវ​មាន​ទំលាប់​កត់ត្រា(បើ​តាម​ខ្ញុំ​គិត) ពីម្ុន​ក៏​ដូច​ពេល​នេះ​ដែរ

  7. អីចឹងមានន័យថាការធ្វើ ឬលឺតៗគ្នាវារឿងត្រឹមត្រូវមែនទេ ?
    ខ្មែរយើងចូលចិត្តណាស់កាស្តាប់តៗនោះ ប៉ុន្តែកាស្តាប់ ឬជឿតៗគ្នានោះ វានាំអោយមានមហន្តរាយជាច្រើន ដូចជា ជំនាន់ របបកម្ពុជាប្រជាធិបតេយ្យ (របប ប៉ុល ពត )​ ជឿដោយមិនយល់ មួយពព្រិចភ្នែកសោះ អស់ជាង​៣លាននាក់ នេះហើយជាលទ្ធផល

  8. បង​បឿន​តើ​បង​មាន​ វចនា​នុក្រម​ សម្ដេច​សង្ឃរាជ​ជួន​ណាត 2.0 សម្រាប់​ window 7 64bit ទេ?
    ហើយ​ខ្ញុំ​យក​font ដែល​បង​ដាក់​នេះ​ទៅ​ដាក់​ក្នុង​ប្លុក​ខ្ញុំ​ដែរ​បាន​អត់​អរគុណ​ទុក​ជាមុន។

  9. អរុណ និយាយថា៖

    ធ្វើបុណ្យមិនមែនជាការចង់បានអ្វីតបស្នងមកវិញទេ ហើយមិនមែនស្អីឯណាចង់បានឡើងឋានសួគ៍អ្វីដែរ។ ធ្វើបុណ្យគឺជាការជួយសង្គ្រោះ។ ដូចគេថា ការបូជាដល់បុគ្គលដែលគួរបូជាជាមង្គលដ៏ឧត្តម។ រីឯស្អីកសាងវត្តបានបុណ្យច្រើនណាស់ ទៅកសាងវត្ត តែផ្លូវមុខផ្ទះខ្លួនឯងគេរៃលុយគ្នាធ្វើ ឯងអត់ចូលផងុំ អរគុណ

  10. ហំ និយាយថា៖

    ត្រឹមត្រូវណាស់ល្បងអើយ ភាពរញ៉េរញ៉ៃពេលលោកសូត្រជាទម្លាប់អាក្រក់ របស់ជនដែលមិនស្គាល់ពុទ្ធសាសនាពិត ។ ពេលលោកសូត្រគួរត្រងត្រាប់ស្ដាប់ ដោយផ្ចិតផ្ចង់ ទើបបានបុណ្យច្រើន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s