ASSIGNMENT របស់ក្រុមខ្ញុំ ខែ កក្កដា 5, 2008
Posted by ទឹម បឿន in ទាក់ទងនឹងខ្ញុំ.trackback
ពីម្សិលខ្ញុំបានទៅការពារកិច្ចការស្រាវជ្រាវផ្នែករចនាវិបសាយ។ ការងារហ្នឹងខ្ញុំធ្វើអត់ដេកពីរយប់ និងសរុបទៅចំណាយអស់៥ថ្ងៃ ដែលសម្រេចយ៉ាងលំបាក។ បន្ទាប់ពីការពាររួច ក្រុមខ្ញុំនាំគ្នាទៅហូបសាច់គោអាំង រួចក៏នាំគ្នាជិះមកផ្ទះ ពេលជិះមកជិតដល់ទូតអាមេរិក កាំជ្រួចក៏ផ្ទុះឡើង ហើយយើងក៏នាំគ្នាឈៀងទៅទីនោះមើលកាំជ្រួច។ ឃើញកាំជ្រួចគេបាញ់នោះវាអស្ចារ្យណាស់ ខ្ញុំមិនដែលឃើញគេបាញ់កាំជ្រួចច្រើនដូច្នេះទេ។ នាំគ្នាឆ្ងល់ថាហេតុអីបានជាគេបាញ់កាំជ្រួចច្រើនដូច្នេះ បន្តិចទើបនឹកឃើញថាជាថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិកដែលទទួលបានពីអង់គ្លេសកាលពីថ្ងៃទី៤ កក្កដា ១៧៧៦។ ក្រោយមកមិត្តខ្ញុំក៏ជូនខ្ញុំមកផ្ទះ។
ពួកយើងសប្បាយណាស់ តែរឿងដែលធ្វើឲ្យខ្ញុំអន់ចិត្តគឺអ្នកគ្រួផ្នែករចនាវិបសាយដែលក្រុមខ្ញុំទើបនឹងការពារកិច្ចការរបស់គាត់រួច។
ពេលដែលចូលទៅការិយាល័យរបស់គាត់ គាត់សុំ source ខ្ញុំក៏ហុច flash drive របស់ខ្ញុំទៅគាត់។ ក្រោយពីគាត់ចម្លងទុកក្នុងកុំព្យូទ័ររបស់កាត់រួច គាត់ទាញក្រដាសម្នាក់មួយសន្លឹកៗ ហើយសួរឲ្យពួកខ្ញុំសរសេរចម្លើយឲ្យគាត់។ គាត់សួរខ្ញុំក្រោយគេ ដោយសួរមេរៀន តែខ្ញុំក៏សុំគាត់ឲ្យគាត់សួរកូដចុះព្រោះខ្ញុំមិនចេះមេរៀន។ និយាយទៅខ្ញុំមិនចេះមែន ព្រោះចូលរៀនម៉ោងគាត់បានតែ៤ ៥ម៉ោងប៉ុណ្ណោះ ហើយគាត់ក៏ព្រម។ ក្រោយពេលសរសេរឲ្យគាត់ហើយ គាត់ដាក់ពិន្ទុឲ្យម្នាក់ៗបាន១៤លើ២០ ហើយប្រាប់ថារួចរាល់ហើយ សូមចេញចុះ ឲ្យក្រុមផ្សេងចូលម្ដង។ ខ្ញុំរាងទីទើរ តែមិនតបអ្វីទេ ក៏សុំ flash drive របស់ខ្ញុំមកវិញ ហើយចេញទៅ តែក្នុងចិត្តមិនសប្បាយទេ។
ការងាររួចរាល់ បានពិន្ទុហើយ វាគួរតែសប្បាយហើយ តែខ្ញុំនៅតែអន់ចិត្តនឹងគាត់។ ទីមួយអន់ចិត្តនឹងពិន្ទុ។ ពិន្ទុ១៤វានៅតិចជាងក្រុមផ្សេងទៀត ដែលគេបានដល់ទៅ១៧។ ឲ្យគេ១៧ មិនដឹងថាគាត់សំអាងលើអ្វីទេ បើការងារគេមិនឲ្យគេការពារហើយសួរតែសំណួរដូច្នេះ ចំណែកក្រុមខ្ញុំក៏ដូចគ្នា សួរតែសំណួរ ឆ្លើយត្រូវដូចគ្នាក៏បានពិន្ទុមិនស្មើគ្នា។ មួយទៀត បើប្រៀបធៀបការងារដែលក្រុមគេធ្វើ ក្រុមខ្ញុំធ្វើបានច្រើនជាងគេ ហើយ project ក៏ធំជាងគេដែរ គ្រាន់តែកូដទាំងអស់ជិត១០០០បន្ទាត់ទៅហើយ ខ្ញុំចម្លងតែកូដធ្វើសៀវភៅដោយមិនពន្យល់អ្វីសោះ វាបានដល់ទៅ៤០ទំព័រ ចំណែកក្រុមផ្សេងសៀវភៅ របស់កេបានតែជាង១០ទំព័រប៉ុណ្ណោះ។ មានការងារក្រុមខ្លះចម្លងពីគ្នា រូបរាងក៏ដូចគ្នា តែគាត់មិនខ្វល់ទេ ឲ្យតែមានសៀវភៅឲ្យគាត់ គាត់សួរដាក់ពិន្ទុឲ្យតែម្ដង។ ទីពីរអន់ចិត្តដែលគាត់មិនឲ្យតម្លៃដល់ការងាររបស់សិស្ស ទាំងក្រុមខ្ញុំ និងក្រុមផ្សេងៗទៀត។ ពេលដែលគាត់យកការងារទៅ គាត់មិនឲ្យសិស្សការពារការងាររបស់ខ្លួនទេ។ ធម្មតាការងារមួយៗសុទ្ធតែមានបង្កប់ចំណុចពិសេសៗរៀងៗខ្លួននៅក្នុងនោះ បើគាត់មិនឲ្យសិស្សពន្យល់ធ្វើម៉េចនឹងដឹងថាការងារនោះយ៉ាងណា។
កិច្ចការដែលខ្ញុំស្រាវជ្រាវធ្វើ គឺបង្កើត វិបប្លក់ (Weblog) ។ វាមិនដល់ថ្នាក់អស្ចារ្យនោះទេ តែវាលើសពីអ្វីដែលអ្នកគ្រូបង្រៀនទៅទៀត គួរណាស់តែគាត់លើកទឹកចិត្ត និងឲ្យតម្លៃខ្លះ។ ខ្ញុំខំអស់ពីកម្លាំងកាយចិត្ត សូម្បីតែចំណុចតូចតាចនៅក្នុងនោះ ក៏ខ្ញុំខំធ្វើយ៉ាងណាឲ្យល្អដែរ ដាក់លក្ខខ័ណ្ឌដាក់អីគ្រប់បែបយ៉ាង។ ខ្ញុំស្ដាយដែលខំជ្រុលពេក។ ប្រហែលដោយសារតែដូច្នេះហើយ ទើបបានជាសិស្សៗស្រុកខ្មែរមិនសូវយកចិត្តទុកដាក់លើការងារសាលាដូច្នេះ ព្រោះគ្រូមិនសូវយកចិត្តទុកដាក់ ហើយមិនសូវខ្វល់លើការងារអស់ទាំងនោះ។
តែទោះជាយ៉ាងណាក៏ដោយ រឿងវាហួសហើយ ខ្ញុំក៏បានទទួលចំណេះច្រើនពីការងារនោះដែរ។ ចាត់ទុកថា បានចំណេះជាការតបស្នងលើការខំប្រឹងប្រែងទៅចុះ។
សូមមើលទំព័រខ្លះៗរបស់ project ក្រុមខ្ញុំ។



គួរឲ្យអាណិតមែន!
កុំនាំកម្សត់ ចង់តែយំទេ
ឡូយអស់ទាស់ម៉ងហ្អា!! ចង់ចេះដល់ហើយ…. សង្ស័យតែប្រើ php ទេហ្នឹង… ប្រើដែតាបេសធំចឹង mySQL តាមមើល ។ ចង់ធ្វើBlog ពី html ប្រើ database Access
kekeke យាយលេងទេ!!!
និយាយការពិតទៅទោះបីខ្ញុំជាខ្មែរមែនពិត តែជួនកាលមានអារម្មណ៏ធុញទ្រាន់នឹងប្រជាជនខ្មែរខ្លះដែរ នោះការច្រណែននិន្ទាឈ្នានីសមិនជួយលើកតំលៃអោយនណារម្នាក់ សោះនៅពេលដឹងថាគេបានបង្កើតអ្វីមួយដែលជាស្នាដៃរបស់គេពិតៗ ឬថាគេនោះមានលុយឡានដោយកំលាំងញើសឈាមគេ បែជាចង់ឲគេ វិនាសហិន ហោច ចង់អោយគេទាបជាងខ្លួន អ្នកណាល្បីអ្វីមួយ លូតលាស់អ្វីមួយគិតតែពីចង់ក្តិច ការកស៊ីជំនួញ បើឃើញគេរីកចំរើន តាំងច្រណែនរហូតដល់ជួលគេ ទៅបំផ្លាញ ហេតុអ្វីមិនគិតប្រឹងរកមធ្យោបាយ ដើម្បីល្អរីកចំរើនដូចគេ ហើយនឹងអោយតំលៃគេ។ រដ្ឋាភិបាលក៏មិនដែលផ្តល់ ទឹកចិត្តអោយអ្នកដែលរកស្រាវជ្រាវអ្វី រឺក៏សិក្សាពូកែរដែរ តែបើចំណាយលុយ មានស្រីស្នេហ៏ នាងអូនស្អាត រាប់មឺនសែនលានដុល្លាមិនស្តាយ។ ខុសពីស្រុកគេ គេអបអរគ្រាន់តែ សត្វឆ្កែជួយម្ជាស់ គេអោយតំលៃមានទាំងចុះផ្សាយTV ផ្តល់ពានកិត្តិយសតាមរយះចហ្វាយក្រុង ផ្តល់លុយ អបអរមនុស្សរាប់ពាន់នាក់។
ប្រើ php និង mySQL ណារដ្ឋ។
រឿងច្រណែននរណាក៏មានដែរ តែច្រណែនមិនសមហេតុផល ទើបយ៉ាប់។
គួរអោយអាណិតមែន! កុំអន់ចិត្ត។ តាមពិត វិបសាយរបស់អ្នកពិតជាឡូយមែន!
សង្ស័យអ្នកគ្រូហ្នឹងមិនដឹង Blog ហ្នឹងជាស្អីផងទេ មើលទៅ?
មើលអត្ថបទនេះហើយខ្ញុំមិនដឹងនិយាយស្អីទេ ព្រោះខ្ញុំអត់ចេះអីអាលីង ពាក់ព័ន្ធនឹងព័ត៌មានវិទ្យា! គ្រាន់តែសសើរចេះមានគំនិតច្នៃប្រឌិតថ្មីៗ!
អរគុណគឹមស៊ាដែលសរសើរ។
គាត់ស្គាល់ប្លក់ ឬមិនស្គាល់ខ្ញុំមិនដឹងដែរ តែដូចគ្មានចាប់អារម្មណ៍អីបន្តិចសោះ ខំធ្វើចង់ងាប់
អរគុណផេងជី
Project អីឡូយម្លេះ សូមសរសើរដោយស្មោះ ! ខ្ញុំចង់ចេះដូចបងដែរ !
គ្រាន់តែជាប្លក់ធម្មតាទេ។