តម្រា​ចូលឆ្នាំ​ថ្មី


ព្រហាម​ថ្ងៃ​ពុធ ទី​ដប់បួន​គត់ ក្នុង​ខែ​មេសា
ត្រូវ​បាន​កំណត់ តាម​ក្បួន​ហោរា កំណត់​ចារ​ថា
ពេល​ចូល​ឆ្នាំ​ថ្មី ។

ឆ្នាំ​ខាល​ទោស័ក ព្រលឹម​ត្រជាក់ ចូល​ដល់​សិរី
នៅ​​ម៉ោង​ប្រាំពីរ សាម​ប្រាំមួយ​នៃ ជា​ពេល​សួស្ដី
ដល់​រដ្ឋ​ប្រជា ។

មាន​ទេពធីតា រូប​ល្អ​ថ្លៃថ្លា ព្រះនាម​មណ្ឌា
គឺ​ជា​​បុត្រី កបិល​ព្រហ្មា ចូល​មក​រក្សា
គ្រប់គ្រង​​ដែន​ដី ។

គ្រង​ដោយ​អម្ពរ គឺ​អន​ដោយ​ពណ៌ បវរ​ល្អ​ក្រៃ
នៅ​ឯ​ព្រះ​កាណ៍ បុប្ផា​ពណ្ណរាយ ចម្ប៉ា​សព្វសាយ
គន្ធា​​ពិសិដ្ឋ ។

នៅ​ព្រះហស្ត​ឆ្វេង ឈើ​ច្រត់​នោះ​​ឯង សែន​ល្អ​វិចិត្រ
ខាង​ស្ដាំ​ទ្រង់​ម្ជុល ដ៏​ល្អ​ប្រណិត នៅ​ក​សម្អិត
ដោយ​កែវ​ពិទូរ្យ ។

យក​គទ្រភៈ ជា​ពាហនៈ គង់​ឆ្លង​ជម្ពូ
សោយ​ទឹកដោះ​ស្រស់ តាម​ការ​គន់គូរ មាន​មក​ជា​យូរ
តាំង​ពី​បុរាណ ។

នាំ​ទេពធីតា ដង្ហែ​សិរសា ហោះ​ឆ្ពោះ​ទៅ​កាន់
ធម្មមាលី ទី​ព្រៃ​ស្មសាន ក្នុង​ខែត្រ​ហិមពាន្ត
ភ្នំ​ព្រះ​សុមេរុ៍ ។

ហែរ​ប្រទក្សិណ បាន​មួយ​ជុំ​សិន ទើប​នាំ​ដង្ហែ
វិល​មក​ទី​ដើម តាម​ពាក្យ​ផ្ដាំផ្ដែ មហាព្រហ្មី
កាល​នៅ​ជន្មា ។

ក្បួន​ស្រេច​កាល​ណា ទើប​អស់​ទេវតា ចូល​ស្រង់​គង្គា
ក្នុង​មហាស្រះ ដ៏​ធំ​មហិមា ស្រង់​ស្រេច​កាលណា
រក្សា​សិល​ប្រាំ ។

តម្រា​បុរាណ ចារ​តាម​លំអាន នៃ​បុណ្យ​ចូលឆ្នាំ
ឲ្យ​អស់​ប្រជា គោរព​ប្រចាំ ត្រូវ​កត់​ចំណាំ
ត​ដល់​កូនចៅ ៕

ដោយ ទឹម បឿន
១០ មេសា ២០១០

អម្ពរ (ន) សំពត់
អន (គុ) ស្រគំ (ពណ៌)
កាណ៌ (ន) ត្រចៀក
ពិទូរ្យ (ន) ពេជ្រ​ភ្នែក​ឆ្មារ
គទ្រភៈ (ន) សត្វ​លា

About these ads

19 thoughts on “តម្រា​ចូលឆ្នាំ​ថ្មី

  1. រដ្ឋ និយាយថា៖

    សត្វ​លា ជា​សត្វ​មិន​សូវ​ស្វាហាប់​ដូច​សេះ​ទេ ឆ្នាំ​នេះ​រាល់​កិច្ច​ការ​ទាំង​ឡាយ​តោង​ចេះ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ម៉ត់ចត់​ផង… ដូច​ជា​ការ​សម្រេច​ការ​អ្វី​ធ្វើ​ដោយ​ប្រាជ្ញា​ចិត្ត​គំនិត ទើប​ទេព​ធីតា​ឆ្នាំ​នេះ​ទ្រង់​កាន់​ម្ជុល​និង​ឈើ​ច្រត់ វាពុំ​ស្ដែង​ពី​ការ​ប្រើ​អាវុធ​យុទ្ធភ័ណ្ឌ​ដ៏​គ្រោះ​ថ្នាក់​ឡើយ ។ ការ​សោយ​ទឹក​ដោះ​ស្រស់​កម្រ​ណាស់ ខុស​ពីការ​សោយ​ឈាមរបស់​​ទេវតា​ឆ្នាំ​ទៅ ឆ្នាំ​ផល​ក្នុង​ស្រុក​នឹង​អាច​លក់​បាន​កម្រៃ​ខ្ពល់​តាម​តម្រា…

    ចម្លែក​ឆ្នាំ​នេះ​ទេពធីតាឈរលើ​ពាហនៈ!

  2. peehs07 និយាយថា៖

    ដូចជាមិនសូវស្រួលទេដឹង ខ្លាដេញសេះ?

    ដៃកាន់ម្ជុល ប្រហែលជាស្រុកខ្មែរយើង មានជោគជ័យច្រើន ខាងវិស័យកាត់ដេរហើយមើលទៅ!

    កាន់ឈើច្រត់ ប្រហែលចាស់ៗ អាត្រែតច្រើនហើយមើលទៅ ហើយទុកការងារឱ្យកូនចៅក្មេងៗធ្វើម្តង!

    បឿនប្រសប់តែង កំណាព្យមែន!

    សូមរិទ្ធីបារមីឆ្នាំថ្មី ចូរមានដល់យើងជាខ្មែរទាំងអស់គ្នា កុំបីខានឡើយ!

  3. សួស្តីឆ្នាំថ្មី!​សូមប្រសិទ្ធិពរជ័យសិរីមង្គលគ្រប់ប្រការជូនដល់គ្រប់ៗគ្នា
    សូមមើលរូបភាពហ្ន៎! ទោះបីសត្វលាមិនសូវស្វាហាប់ដូចសេះក៏ដោយ
    ក៏ខំប្រឹងរត់ឲ្យស្វាហាប់ដែរព្រោះអីសត្វខ្លាដេញតាមកៀកជាប់ពីក្រោយ…

  4. ពិរោះគ្រាន់បើដែរតើ បងប្រុស ពិតជាមានទេព្យកោសល និង ពិតជាកូនខ្មែរពិតប្រាកដមែន ដែលមានលទ្ធភាពអាចថែរក្សា មរតកខ្មែរ ជាខ្លួន បាន ប្អូនសូមកោតសរសើរដោយស្មោះ ។។
    សូមអរគុណ

  5. ទើប​តែ​ថ្ងៃ​នេះ​បាន​មក​មើល​ប្លក​វិញ អរគុណ​អ្នកទាំងអស់​គ្នា ជូនពរ​ឲ្យ​ជួបតែ​សុខ ធ្វើការងារ​បាន​ល្អ​ប្រសើរ មាន​គេ​គោរព​រាប់អាន បើ​រក​ស៊ី សូម​ឲ្យ​មាន​បាន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s