jump to navigation

ខ្មោច​ស្លាប់​មិន​អស់​ចិត្ត ថ្ងៃ ចន្ទ ទី 13 ខែកញ្ញា 2010

Posted by ទឹម បឿន in ជំនឿ សាសនា.
trackback

ប៉ុន្មាន​ខែ​មុន​នេះ បងប្អូន​ខ្ញុំ​​អាយុ​ប្រហែល​ជាង​ម្ភៃ​ឆ្នាំ និង​ជីដូន​មួយ​របស់​គាត់​ស្លាប់​ដោយសារ​រថយន្ត​បើក​បុក​ដើម​ឈើ​ក្រឡាប់ ។ ខ្មោច​ពីរ​នាក់​នេះ ទំនង​ស្លាប់​ទៅ​ទាំង​មិន​អស់​ចិត្ត នៅ​អាល័យ​កូន អាល័យ​ឪពុក​ម្ដាយ ។ ម្យ៉ាង​កាល​នៅ​រស់ ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា ពូកែ​ខាង​រកស៊ី​ផង ។ មុខ​របរ​ជា​អ្នក​ធ្វើ​ស្រែ តែ​មាន​របរ​គួបផ្សំ​ជា​ច្រើន​ទៀត ដូច​ជា​ចិញ្ចឹម​មាន់ ចិញ្ចឹម​ជ្រូក កិន​ស្រូវ រត់​ឡាន… ។ ក្រោយ​ពេល​ស្លាប់​ទៅ ខ្មោច​នេះ​ហាក់​នៅ​វិលវល់​នៅ​តែ​ជិតៗ​ផ្ទះ យំ​ស្រែក​រាល់ៗ​យប់ ។ អ្នក​ភូមិ​នរណា​ក៏​ខ្លាច​ព្រឺ​សម្បុរ​មិន​ហ៊ាន​ដើរលេង​យប់​ព្រលប់​ ដ្បិត​កាល​នៅ​រស់​ ខ្មោច​នេះ​ធ្លាប់​លេង​សើច​ជាមួយ​អ្នក​ភូមិ​គ្រប់ៗ​គ្នា និង​ជា​មនុស្ស​ដែល​តែងតែ​ធ្វើ​ឱ្យ​គេ​ចូលចិត្ត ចង់​រាប់អាន ។ សូម្បី​តែ​ម៉ូយ​បាយ​នៅ​ផ្សារ​ដើមគ ពេល​ខ្មោច​នេះ​រត់​ឡាន ពេល​ដឹង​ថា​គេ​ស្លាប់ ក៏​ដាក់​បាយ​សែន​ឱ្យ​រាល់ៗ​ថ្ងៃ ។

បង​ថ្លៃ​ស្រី ត្រូវ​ជា​ជីដូន​មួយ​ដែល​ទៅ​ចូលរួម​បុណ្យ​សព ជា​អ្នក​រស់​នៅ​ក្នុង​សង្កាត់​ចោមចៅ ក្រុង​ភ្នំពេញ ដែល​​មិន​ធ្លាប់​ដឹង​ខ្មោច​លង មិន​ដែល​ដឹង​ខ្លាច​ខ្មោច​យ៉ាងម៉េច​ ស្រាប់​តែ​ថ្ងៃ​នោះ ពេល​កំពុង​ដេក​នៅ​លើ​ផ្ទះ ឮ​សំឡេង​ក្ដក់​ឆ្កែ​នៅ​ក្បែរ​ផ្ទះ និង​ឮ​សំឡេង​​ឆ្កែ​ស្រែក​ងេះៗ ទំនង​ទទួល​ម្ចាស់ (បើ​តាម​ធម្មតា ឆ្កែ​បើ​កាលណា​ឃើញ​ខ្មោច វា​នឹង​ព្រុស​មិន​ឈប់​ទេ តែ​នេះ​ប្រហែល​វា​ស្គាល់​ថា​ជា​ម្ចាស់​វា) ក្នុង​ពេល​នោះ​មិន​ទាន់​មាន​នរណា​ចាប់អារម្មណ៍​នៅឡើយ​ទេ ។ ​បន្តិច​មក ក៏​ឮ​សំឡេង​ស្រែក “ម៉ែ​អើយ! ឪ​អើយ!” រួច​ថ្ងូរ​យំ​ត​គ្នា​ទ្រហឹង ម្នាក់​នៅ​ក្បែរ​ទ្រុង​ជ្រូក ម្នាក់​នៅ​ក្បែរ​ទ្រុង​មាន់ ។ បង​ជីដូន​មួយ​ថ្លៃ​នោះ ដឹង​ថា​ខ្មោច​ប្អូន​ជីដូន​មួយ ក៏​ស្រែក​យំ ចុច​ទូរស័ព្ទ​ទៅ​ម៉ែ​នៅ​ភ្នំពេញ ​អង្វរ​​ម៉ែ​ឱ្យ​មក​យក​ទៅ​ភ្នំពេញ​វិញ​ទាំង​យប់​ហ្នឹង… ។ ខ្មោច​នេះ មិន​ត្រឹមតែ​មក​ស្រែក​យំ​​នៅ​ផ្ទះ​របស់​ខ្លួន​ទេ ថែម​ទាំង​ដើរ​ស្រែក​យំ​នៅ​តាម​ផ្ទះ​អ្នក​ជិត​ខាង​ទៀត​ផង ។

ក្រោយ​មក ឪពុក​ម្ដាយ និង​ប្រពន្ធ​របស់​ខ្មោច​នោះ ទៅ​បញ្ចូល​រូប​​មើល ។ ខ្មោច​នោះ​ចូល​មក ក៏​ស្រែក​យំ​គ្មាន​ឈប់ ស្ដាយ​ខ្លួន​ដែល​ស្លាប់​ទៅ ។ ហើយ​ក៏​បាន​ផ្ដាំ​បង​ជីដូន​មួយ ឱ្យ​ជួយ​មើល​ប្រពន្ធ​កូន និង​ជួយ​សង​បំណុល​ជំនួស​ផង ។

ក្នុង​សភាព​ស្ដែងៗ​បែប​នេះ ខ្ញុំ​ជឿ​ថា លើ​លោក​នេះ​ពិត​ជា​មាន​ខ្មោច​ពិត​មែន ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​ក៏​ធ្លាប់​ជួប​​រឿង​ដែល​គួរ​ឱ្យ​ជឿ​មួយ​ដែរ ។ តើ​អ្នក​ទាំងអស់​គ្នា​ធ្លាប់​គិត​ថា​មាន​ខ្មោច​ដែរ​ឬ​ទេ? បើ​មិន​ជឿ​ថា​មាន​ខ្មោច តើ​ឥឡូវ​នេះ មាន​ខ្លាច​ខ្មោច​ដែរ​ឬ​ទេ?

About these ads

មតិ»

1. វិចិត្រ - ថ្ងៃ ចន្ទ ទី 13 ខែកញ្ញា 2010

មិន​សូវ​ជឿ​ទេ :D

2. Samady KS - ថ្ងៃ ចន្ទ ទី 13 ខែកញ្ញា 2010

ខ្ញុំ​មិន​ជឿ​ទេ តែ​ខ្លាច! សម្រាប់​ខ្ញុំ​គឺ​ គិត​ថា​វា​គ្រាន់​តែ​ជា​អារម្មណ៍​មួយ ប៉ុណ្ណោះ! ចុះ​បឿន​ឯង ធ្លាប់​ឃើញ​ដែរ​អ្ហី?

3. បុទុំ - ថ្ងៃ ចន្ទ ទី 13 ខែកញ្ញា 2010

យ៉ា! បឿនឡូវចេះនិពន្ធមើលទៅមិនចាញ់អ្នកធើការនៅខាងទស្សនាវដ្ដី ឫការសែតទេ….

4. cambomaths - ថ្ងៃ ចន្ទ ទី 13 ខែកញ្ញា 2010

ឡូយ​មែនតើ!

5. sambatt - ថ្ងៃ ចន្ទ ទី 13 ខែកញ្ញា 2010

ខ្ញុំជឿតំាងពីយូរហើយ ។ខ្មោចខ្លះគួរអោយខ្លាច ខ្លះទៀតមិនគួរអោយខ្លាចទេ
ដូចខ្មោចដែលរៀបរាប់់មកខាងលើ ព្រោះគេនៅអាល័យកូន,បងប្អូន
និងឪពុកម្ដាយជាទីស្រលាញ់់ រហូតទាល់់មិនទាន់់ចាកចេញពីផ្ទះ។

6. ទឹម បឿន - ថ្ងៃ ចន្ទ ទី 13 ខែកញ្ញា 2010

មិន​ដឹង​ថា​មាន​អ្នក​ធ្លាប់​អាន​កាសែត​​រឿង​ខ្មោច​សុំ​ម៉ូតូ​ជិះ​មក​ផ្ទះ​បុណ្យ ក្នុង​ខែត្រ​តាកែវ រហូត​អ្នក​ម៉ូតូ​ភ័យ​ឈឺ​ស្លាប់​ឬ​អត់ ។ រឿង​ខ្មោច​ស្រី​​​នៅ​ម្ដុំ​វត្ត​ភ្នំ​ខ្លែង​នោះ​ល្បី​ណាស់ ។

ខ្មោច​យាយ​​នៅ​ជាប់​ផ្ទះ​ខ្ញុំ ធ្លាប់​ចូល​ប្អូន​ខ្ញុំ ។ល។

7. -:-បាត់ដំបង-:- - ថ្ងៃ ចន្ទ ទី 13 ខែកញ្ញា 2010

មិនដែលជួបទេ តែក៏ខ្លាចដែរ

8. ikhmerhome - ថ្ងៃ ចន្ទ ទី 13 ខែកញ្ញា 2010

ខ្ញុំធ្លាប់លឺគេនិយាយដែរ តែដូចជាការនិទានដើម្បីឲ្យមានភាពភ័យខ្លាចប៉ុន្នោះ!

9. Fidele - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

ទាល់​តែ​ជួប​ផ្ទាល់​បាន​ដឹង! :grin:

10. sambatt - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

មានខ្មោចខ្លះមកលង(មកលេង)តាមសន្យាជាមួយមិត្តសំលាញ់់
តែប៉ុណ្ណោះ…មិនបានមកបន្លាចនរណាទេ ។តាមខ្ញុំគិត នឹងដឹងពី
ការអានសៀវភៅអំពីខ្មោចលង។ខ្មោចខ្លះកាលពីមិនទាន់់បានស្លាប់់
បាននិយាយលេងក៏ដូចជាសន្យាយ៉ាងនេះយ៉ាងនោះ ជាមួយមិត្តភក្ដី
ដល់់ពេលស្លាប់់ទៅមែន ក៏ស្រាប់់តែធ្វើតាមសន្យាដែរគឺមកលេងឫ
បង្ហាញភស្តុតាងថាគេស្លាប់់ទៅមិនរលាយបាត់់សូន្យឈឹងទេ…នៅមាន
ព្រលឹងរស់់បន្តទៀត។ភាគច្រើនខ្មោចដែលមកលង(មកលេង) មិនកាច
ហើយធ្វើបាបនរណាផ្ដេសផ្ដាសទេ ហើយក៏មិននៅយូរដែរ។ចពើខ្មោចខ្លះគ្រាន់់តែអាចអោយឃើញពេលទើប
ស្លាប់់ទៅប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ក៏បាត់់រហូតតែម្ដង ខ្លះនៅយូរ ទាល់់តែសន្យារបស់់ខ្លួនបានត្រូវធ្វើរួចហើយ ខ្លះគ្រាន់់តែរង់់ចំាអ្វីមួយក៏មិនដឹង ជួនយូរពេលណាស់់…
គ្រាន់់តែជាការតាមដានរបស់់ខ្ញុំទេ..តាមពិត ខ្មោចជាអ្វី? ខ្មោចគឺរូបមួយទៀតរបស់់យើងដែលមិនចេះស្លាប់់គឺអមតៈ។មិនមែនខ្មោច
ដូចដែលគេបង្ហាញរូបក្នុងថ្ងៃHalloweenនោះទេ នោះគួរអោយខ្លាចមែន!!!។
ខ្មោចដែលមនុស្សភាគច្រើនមិនបានគិតដល់់គឺព្រលឹងទេ ហើយព្រលឹងគឺ
ខ្លួនប្រាណមួយទៀតរបស់់មនុស្សដែលមិនអាចស្លាប់់ ដូចជាស្រមោល
ដែលមិនអាចនរណាកាប់់ដាច់់បាញ់់ធ្លុះឫមុត គ្មាននរណាអាចចាប់់បាន
តែគ្រាន់់តែអាចឃើញបាន ហើយ មិនធ្វើដំណើរក្នុងលំហទេ( Do not travel in space)គឺធ្វើដំណើរក្នុងពេលវេលា(travel in time)។
ការធ្វើដំណើរក្នុងពេលវេលា ចំងាយគ្មានជាឧបសគ្គអ្វីបន្តិច!អញ្ចឹងទៅដល់់ទីណាភ្លាមមួយរំពេច ។
ចំណែកការធ្វើដំណើរក្នុងលំហគឺត្រូវការពេលដើម្បីហោះហើរ ឫ ដើរ
សូម្បីពន្លឺព្រះអាទិត្យលឿនដល់់ទៅ៣០០ ០០០គ.ម/ម៉ ក៏ត្រូវការពេលដល់់ទៅ៨នាទីដែរទើបមកដល់់ផែនដី។ ការធ្វើដំណើរក្នុងពេលវេលាមិនអញ្ចឹងទេ គឺអត់់ត្រូវការពេលវេលាទេ!!។

11. khmerbirder - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

និយាយ​រឿង​ខ្មោច​នេះ​មិនមែន​ខ្ញុំ​មិន​ជឿ​នោះ​ទេ ក៏​មិន​ហ៊ាន​ថា​ជឿ​មួយ​រយ​ភាគ​រយ​ដែរ ។ ខ្ញុំ​ចាំ​បាន​កាល​ពី​ឆ្នាំ​១៩៩៤ ពេល​ដែល​ខ្ញុំ​ត្រូវ​ចាប់​ខ្លួន​ជាមួយ​នឹង​មិត្ត​ភក្ដិ​៣​នាក់​ផ្សេង​ទៀត​ដោយ​ខ្មែរ​ក្រហម​នៅ​តំបន់​ប៉ៃលិន រួច​​បញ្ជូន​ទៅ​អប់រំ​នៅ​សំឡូត​នៅ​ឆ្នាំ​១៩៩៣ បន្ទាប់​ពី​បោះ​ឆ្នោត​រួច​ប៉ុន្មាន​ថ្ងៃ​នោះ គេ​បាន​បាន​ឲ្យ​ពួក​យើង​ដេក​យាម​ម៉ាស៊ីន​បូម​ទឹក​មួយ​គ្រឿង​នៅ​ចុង​ភូមិ​ស៊ុង ដែល​ជា​ព្រៃ​មីន​សុទ្ធសាធ​ព្រមទាំង​មាន​ដើម​ជ្រៃ​ពីរ​ដើម​ដុះ​គ្រប​ពី​លើ​ស្រះ​ទឹក​នោះ នៅ​វេលា​យប់​ប្រមាណ​ជា​ម៉ោង ១០-១១ (មិន​ចាំ​ទេ​ព្រោះ​គ្មាន​នាឡិកា​ពាក់) ស្រាប់​តែ​បាន​សំឡេង​បំពេរ​កូន​នៅ​លើ​ដើម​ជ្រៃ​ដែល​ដុះ​គ្រប​ស្រះ​នោះ​យ៉ាង​គ្រលួច​រួម​ទាំង​ខ្យល់​បក់​រញ្ជួយ​មែក​ឈើ​ផង ។ ពួក​យើង​សុទ្ធតែ​បាន​ឮ​ទាំងអស់​ ខ្ញុំ​ថែម​ទាំង​បាន​បាញ់​ចំនួន​៥​គ្រាប់​ទៅ​លើ​ដើម​ជ្រៃ​នោះ​ដើម្បី​បង្អើល​ទៀត​ផង ។ រឿង​ខ្មោច​លង​ពិត​ជា​មាន ខ្ញុំ​ពិត​ជា​ខ្លាច ។ ជឿ​ឬ​មិន​ជឿ​ស្រេច​លើ​ការ​គិត​ចុះ ។

12. សុវិចិត្រ - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

ញ៉ុម​ជឿ​៨០% មិន​ជឿ២០%, បើ​បាន​ជួប​ពិត​មែន​គឺ ជឿ១០០% :D

13. ទឹម បឿន - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

គ្រូចិត្រ៖ មិន​ជឿ​អ៊‍ីចឹង ប្រសិន​បើ​ឱ្យ​ទៅ​ដេក​​នៅ​កន្លែង​កប់​កខ្មោច​មួយ​យប់​អី​ហ៊ាន​ទេ?

ការបកស្រាយ​របស់ Sambatt និង Khmerbirder ក៏​ទំនង​ដែរ ។

14. វិចិត្រ - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

ចាំ​តែ​ទៅ​តើ!

តែ​ខ្ញុំ​មិន​ជឿ​ថា​ខ្មោច​ជា​អ្នក​ធ្វើ​អោយ​យើង​ខ្លាច​នោះ​ទេ។

ខ្ញុំ​ជឿ​ថា បើមាន​ខ្មោច​លង​មែន ខ្មោចមិន​ធ្វើ​អ្វី​លាក់​លៀម​បែប​នេះ​ទេ ចាំ​បាច់​អី​លង​តែ​ម្នាក់​ៗ? មិន​លងម្ដង​ទាំង​ហ្វូង​តែម្ដង​ទៅ?! រឺបង្ហាញ​ខ្លួន​មក​អោយ​ស្ដែងៗ ចាំ​បាច់​រក​គ្រូ​ចូល​រូប​ធ្វើ​អី។

រាល់​ហេតុការណ៍​ដែល​គេ​បាន​លើក​ឡើង​ពី​រឿង​ខ្មោច​លង សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​រួម​គ្នា៖ ជន​រងគ្រោះនៅ​កន្លែង​ស្ងាត់។

ខ្ញុំ​ជឿ​ថាអារម្មណ៍​ភ័យ​ខ្លាច​របស់​មនុស្ស​ទេ ដែល​បាន​បង្កើត​ខ្មោច​លង​ឡើង​មក​នោះ។ ប្រព័ន្ធ​ប្រសាទ​របស់​មនុស្ស​ខ្សោយ​ណាស់ ពេល​ខ្លះ​ស្រវឹង​ស្រា​មើល​ឃើញ​ផ្លូវ​មួយ​ជា​ផ្លូវ​ពីរ អ្នក​​ខ្លះ​ឡប់​សតិ​និយាយ​តែម្នាក់​ឯង។ល។ តើ​យើង​ធ្វើ​ដូចម្ដេច​ទើប​ដឹងថា ពេល​ខ្លះខ្លាច​ពេក រហូត​ទៅ​ជា​ឡប់ម្ដង​ម្កាល?

បើ​បឿន​ឯង ខ្លាច​ខ្មោចណាស់ សែន​កុំព្យូទ័រ​មួយ​គ្រឿងភ្ជាប់​អ៊ីនថឹនែត​ស្រាប់ បើក​គណនី​ Facebook រឺ wordpress អោយ​មួយ​ទៅ ពេល​នោះ​ខ្មោច​គ្មាន​ពេល​មក​លង​ទៀត​ទេ :D

15. ក្មេងស្រែ - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

ដើម្បី​កុំ​អោយ​អាក់​អន់​ចិត្ត​ទាំង​អស់​គ្នា ញ៉ុម​និយាយ​ថា​មិន​ដឹង​ទៅ​ចុះ! ញ៉ុម​នៅ​តែ​មាន​គោល​គំ​និត​១​ថា បើ​មិន​ទាន់​ជួប​ដោយ​ខ្លួន​ផ្ទាល់ នោះ​រឿង​អី​ក៏​មិន​សូវ​ជឿ​ដែរ, ញ៉ុម​មិន​អះ​អាង​ថា​មិនមាន, ហើយ​ក៏​មិន​យល់​ស្រប​ថា​មាន​ដែរ! ដោយ​ការ​គិត, ញ៉ុ​មគិតថា វាជា​អារម្មណ៍​ច្រើន​ជាង, ហើយ​ដែល​ថា​លឺគ្រប់ៗគ្នា មាន​អ្នក​ខ្លះ​គាត់​លឺ​មែន (តែ​ក្នុង​ចិត្ត ឬ គ្រាន់​តែ​អារម្មណ៍), អ្នក​ខ្លះ​វិញ គ្រាន់​តែ​និយាយ​តាមៗគេ តែ​ធ្វើ​ដូច​ឯង​លឺដែរ ដើម្បី​កុំ​អោយ​គ្មាន​អី​និយាយ… ត្រង់​នេះ​នៅ​តែ​មិន​ច្បាស់​ថា អ្នក​ណា​និយាយ​កុហក អ្នក​ណានិយាយពិត ព្រោះ​មិន​ទាន់​មាន​អ្នក​ណា​ចេះ​សរសេរ​កូដ សួរ​រក​ការ​ពិត​១០០ភាគរយ​នៅ​ឡើយ ។

16. peehs07 - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

រឿងខ្មោចដែលលង មិនដែលបានឃើញផ្ទាល់ភ្នែក នៅពេលថ្ងៃឬពេល យប់ទេ តែគេនិយាយតែងតែខ្លាច ព្រឺឆ្អឹងខ្នងជានិច្ច គ្រាន់តែមើលតាម អត្ថបទខាងលើក៏ព្រឺដែរ តាមពិតធ្លាប់បានឃើញតែខ្មោចមែនទែន ដែលកំពុងតែស្លាប់និងបន្ទាប់ ព្រោះធ្លាប់បានគេនិមន្តឱ្យសូត្រ តែមិនដែល ឃើញលងទេ។
ប៉ុន្តែកាលឆ្នាំ២០០៥ មានប្អូនជីដូនមួយស្រីមួយ បានស្លាប់ មុននឹងស្លាប់ វាបានភ្លឹកទៅមួយយប់ នៅពេលដែលវាភ្ញាក់មកវិញ វាបានប្រាប់ថា មានកំឡោះអាយុ១៨ឆ្នាំម្នាក់ មានឡានមួយ បានបបួលវាទៅដើរលេង ឯទីក្រុង ព្រះសីហនុ វាថាទៅកន្លែងនោះសប្បាយណាស់ ហើយវាបាន ឃើញខ្មោចបងប្អូនញាតិមិត្រ ជាពិសេសបានឃើញខ្នោចឪរបស់វា និងខ្មោចអ្នកនៅជិតខាងវា និងខ្មោចជាច្រើនទៀត ដែលបានស្លាប់ទៅ ហើយនោះ ពួកគេបាននាំគ្នា ទៅតាំងទីលំនៅ ឯទីក្រុងព្រះសីហនុ ទាំងអស់គ្នា មានខ្មោចអ្នកមាននិងខ្មោចអ្នកក្រ គឺមានរបររកស៊ី មិនសូវខុសគ្នា ដូចកាលនៅរស់ប៉ុន្មានទេ, ម្នាក់ៗដែលស្តាប់វានិយាយ ក៏ឆ្ងល់ថា វាមិនដែលធ្លាប់ស្គាល់ ទីក្រុងនោះទេ ហើយឪពុករបស់វា ក៏វាមិនដែលស្គាល់ច្បាស់ដែរ ហើយវាបញ្ជាក់ថា ឱ្យតែចាស់ៗភាគច្រើន ដែលបានស្លាប់ទៅ គាត់ទៅនៅឯទីក្រុងព្រះសីហនុទាំងអស់ អញ្ចឹងប្រហែលជាខ្មោចទាំងអស់នោះ បានធ្វើបុណ្យល្អហើយ បានទៅនៅ កន្លែងខ្លាញ់ក្បែរមាត់សមុទ្រនោះ ចឹងអ្នកដែលទៅលេង ទីក្រុងនោះ ល្អែងសង្កេតមើលផង ខ្លាចបានឃើញបងប្អូនញាតិសន្តាន ដែលបានស្លាប់ហើយនៅទីនោះ, បន្ទាប់ពីបីថ្ងៃក្រោយមកវា ក៏បានស្លាប់ផងដែរ ហើយខ្ញុំក៏បានទៅចូលរួម មានបានជួយថតដាក់ វិឌីអូដែរ មានអីអ្នកស្រុកស្រែ គាត់សប្បាយណាស់ ម្នាក់ៗស្រីប្រុស ខំតែងខ្លួនលាបម្សៅ យកលុយកាក់ មានអង្ករ ទៀនធូប ទៅចូលបុណ្យ យ៉ាងកុះករ មានអីបានលុយ មួយបង្វិចធំ គ្មានពីហ៊ានទុកលុយនោះ ទៅទៀត ចឹងមានតែប្រគល់ឱ្យខ្ញុំជាអ្នកទុក មានអីម៉ោង ១យប់ហើយ រាប់លុយមិនហើយទៀត នៅពេលនោះមាន មនុស្សប្រុសៗបីបួននាក់ មកសួរសុខទុក្ខដែរ តែពន្លឺភ្លើងចង្គៀងប្រេងកាត ក៏បានពន្លត់ដែរ…។ល។

17. កំប៉ុងគោជាន់ - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
-សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
-សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
-ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
-ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
http://www.childhelpline.org.kh/Defaultkh.aspx

18. ទឹម បឿន - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

តាម​មើល ប្រហែល​លោកគ្រូ​ចិត្រ ក៏​នៅ​មិន​ប្រាកដ​១០០%​ថា​គ្មាន​ខ្មោច​ដែរ ។

និយាយ​រឿង​ខ្មោច​សុំ​ម៉ូតូ​ជិះ​នៅ​ជិត​វត្ត​ភ្នំខ្លែង ខែត្រ​តាកែវ​​​នោះ បាន​ប្រាប់​ម៉ូតូ​នោះ​ថា ​ជិះ​ទៅ​បុណ្យ ។ មក​ដល់​រោង​បុណ្យ​ក៏​ចុះ​ដើរ​ចូល​ទៅ​បាត់​មិន​ឱ្យ​លុយ អ្នក​ម៉ូតូ​នោះ​ចុះ​​តាម​ទៅ​ដល់​ក្នុង​រោង​បុណ្យ ឃើញ​រូបថត​គឺ​ជា​រូប​អ្នក​ដែល​គាត់​ឌុប​មក​មុន​នេះ ។ គាត់​ភ័យ​រហូត​ឈឺ ហើយ​ក៏​ស្លាប់​ពីរបី​ថ្ងៃ​ក្រោយ ។ រឿង​ហ្នឹង​សូម្បី​តែ​កាសែត​កោះសន្តិភាព​ក៏​ចុះ​ផ្សាយ​ដែរ ។

អ្នក​និពន្ធ​រឿង​ខ្មោច​របស់​ចិន បាន​ឱ្យ​តួអង្គ​ខ្មោច​ដែល​ស្លាប់​ទៅ​នោះ អាច​មើល​ឃើញ​មនុស្ស​ទាំងឡាយ តែ​មិន​អាច​និយាយ​ឱ្យ​មនុស្ស​ឮ មិន​អាច​ចាប់​ប៉ះ​មនុស្ស​បាន ប៉ុន្តែ​មាន​មនុស្ស​ម្នាក់​ដែល​អាច​មើល​ខ្មោច​នេះ​ឃើញ និយាយ​គ្នា​បាន រាល់​ពេល​ខ្មោច​នេះ​ចង់​ឱ្យ​ឃើញ ដែល​ខ្មោច​នេះ​ពឹង​មនុស្ស​ម្នាក់​នេះ​ឱ្យ​ជួយ​គ្រួសារ​របស់​គាត់… ។

ឬ​ក៏​អាច​ថា មនុស្ស​ធម្មតា​មិន​អាច​មើល ឬ​ទាក់ទង​ជាមួយ​ខ្មោច​បាន? គេ​ថា​អ្នក​ដែល​រៀន​បាលី វិជ្ជា​ចាប់​ខ្មោច ច្រើនតែ​មាន​ខ្មោច​មក​សាកល្បង ។ តា​ខ្ញុំ ទៅ​ណា​​យប់ព្រលប់ ច្រើន​តែ​ជួប​ខ្មោច​ដែរ ។ យាយ​នៅ​ផ្ទះ​ជាប់​នឹង​ខ្ញុំ​អាយុ​តំណាល​សម្ដេច​តា ធ្លាប់​ព្រាយ​ដើម​អម្ពិល​ក្បែរ​វត្ត​ទម្លាក់​សក់​មក​ដល់​ដី​បន្លាច គាត់​ក៏​ឈឺ​ធ្ងន់ និង​លែង​ហ៊ាន​ដើរ​តាត់​វត្ត​តាម​ដើម​អម្ពិល​នោះ​ទៀត ។ អ្នក​ពោះ​ធំ​ក៏​មិន​ហ៊ាន​ដើរ​តាម​នោះ​ដែរ… ។

អ្នក​ខ្លះ​ថា ខ្មោច​ដែល​ស្លាប់​ទៅ​មិន​ទាន់​អស់​ចិត្ត ជួនកាល​​គេ​យោគយល់ អនុញ្ញាត​ឱ្យ​មក​រក​បងប្អូន… ។

19. sambatt - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

សូមកែក្នុងអត្ថបទខ្ញុំខាងលើ៖ ល្បឿនពន្លឺទៅជា
៣០០ ០០០គ.ម/វិនាទី។

តាមពិតពេលវេលាគ្រានតែជាការសន្មត់់តែប៉ុណ្ណោះ…
ក្នុងបរលោក អត់់មានពេលវេលាទេ ហើយក៏គ្មានភពដែរ។
ទីណាមានភព (ផ្កាយ ផែនដី ព្រះចន្ទ……. ) ទីនោះមានពេលវេលា។
ព្រោះចលនានៃភពបង្កើតពេលវេលា ដូចជាមួយថ្ងៃ២៤ម៉ោងបង្កើតឡើង
ដោយសារការវិលនៃភពផែនដីមួយជុំខ្លួនឯងគឺ ១២ម៉ោងទទួលពន្លឺព្រះអាទិត្យ(ពេលថ្ងៃ)និង១២ម៉ោងទទួលម្លប់់(ពេលយប់់)

20. botrakhmer - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

ខ្មោចលងតែអ្នកខ្លាចខ្មោចប៉ុណ្ណោះ។

21. ទឹម បឿន - ថ្ងៃ អង្គារ ទី 14 ខែកញ្ញា 2010

អ្នក​ខ្លាច​ខ្លះ ក៏​មិន​ដែល​បាន​ឃើញ​ខ្មោច​លង​ដែរ :D

22. វិចិត្រ - ថ្ងៃពុធ ទី 15 ខែកញ្ញា 2010

ខ្មោច​លង​អាច​មាន​នៅ​កន្លែងណាមួយ ភព​ណាមួយ តែអ្វី​ដែល​ខ្ញុំ​មិន​ជឿ គឺ​រឿង​ដែល​គេបាន​និទាន​កន្លង​មក។ ដូចក្នុង​ទស្សនាវដ្ដីមួយនោះ ម្នាក់​​ស្រវឹង​ស្រា​ជិះម៉ូតូ​ដួល​សោះ ទៅ​បន្ទោស​តាអ្នក​តា​ចង់​បាន​ម៉ូតូ​ជិះ​ឯណា​ទៅ​វិញ :D
ដូច​ក្នុង​កោះសន្តិភាព​ចុះ​ហ្នឹង បើ​ចឹង​ទាំង​អស់​មែន វាជា​រឿង​ចំលែកមួយ។ តែ​ខ្ញុំ​ខ្លាច​ថា ពន្លើស​ខ្លះ បុរស​នោះ​យល់​ច្រលំខ្លួន​ឯង​ខ្លះ មិន​ដឹង។

អ្នក​ធម្មតា មើល​ខ្មោចមិន​ឃើញ តែ​ពេល​ខ្មោច​លង​ទៅ​ជា​មើល​ខ្មោច​ឃើញ​ទៅ​វិញ។ អ៊ីចឹង​មាន​ន័យ​ថា​បើ​ខ្មោច​ចង់​អោយ​យើង​ឃើញ យើងឃើញ​ហើយ។ ប៉ុន្តែ​ម៉េច​ក៏​ខ្មោច​មិន​ចង់​អោយ​គេ​មើល​ឃើញ​ដូចមនុស្ស​ធម្មតា ឃើញ​ម្ដង​ឃើញ​ទាំង​អស់​គ្នា?

23. sambatt - ថ្ងៃពុធ ទី 15 ខែកញ្ញា 2010

មានពេលខ្លះខ្មោចលងគ្នាច្រើនដែរតើ គឺពីរបីនាក់់ឡើង តែមិនសូវ
សំបូរទេ ។ជាញឹកញាប់់ខ្មោចលងតែមនុស្សម្នាក់់ ព្រោះស្រួលលងហើយមិន
រញ៉េរញ៉ៃ ។កន្លែងដែលខ្មោចលងគឺទីស្ងាត់់ជ្រងំ ជាពិសេសពេលយប់់….
ខ្មោចលងទំាងអ្នកខ្លាច និងមិនខ្លាច ។អ្នកមិនខ្លាច មកពីមិនទាន់់ជឿ ដល់់់
ជួបការពិតបានខ្លាច ដូចករណីអ្នកខ្លះខ្មោចលងរួចហើយ យករឿងនោះមកនិយាយប្រាប់់គេឯង រួចបានភ័យក្រោយ ដោយគិតថាបើ
ពេលខ្មោចកំពុងលងនោះ គិតថាខ្មោចលង មិនដឹងលស់់ព្រលឹងបាត់់ទៅហើយក៏មិនដឹង។

24. achharia - ថ្ងៃពុធ ទី 15 ខែកញ្ញា 2010

អោយតែខ្ញុំបានជួបម្ដង នឹងសុំលេខឆ្នោតហើយ ! :P

25. pinkpanther007 - ថ្ងៃ អាទិត្យ ទី 19 ខែកញ្ញា 2010

ចួនកាលខ្មោចចង់លងនរណាម្នាក់ មិនប្រាកដថាលងបានទេ
ព្រោះមនុស្សម្នាក់ណឹងមានយីអ៊ុនខ្ពស់ ខ្មោចលងបានតែអ្នក
មានយីអ៊ុនទាបទេ :)

26. ស្រឡាញ់ខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ ទី 23 ខែធ្នូ 2010

ខ្ញុំ ខ្លាចខ្មោច តែអត់ជឿថាមានខ្មោចទេ ។ អ្នកខ្លះនិយាយថា អ្នក
ដែលត្រូវបានខ្មោចលងនោះ គឺ មានសំណាងធំណាស់ ព្រោះអ្នក
នោះមាននិស្ស័យនិងខ្មោច អាចជួយឱ្យ ខ្មោច នោះទៅចាប់កំ
ណើតនៅទីដ៏សមគួរ ។

អ្វីដែលបណ្ដាលឱ្យខ្ញុំ ខ្លាចញាក់សាច់គឺ ខ្មោចឆៅ គឺ មនុស្សខ្លែង
បន្លំធ្វើជាខ្មោចរួចលង ។ ខ្មោចឆៅនេះអាចលងរហូតដល់ស្ដាប់
បាន ។

ខ្មោចមែនទែន ខ្ញុំគ្មានវាសនាបានឃើញម្ដងណាឡើយ ទោះបី
ខ្លាចយ៉ាងណាក៏ដោយ គឺមិនដែលបានជួបប្រទះឃើញសោះ ៕


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 238 other followers

%d bloggers like this: