jump to navigation

បុណ្យ​ភ្ជុំ​បិណ្ឌ ថ្ងៃពុធ ទី 26 ខែកញ្ញា 2007

Posted by ទឹម បឿន in ទំនៀម​ទម្លាប់​, ពិធី​បុណ្យ.
trackback

ចូលដល់​បុណ្យ​ភ្ជុំ​បិណ្ឌ​ទៅ​ហើយ ខ្ញុំ​សូម​ឆ្លៀត​ពេល​វាយ​អត្ថបទ អំពី​បុណ្យ​ភ្ជុំបិណ្ឌ សម្រាប់​ចែក​ជូន​មិត្ត​ ៗ និង បង​ប្អូន​ខ្មែរ​ទាំង​អស់ អាន​ ឬ ទុក​ជា​ឯកសារ ។ អត្ថបទ​ខាង​ក្រោម​នេះ ដក​ស្រង់​ចេញ​ពី​សៀវភៅ ពិធី​ប្រចាំ​ដប់​ពីរ​ខែ របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ ផ្សាយ​នៅ​ពុទ្ធ​សករាជ ២៥០៨ ត្រូវ​នឹង​គ្រឹស្ត​សករាជ ១៩៦៦ ។ បើ​មាន​ការ​ខ្វះខាត ខុស ឬ លើស​លួស​ត្រង់​ណា​សូម​មេត្តា​ខន្តី​អភ័យ​ទោស ព្រោះ​ខ្ញុំ​មិន​មាន​ពេល​សម្រាប់​ត្រួត​ពិនិត្យ​ឡើង​វិញ ។ សូម​អរគុណ !

បទ ទំនួញ​ប្រែត (អរគុណ ណារដ្ឋ​ដែល​បាន​ចែក​រំលែក)

បុណ្យ​កាន់​បិណ្ឌ ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ ១ រោច ខែ​ភទ្របទ ដើម្បី​ឧទ្ទិស​ផល្លា​និសង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក ។ ពិធី​នោះ​ត្រូវ​ធ្វើ​អស់​កាល​កន្លះ​ខែ​គត់ ។
នៅ​ខែ​ភទ្របទ មេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹក ចំនែក​ខាង​រនោច ព្រះ​ចន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​​យប់ ក៏​កាន់​តែ​ហោច​ទៅ ៗ ធ្វើ​ឲ្យ​វេលា​យប់​កាន់​តែ​ងងឹត​បន្តិច​ម្ដង ៗ ។ នៅ​ពេល​នោះ​ហើយ ដែល​យមរាជ (ស្ដេច​មច្ចុរាជ) ដោះ​លែង​ពួក​សត្វ​នរក​ទាំង​ឡាយ ក្នុង​ ១ ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ឡើង​ទៅ​រក​បង​ប្អូន កូន​ចៅ ដើម្បី​នឹង​ទទួល​កុសល​ផល​បុណ្យ ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ ។ ដោយ​សត្វ​នរក ជា​អ្នក​ខ្លាច​ពន្លឺ ទើប​អ្នក​ស្រុក​និយម​ធ្វើ​បុណ្យ​ឲ្យ​អ្នក​ទាំង​នោះ​នៅ​ខែ​ងងឹត ។ អ្នក​ខ្លះ​និយាយ​ថា តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះ​លែង​មក​ ខំ​ដើរ​រក​បង​ប្អូន​កូន​ចៅ​គ្រប់ ៧ វត្ត បើ​មិន​ឃើញ​អ្នក​ណា​ធ្វើ​បុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេ នោះ​នឹង​កើត​ក្ដី​ស្រេក​ឃ្លាន​ ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ញាតិ​មិត្ត​មិន​លែង​ឡើយ ។
ការ​ដែល​គេ​ធ្វើ​បុណ្យ​ក្នុង​កន្លះ​ខែ​ក្នុង​ខែ​ភទ្របទ​នោះ គេ​ហៅ​ថា “​កាន់​បិណ្ឌ​” ។ ពាក្យ​ថា​បិណ្ឌ មក​ពី​ពាក្យ​បាលី​ថា “បិណ្ឌៈ​” មាន​ន័យ​ថា “​ដុំ​បាយ​” ។
ក្នុង​សិលា​ចរឹក​របស់​ព្រះ​បាទ​យសោវរ្ម័ន ដែល​ទ្រង់​សោយ​រាជ​សម្បត្តិ​ក្នុង​រវាង គ.ស. ៨៨៩ ដល់ ៩១០ យើង​ដឹង​ថា នៅ​ក្នុង​អា​វាស​ជា​ច្រើន​ដែល​ព្រះ​អង្គ​ទ្រង់​បាន​កសាង គេ​តែង​ធ្វើ​ពិធី​បូជា​បាយ​បិណ្ឌ ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ​អ្នក​ស្លាប់​ក្នុង​ចំបាំង​រាំង​ជល់ និង ចំពោះ​ខ្មោច​ដែល​គ្មាន​បង​ប្អូន​​ជា​ទី​ពឹង​ទាំង​ឡាយ​ជា​រៀង​រាល់​ខែ ។
សម័យ​សព្វ​ថ្ងៃ​បុណ្ឌ​ជា​ដុំបាយ​ដំណើប ដែល​​គេ​ចំអិន​ដោយ​ខ្ទិះ​ដូង ហើយ​លាយ ឬ បុក​ជា​មួយ​គ្រឿង​ផ្សំ​ឯ​ទៀត តាម​​ទម្លាប់​ស្រុក ។ គេ​រៀប​បាយ​បិណ្ឌ នៅ​ជុំវិញ​បាយ​បត្ត​បូរ​ បាយ​បត្ត​បូរ​ ក៏​ធ្វើ​ដូច​ជា​បាយ​បិណ្ឌ​ដែរ គ្រាន់​តែ​ពូត ​ជា​ពំនូត​ធំ ៗ មាន​កំពូល​ស្រួច​ហើយ​គ្រប​ដោយ​សាជី​ស្លឹក​ចេក និង មាន​ដោត​ទៀត​ធូប​ភ្ញី​ផ្កា​ជា​លំអ​ផង ។ តាម​ទម្លាប់​នៅ​ថ្ងស​កាន់​បិណ្ឌ​ទី ១ គេ​ដាក់​បាយ​បិណ្ឌ​តែ ១ ពំនូត​ទេ ។ ហើយ​គេ​ចេះ​តែ​ថែម ១ ថ្ងៃ ១ ដុំ លុះ​ត្រា​តែ​គ្រប់ ១៥ ដុំ ។ ប៉ុន្តែ​មាន​ស្រុក​ខ្លះ មាន​ទំនៀម​ធ្វើ​ប្លែក​ពី​នេះ ភូមិ​ខ្លះ គេ​ធ្វើ​បាយ​ធ្វើ​បាយ​បិណ្ឌ​តែ ៥ ទេ ដេល​គេ​ទុក​ជា​និមិត្ត​រូប​ព្រះ​ពុទ្ធ ទាំង ៥ ព្រះ​អង្គ​ប្រចាំ​កប្ប​យើង​នេះ ។ នៅ​ភូមិ​ខ្លះ​ទៀត, ជុំ​វិញ​ជើង​បាយ​បត្ត​បូរ ​មាន​ដាក​បាយ​កន្ទោង ៨ ផង ហើយ​កន្ទោង​និមួយ ៗ មាន​តាំង​ពី​បាយ ១ ដុំ ដល់​ ១៥ ដុំ ។ កន្ទោង​បាយ​ទាំង ៨ នោះ គេ​ទុក​បម្រុង យក​ទៅ​ដាក់​ជុំវិញ ព្រះ​វិហារ​គ្រប់​ទិស​ទាំង​ប្រាំបី ។
តាម​ទម្លាប់ ជា​ធម្មតា គេ​ត្រូវ​ទុក​បាយ​បត្តបូរ​នៅ​ទី​វត្ត​, ឯ​បាយ​បិណ្ឌ គេ​ត្រូវ​នាំ​យក​ទៅ ផ្ទះ ដើម្បី​នឹង​ប្រើ​ការ​នៅ​ពេល​ដែល​គេ​បញ្ចប់​បុណ្យ​នេះ ។ ក្រៅ​ពី​បាយ​បិណ្ឌ និង បាយ​បត្ត​បូរ គេ​មាន​ធ្វើ​ផ្កា​បិណ្ឌ ដែល​មាន​បាច់​ផ្កា ១ រាង​ដូច​សាជី​ជ្រុង ថែម​ទៀត ។ ផ្កា​បិណ្ឌ​មាន​ឆ្អឹង កណ្ដាល​ធ្វើ​អំពី​ឫស្សី កំពស់​ប្រហែល​ជា ១​ម. មាន​ស៊ក​កង់​ឈើ​មូល ៗ ជា​ថ្នាក់​រាង​ធំ​ក្រោម រៀវ​តូច​ទៅ​លើ ។ នៅ​កន្លែង​កង់​ជា​ថ្នាក់ ៗ នោះ​មាន​ដោត​ផ្កា​ញ័រ ធ្វើ​ដោយ​ស្ពាន់​ក្រាប​នឹង​ក្រដាស​គ្រប់​ពណ៌ ដោយ​នៅ​ចុង​ទង់ ធ្វើ​ដោយ​ខ្សែ​លួស តែ​កាល​ណា​មាន​ខ្យល់​បក់​មក សូម្បី​​តិច​យ៉ាង​ណា ក៏​អាច​ធ្វើ​ផ្កា​ទាំង​នោះ ឲ្យ​រញ្ជួយ​ញ័រ​ ៗ ដែរ នៅ​កំពូល​ស៊ុម ផ្កា​នោះ​មាន​រូប​ហ្ស​តូច​មួយ​ធ្វើ​ដោយ​ឈើ នៅ​លើ​ខ្នង​ហង្ស​មាន​ដោយ​ទៀន ១ ផង ។ នៅ​វត្ត​ខ្លះ ពួក​ទាយក ទាយិកា នាំ​គ្នា​ផ្លាស់​ទៀន​នេះ រាល់​យប់ ។
គេ​ធ្វើ​ផ្កា​បិណ្ឌ ដើម្បី​ឧទ្ទិស​បូជា​ដល់​ប្រះ​ចូឡា​មណី​ចេតិយ នៅ​ឯ​ឋាន​ត្រៃត្រឹង្ស ដែល​ជា​ទី​តម្កល់​ព្រះ​កេសា​នៃ​ព្រះ​បរម​សាស្ដា ​ដែល​ទ្រង់​បាន​កាត់​នៅ​ពេល​ដែល​ទ្រង់​ចេញ​សាង​ព្រះ​ផ្នួស ។
ចាប់​តាំង​ពី​ថ្ងៃ​ពេញ​បូរមី ខែ​ភទ្របទ​មក ទាយក ទាយិកា នាំ​គ្នា​ទៅ​ប្រជុំ​នៅ​ទីសាលា​វត្ត ដែល​គេ​វាន​ចាត់​ចែង រៀប​ចំ​លំអរ ជា​ស្រេច​សម្រាប់​បុណ្យ ដើម្បី​ស្ដាប់​ព្រះ​សង្ឃ​សូត្រ​មន្ត និង សំដែង​ធម្មទេសនា ។ លុះ​ចប់​ធម៌​ទេសនា ហើយ​គេ​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ទីលំនៅ​រៀង ៗ ខ្លួន​ដល់​ថ្ងៃ​បន្ទាប់​មក​ ទើប​នាំ​គ្នា​ក្រោក
ពី​យប់​ទី​ប្រជុំ​នៅ​ឯ​ទី​វត្ត​ទៀត ។
អ្នក​ណា​ទៅ​ដល់​វត្ត​មុន​គេ អ្នក​នោះ ទូង​ស្គរ​ជា​សញ្ញា ដល់​​អ្នក​ជើង​វត្ត​ឯ​ទៀត ។ ពេល​ឮ​សញ្ញា​ស្គរ​វត្ត​ហើយ គេ​ប្រញាប់​ប្រញាល់​នាំ​បាយ​បិណ្ឌ បាយ​បត្ត​បូរ និង ម្ហូប​ចំណី​ផ្សេង ៗ ទៅ​កាន់​វត្ត​យ៉ាង​រួសរាន់ ។ ដល់​ហើយ​នាំ​គ្នា​ដើរ​ទក្ខិណាព័ត៌​ព្រះ​វិហារ ៣ ជុំ រួច​ទើប​នាំ​គ្នា​ចូល​ទៅ​ស្ដាប់​ព្រះសង្ឃ​​ស្វាធ្យាយ​ធម៌ ។ ធម៌​ដែល​ព្រះ​សង្ឃ​សូត្រ​នៅ​ពេល​នោះ​មាន ២ យ៉ាង, ធម៌​មួយ​យ៉ាង សម្រាប់​ឧទ្ទិស​គ្រៀង​សំណែន​ដល់​ខ្មោច ធម៌​មួយ​ទៀត សម្រាប់​តឿន​ព្រះ​អាទិត្យ​ឲ្យ​រះ​ឆាប់​ឡើង ។
ព្រលឹមឡើង អ្នក​វេន​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ស្រស់​ស្រូប​ហើយ ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ យក​ទាំង​បាយ​បិណ្ឌ​ទៅ​ផង ។ ដល់​ថ្ងៃ​ជិត​ត្រង់ ទើប​នាំ​គ្នា​យក​ចង្ហាន់ ទៅ​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់​ម្ដង​ទៀត ។ គេ​ធ្វើ​ដូច្នេះ​រហូត​ដល់​គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃ​ទី ១៥ នេះ​ហើយ​ដែល​ជា​ថ្ងៃ​សំខាន់​ជាង​គេ ។
ពិធី​ក្នុង​ព្រះ​បរម​រាជវាំងៈ
នៅ​ព្រះ​បរម​រាជវាំង ព្រះ​មហាក្សត្រ​ខ្មែរ​តែង​ធ្វើ​ព្រះ​រាជកុសល​កាន់​បិណ្ឌ​ជា​ទម្លាប់​មក ចាប់​តាំង​ពី​ថ្ងៃ ១១ រោច ។
នៅ​ពេល​នេះ យើង​សូម​ជូន​អំពី​ ព្រះរាជ​ពីធី​យ៉ាង​សង្ខេប, ព្រោះ​ថា​ក្រៅ​អំពី​ការរុងរឿង អធិកអធម​ក្នុង​ការ​រៀប​ចំ​ពិធី ពុំ​មាន​ទំនៀម​ប្លែក​ប៉ុន្មាន​អំពី​ទំនៀម​រាស្ត្រ​ឡើយ ។
ខាង​ទំនៀម​ព្រះ​មហាក្សត្រ ធ្វើ​ផ្កា​បិណ្ឌ​ច្រើន​ជាំង​នៅ​ទី​ដទៃ ព្រោះ​គេ​ធ្វើ​ជំនួស​បាយ បត្តបូរ​យើង​ធម្មតា ។ ផ្កា​បិណ្ឌ​ដែល​ប្រើ​ក្នុង​ព្រះ​រាជ​ពីធី ក៏​មាន​រាង​ធំ​ក្រោម​ ស្រួច​លើ​ដែរ ប៉ុន្តែ​នៅ​ចន្លោះ​ផ្កា​ញ័រ​ មាន​ដោត​ក្បាច់​កញចាំង​ឆ្លាក់​ភ្ជាប់ នឹង​សាច់​អំពៅ​ព្រោះ​តែ​ម្ដង ហើយ​នៅ​ថ្នាក់​ក្រោម​បង្អស់​មាន​ដោត​ទង់​រូប​ក្រពើ និង ទង់​រូប​នាគ​ធ្វើ​ដោយ​ស្ពាន់​ក្រាប ។ ព្រះ​រាជ​ពិធី​តែង​ធ្វើ​នៅ​ក្នុង​ព្រះ​ទេវា​វិនិច្ឆ័យ, នៅ​លើ​តុ​​មួយ​គេ​តំកល់​ប្រះ​ពុទ្ធ​រូប ១ អង្គ​ដែល​គេ​បាន​អភិសេក​ពី​ឆ្នាំ​មុន​រួច​ហើយ ដល់​ថ្ងៃ​បង្ហើយ​បុណ្យ គេ​ត្រូវ​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ថ្មី​ទៀត ។
នៅ​ថ្ងៃ​ ១១ រោច ដែល​ជា​ថ្ងៃ​ផ្ដើម​បុណ្យ ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត​នៅ​ក្នុង​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ ។ ស្អែក​ឡើង​គឺ​ថ្ងៃ​ ១២ រោច ព្រះ​សង្ឃ​ត្រូវ​និមន្ត​តាំង​ពី​ម៉ោង ៤ ភ្លឺ​ដើម្បី​ស្វាធ្យាយ ធម៌​រហូត​ដល់​ម៉ោង ១០ ទើប​ក្រុម​សង្ឃ​ការី រៀប​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​ការី​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឆាន់ ។ វេលា​រសៀល ថ្ងៃ​ដដែល ត្រូវ​វេន​ព្រះ​សង្ឃ​ដ៏​ទៃ​ទៀត ទៅ​បំពេញ​កិច្ច​ដូច​ថ្ងស​ទី ១ ដែល​យើង​បាន​ពោល​រួច​មក​ហើយ ។
ថ្ងស ១៣ រោច ពិធី​ដែល​ធ្វើ​តាំង​ពី​រសៀល​ថ្ងៃ​នេះ ទៅ​ទល់​នឹង​ព្រឹក​ថ្ងៃ​ស្អេក​ទៀត ជា​ពីធី​ថ្វាយ​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​អតីត​មហាក្សត្រ​ទាំង​ឡាយ ជា​ពិសេស​គឺ​ប្រះ​រាជា ៥ ព្រះអង្គ​ដែល​ទ្រង់​សោយ​ទីវង្គត​ក្រោយ​គេ គឺ​ព្រះ​ករុណា ព្រះ​អង្គឌួង ព្រះ​ករុណា​ព្រះ​នរោត្ដម ព្រះ​ករុណា​ព្រះ​ស៊ីសុវត្ថិ ព្រះ​ករុណា​ព្រះ​មុនីវង្ស និង ព្រះ​ករុណា​ព្រះ​សុរាម្រិត ។
នៅ​ថ្ងៃ ១៤ រោច ព្រះ​ករុណា, ព្រះ​រាជវង្សានុវង្ស ស្ដេច​ចេញ​ជា​ព្រះ​រាជា​ធិបតី​ជា​មួយ នឹង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ។
បន្ទាប់​មក គេ​និមន្ត​ព្រះសង្ឃ​បង្សុកូល គឺ​ជា​ការ​ពិចារណា​ដល់​ភាព​ឥត​ខ្លឹម​សារ​នៃ​មនុស្ស​ជាតិ និង ជា​កិច្ច​​បញ្ជូន​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ឲ្យ​បាន​រំដោះ​ផុត​ពី​ទុក្ខ​វេទនា ។ នៅ​វេលា​លោក​សង្ឃ​កំពុង​សូត្រ​គេ​យក​អំបោះ​ឆៅ​ប្រគេន​ព្រះសង្ឃ​គ្រប់​អង្គ​កាន់ ហើយ​យក​ចុង​សរសៃ​អំពោះ​ម្ខាង​ដាក់​ទៅ​ក្នុង​ផ្តិល​ទឹក​មន្ត​មួយ ។ ដែល​តម្កល់​នៅ​មុខ​ព្រះសង្ឃ​នាយក ហើយ​ចុង​ម្ខាង​ទៀត យក​ទៅ​ដាក់​ព័ទ្ធ​​ជុំវិញ​ហោព្រះ​អដ្ឋិ​ឯ​ណោះ ។ អំពោះ​នៅ​ជា​និមិត្ត​រូប​នៃ​ការ​ចម្លង​កម្លាំង​ធម៌ ខាង​សាសនា​ពី​អ្នក​រស់​នៅ​ទៅ​កាន់​អ្នក​ស្លាប់ ។
រួច​ពី​នោះ​មក ព្រះ​ករុណា​ទ្រង់​យក​បាច់​ផ្កា​ទៅ​ថ្វាយ​ចំពោះ​ព្រះ​បរម​រូប រូប​ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ​ចូល​ថ្វាយ​ផ្កា និង ថ្វាយ​បង្គំ​ព្រះ​បរម​រូប ជា​បន្ទាប់​ក្រោយ​ព្រះ​អង្គ ។ ត​មក​ទៀត ក្រុម​បារគូ​ចូល​ទៅ​​សូត្រ​ប្រសិទ្ធិពរ​ថ្វាយ​ព្រះ​បរម​រូប រូប​ចាង​ហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ ថ្វាយ​​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​បរម​រូប​ទៀត ដើម្បី​សូម​ព្រះ​អង្គ​បាន​ប្រកប​ដោយ​ព្រះ​សុភមង្គល​គ្រប់​យ៉ាង​ក្នុង​បរលោក ។
នៅ​ម៉ោង ៩ យប់ ព្រះ​ករុណា​ទ្រង់​យាង​មក​ជួប​ជុំ​ និង ព្រះ​រាជ​វង្សានុវង្ស ចៅ​ជិត​ចៅ​ចម ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ម្ដង​ទៀត​ដើម្បី​ធ្វើ​ពិធី​ “​ប្រជុំ​បិណ្ឌ​” ។ នៅ​ឱកាស​នោះ ព្រះ​ខ័ន​ស្ដេច​ត្រាញ់​ទាំង ៤ ក៏​ត្រូវ​អញ្ជើញ​មក​តម្កល់​ក្នុង​ពិធី​នោះ​ដែរ ។
សម័យ​បុរាណ តែ​កាល​ណា​ព្រះ​រាជ​អាណាចក្រ​ត្រូវ​បាន​រីក​ធំ​ឡើង ព្រះ​ករុណា​ទ្រង់​ជ្រើស​តាំង ព្រះ​រាជ​វង្សា​នុវង្ស ១ អង្គ ជា​ស្ដេច​ត្រាញ់​ដើម្បី​គ្រប់​គ្រង​តំបន់​ដែល​នៅ​ជិត​ព្រំ​ប្រទល់ ។ កាល​នោះ មាន​តែ​ស្ដេច​ត្រាញ់​បួន​ទេ ប្រចាំ​ទិស​ទាំង​ ៤ នៃ​ព្រះ​នគរ ។ ព្រះ​អង្គ​ទ្រង់​ព្រះរាជទាន ​មកុដ ១ ព្រះ​ខ័ន ១ និង ត្រា ១ ដល់​ស្ដេច​ត្រាញ់​ទាំង​នោះ មួយ​គ្រឿង ៗ មួយ​អង្គ ។
ប៉ុន្តែ​មកុដ និង ត្រា​បាត់​បង់​អស់​ទៅ​ហើយ នៅ​សល់​តែ​ព្រះ​ខ័ន ដែល​មាន​ពួក​បាគូ​មួយ​ក្រុម នៅ​វត្ត​បារាយណ៍​ក្នុង​ខេត្ត​កំពង់​ធំ នៅ​រក្សា​ដល់​សព្វ​ថ្ងៃ​នេះ ។ ព្រះ​ខ័ន ទាំង​បួន​មាន​សភាព​ដូច​គ្នា នៅ​លើ​មុខ​ព្រះខ័ន មាន​ឆ្លាក់​មន្ត​អាគម​ផង ហើយ​នៅ​លើ​ដង​មាន​ឆ្លាក់​​រូប​សត្វ​ ៤ បែប ។ សត្វ​ទាំង​ ៤ បែប​នោះ ទំនង​ជា​តំណាង​ចតុ​ទិស​នោះ​ឯង ។ ដោយ​ហេតុ​ថា​សម័យ​មុន ពួ​ស្ដេច​ត្រាញ់​ទាំង ៤ ត្រូវ​ចូល​ខ្លួន​ទៅ រាជ​ធានី ដើម្បី​គោរព​បូជា​ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ នៃ​បុព្វបុរស របស់​ខ្លួន ទើប​ព្រះ​ខ័ន ទាំង​បួន ដែល​ជា​តំនាង​ស្ដេច​ត្រាញ់ ក៏​ត្រូវ​យក​មក​តម្កល់ ក្នុង​រាជ​ពិធី​ថ្វាយ​ព្រះ​រាជ​កុសល​នោះ​ដែរ ។
ក្រៅ​ពី​នោះ មាន​តុ​ពីរ​ទៀត នៅ​ចំ​ពី​មុខ​កន្លែង តម្កល់​ព្រះ​បរម​រូប ។ តុ​មួយ​មាន​គ្រឿង​ប្រដាប់​សុទ្ធ​សឹង​មាស គឺ​ជា​ដង្វាយ​ថ្វាយ ព្រះ​បិតរ​ចំពោះ​ព្រះ​សព​នៃ​ព្រះ​មហាក្សត្រ ទ្រង់​រាជ្យ ។ តុ ១ ទៀត​មាន​សុទ្ធ​តែ​គ្រឿង​ប្រាក់ ជា​ដង្វាយ​សម្រាប់​ថ្វាយ​ព្រះ​បិតរ ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ នៃ​ព្រះ​រាជ​វង្សា​នុវង្ស ។ នៅ​ជិត​តុ​នោះ មាន​តុ​មួយ​តូច​មួយ​ទៀត តម្កល់​កែវ​ទឹក​ដូង ។
កាល​ព្រះ​ករុណា​ទ្រង់​យាង ដល់​ទី​ប្រជុំ​ហើយ ព្រះ​អង្គ​ទ្រង់​ព្រះ​រាជ​ទាន​ភ្លើង​អុជ​ទៀន គោល​ទាំង​គូ ដែល​ដាក់​នៅ​ចំពោះ​ព្រះ​ភក្ត្រ ព្រះ​បរម​រូប ។ បារ​គូ ៩ នាក់ សូត្រ​ថ្វាយ​ជ័យ​រួច​ចាក់​ទឹក​ស័ង្ខ​លើ​បាត​ព្រះ​ហស្ថ​ព្រះ​រាជា ហើយ​ថ្វាយ​ស័ង្ខ រួច​ថ្វាយ​ស្លឹក​ព្នៅ​ខ្ចី ១ សន្លឹក ដែល​ព្រះ​រាជា​ទ្រង់​ទទួល​សៀត​នៅ​ព្រះ​កាណ៌​ឆ្វេង ដើម្បី​សិរី​សួស្ដី ។
បន្ទាប់​មក​ទៀត ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ សូត្រ​បួងសួង​ព្រះ​បិតរ សូម​ឲ្យ​លោក​ទ្រទ្រង់​ព្រះ​មហា​ក្សត្រ និង រាស្ត្រ​ប្រជា​ ធំ​-តូច មាន​-ក្រ ដែល​រស់​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទាំង​មូល ទោះ​ជា​ជាតិ​សាស្ត្រ​ណា​ក៏​ដោយ សូម​ឲ្យ​បាន​សេចក្ដី​សុខ ចម្រើន​ទាំង​អស់ ។
លុះ​ចប់​កិច្ច​បួងសួង​ហើយ ព្រះ​ករុណា​ទ្រង់​យាង​ថ្វាយ​បង្គំ​ព្រះ​បរម​រូប​រួច​ទើប​ទ្រង់​យាង​ចាក់​ដូង​ជា​ក្រោយ ។ ត​មក​តៀត ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ចូល​ម្ដង ៤ នាក់ ៗ ដូច​មុន​ដែរ ។
បន្ទាប់​មក​ទៀត, ព្រះ​មហាក្សត្រីយានី​យាង​ចាក់​ទឹក​ដូង​តែ​មួយ​ព្រះ​អង្គ​ឯង រួច​ទើប​ក្រុម​ក្សត្រី ចៅ​ជិត ចៅ​ចម និង ភរិយា​​នាម៉ឺន​សព្វ​មុខ​មន្ត្រី ចូល​ចាក់​ទឹក​ដូង ម្ដង ៤ នាក់ ៗ ជា​លំដាប់​ ។ លុះ​ចប់​ពិធី​ចាក់​ទឹក​ដូង​ហើយ គេ​និមន្ត​ព្រះ​សង្ឃ​ទេសនា រឿង​ពុទ្ធ​ប្រវត្តិ រួច​រៀប​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គ នៅ​ក្នុង​យប់​ជា​មួយ​គ្នា​នោះ ។ នៅ​ទី​វត្ត​ទាំង​ឡាយ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក៏​មាន​ធ្វើ​ពិធី​ដូច​គ្នា​នេះ​ដែរ ដែល​យើង​នឹង​ជូន​សេចក្ដី​អធិប្បាយ​ទៅ​ខាង​មុខ ។
ប៉ុន្តែ សូម​កត់​សម្គាល់​ថា ពិធី​ចាក់​ទឹក​ដូង និង បិធី​អភិសេក​ព្រះ​ពុធ្ធ​រូប តែង​ធ្វើ​នៅ​ព្រះ​បរម​រាជ​វាំង ២៤ ម៉ោង មុន​ទំនៀម​រាស្ត្រ​ក្នុង​ព្រះ​នគរ​ជា​ដរាប ។
ព្រះ​សង្ឃ​សូត្រ​ពុទ្ធា​ភិសេក​ទល់​ភ្លឺ ។ លុះ​ភ្លឺ​ស្រាង ៗ ហើយ ពួក​ភ្នាក់​ងារ​យក​គ្រឿង​ផ្ទុក​ក្នុង​សង្ឃឹក​ឈើ​មួយ​តូច ដែល​មាន​ភាព​ដូច​ជា​តំណាក់​ផែ រួច​សែង​យក​ទៅ​ឯង​កំពង់​ផែ ទៅ​ដល់​គេ​ផ្ទេរ​គ្រឿង​ទាំង​នោះ​ដាក់​ទៅ​ក្នុង​ក្បូន​ដើម​ចេក ។ គេ​យក​ទូក ១ មក​សណ្ដោង​អូស​រហូត​ដល់​កណ្ដល់​ទន្លេ ៤ មុខ ទើប​លែង​ក្បូន​ឲ្យ​អណ្ដែត​ទៅ​តាម​ខ្សែ​ទឹក បញ្ជូន​ទាំង​វិញ្ញាណ​ក្ខ័ន្ធ ព្រះ​បិតរ​ទៅ​ស្រុក​ទេស​វិញ​ផង ។
លុះ​ត្រឡប់​មក​វិញ ពួក​ភ្នាក់ងារ​រៀប​ធ្វើ​ពិធី​បង្សុកូល និង ប្រគេន​ចង្ហាន់​សង្ឃ​ជា​ការ​ស្រេច ។ ក្នុង​ពេល​ជា​មួយ​នឹង​ព្រះ​រាជ​ពិធី​កាន់​បិណ្ឌ​ និង ភ្ជុំ​បិណ្ឌ ក្រុម​បារគូ​ក៏​ធ្វើ​ពិធី​បូជា​ចំពោះ​ទេវរូប​នៅ​នា​យោ​ព្រះ​បញ្ចក្សេត្រ​ដែរ ។ គេ​ធ្វើ​ពិធី​អញ្ជើញ​ទេវរូប​ទាំង​នោះ​ឲ្យ​ចេញ​វស្សា​ជា​មួយ​ផង ។
ទំនៀម​រាស្ត្រៈ
ថ្ងៃ​ខែ​ដាច់​ខែ​ភទ្របទ ជា​ថ្ងៃ​សំខាន់​ជាង​​គេ​ក្នុង​រដូវ​បិណ្ឌ គឺ​ជា​ថ្ងៃ​ “​ប្រជុំ​បិណ្ឌ​” ឬ “​ភ្ជុំ​បិណ្ឌ​” ។
មុន​ថ្ងៃ​ភ្ជុំ​ ជា​ថ្ងៃ​ភ្ជុំ​ធំ, នៅ​គ្រប់​គ្រួសារ​ខ្មែរ​គេ​នាំ​គ្នា​ធ្វើ​នំ​អន្សម នំ​គម ដើម្បី​យក​ទៅ​វត្ត​អារម ចែក​ញាតិ​មិត្ត​ជិត​ឆ្ងាយ និង សែន​ជីដូន​ជីតា ដែល​ធ្វើ​មរណ​កាល​ទៅ​ហើយ​នោះ ។ ចំនែក​នៅ​ឯ​វត្ត គេ​រៀប​ចំ​បោស​សំអាត​តុប​តែង​សាលា​បុណ្យ​ឲ្យ​សរម្យ តាម​របៀប ព្រោះ​នៅ​វេលា​យប់​ ១៤ រោច​នោះ ព្រះ​សង្ឃ​ត្រូវ​និមន្ត​ស្វាធ្យាយ​ធម៌ និង ទេសនា​ទល់​ភ្លឺ ហើយ​គេ​មាន​ធ្វើ​ពិធី​បង្សុកូល និង អភិសេក​ព្រះ​ពុទ្ធ​រូប ដូច​ជា​យើង​បាន​ពោល​មក​ហើយ​ក្នុង​ព្រះរាជ​ពិធី ។
មាន​រឿង​ដំណាល​ថា កាល​នោះ ព្រះ​បរម​ពោធិសត្វ​ទ្រង់​មាន​សេក្ដី​តក់​ស្លុត នឹង​ជរា​ព្យាធិ និង មរណៈជា​ពន់​ពេក ទ្រង់​យាង​ចាក​ភេទ​ជា​ក្សត្រ ដើម្បី​ទៅ​ស្វែង​រក​ព្រះ​និព្វាន​ជា​ឋាន​បរម​សុខ ។ ព្រះ​អង្គ​ទ្រង់​ធ្វើ​ទុក្ខ​កិរិយា​អស់​រយៈ​កាល ៦​ ឆ្នាំ ទាល់​តែ​មាន​ប្រះ កាយ​ស្គាំង​ស្គម​យ៉ាង​ខ្លាំង ប៉ុន្តែ​ក្រោយ​បន្តិច​មក ប្រះ​អង្គ​ទ្រង់​ពិចារណា​ឃើញ​ថា ការ​ដេល​ទ្រង់​ប្រព្រឹត្ត​នេះ មិន​អាច​ធ្វើ​ឲ្យ​សម្រេច​មគ្គ​ផល​បាន​ទែ ទើប​ព្រះ​អង្គ​ចាប់​ឆាន់​ចង្ហាន់​ឡើង​វិញ ។ ត​ពី​នោះ​មក ប្រះ​អង្គ​ក៏​ព្រម​ទទួល​ចង្ហាន់​ដែល​នាង​សុជាតា​បាន​ធ្វើ​​ដោយ​ផ្ចិត​ផ្ចង់​អស់​ពី​ចិត្ត​ថ្វាយ​ព្រះ​អង្គ ។
ព្រះ​អង្គ​ទ្រង់​បាន​សម្រេច​ព្រះ​សម្ពោធិញ្ញាណ នៅ​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​គង្គ​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស​មួយ ប៉ុន្តែ​មុន​នឹង​ទ្រង់​បាន​ត្រាស់​ដឹង មារា​ធិរាជ​ដែល​ជា​សត្រូវ តាម​ព្យាបាទ​ព្រះ​អង្គ​ជា​យូរ​ណាស់​មក​ហើយ ហើយ​ដោយ​សេចក្ដី​ក្ដៅ​ក្រហាយ​នឹង​បំបែរ​ព្រះ​ទ័យ​ព្រះ​អង្គ​ឲ្យ​ចុះ​អំ​ពី​រតន​បល្ល័ង្ក ។ ព្រះ​បរម​សា​ស្ដា​ទ្រង់​អាង​ដល់​នាង​គង្ហីង​ព្រះ​ធរណី ជា​កស្សិណ នាង​គង្ហីង​ចាង់​ផ្នួង​សក់​ច្បូត​ចេញ​ជា​ទឹក​លិចលង់​ពល​មារ​បរា​ជ័យ​ក្នុង​ពេល​នោះ​ហោង ។ ឯ​ទំ​នៀម​ធ្វើ​បុណ្យ អភិសេក​ព្រះ​ពុទ្ធ​រូប ជា​ទំនៀម​រំឭក​ដល់​​រឿង​ពុទ្ធ​ប្រវត្តិ ត្រង់​ដែល​ព្រះ​អង្គ​ផ្ចាញ់​មារាធិរាជ​នេះ​ឯង ។ ហេតុ​នេះ​ហើយ បាន​ជា​ក្នុង​ពិធី​ពុទ្ធា​ពិសេក​មាន​ក្មេង​ព្រហ្មចារី អង្គុយ​បក​ស្រូ​វ​ភោជសាលី និង ចំអិន​មធុបាយាស ដោយ​ទឹក​ដុង និង ភ្លើង​ទៀន​ជា​តំណាង​នាង​សុជាតា ។ ដល់​ពេល​ទៀប​ភ្លឺ មាន​យវជន​ជា​ច្រើន​រូប​តំណាង​ពល​មារ ចូល​ទៅ​ធ្វើ​អាការ​ហាក់​ជា​កំហែង​ព្រះ​អង្គ ពេល​នោះ​ពួក​កុមារី​បាន​ព្រាច​នូវ​ស្រទាប់​ផ្កា​ឈូក ជា​ការ​រំឭក​ដល់​កាល​ដែល​នាង​គង្ហីង​ធរណី​ច្បូត​សក់​បង្ហូរ​ទឹក​ឲ្យ​លិច​លង់​ពល​មារ ។
ពេល​ភ្លឺ​ស្រាង ៗ ទាយក​ទាយិកា នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​រៀង ៗ ខ្លួន ទៅ​សំរាក​បន្តិច ដើម្បី​នឹង​ត្រឡប់​មក​កាន់​វត្ត​វិញ នៅ​ពេល​ថ្ងៃ​ជិត​ត្រង់ ។
ជិត​ដល់​ពេល​ហើយ អ្នក​ស្រុក​ជើង​វត្ត​នាំ​គ្នា​ទូល​បាយ​បត្តបូរ បាយ​បិណ្ឌ​ម្ហូប​ចំណី​ផ្សេង ៗ ដែល​ធ្វើ​ដោយ​ផ្ចិត​ផ្ចង់​ទៅ​ប្រគេន​ព្រះ​សង្ឃ ដើម្បី​ឲ្យ​បាន​ផល​ដល់​ខ្មោច​ជីដូន​ជីតា ដែល​គេ​លែង​ឲ្យ​មក​ជួប​ជុះ​ក្នុង​ពេល​នោះ ។ នៅ​ស្រុក​ខ្លះ គេ​បង្វិល​ពពិល​បំបួស ដូន​ជី​មួយ​ផង នៅ​ឱកាស​នោះ ។
ពេល​ព្រលប់​ថ្ងៃ​ដដែល អ្នក​ស្រុក​ប្រមូល​ក្រុម​ញាតិ​នៅ​ផ្ទះ​រៀង​ខ្លួន ដើម្បី​សែន​ជីដូន​ជីតា ។ គេ​ក្រាល់​កន្ទេល ១ ដាក់​សំពត់​ស​ក្រាល​ពី​លើ មាន​ខ្នើយ ១ ផង នៅ​អម​កន្ទេល​ទាំង​សង្ខាង មាន​ថាស​ចំអាប បង្អែម បាយ​បិណ្ឌ និង បាយ​បត្តបូរ ។ លុះ​រៀប​ចំ​ស្រេច​កាល​នា មនុស្ស​ចាស់​ម្នាក់​ក្នុង​គ្រួសារ អុច​ធូប​ទៀន សំបូង​សំរូង អញ្ជើញ​ជីដូន​ជីតា ញាតិ​មិត្ត ដែល​បាន​ធ្វើ​មរណ​កាល​ទៅ​នោះ ឲ្យ​អញ្ជើញ​មក​សេព​សោយ អាហារ​ភោជន​ដែល​គេ​រៀប​ជូន និង ឲ្យ​សព្ទ​សាធុការ​ពរ ដល់​កូន​ចៅ​ញាតិ​សន្ដាន​ផង ។
ថ្ងៃ​ជា​បន្ទាប់​មក គឺ​ថ្ងៃ ១ កើត​ខែ​អស្សុជ គេ​ក្រោក​តាំង​ពី​យប់​នាំ​យក​ក្បូន​ដើម​ចេក ផ្ទុក​ដោយ​ស្បៀង​អាហារ ស្រូវ​អង្ករ នំ​នែក​គ្រប់​យ៉ាង យក​ទៅ​បណ្ដែត​ឲ្យ​រសាត់​តាម​ខ្សែ​ទឹក​ហូរ ហើយ​និយាយ​ថា សូម​ឲ្យ​ជីដូន​ជីតា​អញ្ជើញ​ត្រឡប់​ទៅ​ស្រុក​ដើម​វិញ​ចុះ ។
ក្នុង​ភូមិ​ខ្លះ​នៅ​ក្បែរ​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ដដែល​នោះ គេ​មាន​ថ្វើ​ពីធី​សេន ឬ​ ថ្វាយ​ព្រះ​ភូមិ​ផង ។ គេ​រៀប​ចំ​កន្ទេល​ខ្នើយ បាយ​ទឹក និង សំណែន​ផ្សេង ៗ ដូច​ជា​សែន​ដូនតា​ពី​ល្ងាច​ដែរ រួច​គេ​អញ្ជើញ​ព្រះភូមិ ព្រះ​ធរណី ឲ្យ​មក​សេព​សោយ​ព្រម​ទាំង​សុំ​ឲ្យ​កើត​ផល្លា​នុផល​បរិបូរ​ផង ។ ជួន​កាល បន្ទាប់​ពី​ការ​សែន​ព្រេន​ និង បួសងួង​នោះ​មក កូន​ក្មេង​ដែល​នៅ​ចាំ​ក្រោម​ផ្ទះ នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ វាយ​សរសរ​ផ្ទះ​ក្ដុងក្ដាំង បណ្ដើរ​ថា “​ឱ ! ព្រះ​ភូមិ​ករ ព្រះ​ធរណី យាង​មក​ឲ្យ​យើង​សុខ​សប្បាយ​ហើយ​” រួច​នាំ​គ្នា​សើច​លាន់​យ៉ាង​សប្បាយ​ទៅ ។
បន្ទាប់​មក​ទៀត កេ​យក​អំពោះ​ឆៅ​ទៅ​ចង​ដៃ​ម្ចាស់​ផ្ទះ​ប្រុស​ស្រី ចង់​សរសរ​កន្ទោង ចង​ស្នែង​គោ​ក្របី នង្គ័ល និង រនាស់ ។ អំបោះ​នេះ ជា​និមិត្ត​រូប​នៃ​សម្ពន្ឌ​មួយ​យ៉ាង​តឹង​រ៉ឹង រវាង​ភ្ញៀវ​ចូល​មក​ជួប​ជុំ និង អ្នក​ផ្ទះ ។ គេ​យក​ប្រេង ម្សៅ​ទៅ​លាប​ស្នែង​សត្វ​ពាហនៈ​ទាំង​នោះ ហើយ​សុំ​ខមា​ទោស កុំ​ឲ្យ​មាន​កម្មពៀរ ដោយ​បាន​ប្រើ និង វាយ​ដំ​សត្វ​នោះ ក្នុង​ការ​ធ្វើ​ស្រែ​ចំការ ។ រួច​អ្នក​ស្រែ​ចំការ​ នាំ​គ្នា​យក​ច្រម​ទៅ​ដោត​មួយ ៗ គ្រប់​រែស ។ ច្រម​នោះ​ធ្វើ​អំពី​ដើម​ឫស្សី​មួយ​កំណាត់ គេ​ច្រៀក​ចុង​ម្ខាង​ជា​បន្ទះ​ស្ដើង ៗ ហើយ​យក​វល្លិ៍​ក្រង​ឲ្យ​មាន​រាង​រីក​ចុង​រួម​គល់ ដូច​ជីវ​ឡាវ មាន​ដាក់​បាយ​ នំ ចំណី និង ចង​ស្លាប​មាន់​ខ្មៅ ១ នៅ​មាត់​ច្រក​នោះ​ផង ។ អ្នក​ស្រែ​យក​ច្រម​នោះ​ទៅ​ដោត​នៅ​ទិស​ឥសាន​ស្រែ ហើយ​ថយ​មក​អង្គុយ បួង​សួង​មួយ​សន្ទុះ សុំ​ឲ្យ​ធ្វើ​ស្រែ​បាន​ផល​ច្រើន ។ នៅ​កន្លែង​ខ្លះ​ទៀត គេ​យក​បាយ​បិណ្ឌ​ទៅ​ចោល​ក្នុង​ស្រែ​ដើម្បី​ឲ្យ​បាន​ផល​ច្រើន ។

About these ads

មតិ»

1. Mr. V - ថ្ងៃ សៅរ៍ ទី 29 ខែកញ្ញា 2007

ព្រឹក​ម៉ិញ “ថ្ងៃ​សៅរ៍” បាន​ទៅ​បោះ​បាយ​បិណ្ឌ​នៅ​វត្ត​ទួល​ទំពូង​​ជាមួយ​ម៉ាក់​ខ្ញុំ! ចុះ​កន​យើង​មាន​អ្នក​ណា​ទៅ​ណា​ទៅណី​ខ្លះ​ហើយ​នៅ? ណារដ្ឋ​ នឹង​បឿន​ទៅ​ស្រុក​អត់​ភ្ជុំ​ឆ្នាំ​នេះ? បើ​ទៅ​ប្រាប់​ខ្ញុំ​ផង​ក្រែង​ខ្ញុំ​សុំ​ទៅ​ស្គាល់​ផង!

2. ទឹម បឿន - ថ្ងៃ អាទិត្យ ទី 30 ខែកញ្ញា 2007

អត់​ទាន់​បាន​ទៅ​ណា​ទេ​តាវី ! អ្នក​បោះបាយ​បិណ្ឌ ឲ្យ​ច្រើន​ពេក រវល់​តែ​រើស​បាយ​បិណ្ឌ :D

តាវី​ឯង​ឡូយ​ណាស់​ហ្ន៎ ! បាន​ទៅ​វត្ត​ទៅ​វ៉ា​អី​ហើយ ! តាវី​ចង់​ទៅ​លេង​ស្រុក​ខ្ញុំ​អ្ហ៎ ? ខ្ញុំ​ទៅ​តើ ! គំរោង​ថា​ទៅ​លេង នៅ​ទល់​ដែន​អី​ផង​ណា… ។

3. naraths - ថ្ងៃ ចន្ទ ទី 1 ខែតុលា 2007

ខ្ញុំ​ក៏​អត់​ទៅ​ដែរ ចាំ​ញ៉ាំ​បាយ​បិណ្ឌ​ស្រុក​អំពេញ​នេះ​ឯង!

អត់​ទាន់​បាន​ទៅ ណា​ណី​ដែរ​ហ្នឹង… ចាំ​ណាណី​មក​លេង… កិកិកិកិ

4. ទឹម បឿន - ថ្ងៃ ចន្ទ ទី 1 ខែតុលា 2007

ណារដ្ឋ​អត់​ទៅ​ស្រុក​ទេ​អ្ហី ? នៅ​អំពេញ​អប្សុក​ណាស់ ! ខ្ញុំ​ធ្លាប់​នៅ​ដែរ​តា កាល​ឆ្នាំ​មុន ៗ នោះ ដល់​ភ្ជុំ​ឈឺ អត់​បាន​ទៅ​ណា​សោះ នៅ​ដេក​នៅ​អំពេញ​ហ្នឹង ឲ្យ​ស្ងាត់​ជ្រៀប អប្សុក​ចង់​ស្លាប់ ! បើ​ថា​មិន​កើត​ទេ ទៅ​លេង​ស្រុក​ខ្ញុំ​ហ្មង​ទៅ ។

5. សំណាង - ថ្ងៃ​ព្រហស្បតិ៍ ទី 4 ខែតុលា 2007

ចង់ទៅលេងនឹងគេដែរ!តែគួអនិច្ចារទៅមិនរួច។ មិនដឹងថាតាដូន នៅចាំមុខឬអត់?

6. សុទ្ធិពង្ស - ថ្ងៃ អាទិត្យ ទី 15 ខែមិថុនា 2008

ខានមកលេងបុណ្យភ្ជំបិណ្ឌនៅប្រទេសខ្មែរជាងដប់ឆ្នាំហើយ

7. សៅ ដារា - ថ្ងៃ អាទិត្យ ទី 12 ខែកក្កដា 2009

សូមអរគុណច្រើន ដល់ website 4khmer ដែលបានផ្តល់ឯកសារ ល្អៗ។
លាសិនហើយ!
ពីខ្ញុំ សៅ ដារា ហៅ ឡាយ
អូស្រ្តាលី

8. happylkt - ថ្ងៃ សុក្រ ទី 12 ខែ​មីនា 2010

Thanks for this topic


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 241 other followers

%d bloggers like this: